ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានលើកយកបញ្ហាយុត្តិធម៌សម្រាប់ជនជាប់ចោទនិងសិទ្ធិមនុស្ស ទៅជជែកពិភាក្សាទល់មុខជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជា ក្រោយពីអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានបង្ហាញកង្វល់លើបញ្ហាទាំងនេះ។
លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានលើកឡើងលើបណ្តាញសង្គម Twiter របស់លោកថា កិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌កាលពីថ្ងៃទី១៤ ខែតុលា ម្សិលមិញ បានពិភាក្សាលើប្រធានបទមួយចំនួន ក្នុងនោះមាន «ការការពារកុមារ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស គ្រឿងញៀន ផ្តល់យុត្តិធម៌ដល់ជនជាប់ចោទ ការជំរុញការការពារសេរីភាពនៃការបញ្ចេញមតិ និងការប្រមូលផ្តុំជាដើម»។
កាលពីសប្តាហ៍មុន ឯកអគ្គរដ្ឋទូតអាមេរិក ក៏បានលើកយកបញ្ហាប្រហាក់ប្រហែលនេះ ទៅជជែកជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា លោក ស ខេង ផងដែរ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា លោក ជិន ម៉ាលីន ប្រាប់វីអូឌីនៅថ្ងៃនេះថា ជំនួបទល់មុខគ្នានោះ បានពិភាក្សាពីវិស័យព្រហ្មទណ្ឌផ្តោតលើវិធានការទប់ស្កាត់និងបង្ក្រាបបទឧក្រិដ្ឋឆ្លងដែន ពាក់ព័ន្ធការជួញដូរមនុស្ស និងបញ្ហាផ្សេងទៀត ដូចទៅនឹងអ្វីដែលលោកឯកអគ្គរដ្ឋទូត W. Patrick Murphy បានលើកឡើងដែរ។
ប៉ុន្តែលោកថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានប្រាប់ទៅភាគីអាមេរិកពីគោលការណ៍គ្រឹះនៃការអនុវត្តច្បាប់ ដើម្បីរក្សាសន្តិភាពរបស់កម្ពុជា។
លោកថា៖ «ឯកឧត្តមរដ្ឋមន្ត្រី គាត់បានពន្យល់ច្រើនពាក់ព័ន្ធទៅនឹងគោលការណ៍គ្រឹះ ពាក់ព័ន្ធទៅនឹងសិទ្ធិ ដូចជាសិទ្ធិទទួលបានយុត្តិធម៌ សិទ្ធិក្នុងការបញ្ចេញមតិ សារៈសំខាន់នៃសន្តិភាពនៅកម្ពុជា ហើយក៏បានពន្យល់អំពីទិដ្ឋភាពច្បាប់និងយន្តការណ៍អនុវត្តច្បាប់នៅកម្ពុជា»។
នាយកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោកបណ្ឌិត ប៉ា ចន្ទរឿន មានប្រសាសន៍ថា ការលើកឡើងរបស់អាមេរិកជាមួយមេដឹកនាំក្នុងវិស័យយុត្តិធម៌ អាចជាការព្រួយបារម្ភពីភាពមិនឯករាជ្យនៃប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ពាក់ព័ន្ធនឹងចំណាត់ការច្បាប់លើសំឡេងជំទាស់។
លោកថា៖ «កង្វល់ [អាមេរិក] រឿងស្វែងរកយុត្តិធម៌នៅកម្ពុជា គឺឯករាជ្យភាពរបស់តុលាការនៅក្នុងសង្គមយើង ដោយឡែក វាអាចរួមទាំងដំណើរការកាត់ក្តីអតីតថ្នាក់ដឹកនាំនិងសកម្មជនរបស់អតីតគណបក្សជំទាស់ គណបក្សសង្គ្រោះជាតិផងដែរ»។
លោក ប៉ា ចន្ទរឿន បន្ថែមថា ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ២០ភាគរយ ជាការខាតបង់មួយដែលរដ្ឋាភិបាលគួរយកធ្វើជាមេរៀន ហើយប្រញាប់ប្រញាល់វិលទៅស្តារស្ថានភាពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញ ដើម្បីបង្កើនទំនាក់ទំនងជាមួយអន្តរជាតិ ទាំងវិស័យនយោបាយនិងដង្ហើមសេដ្ឋកិច្ច សម្រាប់ជាប្រយោជន៍ជាតិទាំងមូល។
កាលពីដើមខែតុលានេះ អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត (Rohna Smith) បាននិយាយក្នុងអង្គប្រជុំដាច់ដោយឡែកមួយនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ថាស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានៅតែបន្តធ្លាក់ចុះគួរឱ្យព្រួយបារម្ភ ខណៈសិទ្ធិនយោបាយមានការរីកចម្រើនតិចតួចប៉ុណ្ណោះ។
អ្នកស្រីបន្តថា សមាជិកសង្គមស៊ីវិល រួមមាន អ្នកការពារសិទ្ធិមនុស្ស សហជីព និងសកម្មជនបរិស្ថាន បន្តរាយការណ៍ថា ពួកគេស្ថិតក្រោមការជ្រៀតជ្រែក គំរាមកំហែង និងយាយីពីសំណាក់អាជ្ញាធរនៅឡើយ។
តែយ៉ាងណា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចាត់ទុកការវាយតម្លៃពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពីសំណាក់អ្នកជំនាញនិងអង្គការសិទ្ធិមនុស្សមួយចំនួនថា មានភាពលម្អៀង គ្មានមូលដ្ឋានច្បាស់លាស់ និងមានគោលដៅវាយប្រហាររដ្ឋាភិបាល ដែលអាចនាំឱ្យមានគ្រោះថ្នាក់និងអស្ថិរភាពក្នុងសង្គម៕