បុគ្គលិក​៣០០​នាក់​នឹង​បាត់​បង់​ការងារ​បន្ទាប់​ពី​ភូមិ​វប្បធម៌​ប្រកាស​បិទ​ដំណើរ​ការ​

បុគ្គលិកក្រុមហ៊ុនភូមិវប្បធម៌ ធ្វើការតវ៉ាដើម្បីស្នើសុំលក្ខខណ្ឌមួយចំនួនលើការងាររួមទាំងរឿងប្រាក់ឈ្នួល ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ សង់ត្រាល់ – CENTRAL)

ក្រុមហ៊ុនភូមិវប្បធម៌កម្ពុជា ក្នុងក្រុងសៀមរាប បានប្រកាសបិទដំណើរការអាជីវកម្មរបស់ខ្លួនដោយសារតែការធ្លាក់ចុះចំនួនភ្ញៀវទេសចរដ៏គំហុក ចំពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ និងបន្ទាប់ពីមានការតវ៉ារបស់បុគ្គលិកអស់រយៈពេលជាងមួយខែជុំវិញការកាត់ប្រាក់ឈ្នួល។

ភូមិវប្បធម៌ដែលបង្ហាញពីប្រពៃណីផ្សេងៗគ្នានៅតាមភូមិនានារបស់ជនជាតិដើមភាគតិចក្នុងប្រទេសកម្ពុជានោះ នឹងបិទដំណើរការទាំងស្រុងចាប់ពីថ្ងៃទី៧ ខែវិច្ឆិកា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន ចុះកាលបរិច្ឆេទថ្ងៃអាទិត្យកន្លងទៅនេះ។

អ្នកស្រី យៀង នីហ័រ អាយុ២៩ឆ្នាំ ជាអ្នកបើកបររថយន្តអាគុយនៅភូមិវប្បធម៌ បាននិយាយថា អ្នកស្រីបានបម្រើការនៅភូមិវប្បធម៌នេះរយៈពេល៧ឆ្នាំ ហើយអ្នកស្រីមានការតក់ស្លុតដោយសារតែត្រូវបាត់បង់ការងារដំបូងរបស់អ្នកស្រី។

អ្នកស្រី នីហ័រ ជាម្ដាយកូនពីរ បាននិយាយថា៖ «ខ្ញុំសង្ឃឹមថា នឹងធ្វើការនៅភូមិវប្បធម៌រហូតដល់ចូលនិវត្តន៍។ ខ្ញុំមានអារម្មណ៍តក់ស្លុត»។

អ្នកស្រីបន្តថា៖ «ខ្ញុំអស់សង្ឃឹម ហើយមិនដឹងថា នឹងចាប់ផ្តើមពីណាទេ»។

លោក លឹម សុផា អតីតប្រធានការិយាល័យសិល្បៈនៅភូមិវប្បធម៌ ដែលលោកបានដឹកនាំការតវ៉ានៅក្រៅបរិវេណភូមិវប្បធម៌កន្លងមកផងដែរនោះ បាននិយាយថា បុគ្គលិកទាំងអស់មានការភ្ញាក់ផ្អើលនៅពេលបានដឹងពីសេចក្តីប្រកាសនេះ ដែលមានន័យថា ពួកគាត់នឹងបាត់បង់ការងាររបស់ខ្លួន។

លោក សុផា បានមានប្រសាសន៍ថា៖ «វាគួរឱ្យសោកស្តាយសម្រាប់គ្រប់គ្នា»។

លោកបាននិយាយថា លោកសង្ឃឹមថា បុគ្គលិកទាំងអស់នឹងទទួលបានសំណងទៅតាមលក្ខខណ្ឌនៃច្បាប់ការងារ។

លោកបានមានប្រសាសន៍ថា៖ «ប្រសិនបើក្រុមហ៊ុនអនុវត្តនិងគោរពតាមច្បាប់ការងារ យើងនឹងមិនមានអ្វីទាមទារលើសពីនេះទេ»។

ភូមិវប្បធម៌គ្របដណ្តប់លើផ្ទៃដីទំហំ២១០ ០០០ម៉ែត្រការ៉េ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ​៦ បានកាត់ប្រាក់ឈ្នួលបុគ្គលិក២០ភាគរយកាលពីខែមីនា ដោយសារតែចំនួនភ្ញៀវចូលទស្សនាថយចុះខ្លាំង។

ហំ សុភា ជាប្រធានរដ្ឋបាលនៅក្រុមហ៊ុនភូមិវប្បធម៌ បាននិយាយថា ក្រុមហ៊ុនស្ទើរតែគ្មានភ្ញៀវទេសចរចូលទស្សនាសោះចាប់តាំងពីមានការរីករាលដាលជំងឺកូវីដ១៩ ហើយមានតែភ្ញៀវក្នុងស្រុកមួយចំនួនតូចអំឡុងរដូវបុណ្យប៉ុណ្ណោះ។

សុភា បាននិយាយថា៖ «ចំនួនភ្ញៀវធ្លាក់ចុះច្រើនមែនទែន! ការចំណាយច្រើន ពីព្រោះយើងអត់មានចំណូល ហើយយើងចំណាយច្រើនលើប្រាក់ខែនិងអ្វីផ្សេងៗទៀត»។

សុភា បានបន្ថែមថា ក្រុមហ៊ុននឹងផ្តល់សំណងដល់បុគ្គលិកទាំងអស់ ទាំងជាង៣០០នាក់នេះ ទៅតាមច្បាប់ការងារ ហើយក្រុមហ៊ុនបានស្នើទៅមន្ទីរការងារខេត្ត ដើម្បីសុំការចង្អុលបង្ហាញពីនីតិវិធីទូទាត់សំណងនេះ។

សុភា បាននិយាយថា៖ «យើងមានអារម្មណ៍សោកស្តាយខ្លាំង។ យើងធ្លាប់ធ្វើការងារច្រើនឆ្នាំ បួនដប់ឆ្នាំហើយ ហើយនៅពេលយើងបិទអ៊ីចឹងទៅ បុគ្គលិករបស់យើងជាច្រើនគាត់មានអារម្មណ៍សោកស្តាយ អត់មានការងារធ្វើ»។

លោក អ៊ឹម ចំរើន អនុប្រធានមន្ទីរការងារខេត្ត បាននិយាយថា មន្ត្រីពីមន្ទីររបស់លោកនឹងចុះទៅពិនិត្យមើលការស្នើសុំបិទនេះ។

លោក អ៊ឹម ចំរើន បានមានប្រសាសន៍ថា៖ «យើងនឹងចុះទៅពិនិត្យមើលជាក់ស្តែង។ ក្រុមហ៊ុន [សន្យា] ដោះស្រាយផ្អែកតាមច្បាប់ការងារ វាមិនមានបញ្ហាអ្វីទេ កុំបារម្ភ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ