មន្ត្រី​៤​នាក់​​នៃ​​ក្រុម​ហ៊ុន​​បង់​​រំលស់​​មួយ​​ត្រូវ​​សមត្ថ​កិច្ច​​ខេត្ត​​កំពង់ឆ្នាំង​​ចាប់​ខ្លួន​​ក្រោយ​​រឹប​អូស​​ទ្រព្យ​​ពី​​កូន​បំណុល​​

មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ចុះពិនិត្យករណីមន្ត្រី LOD ចំនួន៤រូបរឹបអូសម៉ូតូមួយគ្រឿងពីកូនបំណុល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ មូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង)

មនុស្ស៤នាក់​ជា​បុគ្គលិក​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​នៅ​ខេត្ត​កំពង់ឆ្នាំង ត្រូវ​កងរាជអាវុធហត្ថ​ខេត្ត​នេះ​ចាប់ខ្លួន ក្រោយ​ពួក​គេ​រឹបអូស​យក​ម៉ូតូ​មួយ​គ្រឿង​ពី​កូនបំណុល បន្ទាប់ពី​ខកខាន​សង​ប្រាក់​អស់​រយៈពេល៣ខែ​ចុងក្រោយ​តាម​កិច្ចសន្យា​បង់​រំលស់។

មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង លោក សាក់ សារ៉ា​ង ឱ្យ​ដឹង​ថា មន្ត្រី​ក្រុមហ៊ុន​អចលន​ទ្រព្យ​ អិល​អូ​ឌី ៤រូប ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃម្សិលមិញ​ នៅ​ភូមិ​កំពង់​បា​ស្រូវ​ខាងត្បូង ឃុំ​ជលសារ ស្រុក​ជល​គិរី។

មេបញ្ជាការ​រូប​នេះ បញ្ជាក់​ថា មូលហេតុ​នៃ​ការ​ចាប់ខ្លួន គឺ​ដោយសារ​បុរស​ទាំង៤នាក់​នោះ បាន​ចូល​ទៅ​គាស់​សោរ​ម៉ូតូ​ដែល​ចា​ក់ច្រ​វាក់របស់​កូនបំណុលដែល​ទុក​នៅក្នុង​ផ្ទះ ដោយ​មិនបាន​សហការ​ជាមួយ​សមត្ថកិច្ចនិង​តុលាការ។ លោក​ថា ទង្វើ​នេះជា​បទ​បំផ្លិច​បំផ្លាញ​ទ្រ​ព្យស​ម្ប​ត្តិ​អ្នកដទៃ​ដោយចេតនា។

លោក សាក់ សារ៉ា​ង ប្រាប់​ថា៖ «ដោយសារ​ពួក​គាត់​ទៅ​បំផ្លិច​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​ហ្នឹង អ៊ីចឹង​ដោយសារ​មានការ​បញ្ជា​ពី​ឯកឧត្តម​ព្រះរាជអាជ្ញា អ៊ីចឹង​កម្លាំង​យើង​ធ្វើតាម​នីតិវិធី កសាង​សំណុំរឿង​នេះ​ទៅ​ឯកឧត្តម​ព្រះរាជអាជ្ញា»។

ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង លោក អ៊ិ​ត សុធា បាន​ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា មន្ត្រី​ក្រុមហ៊ុន​ទាំង៤រូប​នោះ កំពុង​ស្ថិតនៅ​ក្រោម​ការសាកសួរ​នៅ​តុលាការ​នៅឡើយ។

តំណាង​ក្រុមហ៊ុន​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ថា ក្រុមហ៊ុន​កំពុង​ប្រមូល​ព័ត៌មាន​ជុំវិញ​ករណីនេះ ហើយនឹង​ចេញ​សេចក្ដី​បកស្រាយ​បំភ្លឺ​នា​ពេលក្រោយ។

លោកនាយក​រដ្ឋមន្ត្រី​ធ្លាប់​អំពាវនាវ​ឱ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុនិង​ធនា​គារ​ដែល​រកស៊ី​ចង​ការ​ប្រាក់ ឱ្យ​មានការ​យោគយល់ មិន​ត្រូវ​រឹបអូស​ទ្រ​ព្យស​ម្ប​ត្តិ​ពី​កូនបំណុល​អំឡុង​មាន​វិបត្តិ​កូ​វីដ១៩នេះ​ទេ។

កាលពី​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង១០០ស្ថាប័ន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​លើកឡើង​ថា វិបត្តិ​កូ​វីដ១៩បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ច្រើន​ម៉ឺន​នាក់ ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ច្រើនជាង ២លាន ៥សែន​នាក់ ជាប់ជំពាក់​កម្ចី​ខ្នាត​តូច​ជាមួយនឹង​អត្រា​កម្ចី​ជាមធ្យម៣៨០០ដុល្លារ ដែល​ជា​ចំនួន​ច្រើនជាង​គេ​នៅ​លើ​ពិភពលោក។

ក្រុម​សង្គម​ស៊ីវិលលើកឡើង​ថា វិបត្តិ​សុខភាព​នេះធ្វើឱ្យជីវភាពរស់នៅ សុខភាព និង​សុវត្ថិភាព​កម្មសិទ្ធិ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​កម្ពុជា​រាប់​លាន​នាក់ ប្រឈម​នឹង​ហានិភ័យ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ