អ្នក​ជំនាញ​​សិទ្ធិ​មនុស្ស​ UN​ ប្រាប់​​សហ​គមន៍​​អន្តរ​ជាតិ​​ថា​ ស្ថានភាព​​សិទ្ធិ​មនុស្ស​​នៅ​​កម្ពុជា​​បន្ត​​ធ្លាក់​ចុះ​​

ក្រុម​ស្ត្រីជា​សាច់ញាតិ​របស់​អតីតមន្ត្រី​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់ឃុំ​ខ្លួន ​ប្រមូលផ្ដុំ​តវ៉ា​ទាមទារឱ្យដោះលែងក្រុមគ្រួសារពួកគេ​ ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ អ្នកស្រី រ៉ូ​ណា ស្មី​ត (Rohna Smith​) បាន​ថ្លែង​កាលពី​ថ្ងៃម្សិលមិញ​ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នៅតែ​បន្ត​ធ្លាក់ចុះ ខណៈ​ដែល​សិទ្ធិ​នយោបាយមានការ​រីកចម្រើន​តិចតួច​ប៉ុណ្ណោះ។

អ្នកស្រី រ៉ូ​ណា ស្មី​ត ដែល​ជា​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ឃ្លាំមើល​សិទ្ធិមនុស្ស​កម្ពុជា បាន​ថ្លែង​បែបនេះ​នៅពេល​អ្នកស្រី​បង្ហាញ​របាយការណ៍​ស្ថានភាព​សិទ្ធិមនុស្ស​កម្ពុជា ​ទៅកាន់​អង្គប្រជុំ​ដាច់ដោយឡែក​មួយ​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ​ កាលពី​ថ្ងៃម្សិលមិញ​នេះ។

អ្នកស្រី ស្មី​ត ថ្លែង​ថា៖ «លំហ​សង្គម​ស៊ីវិលនិង​ប្រជាធិបតេយ្យ​នៅ​កម្ពុជាបន្ត​ធ្លាក់ចុះ ហើយ​មាន​ភស្តុតាង​តិចតួច​បង្ហាញ​ពី​ការផ្លាស់ប្ដូរ​ឆ្ពោះទៅ​រក​ការផ្សះផ្សាខាងនយោបាយ»។

អ្នកស្រី ស្មី​ត ថ្លែង​បន្ត​ថា៖ «សមាជិក​សង្គម​ស៊ីវិល រួមមាន​អ្នកការពារ​សិទ្ធិមនុស្ស សហជីព និង​សកម្មជន​បរិស្ថាន បន្ត​រាយការណ៍​ថា ពួក​គេ​ស្ថិត​ក្រោម​ការ​ជ្រៀតជ្រែក គំរាមកំហែង និង​យាយី​ពីសំណាក់​អាជ្ញាធរ»។

នៅក្នុង​កិច្ចប្រជុំ​ដាច់ដោយឡែក​នោះ​ដែរ អគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ការិយាល័យ​អង្គការសហប្រជាជាតិ​ទីក្រុង​ហ្សឺណែវ លោក អាន សុខ​ខឿន បាន​បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​របាយការណ៍​លើកឡើង​ដោយ​អ្នកស្រី រ៉ូ​ណា ស្មី​ត ដោយ​ចាត់ទុក​របាយការណ៍​នោះ​ថា «ផ្ដោត​តែមួយ​ជ្រុង»

លោក អាន សុខ​ខឿន ថ្លែង​តប​ថា៖ «វា ​[របាយការណ៍​] ផ្ដោត​តែ​លើ​ជ្រុង​ម្ខាង និង​ផ្ដោត​ជ្រុល​តែ​ទៅលើ​សិទ្ធិស៊ីវិលនិង​សិទ្ធិ​នយោបាយ ដោយ​ការ​អភិវឌ្ឍវិជ្ជមាន​ជាច្រើនមិន​ត្រូវ​បាន​លើកឡើង»។

តំណាង​កម្ពុជា​រូប​នេះ បាន​ប្រាប់​ទៅ​កិច្ចប្រជុំ​នោះ​ថា កម្ពុជា​មាន​អង្គការ​មិនមែន​រដ្ឋាភិបាល​ជិត​៦ពាន់​ស្ថាប័ន និង​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជិត២ពាន់​អង្គភាព ដែល​លោក​ថា ដំណើរការ​ដោយសេរី។

ជា​ការ​ឆ្លើយតប អ្នកស្រី រ៉ូ​ណា ស្មី​ត បញ្ជាក់​ផង​ដែរ​ថា របាយការណ៍​របស់​អ្នកស្រី​បាន​គ្រប​ដណ្ដប់​ទៅលើ​សិទ្ធិ​ជាច្រើន ហើយ​រដ្ឋាភិបាល​កម្ពុជា​អាច​ពិនិត្យមើល​របាយការណ៍​របស់​អ្នកស្រី​បាន ខណៈ​អ្នកស្រី​បញ្ជាក់​ថា អ្នកស្រី​នឹង​បន្ត​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជានិង​ដៃគូ​អភិវឌ្ឍន៍​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ