មេធាវី​​រដ្ឋា​ភិបាល​​ជាប់​ឆ្នោត​​ជា​​ប្រធាន​​ថ្មី​​នៃ​​គណៈ​មេធាវី​​កម្ពុជា​​

លោក​មេធាវី លី ច័ន្ទ​តុលា ឡើង​ថ្លែង​ប្រកួតប្រជែង​ជា​បេក្ខភាព​ប្រធាន​គណៈមេធាវី​អាណត្តិ​ថ្មី នៅក្នុង​មហាសន្និបាត​លើក​ទី២៥ របស់​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០។ (ហ្វេ​កប៊ុ​ក៖ គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​/ Screenshot​)

មេធាវី​ការពារ​ក្ដី​​ឱ្យរដ្ឋាភិបាល​នៅ​ក្នុង​សំណុំ​រឿង​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​នោះ ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើស​រើស​ជា​​ប្រធាន​ថ្មី​នៃ​គណៈ​មេធាវី​កម្ពុជា​ ជាមួយ​សំឡេង​គាំ​ទ្រ​យ៉ាង​ច្រើន​លើស​លុប​ពី​សមាជិក​មេធាវី។

ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី​នៃ​គណៈ​មេធាវី​កម្ពុជា ​ជំនួស​ប្រធាន​បច្ចុប្បន្នដែល​នឹង​ត្រូវ​ចប់​អាណត្តិ​នា​ពេល​ខាង​មុខ​នេះ ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ព្រឹក​ថ្ងៃ​នេះ នៅ​រាជ​ធានី​ភ្នំពេញ។

អគ្គលេខាធិការ​រង​នៃ​គណៈ​មេធាវី​កម្ពុជា លោក​មេធាវី លីវ សុវណ្ណា ប្រាប់​វីអូឌី​ថា លោកមេធាវី លី ច័ន្ទតុលា ទទួល​បាន​សំឡេង​គាំ​ទ្រ​ពី​ក្រុម​មេធាវី​រហូត​ដល់​ទៅ ​១ ៤៤៤​សំឡេង ខណៈមេធាវី​ កែត ឃី ទទួល​បាន​សំឡេង​គាំ​ទ្រ ១៣០​សំឡេង ហើយ​លោក សំ សុគង់ មេធាវី​ការពារ​ក្ដី​ឱ្យគណបក្ស​សង្គ្រោះ​ជាតិនិង​ថ្នាក់​ដឹកនាំ​បក្ស​នេះ ស្ថិត​នៅ​លំដាប់​ទី​៣ ជាមួយ​​សំឡេង​គាំ​ទ្រ​ ៥៦​សំឡេង​ប៉ុណ្ណោះ។

លោក លីវ សុវណ្ណា ប្រាប់​ថា​៖ «ប៉ុន្តែគុណ​សម្បត្តិ​គាត់ ​[លី ច័ន្ទតុលា] អាច​មានលើស​ពី​បេក្ខជន​ផ្សេងៗ បាន​ជា​សហភាតា​ [សមាជិក​មេធាវី] គាំ​ទ្រ​គាត់​ច្រើន​លើស​លុបបែប​នេះ»

ថ្លែង​ទៅ​កាន់​ក្រុម​មេធាវី​ដែល​ចូលរួម​នៅ​ព្រឹក​ថ្ងៃ​នេះ លោក លី ច័ន្ទតុលា បាន​បង្ហាញ​អារម្មណ៍​រីក​រាយ ហើយ​ប្ដេជ្ញា​​ការ​ពារ​ផល​ប្រយោជន៍​រួម​របស់​គណៈ​មេធាវី។

លោក លី ច័ន្ទតុលា ថ្លែង​ថា​៖ «ខ្ញុំសូមប្ដេជ្ញាបន្ថែមថា ខ្ញុំនឹងបម្រើការពារផលប្រយោជន៍រួមវិជ្ជាជីវៈមេធាវីរបស់យើង ផលប្រយោជន៍រួមរបស់គណៈមេធាវី»

​ស្ថិតិ​របស់​គណៈ​មេធាវី​កម្ពុជា បង្ហាញ​ថា កម្ពុជា​មាន​មេធាវី​ពេញ​សិទ្ធិ​​កំពុង​ប្រកប​វិជ្ជា​ជីវៈ​ដល់​ទៅ ១ ៥៩៧​រូប ក្នុង​នោះ​មេធាវី​ជា​ស្ត្រី​មាន​ចំនួន ៣៤៩​រូប​ ខណៈ​មេធាវី​កំពុង​ធ្វើ​កម្មសិក្សា​មាន​ចំនួន ៤០៨​រូប ហើយ​មេធាវី​ដែល​ព្យួរ​មិន​ប្រកប​វិជ្ជា​ជីវៈ មាន​ចំនួន ១១៣​រូប។

លោក លីវ សុវណ្ណា បាន​ឱ្យ​ដឹង​ថា មាន​តែ​មេធាវី​ពេញ​សិទ្ធិ​កំពុង​ប្រកប​វិជ្ជា​ជីវៈ និង​មេធាវី​ព្យួរ​មិន​ប្រកប​វិជ្ជា​ជីវៈ​ប៉ុណ្ណោះ ត្រូវ​បាន​អនុញ្ញាត​ឱ្យបោះ​ឆ្នោត​ដោយ​ផ្ទាល់ឬ​តាម​របៀប​ផ្ទេរ​សិទ្ធិ។

មេធាវី​រូប​នេះ បាន​ឱ្យដឹង​ថា មេធាវី​ចូលរួម​បោះ​ឆ្នោត​ដោយ​ផ្ទាល់​មាន​ចំនួន​ជាង ១ ៦០០​នាក់ ខណៈ​មេធាវី​ដែល​បាន​ផ្ទេរ​សិទ្ធិ​ក្នុង​ការបោះ​ឆ្នោត​នោះ មាន​ចំនួន​ចន្លោះ​ពី ១០០ ទៅ ២០០​រូប​អំឡុង​ការ​បោះ​ឆ្នោត​នៅ​ព្រឹក​មិញ​នេះ។

បេក្ខជន​ទទួល​បាន​សំឡេង​ឆ្នោត​លំដាប់​ទី​២ លោក​មេធាវី កេត ឃី បាន​លើក​ឡើង​ពី​ភាព​មិន​សុក្រឹតនៃ​ការ​បោះ​ឆ្នោត​នេះ ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យបោះ​ឆ្នោត​ដោយ​តំណាងសមាជិក​មេធាវី​ដែល​មិន​បាន​ចូល​រួម​ដោយ​ផ្ទាល់។

លោក កែត ឃី បានបន្ថែមថា៖ «ចំណុចអវិជ្ជមាន គឺបញ្ហាបោះឆ្នោតហ្នឹងហើយ ដោយសារតែវាធើ្វទៅអត់សុក្រឹត ដូចរដ្ឋាភិបាលបានរៀបចំការបោះឆ្នោតរដ្ឋសភា ព្រឹទ្ធសភា ឬក៏ក្រុមប្រឹក្សាឃុំសង្កាត់រាជធានីខេត្តនោះទេ ដែលមិនឱ្យផ្ទេរសិទ្ធ តែគណៈមេធាវីឱ្យផ្ទេរសិទ្ធ ដែលធ្វើឱ្យបាត់ការសម្ងាត់និងខុសឆន្ទៈម្ចាស់ឆ្នោត»

ឆ្លើយ​តប​នឹង​ចំណុច​នេះ លោក លីវ សុវណ្ណា បាន​ប្រាប់​ថា ការ​បោះ​ឆ្នោត​របៀប​នេះ ត្រូវ​បាន​អនុញ្ញាត​ដោយ​គោលការណ៍​របស់​គណៈ​មេធាវី ហើយ​វា​ក៏​ត្រូវ​បាន​ស្នើ​ឱ្យមាន​ការ​កែ​ប្រែ​ដែរ ប៉ុន្តែមិន​បាន​សម្រេច។

ទោះយ៉ាងណា លោក កេត ឃី ប្រាប់​ថា លោក​រីក​រាយ​ចំពោះ​លទ្ធផល​នៃ​សំឡេង​គាំទ្រ​ទៅ​លើ​រូប​លោក ហើយ​អះ​អាង​ថា លទ្ធផល​នេះ​កើត​ចេញ​ពី​ការ​ប្រកួត​ប្រជែង​មួយ​ដែល​លោក​​ថា មិន​បាន​ចំណាយ​ថវិកា​ទៅ​លើ​ការ​ជប់​លៀង​ផឹក​ស៊ី​នោះ​ឡើយ។

លោក កែត ឃី ប្រាប់ថា៖ «លទ្ធផលនេះ គឺខ្ញុំសប្បាយចិត្តដែលយើងបានចូលរួមប្រកួតប្រជែងទៅតាមប្រព័ន្ធសារព័ត៌មាន ហ្វេសប៊ុក និងតាមតេឡេក្រាម គឺយើងមិនបានទៅចំណាយថវិកាទៅអញ្ជើញគេជប់លៀងនិងផ្តល់អំណោយទេ គឺយើងធ្វើទៅតាម[គោលការណ៍] គេមើលកម្មវិធីគោលនយោបាយរបស់យើង ហើយគេក៏សុខចិត្តបោះឆ្នោតឱ្យយើងដែលយើងមិនបានទៅចំណាយសូម្បីកាហ្វេមួយកែវ»

ប៉ុន្តែលោក លី ច័ន្ទតុលា ថ្លែង​ទៅ​កាន់​ក្រុម​មេធាវី​​ថា ការ​ប្រកួត​ប្រជែង​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​រលូន ហើយ​មិន​មាន​ការ​វាយ​ប្រហារ​គ្នា​នោះ​ឡើយ។

លោក​ ច័ន្ទតុលា ប្រាប់​ថា​៖ «យើងបានប្រកួតប្រជែងគ្នាដោយមិនមានបញ្ហានិងមានការវាយប្រហារគ្នា​ ហើយគឺយើងធ្វើការជជែកអំពីគោលនយោបាយ យើងលើកតែអំពីគុណសម្បត្តិ លក្ខណៈសម្បតិ្តរបស់យើងរៀងៗខ្លួន ដើម្បីទាញយក​ការស្រលាញ់និងការគាំទ្រ និងការបោះឆ្នោតពីសំណាក់បងប្អូនសហមេត្តមេធាវី»

បើ​តាម​លោក សុវណ្ណា ដំណើរការ​ផ្ទេរ​សិទ្ធិ​ទៅ​ប្រធាន​ជាប់​ឆ្នោត​ថ្មី នឹង​ត្រូវ​រៀបចំ​ធ្វើ​ចាប់​ពី​សប្ដាហ៍​ក្រោយ​ បន្ទាប់​ពី​មាន​ការ​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​ជា​ផ្លូវការ។

អាយុ៤២​ឆ្នាំ លោក លី ច័ន្ទតុលា គឺ​ជា​នាយក​ក្រុមហ៊ុន​មេធាវី អេស.វី.ភី. និង​ជា​អនុ​ប្រធាន​ក្រុម​ប្រឹក្សា​អ្នក​ច្បាប់​ប្រចាំ​ទីស្ដី​ការ​គណៈរដ្ឋ​មន្ត្រី ដោយ​មាន​ឋានៈ​ស្មើ​នឹង​រដ្ឋ​មន្ត្រី។

នៅ​ពេល​ចោទ​សួរ​អំពី​ទំនាស់​ផល​ប្រយោជន៍​នៅ​ក្នុង​តួនាទី​នេះ លោក លី ច័ន្ទតុលា ប្រាប់​ថា៖ «បច្ចុប្បន្ន ខ្ញុំជាអនុប្រធាន​ក្រុមប្រឹក្សាអ្នកច្បាប់នៅទីស្តីការគណៈរដ្ឋមន្ត្រី ប៉ុន្តែតួនាទីគឺជាតួនាទី​មិនមែនលក្ខណៈមុខងារសាធារណៈ ជាមន្ត្រីរាជការទេ។ ដូច្នេះ តួនាទីនេះមិនមានបញ្ហាវិសមភាពជាមួយនឹងការងារជាមេធាវីឬការងារប្រធានមេធាវីទេ។ អ៊ីចឹងតាមរយៈនេះ វាគឺមិនជាបញ្ហាទេ»

លោក ច័ន្ទតុលា បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​ច្បាប់​ពី​ ហ្សង់ មូលឡាំង លីយ៉ុង ៣ ក្នុង​ប្រទេស​បារាំង​នៅ​ឆ្នាំ​២០០៣ ហើយ​ក្លាយ​ជា​មេធាវី​ពេញ​សិទ្ធិ​នៅ​ក្នុង​ឆ្នាំ​២០០៩។ មេធាវី​រូប​នេះ ក៏​ជា​សាស្ត្រាចារ្យ​បង្រៀន​ច្បាប់​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិ​សាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ នៅ​រាជ​ធានី​ភ្នំពេញ។

ក្នុង​អាជីព​ជា​មេធាវី ១១​ឆ្នាំ​មក​នេះ លោក លី ច័ន្ទតុលា បាន​ការពារ​​ក្ដី​ឱ្យ​រដ្ឋាភិបាល​នៅ​ក្នុង​សំណុំរឿង​ដែល​នាំ​ទៅ​រក​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ចុង​ឆ្នាំ​២០១៧ និង​ជា​សមាជិក​មួយ​រូប​នៃ​ក្រុម​មេធាវី​ការពារ​ក្ដីឱ្យ​រដ្ឋាភិបាល​នៅ​ក្នុង​សំណុំ​រឿង​កំពុង​បន្តដែល​ចោទ​ប្រកាន់​ប្រធាន​បក្ស​ប្រឆាំង លោក កឹម សុខា ពី​បទ​«ក្បត់​ជាតិ»

លោកមេធាវី លី ច័ន្ទតុលា ក៏បានការពារក្តីឱ្យអតីតបុគ្គលិកវិទ្យុអាស៊ីសេរី អ្នកស្រី អ៊ុក សាវបូរី ដែលបានប្តឹងវិទ្យុអាស៊ីសេរី ជុំវិញការ​បញ្ឈប់​ពីការងារដោយមិនមានមូលហេតុ ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ឱ្យ​វិទ្យុអាស៊ីសេរី​ចាញ់ក្តី ហើយ​បង្គាប់​ឱ្យ​វិទ្យុ​ទទួល​បាន​មូលនិធិ​ពី​អាមេរិក​មួយ​នេះ បង់​​សំណងសរុបជាង ២៨ ០០០ដុល្លារ ទៅ​ឱ្យ​អ្នកស្រី អ៊ុក សាវបូរី។

លោកក៏មានស្នាដៃការពារក្តីឱ្យលោក ហ៊ុន ម៉ានី កូនលោកនាយករដ្ឋមន្ត្រី ដោយយកឈ្នះក្តីប្រឆាំង​នឹង​លោក រាជ សុធន ​ប្រធាន​ក្រុម​ហ៊ុន RSL Royal Shipping Line ដែល​បាន​ប្រើ​ឈ្មោះ​របស់​លោក ​ដើម្បី​បោក​ប្រាស់​មន្រ្តី​គយ​នៅ​កំពង់​ផែស្វយ័ត​ក្រុង​ព្រះ​សីហនុ​កាល​ពី​ដើម​ខែ​សីហា​ ឆ្នាំ​២០១៤ ដើម្បី​ធ្វើ​សកម្ម​ភាព​បន្លំ​បោក​ប្រាស់​អ្នក​ដទៃឬ​ធ្វើ​សកម្មភាព​ល្មើស​ច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ