ពលរដ្ឋរស់នៅក្នុងបុរីមួយត្រូវជំនន់ទឹកស្អុយចូលក្នុងផ្ទះជិត១០ថ្ងៃ

ទឹកលិចផ្ទះក្នុងបុរីពិភពថ្មី២ជិតផ្សារត្រពាំងថ្លឹងតាមបណ្តោយផ្លូវវេងស្រេងក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ខែតុលាឆ្នាំ២០២០។ រូបផ្តល់ឱ្យដោយពលរដ្ឋដែលផ្ទះលិចទឹក។

ពលរដ្ឋរស់នៅក្នុងបុរីមួយក្នុងរាជធានីភ្នំពេញត្អួញត្អែរថា ពួកគាត់ចេញពីផ្ទះជិត១០ថ្ងៃហើយដោយពិបាករស់នៅព្រោះជំនន់ទឹកដែលមានសំរាមនិងក្លិនស្អុយ ឆ្អាបចូលក្នុងផ្ទះ ហើយសម្ភារប្រើប្រាស់មួយចំនួនក៏ខូចខាតទៀត។​

ពលរដ្ឋរស់នៅក្នុងបុរីពិភពថ្មី២ជិតផ្សារត្រពាំងថ្លឹងតាមបណ្តោយផ្លូវវេងស្រេងក្នុងរាជធានីភ្នំពេញ លោក ប៉ាល់ ហេង មានប្រសាសន៍ថា កាលពីថ្ងៃទី១១ខែតុលា សមាជិកគ្រួសារគាត់ចំនួន៥នាក់បានទៅធ្វើការងារអស់ ហើយផ្ទះចាក់សោរបិទទ្វារ ពេលមកវិញល្ងាច ទឹកដែលមានក្លិនស្អុយចូលក្នុងផ្ទះធ្វើឱ្យខូចខាតទ្រព្យសម្បត្តិប្រើប្រាស់។​

លោកប៉ាល់ ហេង៖«ពិបាកធ្វើដំណើរ ម៉ូតូជិះមិនកើតខូច ចូលទឹកម៉ាស៊ីន ចូលប្រេងម៉ាស៊ីន ហើយអត់មានកន្លែងគេង អ្នកនៅជុំវិញមើលទៅលក់ដូរអីអត់កើត ហើយវាធ្វើអោយខូចរបស់របរក្នុងផ្ទះក្នុងបន្ទប់អី យកមិនទាន់ ខូចអំពូល ខូច power bank(ដុំថ្មសាកទូរសព្ទ) speaker(ឧបករណ៍បំពងសំឡេង)ខូចអី សើមពូកខ្នើយ សើមអស់)»

លោកប៉ាល់ ហេង បន្តថា គ្រួសារគាត់និងអ្នកផ្ទះក្បែរៗគ្នានោះ មិនអាចរស់នៅកើតទេ ដោយសារតែក្លិនស្អុយពេក ទើបទៅរកផ្ទះមិត្តភ័ក្តិ ឬ បងប្អូនដើម្បីស្នាក់នៅបណ្តោះអាសន្ន។​

លោកសំណូមពរឱ្យមានការបូបទឹកនិងសម្អាតសំរាម​ចេញពីកន្លែងនោះ ដើម្បីកុំឱ្យប៉ះពាល់ដល់ប្រជាជនយូរថ្ងៃពេក។

ចំណែកអ្នករស់នៅក្បែរលោកប៉ាល់ ហេង ដែរនោះគឺលោក សុភ័ក្រ រៀបរាប់ថា គ្រួសារគាត់មិនអាចរស់នៅបានដោយសារទឹកស្អុយលិចចូលក្នុងផ្ទះកម្ពស់ត្រឹមក្បាលជង្គង់ លូបង្គន់ឬ បន្ទប់ទឹកមិនហូរ។

លោក សុភ័ក្រ៖«ទឹកលូទឹកសំរាមពេញមុខផ្ទះ ឱ្យតែបើកទ្វារសំរាមបើងចូលពេញផ្ទះ ទឹកលូទឹកអីវាអត់ហូរ ហើយបុកពីក្រោមមកទៀត»។

លោក សុភ័ក្រ បន្តថា សម្ភារប្រើប្រាស់នៅក្នុងផ្ទះរបស់លោក មួយចំនួនធំត្រូវបានខូចខាតទាំងស្រុង។​

លោក សុភ័ក្រ៖«ខូចច្រើនគួរសម តុទូកុងផ្លាកកេរលួយអស់ វាប្រើលែងកើតបើត្រាំទឹករហូត ម៉ាស៊ីនបោកខោអាវ ទូទឹកកក កង្ហា៣ ត្រាំទឹកទាំងអស់ ហើយឯកសារបស់របរដែលដាក់ផ្ទាល់និងឥដ្ឋ អត់បានយក ស្ពីកឃើ ថុងប៉ាស់ និយាយទៅ ម៉ាផ្ទះហ្នឹងត្រាំទឹកទាំងអស់»

នាយកប្រតិបត្តិ  សមាគមធាងត្នោត លោក សឿង សារ៉ន មានប្រសាសន៍ថា ទឹកជំនន់នៅភ្នំពេញពេលនេះ ពាក់ព័ន្ធការលុបបឹងជាកន្លែងរំដោះទឹក។ លោកថា បឹងសំខាន់ដូចជា បឹងទំពុន បឹងតាមោក បឹងកក់ជាដើម កន្លែងខ្លះលុបបាត់ទាំងស្រុង កន្លែងខ្លះកំពុងលុប។​

លោកសឿង សារ៉ន៖«ជំនន់នៅទីក្រុងភ្នំពេញមែនទែនទៅ វាជាផ្នែកមួយនៃការ លុបនៃអាងស្តុកទឹក ទំហំលូនៃការហូរពីតំបន់ភ្នំពេញ ទៅអាងស្តុកទឹកវាអាចមានទំហំតូច ដូចយើងមើលឃើញហើយ ជាកត្តាសំរាមក៏អាចស្ទះលូ ដូចហូរទៅអាងស្តុកទឹកដែរ »

រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈលោក យក់ ប៊ុនណា បានមានប្រសាសន៍ថា ដោយសារភ្លៀងធ្លាក់ច្រើន នាំឱ្យការរំដោះទឹកមានការលំបាកព្រោះភ្នំពេញជារាជធានីចាស់។​ ចំពោះបញ្ហាសំរាមដែលបង្កឱ្យស្ទះលូ និងប៉ះពាល់សុខភាព លោកលើកឡើងថា ជាបញ្ហាចម្បងមួយដែលត្រូវចូលរួមដោះស្រាយទាំងអស់គ្នា។​

លោក យក់ ប៊ុនណា«រឿងសំរាមយើងត្រូវដោះស្រាយទាំងអស់គ្នា យើងត្រូវគិតរកវិធីណាដែលធ្វើឱ្យ កាន់តែល្អប្រសើរនិងមានប្រសិទ្ធភាព ជួយឱ្យទីក្រុងយើងកាន់តែល្អប្រសើរ»

បើតាមរបាយការណ៍របស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គិតពីថ្ងៃទី១កញ្ញាដល់ថ្ងៃ១៥តុលាគឺ ជំនន់ទឹកភ្លៀងនៅភ្នំពេញ ប៉ះពាល់ពលរដ្ឋចំនួន ៣ ១៣១ គ្រួសារ ប្រជាជនជម្លៀស៤៥ គ្រួសារ ប៉ះពាល់ផ្ទះ ៣ ១០០ខ្នង៕​

អត្ថបទដោយ នង ម៉ៃចរីយា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ