មេធាវី​ក្រុម​ហ៊ុន​អចលន​ទ្រព្យ​ LOD​ បដិសេធ​ថា​ កូន​ក្តី​ខ្លួន​មិន​បាន​បំផ្លាញ​ទ្រព្យ​កូន​បំណុល​ទេ​

មន្ត្រីក្រុមហ៊ុនអចលនាទ្រព្យ LOD ចំនួន៤រូប ត្រូវបានឃាត់ខ្លួន ក្រោយពីប្រព្រឹត្តសកម្មភាពរឹបអូសម៉ូតូមួយគ្រឿងពីកូនបំណុល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ មូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង)

មេធាវីតំណាងក្រុមហ៊ុន​អចលន​ទ្រព្យ​ អិលអូឌី (LOD) សាខាខេត្តកំពង់ឆ្នាំង​ បានចេញលិខិតបំភ្លឺនិងច្រានចោលការចោទប្រកាន់លើបុគ្គលិក​ក្រុមហ៊ុននេះចំនួន៤រូប ដែលថា ​បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ​ដោយចេតនា។

បុគ្គលិកក្រុមហ៊ុន អិលអូឌី ចំនួន៤នាក់ ត្រូវបានកម្លាំង​កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង​ចាប់ខ្លួន កាលពីថ្ងៃ​ម្សិលមិញ នៅភូមិ​កំពង់បាស្រូវខាងត្បូង ឃុំ​ជលសារ ស្រុក​ជលគិរី ខេត្តកំពង់ឆ្នាំង ក្រោមមូលហេតុថា​ បាន​ចូល​ទៅ​គាស់​សោរ​ម៉ូតូ​ដែល​ចា​ក់ច្រ​វាក់របស់​​កូនបំណុលដែល​ទុក​នៅក្នុង​ផ្ទះ ដោយ​មិនបាន​សហការ​ជាមួយ​សមត្ថកិច្ចនិង​តុលាការ។ ករណីនេះ មន្ត្រីអាវុធហត្ថចាត់ទុកជា​ទង្វើ​​​​​​បំផ្លិច​​បំផ្លាញ​​ទ្រ​ព្យ​ស​ម្ប​ត្តិ​អ្នកដទៃ​ដោយចេតនា។

ពាក់ព័ន្ធនឹងករណីនេះ មេធាវី ភួង ណាវុធ តំណាងឱ្យ​​ក្រុុមហ៊ុន​​អចលន​ទ្រព្យ LOD បាន​​ចេញសេចក្តីបំភ្លឺកាលពីថ្ងៃទី​៣០ ខែ​កញ្ញា ម្សិល​មិញ​ថា ឈ្មោះ លាង គឹមឈៀង និង​ឈ្មោះ ឌឿ ឆេង​លាង ត្រូវជាឪពុក​និងកូន បានទិញម៉ូតូ១​គ្រឿង ក្នុ​ង​តម្លៃ២៥៩០ដុល្លារ ពីក្រុមហ៊ុន​អចលនទ្រព្យ LOD កាលពី​ខែមីនា ឆ្នាំ២០១៩ ដោយបាន​កក់ប្រាក់៥៥០ដុល្លារ និងធ្វើកិច្ចសន្យាបង់រំលស់ចំនួន៩៦ដុល្លារ រយៈពេល៣៦ខែ។

លោក​បន្តថា កូនបំណុលមិនបានគោរពតាមការសន្យានិងខកខានសង​ប្រាក់​អស់​រយៈពេល៣ខែ​ចុងក្រោយតាមកិច្ចសន្យាបង់រំលស់ ព្រមទាំងយកម៉ូតូនោះទៅ​ឱ្យ​​ឈ្មោះ មន ផល្លី និងឈ្មោះ ភន សុផល កាន់កាប់​ទៅវិញ។

លិខិតបំភ្លឺដដែលបញ្ជាក់ថា ក្រោយ​ពីកូនបំណុលមិនបង់ប្រាក់​តាមការសន្យា ហើយយកម៉ូតូនោះ ទៅចាក់សោរ​ជាប់នឹងសសរផ្ទះមេភូមិ។ ករណីនេះ បុគ្គលិកក្រុមហ៊ុននាំគ្នាដោះសោរ​នោះចេញនៅចំពោះមុខកូនបំណុលនិង​​មេភូមិ ដើម្បីឱ្យ​​កូនបំណុលទូរ​ទាត់ប្រាក់​ដែលជំពាក់ ប៉ុន្តែកូនបំណុលនៅតែមិនសង និងប្តឹងសមត្ថកិច្ចឱ្យ​​ឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុនចំនួន៤នាក់ ព្រមទាំងចោទថា បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃដោយចេតនាទៅវិញ។

ករណីនេះ មេធាវីតំណាងក្រុមហ៊ុន LOD បានបដិសេធលើការចោទប្រកា​ន់កូនក្តីរបស់ខ្លួន ដោយចាត់ទុក​ការចោទប្រកាន់នេះថា ធ្វើឱ្យ​ប៉ះពាល់ដល់កិត្តិយសក្រុមហ៊ុន​។

វីអូឌី មិនអាចសុំការបំភ្លឺពីកូនបំណុលទាំង៤នាក់នោះបានទេនៅថ្ងៃនេះ។

ប៉ុន្តែអ្នកស្រី ភន សុផល ដែលអះអាងថា​ ត្រូវជាម្តាយមីង​កូនបំណុលម្នាក់ឈ្មោះ លាង គឹមឈៀង និយាយថា ក្មួយ​របស់គាត់​បានយកលុយបង់ឱ្យ​ក្រុមហ៊ុន៨០០ដុល្លារដែរ ប៉ុន្តែបុគ្គលិកក្រុមហ៊ុនមិនព្រមទទួលយកទេ ដោយតម្រូវឱ្យ​កូនបំណុលបង់លុយឱ្យ​គ្រប់ចំនួនតាមកិច្ចសន្យា។

អ្នកស្រីបន្តថា ក្រោយពីចរចាគ្នាមិនត្រូវ បុគ្គលិកក្រុមហ៊ុនបានកាត់សោរម៉ូតូក្មួយគាត់បម្រុងយកទៅក្រុមហ៊ុន ប៉ុន្តែត្រូវបានមេភូមិនិងប្រជាពលរដ្ឋជួយឃាត់មិនឱ្យ​យកទៅនោះទេ រហូតប្តឹងដល់សមត្ថកិច្ចចុះឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុនទាំង៤នាក់នោះបញ្ជូនទៅតុលាការតែម្តង។

អ្នកស្រី​ថា៖ «សាហាវមែនទែន ខ្ញុំឡើងញាក់សាច់ ហើយអ្នកស្រុកអ្នកភូមិរោម គេផ្អើលត្រង់ខ្ញុំស្រែកថា គេ ​[បុគ្គលិក​ក្រុមហ៊ុន] កាច់សោរម៉ូតូក្មួយខ្ញុំហើយ អត់ទាន់មានអ្នកណាមកដល់ បានផ្អើលទាំងមេភូមិគាត់នៅលើផ្ទះ គាត់ចុះមកដី គាត់ថាលោកគ្រូធ្វើអញ្ចឹងមិនកើតទេ ទុកពេលដោះស្រាយគ្នាសិន​ ព្រោះគ្នាទៅរកលុយ គាត់ថាក្រុមហ៊ុនគាត់មិនអាចទុកម៉ូតូបានទេ ត្រូវយកចេញទៅ»។

លោក ឌុំ សាខន មេភូមិកំពង់បាស្រូវខាងត្បូង រៀបរាប់ថា ក្នុងរយៈពេល៣ខែកន្លងមក កូនបំណុលពិតជាមិនបានបង់លុយទៅឱ្យ​ក្រុមហ៊ុនតាមការកំណត់មែន។ ប៉ុន្តែលោកថា កូនបំណុលបានស្នើទៅក្រុមហ៊ុនបង់លុយ៨០០ដុល្លារនៃ​ដើម​និងការប្រាក់សរុប១៣៩៥ដុល្លារ តែក្រុមហ៊ុនមិនព្រមនោះទេ។

ចំណែករឿងបុគ្គលិកកាត់សោរយកម៉ូតូកូនបំណុលនោះ លោកមិនបានដឹងនោះទេ ដោយសាររូបលោកជាប់រ​វល់ដោះស្រាយរឿងពលរដ្ឋជំពាក់លុយផ្សេងទៀតនៅផ្ទះរបស់លោក។

លោកមានប្រសាសន៍ថា៖ «បើខ្ញុំនៅកន្លែងហ្នឹង ក៏ខ្ញុំមិនឱ្យ​គាត់វាយសោរ​ដែរ ប៉ុន្តែពេលនោះខ្ញុំនៅលើ [ផ្ទះ] ដោះស្រាយប្រជាពលរដ្ឋមួយចំនួនទៅ ចុះទៅវិញគាត់ [បុគ្គលិកក្រុមហ៊ុន] វាយសោរអស់ ហើយគាត់យកមកដល់មុខផ្ទះ បានពួកហ្នឹងគេឃាត់ ខ្ញុំក៏ឃាត់ ខាងរាជអាវុធហត្ថគេតេមកកុំទាន់យកទៅណាឱ្យ​នៅចាំគេសិន គេមកដល់ឥលូវហើយ ក៏ថាចាំដោះស្រាយគ្នានៅខេត្ត​ នៅពេលទៅដល់ខេត្ត សមត្ថកិច្ចឃាត់គាត់មិនឱ្យ​ចេញ»។

មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង លោក សាក់ សារ៉ាង ពន្យល់ថា រឿងជំពាក់បំណុល ក្រុមហ៊ុនត្រូវប្តឹងទៅអាជ្ញាធរពាក់ព័ន្ធនិងតុលាការ ដើម្បីបង្ខំឱ្យ​កូនបំណុល​អនុវត្តតាមច្បាប់។ ប៉ុន្តែលោក​ថា ករណីបុគ្គលិកក្រុមហ៊ុនទៅគាស់សោរម៉ូតូដែលកូនបំណុលចាក់ច្រវាក់ទុកនៅផ្ទះមេភូមិនោះ ខុសច្បាប់ព្រហ្មទណ្ឌ​ ដោយសារមិនបានសហការ​ជាមួយសមត្ថកិច្ចនិងតុលាការ។

លោក សាក់ សារ៉ាង ប្រាប់​ថា៖ «ដោយសារពួកគាត់ទៅបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃហ្នឹង អ៊ីចឹងដោយសារមានការបញ្ជាពីឯកឧត្តមព្រះរាជអាជ្ញា អ៊ីចឹងកម្លាំងយើងធ្វើតាមនីតិវិធី កសាងសំណុំរឿងនេះទៅឯកឧត្តមព្រះរាជអាជ្ញា»។

ព្រះ​រាជ​អាជ្ញា​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង លោក អ៊ិត សុធា បាន​ប្រាប់​វីអូឌី​នៅ​ថ្ងៃ​នេះ​​ថា បុគ្គលិក​ក្រុមហ៊ុន​ទាំង៤​រូប​នោះ កំពុង​ស្ថិត​នៅ​ក្រោម​ការ​សាក​សួរ​របស់ចៅក្រមស៊ើបសួរសាលាដំបូង​ខេត្ត លោក ថាន់ឡេ នៅ​ឡើយ។

មន្ត្រីសម្របសម្រួលអង្គការអាដហុកប្រចាំខេត្តកំពង់ឆ្នាំង លោក សំ ចាន់គា​ មានប្រសាសន៍ថា ដើម្បីផ្តល់យុត្តិធម៌ដល់ភាគីទាំងសងខាង តុលាការត្រូវចាប់បង្ខំឱ្យ​កូនបំណុលគោរពកិច្ចសន្យារបស់ខ្លួនជាមួយម្ចាស់បំណុល។ ចំណែកបុគ្គលិកក្រុមហ៊ុនធ្វើខុសច្បាប់នោះ ត្រូវអនុវត្តតាមច្បាប់។

លោកមានប្រសាសន៍ថា៖ «ភាគីកូនបំណុលដែលមិនព្រមបង់[ជា]រឿងមួយ ដែលម្ចាស់បំណុលត្រូវប្តឹងបង្ខំឱ្យ​កូនបំណុល​សង ឱ្យ​កូនបំណុលគោរពកាតព្វកិច្ច តែទង្វើភាគីម្ចាស់បំណុលទៅធ្វើបែបនេះ គឺជាបទល្មើស [ព្រហ្មទណ្ឌ] មួយទៀត អញ្ចឹងតុលាការត្រូវផ្តល់យុត្តិធម៌ដល់ភាគីទាំងសងខាង​ គឺបង្ខំឱ្យ​កូនបំណុលសងម្ចាស់បំណុល ហើយ​ម្ចាស់បំណុលដែលធ្វើខុស ត្រូវទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន»។

មាត្រា៤១១ ​នៃក្រមព្រហ្មទណ្ឌចែងថា ការបំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នកដទៃដោយចេតនា កាលបើប្រព្រឹត្តដោយមានគ្នាច្រើនរូប ធ្វើសកម្មភាពក្នុងឋានៈជាចារី សហចារី អ្នកផ្តើមគំនិត ឬជាអ្នកសមគំនិត ប្រព្រឹត្តនៅទីកន្លែងលំនៅឋាន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និង​​ពិន័យ​ជា​ប្រាក់ពី៤​លាន​ទៅ១០​លាន​រៀល​។​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ធ្លាប់អំពាវនាវឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារដែលរក​ស៊ី​ចងការ​ប្រាក់ ឱ្យ​មាន​​​ការយោគយល់ មិន​ត្រូវរឹបអូសទ្រព្យសម្បត្តិ​​ពីកូន​បំណុលអំឡុង​មានវិបត្តិកូវីដ​១៩នេះទេ។

កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិលជាង១០០​ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួម លើកឡើងថា វិបត្តិកូវីដ១៩បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋច្រើនម៉ឺននាក់ ជំរុញឱ្យ​ប្រជាពលរដ្ឋកម្ពុជាច្រើនជាង២លាន៥សែននាក់ ជាប់ជំពាក់កម្ចីខ្នាតតូច​ជាមួយនឹងអត្រាកម្ចីជាមធ្យម៣៨០០ដុល្លារ ដែលជាចំនួនច្រើនជាងគេនៅលើពិភពលោក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ