មន្ត្រី​ថា ស្ថានភាព​​ជំនន់​​ទឹក​ភ្លៀង​​ស្ថិត​​ក្នុង​​ភាព​​អាសន្ន​​នៅ​ឡើយ​ ខណៈ​​ទឹក​​នៅ​​ខេត្ត​​ខ្លះ​​បាន​​ស្រក​​ចុះ​​

ក្រុមជួយសង្គ្រោះនិងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យនិងជួយពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

​​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ឱ្យ​ដឹង​ថា ស្ថានភាពជំនន់ទឹកភ្លៀងស្ថិតក្នុងស្ថានភាពអាសន្ននៅឡើយ ខណៈជំនន់ទឹកភ្លៀងនៅខេត្តចំនួន២បានស្រកចុះបន្តិចហើយ​។

អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ លោក ឃុន សុខា មានប្រសាសន៍នៅរសៀល​ថ្ងៃសុក្រនេះថា​ ជំនន់ទឹកភ្លៀងបាន​បង្ក​ផលប៉ះពាល់ដល់រាជធានី-​ខេត្តចំនួន​១៩ ក្នុងនោះ រាជធានី​​​-ខេត្តចំនួន៥ ដែលរងផលប៉ះពាល់​ខ្លាំងជាងគេ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន កំពង់ស្ពឺ និងរាជធានី​ភ្នំពេញ។ តែយ៉ាងណា ​លោក​ថា ​ស្ថានភាពជំនន់ទឹកភ្លៀងនៅខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង បានស្រកចុះខ្លះហើយ។

លោកគូសបញ្ជាក់​ថា៖ «ជារួម បានស្រកខ្លះហើយ ប៉ុន្តែ​យើងនៅតែប្រុងប្រយ័ត្ន​មើលព្យុះដែលវាបង្កឱ្យ​​មានភ្លៀងធ្លាក់មកបន្ថែមទៀត យើងនៅតាមដានអាហ្នឹងមួយទៀត។​ ទោះបីវាមានការស្រកតិចតួចក៏ដោយ តែវាមិនទាន់អស់ហានិភ័យទេ វាស្ថិតនៅភាពអាសន្ននៅឡើយ»

របាយការណ៍របស់គណៈកម្មាធិការជាតិ ​ឱ្យដឹងថា គិតចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ព្រឹក​ថ្ងៃទី១៦ ខែតុលា ជំនន់ទឹកភ្លៀងបានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ​កើនដល់​ជាង៥ ៣០០គ្រួសារ ស្មើនឹង​ជាង​២១ម៉ឺននាក់ និងផ្ទះជាង​៥ម៉ឺនខ្នង​ ខណៈមនុស្សស្លាប់បានកើនដល់១៨នាក់ និង​ប៉ះពាល់ដំណាំស្រូវនិងដំណាំរួមផ្សំផ្សេង​ៗជាច្រើន​ម៉ឺនហិកតា រួមនឹងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។

នាយករដ្ឋបាលសាលាខេត្តពោធិ៍សាត់ លោក ឃុត ឧសភា បញ្ជាក់ថា ជំនន់ទឹកភ្លៀងក្នុងខេត្តនេះបានស្រកច្រើនហើយ ហើយ​ផ្លូវ​មួយចំនួន​ក្នុង​ខេត្តដែលរង​ផល​ប៉ះពាល់ក៏បាន​​បើកឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​​ចរាចរណ៍វិញដែរ។

មន្ត្រីលេខាធិការដ្ឋានគ្រោះមហន្តរាយ​នៅខេត្តបន្ទាយមានជ័យ លោក ឈុន ប៊ុនថា ប្រាប់វីអូឌីថា ស្ថានភាពជំនន់ទឹកភ្លៀងនៅមិនទាន់មានការស្រក​ចុះនៅ​ឡើយ ហើយ​អាជ្ញាធរក៏​នៅតែបន្តជួយសង្គ្រោះនិងជម្លៀស​ពលរដ្ឋចេញ​ពីភូមិ ដើម្បីទៅរកទីទួលសុវត្ថិ​ភាព។

មន្ត្រីរូបនេះបន្តថា​ គិត​មកដល់​ថ្ងៃនេះ អាជ្ញាធរបានជម្លៀសពលរដ្ឋជាង១៨០០គ្រួសារទៅកាន់​ទីទួលសុវត្ថិ​​ភាព ចំណែកផលប៉ះពាល់ស្រូវចំនួន១៥ ០០០ហិកតា រួមនឹងដំណាំផ្សេង​ៗជិត៦០០ហិកតា។ ចំណែកពលរដ្ឋ​ដែលស្លាប់​​ដោយសារ​លង់ទឹក បានកើន​​រហូតដល់១០នាក់។

លោកបន្ថែមថា៖ «យើងបានជម្លៀសពួកគាត់ចេញមកទីទួលសុវត្ថិភាពហើយ ឥលូវឯកឧត្តមអភិបាលលោកកំពុងយកអំណោយទៅចែកជូនពួកគាត់»

ចំពោះស្ថាន​ភាពទឹកជំនន់​នៅខេត្ត​ប៉ៃលិនវិញ នាយករដ្ឋបាលខេត្ត លោក អ៊ុន ប៊ុនលី ឱ្យ​ដឹងថា តំបន់​ខ្លះបានស្រកចុះនិងតំបន់​ខ្លះទឹកបន្តឡើង​ ប៉ុន្តែមិនឈានដល់មានការជម្លៀសពលរដ្ឋចេញពីភូមិនោះទេ។

លោក​​បន្តថា ជំនន់ទឹកភ្លៀងបានលិចស្រូវ​អស់៥០​ហិកតា ដំឡូងមី២ ៩៦៧ហិកតា និងដំណាំផ្សេងៗជិត​១ ៦០០ហិកតា ខណៈផ្លូវរងការខូចខាតប្រវែង២ ២៦៧៥ម៉ែត្រ។ លោកថា នៅខេត្តប៉ៃលិន មានមនុស្សតែម្នាក់ប៉ុណ្ណោះដែល​បានស្លាប់ដោយសារជំនន់ទឹកភ្លៀងនេះ។

លោកបន្ថែមថា៖ «ឥលូវនេះ កន្លែងខ្លះនៅមានការលិចទៀត ប៉ុន្តែវាមិន​​ធ្ងន់ធ្ងរដូចមុនទេ ដោយសារពីល្ងាចភ្លៀងទៀត បានបង្កឱ្យ​​លិច​ផ្ទះមួយចំនួន​ដែលធ្លាប់​លិច​កន្លងមក»

ចំណែកអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង មានប្រសាសន៍ពេលចុះជួយ​ប្រជាពលរដ្ឋ​នៅខណ្ឌដង្កោ នៅថ្ងៃនេះថា រហូត​មកដល់ពេលនេះ ប្រជាពលរដ្ឋ​ជាង៥ពាន់គ្រួសារ ត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព និងស្ថិត​ក្រោមការ​មើលថែយ៉ាង​​យកចិត្តទុកដាក់ពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ។

កាល​ពីថ្ងៃម្សិល​មិញ ក្រសួងធនធានទឹក និងឧតុនិយម បាន​ឱ្យដឹង​ពីស្ថានភាពអាកាសធាតុ​​ថា រាជធានី​-ខេត្ត​ស្ទើរ​ទូទាំង​ប្រទេស នឹង​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន ចាប់ពី​ថ្ងៃទី១៧ ដល់​ថ្ងៃទី១៩ ខែតុលា​នេះ ដោយសារ​កម្ពុជា​រង​ប្រព័ន្ធ​សម្ពាធ​ទាប​និង​ឥទ្ធិពល​នៃ​ព្យុះ​ទី១៧ ឈ្មោះ សូ​ឌែល (Saudel​)។

ក្រសួងបញ្ជាក់​ថា ឥទ្ធិពល​ព្យុះ​ទី១៧ និង​ប្រព័ន្ធ​សម្ពាធ​ទាប បាន​និង​កំពុង​បន្ត​អូស​បន្លាយ​លើ​ប្រទេស​កម្ពុជា ដែល​ស្ថានភាព​នេះ​នឹង​ធ្វើ​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជាប់​ជា​បន្ត នៅ​តំបន់​វាលទំនាប ក្នុង​នោះ​មាន​រាជធានី​ភ្នំពេញ ខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ និង​កណ្តាល។

ចំពោះ​បណ្តា​ខេត្ត​នៅ​តំបន់​ជួរភ្នំ​ដងរែក ខ្ពង់រាប​ឦសាន ខេត្ត​ជាប់​ព្រំដែន​ប្រទេស​វៀតណាម និង​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ ក្រសួង​ថា នឹង​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើននិង​រលក​សមុទ្រ​ខ្ពស់​ៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ