មន្ត្រី​ជាន់​ខ្ពស់​​ទូត​​អាមេរិក​​យក​​បញ្ហា​​សិទ្ធិ​មនុស្ស​​ទៅ​​ជជែក​​ជាមួយ​​ឧប​នាយក​​រដ្ឋ​មន្ត្រី​​កម្ពុជា លោក​ ស ខេង

ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្វាគមន៍លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅកម្ពុជា ព្រមទាំងសហការី ចូលជួបពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ។ (ហ្វេសប៊ុកលោក ស ខេង)

បញ្ហា​សិទ្ធិមនុស្ស​ជាផ្នែក​មួយ​ត្រូវ​បាន​ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក W. Patrick Murphy លើកយក​ទៅ​ជជែក​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ លោក ស ខេង ខណៈ​បញ្ហា​នេះ ត្រូវ​បាន​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​បង្ហាញ​កង្វល់​ដោយសារតែ​ការ​រកឃើញ​ថា​បាន​គំរាមកំហែង​ដល់​សិទ្ធិ​ធ្វើនយោបាយនិង​សកម្មជន​សិទ្ធិមនុស្ស។

លោក W. Patrick Murphy បាន​និយាយលើ​បណ្តាញ​សង្គម Twiter របស់​លោក​កាលពី​ថ្ងៃទី៧ ខែតុលា​នេះ​ថា លោក​បាន​ពិភាក្សា​ប្រកបដោយ​ប្រសិទ្ធភាព​ជាមួយរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កម្ពុជា​ លោក ស ខេង ដែល​ជា​ជ្រុង​មួយ​នៃ​ខួប​លើក​ទី៧០។

លោក​បន្ត​ថា កិច្ចពិភាក្សា​ទល់មុខគ្នា​នោះ លោក​បាន​ផ្តោត​«លើ​កិច្ច​សហប្រតិបត្តិ​ការ​ការអនុវត្ត​ច្បាប់ ពិភាក្សា​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស គ្រឿងញៀន ការពារ​កុមារ កាតព្វកិច្ច​ទៅវិញទៅមក​សម្រាប់​ការ​ធ្វើ​មាតុភូមិ​និវត្តន៍ សេរីភាព​បញ្ចេញមតិ ការ​ជួប​ប្រជុំ​គ្នា និង​អធិបតេយ្យ​ភាព​របស់​ប្រទេស​កម្ពុជា»។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ លោក ខៀវ សុ​ភ័ក្រ និយាយ​ថា លោក​មិនបាន​ចូលរួម​ជំនួប​នេះ​ទេ ដោយ​ឱ្យ​ទាក់ទង​ទៅ​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ​ក្រសួងមហាផ្ទៃ លោ​ក ផាន សុ​ផា​និ​ត វិញ។

លោក ផាន សុ​ផា​និ​ត ប្រាប់VOD នៅ​ថ្ងៃនេះ តាម​បណ្តាញ​សង្គម​តេ​ឡា​ក្រាម​ថា ក្នុង​ជំនួប​នោះ ភាគី​ទាំងពីរ​បាន​ជជែក​ផ្លាស់​ប្តូរ​យោបល់​ច្រើន​លើ​ការងារការ​ធ្វើ​មាតុភូមិ​និវត្តន៍ និង​កិច្ច​សហប្រតិបត្តិ​ការអនុវត្ត​ច្បាប់ បញ្ហា​គ្រឿងញៀន ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការ​គាំពារ​កុមារ។

លោក​ថា ភាគី​អាមេរិកបាន​ស្នើ​បន្ត​លើកកម្ពស់​កិច្ច​សហប្រតិបត្តិ​ការ​កាន់តែ​សកម្ម​ថែមទៀតលើ​ការងារ​ទាំងនេះ។

លោក​ថា​ ជាឆ្លើយតប​ចំពោះ​បញ្ហា​ទាំងនេះ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​គាំទ្រ​និង​ជំរុញដល់​ផ្នែក​ពាក់ព័ន្ធ​ឱ្យសហការ​ជាមួយគ្នា​ទៅវិញទៅមកតាម​ជំ​នា​ញរៀងៗ​ខ្លួន។

ប៉ុន្តែ​នៅពេល​សួរ​ថា ​តើលោក W. Patrick Murphy បាន​លើកឡើង​ពី​បញ្ហា​សិទ្ធិមនុស្ស​ទេ លោក​ប្រាប់​ថា ភាគី​អាមេរិក៖ «គាត់​លើកឡើង​ការយល់ឃើញ​របស់​គាត់​ពីនេះពីនោះ​ជា​រួម មុននឹង​បញ្ចប់​ជំនួប។ ប៉ុន្តែ​ពុំ​មានការ​ជជែក​ផ្លាស់​ប្តូរ​យោបល់​ពី​សម្តេច​ក្រឡាហោម ក្រៅតែ​ពី​បញ្ហា​ដូច​បាន​ជម្រាប​ជូន​ខាងលើ​នោះ​ទេ»។

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​និង​ដីធ្លី​នៅ​សមា​គម​អាដ​ហុក លោក នី សុខា និយាយ​ថា វា​មាន​សារៈសំខាន់​ដែល​កម្ពុជា​ទទួល​អនុ​សាសន៍ ដើម្បី​ស្តារ​ស្ថានភាព​សិទ្ធិមនុស្សក្នុងនាម​ប្រទេស​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ ដើម្បី​រក្សា​ទំនាក់ទំនង​ល្អជា​មួយ​បណ្តា​ប្រទេស​លោកសេរីនិង​រក្សា​ប្រយោជន៍ជាតិ។

លោក​ថា៖ «ខ្ញុំ​គិតថា​ យើង​នៅ​មាន​ជំនឿ​ថា​ រដ្ឋាភិបាល​យើង​នឹង​យក​អ្វី​ដែលគេ​បាន​លើក ​ក៏ដូចជា​កង្វល់​របស់​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​ យក​ទៅ​ពិចារណា»។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ការងារ​និង​សិទ្ធិមនុស្ស​ លោក មឿន តុលា និយាយថា វា​ដល់ពេល​រដ្ឋាភិបាលស្តារ​ស្ថានភាព​សិទ្ធិមនុស្សដើម្បី​រក្សា​ប្រយោជន៍។ លោក​បន្ត​ថា បញ្ហា​សិទ្ធិមនុស្ស​របស់​កម្ពុជា វា​ដល់កម្រិត​អន្តរជាតិ​ហើយ ដែល​អគ្គលេខាធិការ​អង្គការ​សហ​ប្រជា​តិ​បាន​លើក​ទៅ​និយាយ​ក្នុង​កិច្ចប្រជុំនៅ​ប៉ុន្មាន​ថ្ងៃនេះ។

លោក​ថា៖ «អ៊ីចឹង​មានតែ​កម្ពុជា​ប្រឹង​កែតម្រូវ​ពី​ស្ថានភាព​សិទ្ធិមនុស្ស​ ស្ថាន​ភាពប្រ​ជា​ធិប​តេយ្យ​អីហ្នឹង​ទេ ​ដែល​អាច​ស្តា​រមុខមាត់​កម្ពុជា​បាន»។

កាលពីដើម​ខែតុលា​នេះ អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ អ្នកស្រី រ៉ូ​ណា ស្មី​ត (Rohna Smith​) បាន​និយាយ​ក្នុង​អង្គប្រជុំ​ដាច់ដោយឡែក​មួយ​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ ថាស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នៅតែ​បន្ត​ធ្លាក់ចុះគួរ​ឱ្យ​ព្រួយបារម្ភ ខណៈ​ដែល​សិទ្ធិ​នយោបាយ​មានការ​រីកចម្រើន​តិចតួច​ប៉ុណ្ណោះ។

អ្នកស្រី​បន្ត​ថា សមាជិក​សង្គម​ស៊ីវិល រួមមាន អ្នកការពារ​សិទ្ធិមនុស្ស សហជីព និង​សកម្មជន​បរិស្ថាន បន្ត​រាយការណ៍​ថា ពួក​គេ​ស្ថិត​ក្រោម​ការ​ជ្រៀតជ្រែក គំរាមកំហែង និង​យាយី​ពីសំណាក់​អាជ្ញាធរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ