កម្ពុជា​​បដិសេធ​​ឆ្លើយ​តប​​នឹង​​ការ​​ទាម​ទារ​​ពី​​អ្នក​ជំនាញ​​សិទ្ធិ​មនុស្ស​​អន្តរជាតិ​​ឱ្យ​​បំភ្លឺ​​វិធានការ​​បង្ក្រាប​​ថ្មី​ៗ​នេះ​

សមត្ថកិច្ចរារាំងអ្នកគាំទ្រនិងសាច់ញាតិលោក រ៉ុង ឈុន មិនឱ្យធ្វើដំណើរថ្មើរជើងយកញត្តិទៅដាក់នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅចំណុចស្ពានអាកាសក្បាលថ្នល់ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

​កម្ពុជា​ច្រានចោល​ការដែល​ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ សុំ​ឱ្យ​បំភ្លឺ​បន្ថែម​ជុំវិញ​វិធានការ​ចាប់​ឃុំខ្លួន​លោក រ៉ុង ឈុន សមាជិក​ឃ្លាំមើល​កម្ពុជា និង​មនុស្ស​មួយចំនួន​ទៀត ពាក់ព័ន្ធ​បញ្ហា​សិទ្ធិមនុស្ស តប​តាម​គោល​ការ​ណ៍ច្បាប់អន្តរជាតិ។

អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ អ្នកស្រី រ៉ូ​ណា ស្មី​ត (Rohna Smith​) មានប្រសាសន៍​លើ​ហ្វេសប៊ុក​របស់​គាត់​កាលពី​ថ្ងៃសៅរ៍​សប្ដាហ៍​មុន​ថា ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ បាន​ផ្ញើ​លិខិត​ជូន​រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា ស្នើសុំ​ព័ត៌មាន​បន្ថែម ដើម្បី​ចង់​ដឹង​ថា ការ​ចាប់​ឃុំខ្លួន​លោក រ៉ុង ឈុន និង​មនុស្ស​មួយចំនួន​ទៀត ស្របតាម​និយាមនិង​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ ទាក់ទង​នឹង​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិនិង​សិទ្ធិ​ចូលរួម​ក្នុង​កិច្ចការ​សាធារណៈ។

ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​ទាំងនោះ មាន​អ្នករាយការណ៍​ពិសេស​ស្តី​ពី​ការ​លើកកម្ពស់និង​ការ​ការពារ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ ក្រុមការងារ​ស្តី​ពី​ការ​ឃុំខ្លួន​ដោយ​បំពាន អ្នករាយការណ៍​ពិសេស​ស្តី​ពី​ស្ថានភាព​សិទ្ធិមនុស្ស​ប្រចាំ​ប្រទេស​កម្ពុជា អ្នករាយការណ៍​ពិសេស​ស្តី​ពី​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួបជុំ​ដោយសន្តិវិធីនិង​បង្កើត​សមាគម។

អ្នកស្រី ស្មី​ត បន្ត​ថា៖ «ក្រុម​អ្នកជំនាញក៏បាន​ស្នើសុំ​នូវ​ព័ត៌មាន​បន្ថែម​អំពី​ភាព​ត្រូវគ្នា​នៃ​ការ​ចាប់ខ្លួន​ជាមួយនឹង​សិទ្ធិ​សេរីភាពនិង​សន្តិសុខ​បុគ្គល រាប់ទាំង​ការ​ទទួល​បានការ​ជូនដំណឹង​នៅពេល​ចាប់ខ្លួន អំពី​មូលហេតុ​នៃ​ការ​ចាប់ខ្លួន​គាត់​ផង​ដែរ»។

អ្នកស្រី ស្មី​ត ក៏បាន​លើកឡើង​ផង​ដែរ​អំពី​ការ​បំបែក​ការ​ជួបជុំ​ដោយសន្តិវិធី​របស់ក្រុម​យុវជន​កាលពី​ថ្ងៃទី៣និង​ថ្ងៃទី៥ ខែសីហា​កន្លងមក​ ដោយ​ចោទសួរ​ថា តើ​វិធានការ​បែបនេះ​របស់​អាជ្ញាធរ​រដ្ឋាភិបាល​ស្រប​ទៅ​នឹង​មាត្រា២១នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិពល​រដ្ឋនិង​សិទ្ធិ​នយោបាយ ដែល​កម្ពុជា​មាន​កាតព្វកិច្ច​ត្រូវ​គោរព​តាម​ដែរឬក៏​យ៉ាងណា។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង ប្រាប់​ថា កម្ពុជា​មិន​មាន​អ្វី​ត្រូវ​បកស្រាយ​បន្ថែម​ទេ​ជុំវិញ​ការ​ទាមទារ​នេះ ដោយ​ថា កន្លងទៅ ភាគី​កម្ពុជា មាន​ក្រសួង​យុត្តិធម៌ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា រួម​ទាំង​តំណាង​កម្ពុជា​នៅ​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​ទី​ក្រុង​ហ្ស៊ឺណែវ បាន​ធ្វើ​បកស្រាយ​រួចហើយ​ពាក់ព័ន្ធ​ទៅ​នឹង​វិធានការ​នេះ។

លោក កុយ គួង ប្រាប់​ថា៖ «គាត់​ស្នើ​អី​ជា​រឿង​របស់​គាត់ ប៉ុន្តែអ្វី​ដែល​យើង​បាន​បកស្រាយ​រួចហើយ យើង​ចាំបាច់​ទៅ​ឆ្លើយតប​បន្ថែម​អី​ទៀត! បើ​យើង​បាន​បំភ្លឺ​រួចអស់ហើយ»។

អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​របស់​រដ្ឋាភិបាល លោក កត្តា អ៊ន ប្រាប់​ថា វិធានការ​បែបនេះ គឺជា​ការ​ឆ្លើយតប​នឹង​អ្វី​ដែល​លោក​ហៅថា បទល្មើស​ព្រហ្មទណ្ឌ ដែល​មិន​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​សិទ្ធិ​សេរីភាព​ទេ។

លោក អ៊ន គូសបញ្ជាក់​ថា ម្យ៉ាងទៀត សំណុំរឿង​ទាំងនោះ វា​ដល់ដៃ​តុលាការ​ហើយ ដែល​រដ្ឋាភិបាល​មិន​អាច​បំភ្លឺ​បន្ថែម​ជំនួស​តុលាការ​បានទេ ដរាបណា​សំណុំរឿង​ទាំងនោះ​មិនទាន់​មាន​សាលក្រម​ស្ថាពរ​នៅឡើយ។

លោក កត្តា អ៊ន ប្រាប់​ថា៖ «វា​មិនមែន​ជា​រឿង​ថ្មី​ទេ​សម្រាប់​លោក រ៉ុង ឈុន និង​បក្ខ​ពួក​នេះ គឺ​យើង​បាន​បំភ្លឺ​ម្តង​ហើយ​ម្តង​ទៀត​ទៅ​នឹង​ចម្ងល់​នានា រួម​ទាំង​ចម្ងល់​របស់​លោកស្រី រ៉ូ​ណា ស្មី​ត ផង​ដែរ​នៅ​ពេល​ថ្មី​ៗនេះ ​[…] ប៉ុន្តែអ្វី​ដែល​ខ្ញុំ​ចង់​ជម្រាប​ថា [សំណុំរឿង​] វា​ផុត​ពី​ដៃ​រដ្ឋាភិបាល​ទៅ​ហើយ គឺ​កំពុង​ស្ថិត​ក្នុង​ចំណាត់ការ​តុលាការ»។

លោក រ៉ុង ឈុន ត្រូវ​បាន​សមត្ថកិច្ច​ឆ្មក់​ចូលចាប់​ខ្លួន​នៅ​គេហដ្ឋាន​របស់​លោក​ទាំងយប់​នៅ​រាជធានី​ភ្នំពេញ​ នា​ថ្ងៃទី៣១ ខែកក្កដា​កន្លងមក​នេះ ក្រោយពី​លោក​ចេញ​សេចក្តី​ថ្លែងការណ៍​ថា ពលរដ្ឋ១០៦គ្រួសារ​នៅ​ឃុំ​មួយ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ប្រឈម​នឹង​បាត់​ដីស្រែដោយសារ​ការ​បោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម បើ​គ្មាន​កិច្ច​អន្តរាគមន៍​ពី​រដ្ឋាភិបាល។

អង្គការ​ការពារ​សិទ្ធិមនុស្ស​លី​កាដ​ូ និយាយ​កាលពី​ថ្ងៃទី២២ ខែកញ្ញា ​ថា អ្នកការពារ​សិទ្ធិមនុស្ស សកម្មជន និង​សិល្បករ​ចំនួន១៩នាក់ ត្រូវ​បាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ចាប់តាំងពី​ខែកក្កដា ដោយសារ​ការប្រើ​ប្រាស់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិនិង​ជួបជុំគ្នា​ដោយសន្តិវិធីដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។

លី​កាដ​ូ​ថា ការ​ធ្វើទុក្ខ​បុកម្នេញ​ជាបន្តបន្ទាប់​នេះ បាន​ចាប់ផ្ដើម​ឡើង​បន្ទាប់ពី​ការ​ចាប់ខ្លួន​លោក រ៉ុង ឈុន ដែល​នាំទៅរក​ការ​ចាប់ខ្លួន​សកម្មជន​បរិស្ថាន អ្នក​ចម្រៀងរ៉េប​វ័យក្មេង និង​ព្រះសង្ឃ​កាន់​ព្រះពុទ្ធ​សាសនា ជុំវិញ​ការសម្ដែង​មតិ​អំពី​បញ្ហា​ដែល​ប៉ះពាល់​ដល់​ប្រទេសជាតិនិង​សហគមន៍​របស់​ខ្លួន។

នាយក​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា លោក​បណ្ឌិត ប៉ា ចន្ទ​រឿន ប្រាប់​ថា សង្គម​ប្រជាធិបតេយ្យ គេ​ឱ្យ​តម្លៃ​ទៅលើ​ការសន្ទនា​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ភាគី​ពាក់ព័ន្ធ​យល់​យើញ​ផ្សេងគ្នា។

លោក ចន្ទ​រឿន ប្រាប់​ថា ការ​មិន​បំភ្លឺឬមិន​ឆ្លើយ វា​នឹង​ធ្វើ​ឱ្យ​សហគមន៍​អន្តរជាតិ​មើលឃើញ​ថា រដ្ឋាភិបាល​គ្មាន​ចេតនា​ច្បាស់លាស់ក្នុង​ការ​បង្ហាញ​ពី​ចំណាត់ការ​របស់​ខ្លួនឈរ​លើ​គោលការណ៍​សិទ្ធិមនុស្ស ដែល​ជាហេតុ​ផល​ចម្បងមួយធ្វើ​ឱ្យ​គេ​ជឿ​ថា ​ការចោទប្រកាន់​ពី​ការរំលោភ​សិទ្ធិមនុស្ស វា​នឹង​ក្លាយជា​ការពិត។

លោក ប៉ា ចន្ទ​រឿន ប្រាប់​ថា៖ «ប្រសិនបើ​គេ​សន្និដ្ឋាន​ថា​ ស្រុក​យើង​នៅតែ​មានការ​រំលោភសិទ្ធិ​មនុស្ស ​[…] វា​អាច​ប៉ះពាល់​ដល់​មុខមាត់​ប្រទេស​យើង​ក្នុង​ឆាក​អន្តរជាតិ រូបភាព​មិនល្អ​សម្រាប់​​ការ​ជួញដូរ ​ពិសេស​ពាណិជ្ជកម្ម​នៅ​ក្រៅប្រទេស​ជាមួយ​ដៃគូ​អភិវឌ្ឍ​ន៍ដទៃទៀត»។

ក្រុម​អង្គការសង្គម​ស៊ីវិល៣៦ស្ថាប័ន កាលពីដើម​ខែតុលា​នេះ បាន​ទាមទារ​ឱ្យ​ដោះលែង​មនុស្ស​ជាង១០នាក់​ដែល​អាជ្ញាធរ​បាន​ចាប់ខ្លួននា​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ដោយ​និយាយ​ថា ពួក​គេ​គ្មាន​កំហុស​ទេ។

ក្រុម​អង្គការ​បាន​និយាយ​ថា អាជ្ញាធរ​បាន​ប្រើ​បទ​ចោទ «ញុះញង់» ដើម្បី​បំបិទ​សិទ្ធិ​បញ្ចេញ​មតិ ដែល​មាន​ចែង​ក្នុងរ​ដ្ឋ​ធម្មនុញ្ញ​កម្ពុជានិង​ច្បាប់អន្តរជាតិ​ផ្សេងទៀត ស្តី​ពី​សិទ្ធិពល​រដ្ឋនិង​សិទ្ធិ​នយោបាយ។

បញ្ហា​សិទ្ធិមនុស្ស​ត្រូវ​បាន​សហភាព​អឺរ៉ុប​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​«អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ» ឬ EBA ក្នុង​ទំហំ២០ភាគរយ​ពី​កម្ពុជា ​កាលពី​ថ្ងៃទី១២ ខែសីហា។

ដូចគ្នា​នេះ​ដែរ សហរដ្ឋអាមេរិក​ក៏បាន​ដាក់ទណ្ឌកម្ម​មន្ត្រី​ជាន់ខ្ពស់និង​ឧកញ៉ា​មួយចំនួន​ដែល​ស្និទ្ធនឹង​រដ្ឋាភិបាល ក្រោម​ហេតុផល​ថា ពួក​គេ​បាន​ចូលរួម​ធ្វើ​ឱ្យ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ធ្លាក់ចុះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ