នគរ​បាល​​ការពារ​​ព្រំដែន​​គោក​​ម្នាក់​​ត្រូវ​​បាន​​ឃុំ​ខ្លួន​​ករណី​​ឈូស​​ឆាយ​ដី​​ព្រៃ​​ខុស​ច្បាប់​​នៅ​​មណ្ឌល​គិរី​​

បុរសបីនាក់ជិះម៉ូតូតាមដងផ្លូវកាត់ពីមុខសាលាដំបូងខេត្តមណ្ឌលគិរី។ (ជន ចាន់រ៉ែន)

អនុប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​គោក​ម្នាក់​ ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​ពាក់ព័ន្ធ​នឹង​ការរុករាន​និង​ឈូស​ឆាយដី​ព្រៃ​ខុសច្បាប់​នៅ​ខេត្តមណ្ឌលគិរី។

ក្នុង​ដីកា​បង្គាប់​ឱ្យឃុំខ្លួន​បណ្តោះអាសន្ន ចុះ​ថ្ងៃទី២ ខែតុលា​ការ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​មណ្ឌលគិរី លោក ញាណ សុវណ្ណ បានសម្រេច​ឃុំខ្លួន​បណ្តោះអាសន្នលោក ពៅ សុ​ធា​រ៉ា​ន់ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​គោក ដោយ​ចោទ​ពី​បទ​ «កាប់គាស់​រុករាន​ដី​ព្រៃ ឆ្ការ​ដុត និង​ឈូស​ឆាយដី​ព្រៃ​ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិ» ស្ថិតនៅ​ភូមិពូ​ឆប ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី។

ចៅក្រម​ស៊ើបសួរ​ លោក ញាណ សុវណ្ណ បញ្ជាក់​ថា ម​ន្ត្រី​នគរបាល​ការពារ​ព្រំដែន​គោក លោក ពៅ សុ​ធា​រ៉ា​ន់ បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​ផ្តន្ទា​ទោស​តាម​មាត្រា​ទី៦២និង​មាត្រា៥៦ នៃ​ច្បាប់​ស្តី​ពី​តំបន់ការពារធម្មជាតិ។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ លោក ស ខេង កាលពី​ថ្ងៃទី២២ ខែកក្កដា បាន​ចេញ​សេចក្តី​សម្រេច​ស្តី​ពី «ការបង្កើត​ក្រុមការងារ​អន្តរក្រសួង ដើម្បី​ចុះ​សិក្សា​ស្រាវជ្រាវ​លើ​ករណី​ការ​កាប់​រានទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​ខុសច្បាប់​ក្នុង​តំបន់ការពារធម្មជាតិ​ក្នុង​ខេត្តមណ្ឌលគិរី» ទៅតាម​ចំណារ​របស់​លោកនាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន ចុះ​កាលពី​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០។

លោក ស ខេង បាន​ចាត់តាំង​ឱ្យលោក ​អង មង្គល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ ធ្វើជា​ប្រធាន​ក្រុមការងារ​អន្តរក្រសួង ដើម្បី​ចុះ​សិក្សា​ស្រាវជ្រាវ​លើ​ករណី​ការ​កាប់​រាន ទន្ទ្រាន កាន់កាប់​ដី​ព្រៃ​ខុសច្បាប់​ក្នុង​ខេត្តមណ្ឌលគិរី។

ក្រោយមក​ ថ្ងៃទី៣០ ខែសីហា លោក ស ខេង បាន​ដាក់​លិខិត​មួយទៀត​ទៅ​លោក ហ៊ុន សែន ដើម្បី​ពិនិត្យនិង​សម្រេច​លើ​លទ្ធផល​របស់​ក្រុមការងារ​អន្តរក្រសួង​ ចំពោះ​ការ​ចុះ​សិក្សា​ស្រាវជ្រាវ​ករណី​កាប់​រានទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​ខុសច្បាប់​ក្នុង​តំបន់ការពារធម្មជាតិ​ក្នុង​ខេត្តមណ្ឌលគិរី​នោះ។

លិខិតដ​ដែល​នេះ លោក ស ខេង បាន​ស្នើសុំ​ឱ្យមានការ​ជួយ​សម្រួល​ភារកិច្ច​ដល់​អភិបាល​ខេ​ត្ដម​ណ្ឌល​គិរី និង​បញ្ចប់​មុខ​តំណែង​មន្ដ្រី​ចំនួន៩រូប​ទៀត​ដែល​រក​ឃើញថា មាន​កំហុសនិង​ជាប់ពាក់ព័ន្ធ​នឹង​ការរុករាន​រួម​ទាំង​ឈូស​ឆាយដី​ព្រៃ​ខុសច្បាប់។

បើ​តាម​លិខិត អភិបាលខេត្ត​មណ្ឌលគិរី​ លោក ស្វាយ សំ​អ៊ា​ង ត្រូវ​បាន​ស្នើ​ឱ្យថ្នាក់លើ​អប់រំ​ណែនាំនិង​ខិតខំ​អនុវត្ត​តួនាទី​ឱ្យបាន​ល្អ​ប្រសើរ​ឡើងវិញ ។

អតីត​អភិបាលស្រុក​កោះញែក ខេត្តមណ្ឌលគិរី ​លោក ស៊ិន វណ្ណ​វុឌ្ឍ ត្រូវ​បាន​បញ្ចប់​មុខតំណែងនិង​ឱ្យមក​បម្រើការ​ងារ​នៅ​ក្រសួងមហាផ្ទៃ​វិញ ខណៈ​មន្ត្រី​ពាក់ព័ន្ធ​ផ្សេងទៀត​ត្រូវ​បាន​បញ្ចប់​មុខតំណែង​និង​ដាក់​ពិន័យ​រដ្ឋបាល​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ