OHCHR​៖​ ប្រមុខ​ UN​ គ្រោង​​បង្ហាញ​​ក្ដី​​កង្វល់​​ជុំវិញ​​បទ​​ចោទ​ប្រកាន់​​​លើ​លោក​ កឹម​ សុខា​ នៅ​​ក្រុម​ប្រឹក្សា​​សិទ្ធិ​មនុស្ស​​នៅ​​សប្ដាហ៍​​ក្រោយ​​

លោក កឹម សុខា អតីតប្រធាន​គណបក្សសង្គ្រោះ​ជាតិ​ ជួបជាមួយអ្នកសារព័ត៌មាននៅគេហដ្ឋានរបស់លោក ក្រោយពីតុលាការបន្ធូរបន្ថយទោសឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន។ (សាញ់ ប៊ុនហឿន/ ១១ មករា ២០២០)

តំណាង​អង្គការសហប្រជាជាតិ បាន​ប្រកាស​ថា ការ​បង្ក្រាប​ខាងនយោបាយនិង​ករណី​ចោទប្រកាន់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ពី​បទ​«ក្បត់ជាតិ» នឹង​ត្រូវ​នាំ​យក​ទៅ​បង្ហាញ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៅ​សប្ដាហ៍​ក្រោយនេះ។

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃនេះ ការិយាល័យ​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា (OHCHR​) បាន​ប្រកាស​ថា របាយការណ៍​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក អង់​តូ​នី​ញូ ហ្គុយទ័រ​រ៉េ​ស (António Guterres​) នឹង​ត្រូវ​នាំ​យក​ទៅ​បង្ហាញ​នៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៅ​ទីក្រុង​ហ្សឺណែវ នៅ​យប់​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយនេះ។

OHCHR បញ្ជាក់​ថា របាយការណ៍​ស្ដីពី​សិទ្ធិមនុស្ស​កម្ពុជា​នោះ បង្ហាញ​ពី​ការ​បង្ក្រាប​ខាងនយោបាយនិង​លំហ​សេរីភាព​ពលរដ្ឋ ការគ្រប់គ្រង​ប្រព័ន្ធ​យុត្តិធម៌ និង​សិទ្ធិ​ខាង​សង្គម និង​សេដ្ឋកិច្ច។

តំណាង​ស្ថាប័ន UN ប្រចាំ​នៅ​កម្ពុជា​នេះ បាន​លើកឡើង​ថា ប្រមុខ​អង្គការសហប្រជាជាតិ នឹង​លើកឡើង​ពី​ការ​ចាប់ខ្លួន​មនុស្ស​ដែល​ពាក់ព័ន្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាងតិច១៤០នាក់ ដែល​ត្រូវ​បាន​ចាត់ទុកជា​ការ​បង្ក្រាប​ខាងនយោបាយ​កាន់តែ​ធំឡើង​នៅក្នុង​ប្រទេស​កម្ពុជា។

ជាង​នេះ​ទៅទៀត លោក ហ្គុយទ័រ​រ៉េ​ស គ្រោង​លើកឡើង​ពី​កង្វល់​ជុំវិញ​ការ​ចាប់ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា លោក កឹម សុខា ក្រោម​ការចោទប្រកាន់​ពី​បទ​«ក្បត់ជាតិ» ដែល​បទ​ចោទ​នេះ​ត្រូវ​បាន​គេ​ជឿ​ថា ជាប់ពាក់ព័ន្ធ​នឹង​ហេតុផល​នយោបាយ និង​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ការប្រើ​ប្រាស់​ច្បាប់​មិន​ត្រូវ​ សំដៅ​ទៅលើ​គូប្រជែង​នយោបាយនិង​អ្នករិះគន់​រដ្ឋាភិបាល។

លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាល​ដើមខែ​កញ្ញា​ ឆ្នាំ២០១៧ ក្រោម​ការចោទប្រកាន់​ពី​បទ​«ក្បត់ជាតិ» ហើយ​យក​ទៅ​ដាក់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង​ ស្ថិតនៅ​ជាប់​ព្រំដែន​កម្ពុជា​-វៀតណាម រហូតដល់​លោក​ត្រូវ​បាន​ផ្ទេរ​មក​ដាក់​ឃុំ​ក្នុង​ផ្ទះនៅ​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។ ក្រោយពី​ជាប់ឃុំ​ក្នុង​ផ្ទះ​អស់​រយៈពេល​ជាង១ឆ្នាំ មេ​បក្ស​ប្រឆាំង​រូប​នេះត្រូវ​បាន​ដោះលែង​ពី​ការ​ឃុំខ្លួន​ក្នុង​ផ្ទះ​កាលពី​ខែវិច្ឆិកា​ឆ្នាំមុន។

ដំណើរការ​កាត់ក្ដី​មេដឹកនាំ​បក្ស​ប្រឆាំង ​ក្រោម​បទ​ចោទ​«ក្បត់ជាតិ»នេះ ត្រូវ​បាន​ចាប់ផ្ដើម​កាលពី​ពាក់កណ្ដាល​ខែមករា​ក្នុង​ឆ្នាំនេះ មុននឹង​ត្រូវ​បាន​លើកពេល​ទៅវិញ​នៅ​ខែមីនា ដោយសារតែ​ក្ដី​បារម្ភ​ជុំវិញ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា។

អ្នកនាំពាក្យ​គណៈកម្មការ​សិទ្ធិមនុស្ស​កម្ពុជា លោក ជិន ម៉ា​លីន បាន​ប្រាប់​ថា ការ​លើកឡើង​របស់​តំណាង UN នៅ​កម្ពុជា ​អំពី​ការ​បង្ក្រាប​ខាងនយោបាយ​នេះ មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​នោះ​ឡើយ ហើយ​លោក​ថា វា​មាន​ទំនោរ​ទៅ​រក​គណបក្ស​ប្រឆាំង​ទៅវិញ។

រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​រូប​នេះ បាន​ចោទសួរ​ទៅវិញ​ពី​មូលហេតុ​ដែល​ការ​បកស្រាយ​ដោយ​ភាគី​រដ្ឋាភិបាល មិន​ត្រូវ​បាន​ទទួលយក​ទៅ​ពិចារណា ហើយ​បែរជា​ទទួលយក​របាយការណ៍​របស់​ក្រុម​ម្ខាង​ដែល​លោក​ហៅថា ក្រុម​មាន​និន្នាការ​ប្រឆាំង។

លោក ជិន ម៉ា​លីន ប្រាប់​ថា៖ «អ្វី​ដែល​ជា​ចម្ងល់និង​មន្ទិលសង្ស័យ គឺថា​ព័ត៌មាន ក៏ដូចជា​ការ​បកស្រាយ ការ​ពន្យល់​របស់​រដ្ឋាភិបាល​ដែល​មាន​មូលដ្ឋាន​ច្បាប់​រឹងមាំនិង​ច្បាស់លាស់ បែរជា​មិន​ទទួលយក​ទៅ​ពិចារណា តែ​បែរជា​ទទួលយក​ព័ត៌មាន​ក្រុម​ម្ខាងទៀត​ដែល​មាន​និន្នាការ​ប្រឆាំង ហើយ​មិន​មាន​មូលដ្ឋាន​ច្បាស់លាស់។ នេះ​ជា​មន្ទិលសង្ស័យ»។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លី​កាដ​ូ លោក អំ សំអាត ប្រាប់​ថា មន្ត្រី​រដ្ឋាភិបាល​តែងតែ​ច្រានចោល​របាយការណ៍​របស់ UN ប្រចាំ​កម្ពុជា ដែល​ថា កម្ពុជា​នៅតែ​មានការ​រំលោភសិទ្ធិ​មនុស្ស រឹតត្បិត​សេរីភាព​បញ្ចេញមតិ និង​ជួបជុំ​ជាដើម។

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ បញ្ជាក់​ថា បើ​រដ្ឋាភិបាល​មិន​សិក្សានិង​ពិចារណា​លើ​របាយការណ៍​ទាំងនោះ​ឱ្យបាន​គ្រប់ជ្រុងជ្រោយ​ទេ នឹង​ធ្វើឱ្យលទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដើរថយក្រោយ ហើយ​ខាត​ប្រយោជន៍​ផ្សេង​ៗជាដើម។

លោក អំ សំអាត ប្រាប់​ថា៖ «បើសិនជា​យើង​នៅតែ​ច្រានចោល ហើយ​មិន​មាន​ដំណោះស្រាយ ឬក៏​ស្វែងរក​ចំណុច​ខ្វះខាត​ក្នុង​ការ​កែ​លម្អ វា​អត់​អាច​ចំ​ណេញបាន​ទេ វា​អាច​រង​ការរិះគន់​បន្ត​ទៀត ហើយ​ចំ​ណុច​ដដែល​ៗគេ​នៅតែ​លើក​ជា​បន្ត​ទៀត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ