កម្ពុជា​​ច្រាន​ចោល​​របាយ​ការណ៍​ UN ​ដែល​​ថា​​មាន​ការ​​បំភិត​បំភ័យ​​និង​​សង​សឹក​​អ្នក​ចូល​រួម​​សកម្ម​ភាព​​សិទ្ធិ​មនុស្ស​

ក្រុមអ្នកដាក់ញត្តិតវ៉ាមួយក្រុម បាននាំគ្នាមកដាក់ញត្តិនៅស្នាក់ការអង្គការសហប្រជាជាតិប្រចាំកម្ពុជា កាលពីឆ្នាំ២០១៧។ (ហេង វិចិត្រ)

រដ្ឋាភិបាល​កម្ពុជា ប្រកាស​ច្រានចោល​របាយការណ៍​របស់​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិដែល​លើកឡើង​ថា អ្នក​ចូល​រួមសកម្មភាព​សិទ្ធិមនុស្ស​ជាមួយ​ស្ថាប័ន​របស់​ខ្លួន រង​ការ​គំរាមកំហែង បំភិតបំភ័យ និង​សងសឹក​ពី​អាជ្ញាធរ​កម្ពុជា។

ការ​ច្រានចោល​នេះបាន​ធ្វើឡើង​តាមរយៈ​សេចក្តី​ថ្លែងការណ៍​របស់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​នានា​នៅ​ទីក្រុង​ហ្សឺណែវ ចុះ​ថ្ងៃទី៣០ ខែកញ្ញា។ 

សេចក្តី​ថ្លែងការណ៍​នោះបាន​លើកឡើង​ថា កម្ពុជាមានការ​ខកចិត្ត​យ៉ាង​ខ្លាំងចំពោះ​ការ​ផ្សព្វ​ផ្សាយ​ថ្មី​ៗនេះលើ​បណ្តាញ​សង្គម​របស់​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជា​តិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

សេចក្តី​ថ្លែងការណ៍​នោះបាន​ហៅ​របាយការណ៍​ផ្សព្វផ្សាយ​នោះ​ថា បាន​ដកស្រង់​ព័ត៌មាន​តែមួយ​ជ្រុង ខ្វះ​តុល្យភាព ធ្វើ​ឱ្យ​ចុះ​ខ្សោយ​នូវ​សុ​ចរិត​ភាព ឯករាជ្យ​ភាព និង​ភាព​ទុកចិត្ត​បាន​របស់​ស្ថាប័ន​អង្គការសហប្រជាជាតិ។

នៅ​ពីរ​ថ្ងៃមុន​នេះ កា​រិយា​ល័យឧ​ត្ត​មស្នងការ​អង្គការសហប្រជាជាតិ UNHRC បាន​លើកឡើង​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា នៅ​ថ្ងៃទី៣០ ខែកញ្ញា អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ​នឹង​ធ្វើ​បទ​បង្ហាញអំពីរបាយការណ៍​ប្រចាំឆ្នាំ ទៅកាន់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ស្តី​ពី ការ​បំភិតបំភ័យនិង​ការសងសឹក​ប្រឆាំង​នឹង​អ្នក​ដែល​បាន​សហការ​ជាមួយ​អង្គការសហប្រជាជាតិ ក្នុង​វិស័យ​សិទ្ធិមនុស្ស។

UNHRC លើកឡើង​ពី​ការ​កត់សម្គាល់​ថា នៅ​ខែសីហានិង​ខែវិច្ឆិកា ឆ្នាំ២០១៩ អ្នករាយការណ៍​ពិសេស​ស្តី​ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​ទទួល​របាយការណ៍​ជាច្រើនអំពីមន្ត្រី​នគរ​បា​លមូល​ដ្ឋាន​ដែល​មិនបាន​អញ្ជើញ​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាលឬការប្រជុំ​មួយចំនួនដែល​រៀបចំ​ដោយ​សង្គម​ស៊ីវិលនិង​ពលរដ្ឋ ដោយ​អាជ្ញាធរ​ទាំងនោះបាន​ទៅ​ថតរូបនិង​សាកសួរ​ព័ត៌មាន ព្រមទាំង​សួររក​លិខិតអនុញ្ញាត។

របាយការណ៍​បន្ត​ថា នៅ​ថ្ងៃបន្ទាប់ មន្ត្រី​នគរបាលបាន​មក​ទាមទារ​ព័ត៌មាន​លម្អិត​អំពី​សកម្មភាពនិង​ឈ្មោះ​អ្នកចូលរួម​ពី​អង្គការ។

ប៉ុន្តែស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ​ថា វត្តមាន​របស់​មន្ត្រី​នគរបាល​នៅ​ក្បែរ​ទីកន្លែង​រៀបចំ​ព្រឹត្តិ​កា​រណ៍​ផ្សេង​ៗ មិនមែន​ជាការ​គំរាមកំហែង បំភិតបំភ័យ ឬរំខាន​នោះ​ទេ តែថា ​វា​ជា​ភារកិច្ចដើម្បី​បង្ការ​ភាព​ចលាចលឬអសន្តិ​សុខ​នានាដែល​អាច​កើតឡើង​ជាយថាហេតុ។

សេចក្តី​ថ្លែងការណ៍​បន្ត​ថា៖ «កម្ពុជា​សូម​បញ្ជាក់​ជាថ្មីនូវ​ការ​ប្តេជ្ញា​ចិត្តក្នុង​ការ​ដោះស្រាយ​រាល់បញ្ហា​ប្រឈម​នានា​ដែល​អង្គការ​សង្គម​ស៊ីវិល​ជួបប្រទះ តាមរយៈ​យន្តការ​ជាតិនិង​ថ្នាក់ក្រោម​ជាតិ ដែល​មានស្រាប់ រួម​ទាំង​វេទិកា​ភាពជា​ដៃគូដែល​បាន​រៀបចំ​ជា​ទៀងទាត់»។

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​និង​ដីធ្លី​នៅ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក លោក នី សុខា មានប្រសាសន៍​ថា មិនមែន​ជា​រឿង​ចម្លែក​ទេដែល​រដ្ឋាភិបាល​កម្ពុជាច្រានចោល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​រក​ឃើញ​ពី​ការ​គំរាមកំហែង​សិទ្ធិមនុស្ស ព្រោះ​កន្លងមក រដ្ឋាភិបាលក៏​មិន​ទទួលស្គាល់​លើ​បញ្ហា​នេះ​ដែរ រហូតដល់​សហគមន៍​អឺរ៉ុបបាន​ប្រកាស​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០ភាគរយ។

អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​រូប​នេះអះអាង​ថា អ្វី​ដែល​អ្នកជំនាញ​សិទ្ធិមនុស្ស​អន្តរជាតិរក​ឃើញ​ករណី​គំរាមកំហែងនិងបំភិតបំភ័យ​អ្នកចូលរួម​សកម្មភាព​សិទ្ធិមនុស្ស​នេះ ជា​ចំនួន​តិចតួច​បំផុត បើ​ប្រៀបធៀប​នឹង​ការ​រក​ឃើញ​របស់​សមា​គម​អាដ​ហុក។

លោក​ថា៖ «យើង​មាន​របាយការណ៍​គ្រប់គ្រាន់​ […] គ្រាន់តែ​យើង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ទេ តែបើ​រដ្ឋាភិបាល​ចង់​ដឹង​អាហ្នឹង យើង​អាច​សហការ​ផ្តល់​ព័ត៌មាន​ជូន​បាន»។

សាស្ត្រា​ចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក ឯក សុវណ្ណ​រ៉ា និយាយ​ថា ការ​បង្ហាញ​ទស្សនៈ​ផ្សេងគ្នារវាង​រដ្ឋាភិបាលនិង​អង្គការ​ក្រៅ​រដ្ឋាភិបាលពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នេះ អាចម​កពី​ពួក​គេ​ឱ្យ​តម្លៃ​ខុសគ្នា​ទៅលើ​គោលការណ៍​ជា​មូលដ្ឋានស្តី​ពីសិទ្ធិ​ជាស​កល​របស់​អង្គការសហប្រជាជាតិ។ ប៉ុន្តែ​លោក​ថា បញ្ហា​នេះ​កំពុង​ជំរុញ​កម្ពុជា​ឱ្យ​ខាតបង់។

លោក​បាន​ថ្លែង​ថា៖ «យន្តការ​ដែល​ធ្វើ​ឱ្យ​កម្ពុជា​ទទួល​បាន​អត្ថ​ប្រយោជន៍​ទៅលើ​នយោបាយ​ការ​បរទេសនិង​ទំនាក់ទំនង​ពាណិជ្ជកម្ម​បរទេស​នេះ គឺ​អាស្រ័យ​លើ​រដ្ឋាភិបាល​កម្ពុជាឆ្លើយតបទៅនឹង​ការ​លើកឡើង​របស់​សហគមន៍​អន្តរជាតិ ជាពិសេស​សំដៅលើ​សហរដ្ឋអាមេរិកនិង​សហភាព​អឺរ៉ុប»។

សហភាព​អឺរ៉ុប អំឡុង​ខែសីហា បានសម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០ភាគរយ​ពី​កម្ពុជា ក្រោម​ហេតុផល​ថា រដ្ឋាភិបាល​កម្ពុជាបាន​ធ្វើ​ឱ្យ​លំហ​ប្រជាធិបតេយ្យ​រួមតូច។

ចំណែក​សហរដ្ឋអាមេរិកក៏បាន​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​ជាន់ខ្ពស់​នៅ​កម្ពុជា​មួយចំនួន​ផង​ដែរ ក្រោម​ហេតុផល​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស​ដូចគ្នា​នេះ ក្រោយពី​អតីត​គណបក្ស​ប្រឆាំង​ដែល​មាន​អ្នកគាំទ្រ​ជាង៤០ភាគរយ ត្រូវ​បាន​ផាត់ចេញ​ពី​ការ​ធ្វើនយោបាយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ