ក្រសួងបរិស្ថានឱ្យដឹងថា ក្នុងរយៈពេល៩ខែឆ្នាំនេះ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងសហគមន៍តំបន់ការពារធម្មជាតិ បង្ក្រាបបទល្មើសធនធានធម្មជាតិបានជិត១ ០០០ករណី និងរឹបអូសបានវត្ថុតាងនៃបទល្មើសមួយចំនួនទៀត។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា មានប្រសាសន៍នៅថ្ងៃចន្ទនេះថា ក្នុងរយៈពេល៩ខែនេះ មន្ត្រីឧទ្យានុរក្សនិងសហគមន៍តំបន់ការពារធម្មជាតិ បានចុះល្បាតចំនួន១៨២៣លើក ក្នុងនោះបានបង្ក្រាបបទល្មើសធនធានធម្មជាតិចំនួន៩៥៤ករណី។
លោកបន្តថា ក្នុងប្រតិបត្តិការបង្ក្រាបនោះដែរ មន្ត្រីជំនាញបានកសាងនិងបញ្ជូនសំណុំរឿងចំនួន៤០ករណី ទៅតុលាការ ធ្វើការអប់រំនិងចុះកិច្ចសន្យាបញ្ឈប់សកម្មភាពចំនួន៤២០ករណី និងពិន័យអន្តរការណ៍៤១ករណី។
ក្រៅពីនោះ មន្ត្រីឧទ្យានុរក្សបានបង្ក្រាបបទល្មើសនិងរឹបអូសរណារយន្តបានចំនួន៤៣៣គ្រឿង រថយន្ត៩គ្រឿង គោយន្តចំនួន១០៦គ្រឿង និងម៉ូតូ៤៦គ្រឿង, រឹបអូសឈើចំនួន៣០៣ម៉ែត្រគូប, ដោះអន្ទាក់បានចំនួន១ ៦៧៧អន្ទាក់ និងដកហូតនិងរឹបអូសកាំភ្លើងកែច្នៃបានចំនួន១០៣ គ្រឿង។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា៖ «នេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីឧទ្យានុរក្សនិងសហគមន៍នៃតំបន់ការពារធម្មជាតិ ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិក្នុងតំបន់ព្រៃឡង់ឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត»។
អ្នកនាំពាក្យរូបនេះបន្តទៀតថា ទោះបីជាមានការចុះទប់ស្កាត់និងបង្ក្រាបទាំងយប់ទាំងថ្ងៃពីសំណាក់មន្ត្រីឧទ្យានុរក្សនិងសមាជិកនៃសហគមន៍តំបន់ការពារធម្មជាតិ ក៏បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយតូច ដូចជា ការលបលួចកាប់ឈើ ការទន្ទ្រានរានយកដីធ្វើជាកម្មសិទ្ធិ ការបរបាញ់ និងការដាក់អន្ទាក់សត្វព្រៃ នៅតែបន្ដកើតមាននៅក្នុងតំបន់ព្រៃឡង់ ដែលចាំបាច់ត្រូវចាត់វិធានការទប់ស្កាត់និងបង្ក្រាបបន្តទៀត។
លោកថ្លែងដូច្នេះថា៖ «កត្តាដែលជំរុញឱ្យមានបទល្មើសទាំងនេះ ក្នុងនោះរួមមាន កត្តាជីវភាពរបស់ប្រជាសហគមន៍ដែលធ្លាប់តែពឹងអាស្រ័យទៅលើផលអនុផលព្រៃឈើ និងការទាក់ទាញ និងញុះញង់ពីសំណាក់ក្រុមឈ្មួញទុច្ចរិត គួបផ្សំនឹងចំនួនមន្ត្រីឧទ្យានុរក្សដែលបានឈរជើងនៅក្នុងតំបន់នោះ នៅមានកម្រិតនៅឡើយ»។
បើតាមលោក នេត្រ ភក្ត្រា ចំនួនបទល្មើសមានការធ្លាក់នៅខេត្តក្រចេះ និងស្ទឹងត្រែង ចំណែកនៅខេត្តព្រះវិហារ និងកំពង់ធំ មានការកើនឡើង។ តែយ៉ាងណា លោកថា កម្លាំងសមត្ថកិច្ចមានការតាំងចិត្តខ្ពស់ក្នុងការទប់ស្កាត់និងបង្ក្រាបយ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិដែលកើតឡើងស្របតាមច្បាប់នានា។
តំណាងបណ្តាញសហគមន៍ព្រៃឡង់ខេត្តកំពង់ធំ លោក ហឿន សុភាព មានប្រសាសន៍ថា តាមការអង្កេតរបស់ពួកគាត់ ឃើញថា បទល្មើសធនធានធម្មជាតិនៅតំបន់ព្រៃឡង់អាចមានច្រើនជាងរបាយការណ៍របស់ក្រសួង ខណៈសកម្មភាពនៃការកាប់បំផ្លាញព្រៃឈើនៅតែបន្តកើតមានជាបន្តបន្ទាប់។
លោកបន្តថា ដោយសារទឹកបានជន់លិចនៅតំបន់ខ្លះ បានធ្វើឱ្យការដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់តាមផ្លូវទឹកមានការកើនឡើង ហើយការបង្ក្រាបរបស់សមត្ថកិច្ចធ្វើតែតាមផ្លូវគោក។
លោកថា៖ «បើសិនជាក្រសួងមិនរឹតបន្តឹងការអនុវត្តច្បាប់នៅតាមច្រកចេញចូលតំបន់ព្រៃឡង់ទាំងអស់ទេ ខ្ញុំគិតថា សកម្មភាពបទល្មើសនៅតែបន្តកើតមាន»។
បើតាមក្រសួងបរិស្ថាន ដែនជម្រកសត្វព្រៃព្រៃឡង់ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យ នៅខែឧសភា ឆ្នាំ២០១៦ មានផ្ទៃដីជាង៤៣ម៉ឺនហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តចំនួន៤ រួមមាន ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។
ក្រសួងបន្តថា បច្ចុប្បន្ន មានមន្ត្រីឧទ្យានុរក្សចំនួន៨៤នាក់បាននិងកំពុងឈរជើងការពារ និងមានសហគមន៍តំបន់ការពារធម្មជាតិចំនួន១៩នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ដែលបានចូលរួមសហការចុះល្បាតជាមួយមន្ត្រីឧទ្យានុរក្ស៕