ក្មេង​ប្រុស​​​កូនស​កម្ម​​ជន​​បក្ស​​ប្រឆាំងត្រូវ​បាន​ដោះ​លែង​វិញ​ក្រោយ​សមត្ថកិច្ច​ឃាត់​ខ្លួន​​អស់​ជាច្រើន​ម៉ោង

ក្មេងប្រុស កាក់ សុ​វណ្ណ​ច្ឆ័​យ កូនស​កម្ម​​ជន​​បក្ស​​ប្រឆាំងដែលត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​​អស់​ជាច្រើន​ម៉ោង (រូបភាពី ហ្វេសប៊ុក លោក អេង ឆៃអ៊ាង)

មន្ត្រីនគរបាលរាជធានីភ្នំពេញ អះអាងថា​ សមត្ថកិច្ចបានសម្រេចដោះលែងវិញ​ហើយនៅ​ព្រឹក​នេះ​​នូវ​ក្មេង​ប្រុស​​អាយុ ​១៥​ឆ្នាំ​ដែល​ជា​កូន​របស់​សកម្មជន​បក្ស​ប្រឆាំង​កំពុង​ជាប់​ឃុំ បន្ទាប់ពីឃាត់ខ្លួនអស់រយៈពេល ៤៨ម៉ោង។

អ្នកនាំពាក្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខ​សីហា ប្រាប់វីអូឌីនៅថ្ងៃនេះថា សមត្ថកិច្ចគ្រាន់តែធ្វើការសាកសួរក្មេងប្រុស កាក់ សុ​វណ្ណ​ច្ឆ័​យ ពាក់ព័ន្ធនឹងការចូល​ទៅ​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិដែល​ត្រូវ​បាន​ហាម​ឃាត់​តែ​ប៉ុណ្ណោះ។

លោក សាន សុខសីហា ប្រាប់ថា៖ «ព្រឹកហ្នឹង សមត្ថកិច្ចធ្វើការដោះលែងវិញហើយ ព្រោះគេធ្វើការចាប់ខ្លួន ដើម្បីសួរនាំទេ។ សមត្ថកិច្ចចាប់ខ្លួនដោយសារ​គាត់ធ្វើ​ការផ្លោះចូលក្នុងទីកន្លែងដែល​តុលាការធ្វើការមហាឃាត់ ​កន្លែងទីស្នាក់ការចាស់ហ្នឹង ​ដល់អ៊ីចឹងយើងក៏ធ្វើការហៅសួរនាំ​​ក្រែងមានការបាត់បង់ ឬការខូចខាតអីនៅទីកន្លែងនោះ​។​ ដល់ពេលយើងឆែកទៅអត់មានបញ្ហាអី យើងក៏បានដោះលែងវិញ»

ក្មេង​ប្រុស​អាយុ ១៥​ឆ្នាំ​រូប​នេះ គឺ​ជា​កូន​ប្រុស​របស់​លោក កាក់ កុម្ភារ អតីត​សមាជិក​ជាប់​ឆ្នោត​នៃ​ក្រុម​ប្រឹក្សា​រាជ​ធានី​ភ្នំពេញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ មុន​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ​ត្រូវ​បាន​រំលាយ​ចោល​ដោយ​តុលាការ​កំពូល​កាល​ពី​ចុង​ឆ្នាំ​២០១៧​កន្លង​មក។​

អ្នកស្រី ព្រំ ចន្ថា ដែលជាម្តាយ​របស់​ក្មេងប្រុស កាក់ សុ​វណ្ណ​ច្ឆ័​យ ប្រាប់​ថា សមត្ថកិច្ចបានដោះលែងកូនប្រុសគាត់នៅម៉ោង ៩​កន្លះ​ព្រឹក​ថ្ងៃ​នេះ ដោយ​ថា សមត្ថកិច្ច​មិន​បាន​តម្រូវ​ឲ្យ​ធ្វើកិច្ចសន្យា​អ្វីឡើយ។

អ្នកស្រី ព្រំ ចន្ថា ប្រាប់ថា៖ «គេដោះលែងកូនគាត់វិញហើយ គេមិនបានឱ្យធ្វើកិច្ចសន្យាអ្វីទេ»

ប៉ុន្តែ ការដោះលែងនេះ បន្ទាប់ពីក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ បានធ្វើកិច្ចសន្យាជាមួយសមត្ចកិច្ចកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ ដោយឈប់លួចចូលទៅក្នុងបរិវេនទីស្នាក់ការគណបក្សសង្គ្រោះជាតិ និងឈប់បង្ហោះសកម្មភាពឬរូបភាពផ្សេងៗទៀត ដែលមានខ្លឹមសារមិនពិត និងមានការភាន់ច្រឡំ​ខុសច្បាប់។

យោងតាមកិច្ចសន្យាបញ្ជាក់ថា៖ «ខ្ញុំបាទសូមធ្វើការសន្យាចំពោះមុខសមត្ថកិច្ចថា ឈប់ធ្វើសកម្មភាពលួចចូលទីតាំងទីស្នាក់ការអតីតគណបក្សសង្គ្រោះជាតិនិងទីកន្លែងមហាឃាត់នានា ព្រមទាំងបញ្ឈប់សកម្មភាពបង្ហោះឬ រូបភាព ដែលមានខ្លឹមសារមិនពិត ឬ ខ្លឹមសារដទៃទៀតដែលជាអំពើខុសច្បាប់នៃព្រះរាជណាចក្រកម្ពុជា»

ក្មេងប្រុស កាក់ សុ​វណ្ណ​ច្ឆ័​យ ដែល​កំពុង​សិក្សា​នៅ​ថ្នាក់​ទី​៩​នៃ​សាលា​រៀន​មួយ​ក្នុង​រាជ​ធានី​ភ្នំពេញ ​ត្រូវ​អាជ្ញាធរ​ចាប់​ឃាត់ខ្លួន​កាលពី​ម៉ោង​ប្រហែល ៣រសៀល​កាលពីថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​កន្លង​មក​នេះ ខណៈក្មេងប្រុសរូបនេះ បានចូល​ទៅ​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្នាក់ការ​នោះ​ត្រូវ​បាន​តុលាការ​ចេញ​សេចក្តី​សម្រេច​ឱ្យ​បិទ​តាំងពី​ខែវិច្ឆិកា ឆ្នាំ២០១៩។

ឪពុក​ក្មេង​ប្រុស​រូប​នេះ គឺ​លោក កាក់ កុម្ភា​រ ដែលត្រូវ​បាន​សម​ត្ថកិច្ចចាប់ខ្លួនឃុំខ្លួន​នៅពន្ធនាគារព្រៃសកាលពី​ចុងខែ​មិថុនា ​ឆ្នាំ២០២០ តាម​សាលក្រមរបស់ចុះ​ថ្ងៃទី១៨ ខែតុលា​កាលពី​ឆ្នាំមុន ក្រោម​ការ​ចោទ​ពី​បទ​«ប្រមាថ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ បង្ក​ឱមាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខជាតិ» ផ្តន្ទា​ទោស​ឱ្យ​ជាប់ពន្ធ​នា​គារ១ឆ្នាំ៨ខែ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ