ក្រសួង​បរិស្ថាន​ស្នើ​​ WCS​​ ពង្រីក​គម្រោង​ស្រូវ​​ត្រយង​​ទៅ​​​តំប​ន់​​ការ​ពារ​​ធម្ម​ជាតិ​​ផ្សេង​​ទៀត​​

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក​ នេត្រ ភក្ត្រា ចុះមើលដំណាំស្រូវត្រយ៉ង​ ជាមួយ​អង្គការ WCS និងអង្គការ​ដៃគូ នៅភូមិពូចារ ឃុំ​ស្រែព្រះ ស្រុក​កែវសីមា ខេត្តមណ្ឌល​គិរី នៅថ្ងៃទី​០៣ ខែតុលា ឆ្នាំ២០២០។ (ក្រសួងបរិស្ថាន)

មន្ត្រី​ជាន់ខ្ពស់​ក្រសួងបរិស្ថាន បាន​ស្នើ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា (WCS​-Cambodia​) ពង្រីក​គម្រោង​ស្រូវ​ត្រយង ទៅកាន់​តំបន់​ផ្សេង​ៗទៀត​ដែល​មាន​តំបន់ការពារធម្មជាតិ ដើម្បី​ពង្រីក​ការផលិត​ស្រូវ​សរីរាង្គ ការពារ​បរិស្ថាន និង​បង្កើន​ជីវភាព​របស់​ប្រជាពលរដ្ឋ។

គម្រោង​ស្រូវ​ត្រយង ឬស្រូវ​មិត្តភាព​សង្គ្រោះ​សត្វព្រៃ ជា​ស្រូវ​ដែល​បាន​ដាំដុះ​ក្នុង​ដែនជម្រកសត្វព្រៃ​មួយចំនួន​ក្នុង​ប្រទេស​កម្ពុជា។ គម្រោង​នេះ​មានបំណង​ជួយ​លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​តំបន់ការពារធម្មជាតិ តាមរយៈ​ការ​ផ្តល់​ពូជស្រូវ​និង​បច្ចេកទេស​ដាំស្រូវ​សរីរាង្គ ជាមួយនឹង​ការ​ទទួល​ទិញ​ស្រូវ​ពី​កសិករ​មកវិញ​ក្នុង​តម្លៃ​ខ្ពស់​ជាង​ទីផ្សារ។

រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា មានប្រសាសន៍​ក្នុង​ដំណើរ​ចុះ​ទីវាល​ស្រែ​ត្រ​យ៉ង ស្ថិតនៅ​ភូមិ​ពូ​ចារ ឃុំ​ស្រែព្រះ ស្រុក​កែវសីមា ខេត្តមណ្ឌលគិរី កាលពី​ចុង​សប្តាហ៍​មុន​ថា គម្រោង​ស្រូវ​ត្រយង (Ibis Rice Scheme​) របស់​អង្គការ WCS និង​អង្គការ​ដៃគូ បាន​អនុវត្ត​ជាមួយ​ប្រជាកសិករ​ដោយ​ជោគជ័យ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ នៅ​ខេត្តព្រះវិហារ និង​បាន​បន្ត​យក​ទៅ​អនុវត្ត​នៅ​ដែនជម្រកសត្វព្រៃ​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង។

លោក​បន្ត​ថា ចាប់តាំងពី​ឆ្នាំ២០១៩ គម្រោង​ស្រូវ​ត្រយង ក៏បាន​ពង្រីក​ខ្លួន​ទៅកាន់​ដែនជម្រកសត្វព្រៃ​កែវសីមា ខេត្តមណ្ឌលគិរី មកដល់​បច្ចុប្បន្ន ខណៈ​ដែល​គម្រោង​នេះ​បាន​ជួយ​ដល់​ប្រជាកសិករ​ឱ្យ​មាន​ជីវភាពរស់នៅ​ប្រសើរ​ឡើង។

លោក​បាន​ថ្លែង​ថា៖ «ក្នុងនាម​ក្រសួងបរិស្ថាន ខ្ញុំ​សូម​គាំទ្រ​ចំពោះ​គោលការណ៍​និង​លក្ខខណ្ឌ​ដែល​គម្រោង​ស្រូវ​ត្រយង បាន​ដាក់ចេញ​ឱ្យ​ប្រជាកសិករ​មក​អនុវត្ត​និង​គោរព​តាម ជាមួយនឹង​ការ​ទទួល​ទិញ​ស្រូវ​ពី​កសិករ​មកវិញ​ក្នុង​តម្លៃ​ខ្ពស់​ជាង​ទីផ្សារ ក្នុង​ចន្លោះ​ពី១ ២០០រៀល ទៅ១ ៧០០រៀល ទៅតាម​ប្រភេទ​ស្រូវ​នី​មួយ​ៗ»។

លោក នេត្រ ភក្ត្រា បាន​មានប្រសាសន៍​ទៀត​ថា ដើម្បី​ទទួល​បាន​តម្លៃ​ខ្ពស់​លើស​ពីទី​ផ្សារ​នេះ គឺ​តម្រូវ​ឱ្យ​កសិករ​ជាស​មា​ជិ​កគម្រោង​ស្រូវ​ត្រយង អនុវត្ត​តាម​គោលការណ៍​សំ​ខាន់​ៗដែល​ផ្សារភ្ជាប់​ជាមួយនឹង​ការគោរព​លើ​បរិស្ថាន​និង​ការពារ​ធនធាន​ធម្មជាតិ។

លោក​បាន​បញ្ជាក់​ពី​គោលការណ៍​ទាំងនោះ​ថា ត្រូវ​ដាំស្រូវ​ដោយ​គោរព​ទៅតាម​គោលការណ៍​សរីរាង្គ ដែល​មិន​ប្រើប្រាស់​ជីគីមី ឬក៏​ថ្នាំ​គីមី ឬថ្នាំ​សម្លាប់សត្វ​ល្អិត​មួយចំនួន​ទៀត​, កសិករ​ត្រូវ​ដាំដុះ​ដោយ​គោរព​ទៅ​នឹង​គោលការណ៍​បច្ចេកទេស​ដែល​បង្រៀន​ដោយ​មន្ត្រី​ជំនាញ​របស់​អង្គការ WCS និង​ដៃគូ ដើម្បី​ធ្វើ​ឱ្យ​ស្រូវ​ដែល​ដាំដុះ​ទាំងអស់​នោះ​គោរព​ទៅតាម​បទដ្ឋាន​បច្ចេកទេស​និង​តាម​ការកំណត់​និយាម​ទទួល​ទិញ​ពី​ប្រទេស​អ្នកបញ្ជា​ទិញ​ស្រូ​ងត្រយង​នេះ​, ប្រជាកសិករ​ដែល​បាន​ដាំស្រូវ​ត្រ​យ៉ង ត្រូវ​ប្រើប្រាស់​ដី​ដែល​មិនមែន​បាន​ពី​ការ​កាប់​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ និង​ត្រូវ​ចូលរួម​ការពារ​និង​អភិរក្ស​សត្វព្រៃ។

ដោយ​មើលឃើញ​ពី​ភាព​ជោគជ័យ​នៃ​ការអនុវត្ត​គម្រោង​នេះ លោក នេត្រ ភក្ត្រា បាន​ស្នើ​ដល់​អង្គការ WCS និង​អង្គការ​ដៃគូ ពង្រីក​គម្រោង​ស្រូវ​ត្រយង​នេះ​ទៅកាន់​តំបន់ការពារធម្មជាតិ​ផ្សេងទៀត ដែល​អង្គការ​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រសួងបរិស្ថាន ដើម្បី​ពង្រីក​ការផលិត​ស្រូវ​សរីរាង្គ ជាពិសេស​បង្កើន​ជីវភាព​របស់​ប្រជាពលរដ្ឋ​និង​ការពារ​បរិស្ថាន ខណៈ​ចំណុច​ទាំងនេះ គឺជា​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​បង្កើន​សេដ្ឋកិច្ច​មូលដ្ឋាន​ឬការ​ផ្តល់​មុខរបរ​ថ្មី​ជូន​ប្រជាពលរដ្ឋ។

លោក កែន សេរី​រដ្ឋា នាយក​កម្មវិធី​ប្រចាំ​ប្រទេស​នៃ​អង្គការ WCS បាន​ថ្លែង​ថា គម្រោង​ស្រូវ​ត្រយង​នេះ ជាផ្នែក​មួយ​នៃ​ការអនុវត្ត​គម្រោង​រេ​ដបូ​ក (REDD​+) ដែល​ត្រូវ​យក​មក​អនុវត្ត​នៅ​ប្រទេស​កម្ពុជា ហើយ​គម្រោង​នេះ​ក៏បាន​បង្ហាញ​ដែរ​ថា ប្រទេស​កម្ពុជា​ពិតជា​មានលទ្ធភាព​ការពារ​ព្រៃឈើ​បាន។

លោក​បាន​បន្ត​ថា អង្គការ WCS និង​អង្គការ​ដៃគូ មានបំណង​ចង់​ពង្រីក​បន្ថែម​នូវ​គម្រោង​នេះ ប៉ុន្តែ​ការពង្រីក​នោះ​អាច​ធ្វើ​ដោ​យស​ន្សឹមៗ ខណៈ​អង្គការ​ពាក់ព័ន្ធ​ក៏​ចង់​ពង្រីក​បន្ថែម​លើ​ដំណាំ​កសិកម្ម​ផ្សេងទៀត​ក្រៅពី​ស្រូវ​ផង​ដែរ។

លោក​ថា៖ «យើង​ចង់​ពង្រីក ប៉ុន្តែ​យើង​មិន​អាច​បោះជំហាន​វែង​ពេក​បានទេ ពីព្រោះ​យើង​ខ្លាច​គ្រោះថ្នាក់​ដែរ ដូច្នេះ​យើង​ត្រូវ​ប្រយ័ត្ន​ប្រយែង​និង​មានការ​វាយតម្លៃ​ច្បាស់លាស់​សិន បាន​ធ្វើ​បាន ហើយ​អ្វី​ដែល​ជា​ការ​គិតជា​មួយ​អង្គការ​ដៃគូ គឺ​អង្គការ​សន្សំ​ម្លប់​ព្រៃ និង​ក្រុមហ៊ុន IBis Rice គួរតែ​មើល​ដំណាំ​កសិកម្ម​ផ្សេងទៀត ដូច​នៅ​ទីនេះ [ដែនជម្រកសត្វព្រៃ​កែវសីមា​] យើង​ពិនិត្យ​ឃើញ​នូវ​សក្តា​នុ​ពល​របស់​ដើម​ស្វាយចន្ទី អីចឹង​យើង​កំពុង​សិក្សា»។

បើ​តាម​លោក កែន សេរី​រដ្ឋា ស្រូវ​អង្ករ​ក្នុង​គម្រោង​ស្រូវ​ត្រយង ត្រូវ​បាន​យក​ទៅ​លក់​នៅ​លើ​ទី​ផ្សារ​ធំៗ​ក្នុង​ស្រុក និង​ទីផ្សារ​អន្តរជាតិ​នៅ​ប្រទេស​អឺរ៉ុប​និង​បណ្តា​ប្រទេស​មួយចំនួន​ទៀត។

លោក​បាន​គូសបញ្ជាក់​ថា៖ «ការនាំចេញ​ពី​ប្រទេស​កម្ពុជា មានការ​លំបាក ដោយសារតែ​ការ​យកពន្ធ​ពី​សហគមន៍​អឺរ៉ុប ប៉ុន្តែ​សម្រាប់​អង្ករ​ស្រូវ​ត្រយង​នេះ គឺ​យើង​មាន​ភាព​អនុគ្រោះ ដោយសារ​យើង​មាន​ចំណុច​ពិសេស​មួយ ដើម្បី​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​ដែល​ផលិត​ស្រូវ​អង្ករ​នាំចេញ គឺ​គេ​អត់​អាច​ធ្វើ​ដូច​យើង [កម្ពុជា​] បាន ប៉ុន្តែ​យើង​អាច​ធ្វើ​បាន។ [ប្រទេស​] គេ គេ​មាន​អង្ករ​សរីរាង្គ យើង​មាន​ដូចគ្នា ប៉ុន្តែ​យើង​មាន​មួយទៀត គឺ​ការងារ​អភិរក្ស [ធនធាន​ធម្មជាតិ​] ដែលគេ​អត់​ទាន់​ធ្វើ​បាន»។

អ្នកស្រី កែ វ៉ឺត ជន​ជា​តិ​ពូន​ង និង​ជា​កសិករ​ដាំស្រូវ​ក្នុង​គម្រោង​ស្រូវ​ត្រយង នៅ​ភូមិ​ពូ​ចារ ខេត្តមណ្ឌលគិរី បាន​និយាយ​ថា មុន​ពេល​ចូលរួម​ជាមួយ​គម្រោង​នេះ គ្រួសារ​អ្នកស្រី​ដាំដំណាំ​ស្រូវ ដោយមាន​បាញ់ថ្នាំ​សម្លាប់​ស្មៅ ដែល​ធ្វើ​ឱ្យ​ស្រូវ​ពុំសូវ​ទទួល​បានផល​និង​លក់​បាន​ក្នុង​តម្លៃ​ប្រមាណ៧០០រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូក្រាម។ អ្នកស្រី​បន្ត​ថា ក្រោយពី​អនុវត្ត​តាម​បច្ចេកទេស​ដែល​ផ្តល់​ដោយ​អង្គការ WCS អង្គការ​ម្លប់​សន្សំ​ម្លប់​ព្រៃ និង​អង្គការ​ដៃគូ ឃើញថា ស្រូវ​របស់​អ្នកស្រី​មាន​ទិន្នផល​ច្រើនជាង​មុន​និង​មិន​ពិបាក​ក្នុង​ការ​រក​ទីផ្សារ​ឡើយ។

អ្នកស្រី​ថា៖ «ពីមុន អត់​ចូល​គម្រោង​ហ្នឹង បានតែ៧០០ទៅ៨០០រៀល [ក្នុង​មួយ​គីឡូ​] ហើយ​ថៅកែ​ស្រូវ​គេ​ចេះតែ​បញ្ចុះតម្លៃ​ស្រូវ​យើង ថា​ប៉ុណ្ណេះ​ប៉ុណ្ណោះ​! ដល់ពេល​ចូល​គម្រោង​ហ្នឹង គឺ​បាន​ថ្លៃ​ខ្ពស់​ជាងគេ បាន១២០០រៀល [ក្នុង​មួយ​គីឡូ​]»។

បើ​តាម​ឯកសារ​របស់ក្រ​សួង​បរិស្ថាន បច្ចុប្បន្ន ផលិតផល​ស្រូវ​ត្រយង ត្រូវ​បាន​គ្រប់គ្រង​និង​ធ្វើអាជីវកម្ម​ដោយក្រុម​ហ៊ុន IBis Rice Conservation Company (IRCC​) សម្របសម្រួល​ក្នុង​ការទិញ​និង​លក់។

ក្រសួង​បន្ត​ថា កម្មវិធី​ស្រូវ​ត្រយង កំពុង​រីក​លូតលាស់​យ៉ាង​ឆាប់រហ័ស ចាប់ផ្តើម​ពី២ភូមិ​រហូតដល់១១ភូមិ នៅក្នុង​តំបន់ការពារទេសភាព​នៃ​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ឆែប និង​ព្រៃ​ព្រះ​រកា​រ ខេត្តព្រះវិហារ​, ៥ភូមិ​ជាប់​ជាមួយ​ព្រំប្រទល់​តំបន់​ការពារ​សៀមប៉ាង​ភាគ​ខាងលិច និង៣ភូមិ​នៅក្នុង​តំបន់​ការពារ​ព្រៃ​ឡង់ ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ស្ទឹងត្រែង និង ៣ភូមិ​ទៀត​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​កែវសីមា ខេត្តមណ្ឌលគិរី។

ក្រសួង​បាន​បន្ថែម​ថា បរិមាណ​ផលិតផល​ស្រូវ​ត្រយង​ដែល​បាន​ទិញ​ពី​កសិករ​នៅក្នុង​មូលដ្ឋាន បាន​កើនឡើង​ពី៣៩តោន​រហូតដល់១២០០តោន នៅ​ក្នុ្ងង​ឆ្នាំ២០១៩ ជាមួយនឹង​ការ​រំពឹង​ទុក​ថា នឹង​កើន​ដល់២០០០តោន សម្រាប់​ឆ្នាំ២០២០ ប្រសិនបើ​មាន​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ