នាយក​​រដ្ឋ​មន្ត្រី​ប្រតិកម្ម​​ទៅ​​នឹង​​អ្នក​​ដែល​​ថា​ ទឹក​ជំនន់​​នៅ​​ភ្នំពេញ​​មក​​ពី​​លុប​​បឹង​​

នៅ​យប់​ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ លោក ហ៊ុន សែន ទៅ​ពិនិត្យមើល​ស្ថានភាព​ទឹកជំនន់ និង​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។ (ហ្វេសប៊ុក​លោក ហ៊ុន សែន​)

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​អ្នករងគ្រោះ​ដោយ​ទឹកជំនន់​នៅ​រាជធានី​ភ្នំពេញ​ថា ការ​ជន់​លិច​លំនៅ​ដ្ឋាន​របស់​ពួក​គេ​នា​ប៉ុន្មាន​ថ្ងៃ​មកនេះ មិនមែន​មក​ពី​លុប​បឹង​ដូច​អ្នករិះគន់​នោះ​ទេ។

ការ​ថ្លែង​របស់​នាយក​រដ្ឋមន្ត្រី ធ្វើឡើង​កាលពីយប់មិញ ក្នុង​ពិធី​ចុះ​ជួប​អ្នករងគ្រោះ​ដោយ​ទឹកជំនន់​នៅ​ខណ្ឌដង្កោ ដែល​ត្រូវ​បាន​អាជ្ញាធរ​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព។

លោក ហ៊ុន សែន ថ្លែង​ថា ការ​ជន់​លិច​នៅ​ភ្នំពេញ គឺ​បណ្ដាលមកពី​ព្រែកនិង​បឹង​មួយចំនួនដែល​ជា​ប្រព័ន្ធ​រំដោះ​ទឹក មិន​អាច​ទ្រទ្រង់​ទៅ​នឹង​កម្រិត​ទឹកភ្លៀង ទើប​ធ្វើ​ឱ្យ​មានការ​ជន់​លិច។

លោក ហ៊ុន សែន ថ្លែង​ថា៖ «ខ្លះ​លើកឡើង​អំពី​បញ្ហា​លុប​បឹង​បាន​ជា​វា​មាន​ជំនន់ ប៉ុន្តែខ្ញុំ​ចង់​សួរ​ទៅ​អា​អ្នក​និយាយ​អ៊ីចឹង នៅ​ប្រទេស​ជប៉ុន​ឆ្នាំទៅ​នេះ ជំនន់​ទឹកភ្លៀង​សម្លាប់​ប្រជាជន​ជប៉ុន​អស់យ៉ាង​ច្រើន ប្រទេស​នៅ​អឺរ៉ុប​ទី​ក្រុង​ធំៗ​មួយចំនួន​ជំនន់​ទឹកភ្លៀង​ក៏បាន​លិចលង់»។

លោក ហ៊ុន សែន ថ្លែង​ទៀត​ថា លោក​មិន​ចង់​ឆ្លើយតបទៅនឹង​អ្នករិះគន់​ទាំងនោះ​ទេ តែថា​ ការ​លើកឡើង​នេះ គ្រាន់តែ​ចង់​ប្រាប់​ទៅ​ពលរដ្ឋ​ថា បញ្ហា​វា​កើតឡើង​ពី​គ្រោះ​ធម្មជាតិ។

យ៉ាងណា​លោក​ថា ជំនន់​ឆ្នាំ​នេះ​ជា​ភ័ព្វ​សំណាង បើ​ធៀប​នឹង​គ្រោះ​ធម្មជាតិ​កាលពី​ឆ្នាំ២០០០ ដោយ​ថា ជំនន់​ឆ្នាំនេះ ទឹក​ក្នុង​ទន្លេសាប ទន្លេមេគង្គ ទន្លេបាសាក់ មាន​កម្ពស់​ទឹក​ទាប ធ្វើ​ឱ្យ​ចរន្ត​ទឹកហូរ​ធ្លាក់​ចូល​ទៅ​ទន្លេ​លឿន។

មនុស្ស​ជាង៥ពាន់​នាក់​រស់នៅ​ក្នុង​ខណ្ឌដង្កោ ត្រូវ​បាន​អាជ្ញាធរ​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព គិត​ត្រឹម​ព្រឹក​ថ្ងៃសុក្រ​នេះ។

ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក​បណ្ឌិត សុខ ទូច សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​គាត់​កាលពី​ថ្ងៃអាទិត្យ​កន្លងមក​នេះ​ថា «សូមកុំ​លុប​បឹង​បន្ត​ទៅទៀត បើ​មិនបាន​បង្កើត​ថ្មី ត្រូវ​ស្ដារ​ប្រឡាយ ស្ទឹង អូរ ដៃទន្លេ​ឱ្យ​បាន​ជ្រៅ»

លោក​បណ្ឌិត សុខ ទូច សរសេរ​ថា៖ «អាណាចក្រ​អង្គរ​ដ៏​ល្បីល្បាញ ត្រូវ​បាន​ពិភពលោក​ទទួលស្គាល់​ថា មាន​សេដ្ឋកិច្ច​រុងរឿងដោយសារ​វិស័យ​មួយ គឺ​កសិកម្ម ដែល​ក្នុង​នោះ​ការរៀបចំ​ប្រព័ន្ធ​ធារាសាស្ត្រ ដោយ​ការ​ជីក​បា​រាយ​ណ៍​ធំៗ​ស្ដុក​ទឹក សម្រាប់​បម្រើ​វិស័យ​កសិកម្ម»។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ដែល​មិន​កាន់អំណាច បាន​និយាយលើ​គេហទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ដែរ​ថា មានរឿង​ជាច្រើន​ត្រូវការ​ការ​ជជែក​ដេញដោល​អំពី​គោលនយោបាយ ស្វែងរក​ដំណោះស្រាយ​សមស្រប​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ។

គណបក្ស​នេះ​និយាយ​ថា៖ «បញ្ហា​លុប​បឹង​ធម្មជាតិ​នៅ​ទីប្រជុំជន ការបំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ទី​ជម្រាល ការរៀបចំ​ប្រព័ន្ធ​លូ​ទឹក​នៅ​ទី​ក្រុង​ធំៗ ការគ្រប់គ្រង​ទំនប់​ស្តុក​ទឹ​កធំៗ ការចាត់ចែង​ប្រព័ន្ធ​គ្រប់គ្រង​គ្រោះមហន្តរាយ»។

អ្នកជំនាញ​កសិកម្ម​ លោក​បណ្ឌិត យ៉ង សាំង​កុមារ ដែល​បច្ចុប្បន្ន​ជា​ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​នេះ មានប្រសាសន៍​បន្ថែម​ថា ការ​ធ្វើនយោបាយ​ត្រូវ​កាត់បន្ថយ​ជម្លោះ ហើយ​រួមគ្នា​ដោះស្រាយ​បញ្ហាដើម្បីពលរដ្ឋនិង​សង្គម។ ប៉ុន្តែលោក​ថា បច្ចុប្បន្ន​ អ្នកនយោបាយ​ប្រើ​ពេល​ច្រើន​ចោទប្រកាន់​គ្នា​ទៅវិញទៅមកជា​លក្ខណៈ​បុគ្គល ជំរុញ​ឱ្យ​មានការ​លាប​ពណ៌​គ្នា​ក្នុង​សង្គម។

លោក​ថា បញ្ហា​នេះហាក់​ធ្វើ​ឱ្យ​ពលរដ្ឋ​ភ្លេច​ដេញដោល​អ្នកនយោបាយ​ដែល​ខ្លួន​គាំទ្រ ឱ្យ​ធានា​ផលប្រយោជន៍​​របស់​ពួក​គេ។

លោក យ៉ង សាំង​កុមារ គូសបញ្ជាក់​ថា វា​មាន​សារៈសំខាន់ បើ​ប្រជាពលរដ្ឋ​ចេះ​ដាក់​សម្ពាធ​ទៅ​អ្នកនយោបាយឱ្យ​វិល​មក​ប្រកួត​គ្នា​ដោយ​គំនិត​បង្កើត​គោលនយោបាយ​គ្រប់គ្រង​ទឹក​ប្រកបដោយ​ការទទួលខុសត្រូវ ដែល​លោក​ថា កសិករ​នឹង​មាន​ទឹក​គ្រប់គ្រាន់​សម្រាប់​ធ្វើស្រែ រី​ឯអ្នក​រស់នៅ​ទីក្រុង​នឹង​គេច​ផុត​ពី​ការ​ជន់​លិច។

លោក យ៉ង សាំង​កុមារ ប្រាប់​ថា៖ «ចំ​ពេល​កាលៈទេសៈ​ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​ទឹកជំនន់ ប្រឈម​នឹង​រងគ្រោះ​នូវ​ការ​លិចលង់​អ៊ីចឹង ជា​រឿង​មួយ​ដែល​យើង​ចង់​ទាញ​អារម្មណ៍​ប្រជាពលរដ្ឋ ដែល​គាំទ្រ​អ្នកនយោបាយ​ ឱ្យ​ងាក​មក​មើល​អ្នកនយោបាយដែល​ប្រកួតប្រជែង​ដោយ​គំនិត។ ឧទាហរណ៍ យើង​ដោះស្រាយ​បញ្ហា​សំរាម​នៅ​ទីក្រុង​យ៉ាងម៉េច ដោះស្រាយ​បញ្ហា​ទឹក​នៅ​ទីក្រុង​យ៉ាងម៉េច​? ជំនន់​ក្នុង​ទីក្រុង​យ៉ាង​ម៉េ​ច? ទឹក​លិច​ទីក្រុង​យ៉ាងម៉េច​? ដោះស្រាយ​បញ្ហា​ទឹកជំនន់​នៅ​ជនបទ​យ៉ាងម៉េច​?»។

យ៉ាងណា ​មេដឹកនាំ​កម្ពុជាបាន​ប្តេជ្ញា​ចិត្ត​ខ្ពស់​តាមរយៈ​ចេញ​បញ្ជា​ទៅ​អាជ្ញាធរនិង​កងកម្លាំង​ប្រដាប់​អាវុធ​ឱ្យ​សហការ​គ្នា​ជួយសង្គ្រោះ​អ្នក​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ ដោយ​មិន​ត្រូវ​ឱ្យ​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​លង់ទឹកនិង​អត់​បាយ​ស្លាប់​ដោយសារតែ​គ្រោះ​ធម្មជាតិ​នេះ​ទេ រាល់​ការ​ជម្លៀស​ប្រជាជន​នៅ​តំបន់​ដែល​មាន​គ្រោះថ្នាក់​ទៅកាន់​ទីទួល​សុវត្ថិភាព ត្រូវ​ផ្ដល់​នូវ​ការថែទាំ​សុខភាព ផ្ដល់​អាហារ ថ្នាំពេទ្យ​ឱ្យ​បាន​គ្រប់គ្រាន់។

អ្នកនិពន្ធ​សៀវភៅ «ថ្ងៃ​ចុងក្រោយ​នៃ​មហា​មេគង្គ» និង​ជានា​យក​កម្មវិធី​អាស៊ី​អាគ្នេយ៍​នៃ​មជ្ឈ​មណ្ឌល​ស្ទីម​សាន់​ (Stimson​) លោក ប្រេន អេ​ឡឺ (Brian Eyler​) និយាយ​តាមរយៈ​អ៊ីម៉ែល​ថា ប្រទេស​កម្ពុជា​បាន​ធ្វើការងារ​ជាច្រើន ដែល​បង្កើន​នូវ​ផល​ប៉ះពាល់​ពី​ទឹកជំនន់​ទាំងនេះ​ដល់ទី​ក្រុង និង​សហគមន៍។

ប៉ុន្តែលោក ប្រេន អេ​ឡឺ ប្រាប់​ថា៖ «តំបន់ដីសើម​ជាច្រើន​នៅ​ជុំវិញ​រាជធានី​ភ្នំពេញ ​ត្រូវ​បាន​ចាក់​បំពេញ​សម្រាប់​ការ​អភិវឌ្ឍ​អចលនទ្រព្យ​និង​សួន​ឧស្សាហកម្ម ដែល​តំបន់ដីសើម​ទាំងនោះ​បាន​ដើរតួ​នាទី​ការពារ​យ៉ាង​សំខាន់​ក្នុង​ការបញ្ឈប់​ទឹកជំនន់​ពី​ការ​ចូល​ទីក្រុង។ តែ​ឥលូវ​កន្លែង​ទាំងនោះ​ត្រូវ​លុប​បាត់ ហើយ​ទឹក​គ្មាន​កន្លែង​ហូរ​ទៅ ដែល​បណ្តាល​ឱ្យ​វា​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​មនុស្ស ហើយ​ជន់​លិច​នៅ​តាម​ដងផ្លូវ​ បង្កើត​ជា​ភាព​រញ៉េរញ៉ៃនិង​ការខូចខាត»។

លោក ប្រេន អេ​ឡឺ (Brian Eyler​) ផ្តល់​ជា​អនុ​សាសន៍​ថា ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា ជាពិសេស​ពី​ទឹកជំនន់ ​ត្រូវ​មាន​ភាព​ឆ្លាតវៃ​ក្នុង​ការប្រើ​ប្រាស់​តំបន់ដីសើម​ទាំងនេះ​ជា​យន្តការ​ការពារ បើ​មិន​ដូច្នេះ​ទេ​ ទឹកជំនន់​នៅ​ទីក្រុង​ភ្នំពេញ​នឹង​កាន់តែ​អា​ក្រ​ក់​ទៅៗ ទោះបី​មិន​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក៏ដោយ។

បន្ថែម​ពីនេះ លោក​ថា ប្រទេស​នេះ​ក៏បាន​បាត់បង់​នូវ​ដី​ព្រៃ​ដែល​មិន​គួរ​ឱ្យ​ជឿ​ក្នុងរយៈពេល​បី​ទសវត្ស​ចុងក្រោយ​នេះ។ ព្រៃឈើ​ក៏​ដើរតួ​ជា​អ្នកការពារ​ប្រឆាំង​នឹង​ទឹកជំនន់​ផង​ដែរ ហើយ​បើ​គ្មាន​ព្រៃឈើ ទឹកជំនន់​កើន​កាន់តែ​ខ្លាំង​នោះ ទឹកទន្លេ​នឹង​កើនឡើង​យ៉ាង​ឆាប់រហ័ស​ជាង​ពេល​មុន​ៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ