ពលរដ្ឋ​​ជាង​៥០​គ្រួសារ​​នៅ​​ឧត្តរ​មានជ័យ​ ស្នើ​សុំ​​អាជ្ញាធរ​​ខេត្ត​​ជួយ​​ដោះ​ស្រាយ​​វិវាទ​​ដី​ធ្លី​

ពលរដ្ឋ​ក្នុង​ស្រុក​សំរោង ខេត្តឧត្ដរមានជ័យ មក​ពិនិត្យមើល​បង្គោលព្រំ​ដី​របស់​ខ្លួន ក្រោយពី​មាន​វិវាទ​ដីធ្លី​ដោយសារតែ​ពលរដ្ឋ​ខេត្ត​ផ្សេង​មក​ឈូស​ឆាយ​លើ​ដី​អាស្រ័យផល​ខ្លួន។ (ផ្ដល់​ឱ្យ០​

ប្រជាពលរដ្ឋ​ជាង៥០គ្រួសារ​នៅ​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ស្នើ​អាជ្ញាធរ​ខេត្ត​ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី ក្រោយពី​មាន​ប្រជាពលរដ្ឋ​មួយ​ក្រុម​មក​ពី​ខេត្ត​ផ្សេង បាន​ដាក់គ្រឿង​ចក្រ​ឈូស​ឆាយ​ប៉ះពាល់​លើ​ដី​របស់​ពួក​គាត់​ដែល​កំពុង​អាស្រ័យផល។

កាលពី​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ អ្នកភូមិ៥៣គ្រួសារ​នៅ​ភូមិ​ខ្ទុំ សង្កាត់​កូនក្រៀល ក្រុង​សំរោង បាន​នាំគ្នា​ផ្តិត​មេដៃ​ដាក់​លិខិត​មួយ​ទៅ​សាលាខេត្ត​ឧត្តរមានជ័យ ដើម្បី​សុំ​ឱ្យ​អភិបាលខេត្ត លោក ប៉ែន កុសល ជួយ​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​នេះ។

ពលរដ្ឋ​ក្នុង​ស្រុក​សំរោង ខេត្តឧត្ដរមានជ័យ មក​ពិនិត្យមើល​បង្គោលព្រំ​ដី​របស់​ខ្លួន ក្រោយពី​មាន​វិវាទ​ដីធ្លី​ដោយសារតែ​ពលរដ្ឋ​ខេត្ត​ផ្សេង​មក​ឈូស​ឆាយ​លើ​ដី​អាស្រ័យផល​ខ្លួន។ (ផ្ដល់​ឱ្យ០​

ពលរដ្ឋ​ម្នាក់​ អ្នកស្រី ព្រេស សរ ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា អ្នកភូមិ៥៣គ្រួសារ បាន​កាន់​កាប់ដី​ទំហំ១៧១,៥ហិ​កតា និង​អាស្រ័យផល​ដោយធ្វើ​ស្រែ​លើ​ដី​កំពុង​មាន​ជម្លោះ​នោះ​តាំងពីឆ្នាំ​១៩៩៨ រហូតមកដល់​បច្ចុប្បន្ន។ អ្នកស្រី​បន្ត​ថា ដី​នោះ​ទើបតែ​មាន​ទំនាស់​កាលពី​ឆ្នាំ២០១៩ ខណៈ​ដែល​ពលរដ្ឋ​មួយ​ក្រុម​មក​ពី​ខេត្ត​ត្បូងឃ្មុំ បាន​ដាក់គ្រឿង​ចក្រឈូស​ឆាយ​ធ្វើ​ឱ្យ​ប៉ះពាល់​លើ​ស្រូវ​របស់​ពួក​គាត់។

អ្នកស្រី​បន្ថែម​ថា កាល​ពីពេល​ថ្មី​ៗនេះ ពលរដ្ឋ​ខេត្ត​ត្បូងឃ្មុំ​ទាំងនោះបាន​ដាក់គ្រឿង​ចក្រ​ឈូស​ឆាយ​លើ​ដី​អ្នកភូមិ​ម្តង​ទៀត ប៉ុន្តែ​ត្រូវ​បាន​ពួក​គាត់​រារាំង និង​បាន​ដាក់​លិខិត​ទៅ​រដ្ឋបាល​ខេត្ត​ឱ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ។

អ្នកស្រី ព្រេស សរ បាន​គូសបញ្ជាក់​ថា៖ «ពេល​ដែល​ខ្ញុំ​មិនបាន​នៅផ្ទះ​ រវល់​ទៅ​ឃ្វាលគោ គេដាក់​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ស្រូវ​របស់ខ្ញុំ ពួក​ខ្ញុំ​មិនសុខចិត្ត​ទេ ទោះ​គេ​ឈូស​ឆាយ​លើ​ស្រូវ​ខ្ញុំ​យ៉ាងណាក៏ដោយ។ ខ្ញុំ​មានការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ណាស់ ចំពោះ​ការ​មក​រំលោភ​យក​ដី​ដែល​ខ្ញុំ​កាន់កាប់​អាស្រ័យផល​យូរឆ្នាំហើយ​នោះ។ ពួក​ខ្ញុំ​នឹង​តស៊ូ​តវ៉ា​មិន​ឱ្យ​ដី​ទៅ​គេ​ទេ»។

ពលរដ្ឋ​ម្នាក់ទៀត លោក ថាន ញ៉យ និយាយ​ថា គ្រួសារ​គាត់​មាន​ដី​សរុប៨ហិ​កតា បាន​បែងចែក​ទៅ​ឱ្យ​កូន៤នាក់​សម្រាប់​ធ្វើស្រែ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​កាត់​យក​ទៅ​ឱ្យ​ពលរដ្ឋ​ខេត្ត​ត្បូងឃ្មុំស្ទើរ​អស់ទាំង​ស្រុង។

លោក​បាន​អះអាង​ថា អ្នកភូមិ​ជាង៥០គ្រួសារ​នោះ ភាគច្រើន​ជា​ពលរដ្ឋ​ក្រីក្រ គ្មាន​មុខរបរ​អ្វី​ផ្សេង​ក្រៅពី​ធ្វើស្រែ​បន្តិចបន្តួច​សម្រាប់​ចិញ្ចឹមជីវិត​នេះ​ទេ។

លោក​បន្ថែម​ថា៖ «គេ​ថា​ [ភាគី​ពលរដ្ឋ​ត្បូងឃ្មុំ​] ដី​ឯកឧត្តម​ឱ្យ​គេ គេ​ត្រូវតែ​យក ប៉ុន្តែ​ពួក​ខ្ញុំ​ឃាត់ មិន​ឱ្យ​ឈូស​ឆាយ​ទេ។ ខ្ញុំ​ថា ​ដី​ខ្ញុំ​អាស្រ័យផល​យូរណាស់​មក​ហើយ ហេតុអ្វី​ខ្ញុំ​មិន​មាន​សិទ្ធិ​ធ្វើ ហេតុអ្វី​អ្នកឯង​ទើប​មក​ម្សិលមិញ​ មាន​សិទ្ធិ​ជាង​ខ្ញុំ​ជា​ម្ចាស់ដី។ ខ្ញុំ​អត់ឱ្យ​ចូល​ឈូស​ឆាយ​ដាច់ខាត ពួក​ខ្ញុំ​ចង់ឱ្យ​អភិបាលខេត្ត​កាត់​ឆ្វៀល​ចេញ​ដូច​ប្រសាសន៍​សម្តេច​នាយក​រដ្ឋមន្ត្រី និង​ចេញ​បណ្ណ​កម្មសិទ្ធិ»។

វី​អូ​ឌី​មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​ពលរដ្ឋ​ភាគី​ម្ខាងទៀត​ដែល​ជា​គូទំនាស់​បានទេ នៅ​ថ្ងៃ​ចន្ទ​នេះ។

អភិបាលខេត្ត​ឧត្តរមានជ័យ លោក ប៉ែន កុសល មានប្រសាសន៍​ថា បញ្ហា​វិវាទ​ដីធ្លី​នេះ លោក​កំពុង​ឱ្យ​មន្ត្រី​ស្រាវជ្រាវនិង​ពិនិត្យមើល​ ដើម្បី​ឈាន​ទៅ​រក​ការ​ដោះស្រាយ។

លោក​បន្ថែម​ថា៖ «នេះ​ជា​រឿង​ចាស់​ទេ ខ្ញុំ​បានឱ្យ​អភិបាលរង​ខ្ញុំ​ម្នាក់​ពិនិត្យមើល​ហើយ ពីព្រោះ​យើង​ត្រូវ​គិតគូរ​ទាំងអស់គ្នា​ មិនមែន​គិតថាប្រជាជន​នេះប្រជាជន​នោះ​ទេ»។

មន្រ្តី​ការពារ​សិទ្ធិមនុស្ស​សមា​គម​អាដ​ហុក​ប្រចាំ​ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណា​រ៉េ​ន មានប្រសាសន៍​ថា វិវាទ​ដីធ្លី​នេះកើតឡើង​ដោយសារ​អាជ្ញាធរ​មូលដ្ឋាន​កំណត់​ដី​សម្រាប់​ធ្វើ​សម្បទាន​សង្គមកិច្ច​ទៅ​ឱ្យ​ពលរដ្ឋ​មួយ​ក្រុម​ទៀត ដោយ​មិនបាន​ពិនិត្យមើល​និង​សិក្សា​ច្បាស់លាស់​ពី​ផល​ប៉ះពាល់​លើ​ដី​ពលរដ្ឋ​ក្នុង​ស្រុក។

មន្រ្តី​ការពារ​សិទ្ធិមនុស្ស​រូប​នេះ ផ្តល់​ជា​អនុសាសន៍​ថា អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​កាត់​ឆ្វៀលនិង​បញ្ចៀស​ដី​គម្រោង​សម្បទាន​សង្គមកិច្ច​ឱ្យ​ផុត​ពី​ដី​អាស្រ័យផល​របស់​ប្រជាពលរដ្ឋ​ក្នុង​ស្រុក ខណៈ​តំបន់​នោះនៅសល់​ដី​ទំនេរ​រាប់ពាន់​ហិ​កតា​ទៀត ក្រោយពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​មួយ​បាន​ដកចេញ។

លោក​បន្ថែម​ថា៖ «បើសិនជា​យើង​រុញ ​[គម្រោង​ដីសម្បទាន​សង្គមកិច្ច​] ឱ្យ​ផុត​ប្រហែលជា៣០០ម៉ែត្រ​ទៅ វា​ផុត​រឿង​ប៉ះពាល់​ដី​រវាង​ពលរដ្ឋ​ត្បូងឃ្មុំ និង​ពលរដ្ឋ​ចាស់ហើយ។ តែ​យើង​មិនដឹង​ថា ហេតុអ្វីបានជា​អាជ្ញាធរ​មូលដ្ឋាន​គាត់​ចេះតែ​ដាក់​ជាន់គ្នា​អញ្ចឹង ព្រោះ​ដី​ទំនេរ​នៅ​តំបន់​នោះ​ច្រើនណាស់​ ជាង៦ពាន់​ហិ​កតា​ទៀត​ណោះ។ ហើយ​ពេល​ដាក់​អញ្ចឹង​ ធ្វើ​ឱ្យទំនាស់​កើតឡើង។ ខាង​ក្រសួង​ក៏​គាត់​មិនបាន​ដឹង​ដែរ ព្រោះ​គាត់​យោង​ទៅលើ​អាជ្ញាធរ​មូលដ្ឋាន។ អញ្ចឹង​បញ្ហា​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ដោះ​មិន​ចេញ ​ដោយសារ​អាជ្ញាធរ​មូលដ្ឋាន​ដែរ»។

កាលពី​ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង បាន​ក្រើន​រំឭក​ដល់​មន្ត្រី​មុខងារ​សាធារណៈ​ទាំង​ស៊ីវិល​និង​នគរបាល ត្រូវ​អត់ធ្មត់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នានា​ជាមួយ​ប្រជាពលរដ្ឋ ជាពិសេស​វិវាទ​រឿង​ធ្លី ដោយ​ចៀសវាង​ការប្រើ​ហិង្សា​លើ​ពលរដ្ឋ និង​មិន​ត្រូវ​យក​កាំភ្លើង​ទៅ​បាញ់​ទៅលើ​ពលរដ្ឋ​តវ៉ា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ