មនុស្ស​​៣​​នាក់​​ត្រូវ​​បាន​​សមត្ថ​កិច្ច​​ខេត្ត​​ត្បូង​ឃ្មុំ​​ឃាត់​​ខ្លួន​​សួរ​​នាំ​ក្រោយ​​ពាក់​​​អាវ​មាន​​សារ«មើល​រដ្ឋធម្មនុញ្ញ»​

សារ «អរគុណសន្តិភាព អរគុណសម្ដេចតេជោសែន» ដែលត្រូវបានបង្ហាញនៅជាប់របងអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២០។ (ឆពណ្ណ បញ្ញា)

មនុស្ស៣​នាក់​ក្នុង​ចំណោម៥​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​ត្បូងឃ្មុំ​ឃាត់​ខ្លួន​សួរ​នាំ​កាល​ពី​ថ្ងៃសៅរ៍​សប្ដាហ៍​មុន បន្ទាប់​ពី​ពួកគេ​ពាក់​អាវ​ដែល​មាន​បោះពុម្ព​​សារ​«អរគុណ​សន្តិភាព តែ​ត្រូវ​មើល​មាត្រា​២​ក្នុង​រដ្ឋ​ធម្មនុញ្ញ»​នៅ​ក្នុង​ហាង​លក់​កាហ្វេ​មួយ​កន្លែង។

លោក ស៊ិន រស្មី អាយុ២៤ឆ្នាំ បានថ្លែងថា កាលពីម៉ោង​៨​កន្លះ​ព្រឹក​ថ្ងៃសៅរ៍​សប្ដាហ៍​មុន អតីតសកម្មជនគណបក្សសង្គ្រោះជាតិ ចំនួនបាន៥​នាក់ បានពាក់អាវ​ដែលមាននិយាយថា «អគុណសន្តិភាព តែត្រូវមើលមាត្រា២ក្នុងរដ្ឋធម្មនុញ្ញ» ហើយបានទៅអង្គុយ​ផឹកកាហ្វេ​នៅក្នុងហាងមួយនៅក្នុងផ្សារមេមត់។

លោកបានបន្តថា មនុស្ស៣នាក់ក្នុងចំណោមមនុស្ស៥នាក់ ត្រូវបានឃាត់ខ្លួនដោយមន្ត្រីនគរបាល​​ស្រុកមេមត់ ហើយ​បញ្ជូនទៅសាលាឃុំនិងអធិការដ្ឋាន​នគរបាលស្រុក ដើម្បីសួរ​នាំតាំងពីម៉ោង​ប្រមាណ៩រហូតដល់ប្រមាណ៣ល្ងាច ដោយសមត្ថកិច្ចបានសួរនាំថា តើពួកគេបានអាវទាំងអស់នោះមកពីខាងណា។

លោក ស៊ិន រស្មី ប្រាប់ថា៖ «ពេលត្រឡប់មកវិញ មានសមត្ថកិច្ច​មក​ឃាត់សាកសួរ​ពួកខ្ញុំ​ដែលមានគ្នា៣នាក់ ហើយ​គាត់សុំឱ្យខ្ញុំធ្វើកិច្ចសន្យា​ដើម្បីឈប់ពាក់អាវហ្នឹង។ ខ្ញុំបានប្រាប់គាត់ថា ខ្ញុំបានទិញគេមកពីភ្នំពេញ។ គាត់បានសាកសួរទាំង៣នាក់ហើយ គាត់ថា ការឆ្លើយ​ខុសគ្នា ហើយយកជាការអត់បាន»

លោកបានបន្ថែមថា៖ «គាត់សួរហើយគាត់បានបំភ័យពួកខ្ញុំគាត់ថា ពួកខ្ញុំពាក់អាវ​ហ្នឹងខុសច្បាប់ ដោយសារតែខ្ញុំមានបំណងធ្វើឱ្យចលាចលសង្គម ដូច្នេះ គាត់ថា បើពួកខ្ញុំប្រាប់ថា អាវហ្នឹងទិញមកពីកន្លែងណាឬបុគ្គលណាជាអ្នក​ឱ្យពួកខ្ញុំពាក់ ពួកគាត់នឹងឃុំ​ខ្ញុំ​រយៈពេល​៧ឆ្នាំ»

អ្នកស្រី ហ៊ីង សំភ័ក្ស អាយុ២៧​ឆ្នាំ ដែល​ស្ថិត​ក្នុង​ចំណោម​មនុស្ស៣​នាក់​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​ដែរនោះ បាន​ឱ្យ​ដឹង​ថា មន្ត្រី​នគរបាល​ក្នុង​ឯក​សណ្ឋាន​ស៊ីវិល បាន​ចោទ​អ្នកស្រី​ថា ពាក់​អាវ​ក្នុង​បំណង​ញុះ​ញង់។

អ្នកស្រី ហ៊ីង សំភ័ក្ស៖ «ខ្ញុំមិនបានធ្វើអីខុសផង ខ្ញុំក៏គ្រាន់តែពាក់អាវអង្គុយផឹកកាហ្វេហើយជិះម៉ូតូមកផ្ទះ ហើយប៉ូលិសគាត់ក៏ឃាត់ខ្លួនសួរនាំថា ហេតុអ្វីបានជាពាក់អាវបែបនេះ។ ខ្ញុំអត់​ដឹងថា ប៉ូលិសទេ ខ្ញុំស្មានតែ​អ្នកធម្មតា ដោយសារតែពួកគាត់ពាក់អាវស៊ីវិល»

អ្នកស្រីបានបន្ថែមថា៖ «គាត់ថា អាវហ្នឹងពាក់ព័​​ន្ធទៅនឹងមាត្រាទី២ និងត្រូវរឿងព្រំដែន ប្អូនឯង​ពាក់អាវហ្នឹងមក​របៀប​ញុះញង់ឱ្យប្រជាពលរដ្ឋ​ឈ្លោះគ្នាអ៊ីចឹង។ រាលថ្ងៃរស់នៅបានសុខហើយ ហេតុអ្វីបានជាអ៊ីចឹង បើអូន​ពាក់តែម្នាក់ឯងក៏អត់អីដែរ ប៉ុន្តែពាក់មានជាក្រុម»

អ្នកស្រីបានឱ្យដឹងដែរថា មុនពេលដោះលែង អាជ្ញាធរបានថតវីដេអូពួកគេនិងថតស្លាកលេខ​ម៉ូតូរបស់​ពួកគេ ដែលអ្នកស្រី​ចាត់ទុក​ការធ្វើបែបនេះគឺជាការ​គំរាមកំហែងដល់ពួកគាត់។

ស្នងការនគរបាល​ខេត្តត្បូងឃុំ លោក បែន រ័ត្ន បាន​ប្រាប់​ថា សមត្ថកិច្ច​គ្រាន់តែ​សាក​សួរ​អំពី​ប្រភព​អាវ​នោះ និង​គោល​បំណង​នៃ​ការ​ពាក់​អាវ​នោះ​តែ​ប៉ុណ្ណោះ ហើយ​បាន​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ។

លោក បែន រ័ត្ន ប្រាប់ថា៖ «យើងគ្រាន់តែសួរគាត់ពាក់អាវហ្នឹង ហើយគាត់បានអាវហ្នឹងមកពីណា? ហើយគាត់ពាក់ហ្នឹងមានគោលបំណងអី ហើយគាត់ប្រាប់យើង យើងក៏ឱ្យគាត់ទៅផ្ទះវិញទៅ ដោយយើងមិនបានធ្វើអីទេ ពីព្រោះថា អត់មានច្បាប់ថាហាមហ្នឹងហើយដែលយើងឱ្យគាត់ទៅផ្ទះវិញហើយ យើងគ្រាន់តែសួរព័ត៌មាន។ យើងគ្រាន់តែឆ្ងល់»

លោក ស៊ិន រស្មី ឱ្យដឹង​បន្ថែម​ថា លោក​បាន​អាវ​នោះ​មក​ពី​លោក ស៊ូ យាន ជា​អតីត​សមាជិក​ជាប់​ឆ្នោត​នៃ​ក្រុម​ប្រឹក្សា​ខេត្ត​ត្បូងឃ្មុំ​ដែល​កំពុង​រត់​គេច​ខ្លួន​ពី​ការ​តាម​ចាប់​ខ្លួន​ដោយ​សមត្ថកិច្ច។

លោក ស៊ូ យាន បាន​ប្រាប់​ថា លោក​បានទិញអាវចំនួន៥កាលពីចុងខែកញ្ញានៅភ្នំពេញ នៅពេលដែលបានមកពិនិត្យជំងឺ ហើយលោកបានឱ្យអាវនេះទៅយុវជនទាំង៥ ដោយសារតែលោកឃើញអាវនេះមានអត្ថន័យ។​ លោកបានបន្តថា បន្ទាប់ពីអាជ្ញាធរមូលដ្ឋានបាននិងកំពុងតែស្វះស្វែងរកចាប់​ខ្លួន​រូប​លោក ដោយសារតែលោកបានឱ្យអាវទាំងនេះទៅកាន់យុវជនទាំងនោះ។

លោក ស៊ូ យាន ប្រាប់ថា៖ «ខ្លឹមសារនៃអាវនោះមិនមានអ្វីខុសនឹងច្បាប់រដ្ឋទេ គ្រាន់តែសូមឱ្យគោរពមាត្រា​២នៃរដ្ឋធម្មនុញ្ញ ហើយសារអរគុណសន្តិភាពក៏មិនមានអីខុសដែរ ដោយសារតែវា​មាននៅគ្រប់ស្ថានប័នរដ្ឋទូទាំងប្រទេស»

លោកបានបន្ថែម៖ «ការហៅយុវជនទៅ ជាការបំបាក់ស្មារតីគាត់។ គាត់មានអារម្មណ៍ភ័យខ្លាច ដោយសារតែ​ពួកគាត់គ្រាន់តែសម្តែងទឹកចិត្តប៉ុណ្ណឹង គាត់ត្រូវបានគេហៅ ដូចជាពួកគាត់ជាចោរ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ