កម្មករ​​ខ្មែរ​​និង​​ចិន​​ជាង​១០០​នាក់​ តវ៉ា​​ទាមទារ​​ឱ្យ​​ក្រុមហ៊ុន​​ភ្នំពេញ​​ស្តារ​​បើក​ប្រាក់​ខែ​​ដល់​​ពួក​គេ​​

កម្មករ​ខ្មែរ​ចិន​នៅ​ក្រុមហ៊ុន​ភ្នំពេញ (Phnom Penh Star​) តវ៉ា​ទាមទារ​ឱ្យ​ថៅកែ​បើកប្រាក់​ឈ្នួល នៅ​ព្រឹក​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។ (ហ៊ី ឆាយ​)

កម្មករ​សំណង់​ខ្មែរនិង​ជនជាតិ​ចិន​ជាង១០០នាក់ ធ្វើការ​នៅ​ក្រុមហ៊ុន​ភ្នំពេញ​ស្តារ (Phnom Penh Star​) ស្ថិតនៅ​សង្កាត់​ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ បាន​នាំគ្នា​ប្រមូល​ផ្តុំ​តវ៉ា​ជាថ្មីនៅ​ថ្ងៃ​ចន្ទ​នេះ ទាមទារ​ឱ្យ​ថៅកែ​បើកប្រាក់​ឈ្នួល​ដល់​ពួក​គេ។

កញ្ញា តែម ស្រី​ល័ក្ខ ជា​អ្នកបកប្រែ​ភាសា​ចិន​ឱ្យ​កម្មករ​នៅ​ក្រុមហ៊ុន​ភ្នំពេញ​ស្តារ ប្រាប់​អ្នកសារព័ត៌មាន​វី​អូ​ឌី​នៅកន្លែង​តវ៉ា​ថា ពួក​គាត់​ធ្វើការ​ឱ្យ​ក្រុមហ៊ុន​ភ្នំពេញ​ស្ដារ​តាំងពី​ខែមីនា ឆ្នាំ២០២០នេះ ប៉ុន្តែ​ចាប់ពី​ខែមិថុនា​មក ខាង​ក្រុមហ៊ុន​ពុំ​បាន​បើកប្រាក់​ឈ្នួល​ឱ្យ​ពួក​គាត់​ទេ ហើយក៏​មិន​ប្រាប់​ពី​មូលហេតុ​ដែរ ទើប​កម្មករ​នាំគ្នា​ប្រមូល​ផ្តុំ​តវ៉ា។ 

កញ្ញា​បន្ត​ថា ក្រោយពី​ពួក​គាត់​តវ៉ា​ម្តង​កាលពី​ថ្ងៃទី១៤ ខែតុលា ភាគី​ក្រុមហ៊ុនបាន​សន្យា​ថា​នឹង​បើកប្រាក់​ឈ្នួល​ឱ្យ​ពួក​គាត់ ប៉ុន្តែ​មកដល់​ថ្ងៃនេះ ក្រុមហ៊ុននៅ​មិនទាន់​បើក​ឱ្យ​ដូច​ការសន្យា​នៅឡើយ ទើប​ពួក​គាត់​នាំគ្នា​តវ៉ា​ជាថ្មី។ 

កញ្ញា​ថា៖ «គេ​មិនបាន​ប្រាប់​ពី​មូលហេតុ​ដែល​មិន​បើកប្រាក់​ផង គេ​គ្រាន់តែ​សន្យា​ថ្ងៃនេះថ្ងៃ​នោះ តាំងពី​ខែមុន​មក​ម៉្លេះ។ ខ្ញុំ​ចង់​សំណូមពរ​ឱ្យ​រាជរដ្ឋាភិបាលនិង​អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យ​ពួក​គាត់​មក​ជួយ​ដោះស្រាយ​ឱ្យ​ពួក​ខ្ញុំ​ដែល​ជា​ជនរងគ្រោះ ដើម្បី​ឱ្យ​ពួក​ខ្ញុំ​ទទួល​បាន​ប្រាក់ខែ​ដែល​ពួក​ខ្ញុំ​ធ្វើ​ដោយ​កម្លាំង​ញើសឈាម​ខ្ញុំ​មកវិញ។ អ៊ីចឹង​បើសិនជា​ពួក​ខ្ញុំ​មិន​មាន​ប្រាក់ខែ​ តើ​ខ្ញុំ​ទៅ​ទីពឹង​អ្វី​?»។

អ្នកស្រី ជុំ សឿន ដែល​ជា​អ្នកដាំបាយ​ឱ្យ​កម្មករ​ចិន និយាយ​ថា ពួក​គាត់​ទាំងអស់​បារម្ភ​ខ្លាច​ក្រុមហ៊ុន​គេចវេះមិន​បើកប្រាក់ខែ​ឱ្យ ទើប​ពួក​គាត់​នាំគ្នា​តវ៉ា​ម្ដងទៀត។ អ្នកស្រី​បន្ត​ថា ប្រសិនបើ​ក្រុមហ៊ុនមិន​បើកប្រាក់ខែ​ឱ្យ​ទេ ពួក​គាត់​នឹង​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធឱ្យ​ជួយ​រក​ដំណោះស្រាយ ព្រោះ​បច្ចុប្បន្ន ពួក​គាត់​គ្មាន​ប្រាក់​សង​ធនាគារ បង់​ផ្ទះ​ជួល និង​ដោះស្រាយ​បញ្ហា​ជីវភាព​ប្រចាំថ្ងៃ​ឡើយ។

អ្នកស្រី​ថា៖ «បើ​ធ្វើការ​អត់​បាន​លុយ​អ៊ីចឹង ​គ្នា​បាន​អី? គ្នា​ត្រូវការ​ស៊ី​បាយ​រាល់ថ្ងៃ។ យើង​ធ្វើ​ត្រឹមហ្នឹង បើកលុយ​ឱ្យ​ត្រឹមហ្នឹង បើ​មិន​មាន​លុយ​ យើង​មិនបាច់​ឱ្យ​កម្មករ​ធ្វើ​តទៀត​ទេ យើង​ធ្វើ​ថៅកែ​គេ ធ្វើ​ឱ្យ​ថ្លៃថ្នូរ​ផង អ្នកក្រ​បានគ្នា​មក​ស៊ីឈ្នួល បើ​អត់​ប្រាក់​ គ្នា​មិន​លំបាក! ជួនកាល​អត់​លុយ​ទិញ​បាយ​ស៊ី ជំពាក់គេ​ក៏មានដែរ ហើយ​បើ​មិន​បើក​ឱ្យ​ គ្នា​បាន​អី»។

កម្មករ​ផ្នែក​រៀប​ឥដ្ឋ លោក ជុំ ទូច និយាយ​ថា រូប​គាត់និង​កម្មករ​ផ្សេងទៀតធ្វើការងារ​មិន​ហ៊ាន​ឈប់សម្រាក​ឡើយ ដើម្បី​យក​ប្រាក់​ទៅ​សង​ធនាគារនិង​ដោះស្រាយ​បញ្ហា​ជីវភាព​គ្រួសារ។

វី​អូ​ឌី មិន​អាច​សុំ​ការ​អត្ថា​ធិប្បាយ​ជុំវិញ​ករណីនេះ ពីអ​គ្គ​នាយក​ក្រុមហ៊ុន​ភ្នំពេញ​ស្តារបានទេ នៅ​ថ្ងៃ​ចន្ទ​នេះ។ 

អភិបាលរង​ខណ្ឌចំការមន លោក អាំង សិរី​ពិសិដ្ឋ មានប្រសាសន៍​ថា អាជ្ញាធរ​បាន​ហៅ​ភាគី​ទាំងពីរជួប​ចរចា​គ្នានៅ​រសៀល​នេះ ប៉ុន្តែ​ការចរចា​នៅ​មិនទាន់​ឈាន​ដល់​ការ​ឯកភាព​គ្នា​នៅឡើយ។ 

លោក​ថា៖ «ខ្ញុំ​ឱ្យ​ក្រុមហ៊ុន​ថយ​ទៅ​ពិភាក្សា​ជាមួយ​មេ​គាត់​សិន​ទៅ មែនទែន​ទៅ ចេតនា​ក្រុមហ៊ុន មិនមែន​គាត់​មិន​ទូរ​ទាត់​ [ប្រាក់ឈ្នួល​ឱ្យ​កម្មករ​ទេ​] ប៉ុន្តែ​លទ្ធភាព​គាត់​មិនទាន់​មាន គាត់​មិនទាន់​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ទូរ​ទាត់ គាត់​យក​ហេតុផល​បញ្ហា​សេដ្ឋកិច្ចពាក់ព័ន្ធ​នឹង​កូ​វី​ដនៅ​ប្រទេស​ចិន»។

បើ​តាម​ក្រុម​កម្មករ​ដែល​ប្រមូល​ផ្តុំ​តវ៉ា ក្រុមហ៊ុន​ភ្នំពេញ​ស្តារ​មាន​ថៅកែ​ជា​ជនជាតិ​ចិននិង​ជនជាតិ​ខ្មែរ ហើយ​កម្មករ​សំណង់​ដែល​ធ្វើការ​នៅ​ក្រុមហ៊ុន​សាងសង់​សំណង់​នេះ មា​នក​ម្មរ​ជនជាតិ​ចិន​ចំនួន៨៩នាក់ និង​កម្មករ​ខ្មែរ​ប្រមាណ២០នាក់ ដោយ​ក្នុង​មួយ​ខែ​ពួក​គេ​ទទួល​បាន​ប្រាក់ឈ្នួល​ចន្លោះ​ពី៣០០ដល់១០០០ដុល្លារ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ