សមត្ថកិច្ចខេត្តកោះកុង ដោះលែងពលរដ្ឋមាន​​ជម្លោះ​ដីធ្លី​៤នាក់ ក្រោយសួរនាំជាង​១០​ម៉ោង

ពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយក្រុម​ហ៊ុន UDG ប្រមូល​ផ្តុំមុខសាលាខេត្តកោះកុង នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០។ រូបថតពីហ្វេស​ប៊ុក

សមត្ថកិច្ចខេត្តកោះកុង បានឃាត់​ខ្លួន​ប្រជាពលរដ្ឋ​ចំនួន​៤នាក់ ដើម្បី​សួរនាំជាង​១០​ម៉ោង ខណៈ​ដែលពលរដ្ឋ​ទាំងនោះរួមជាមួយ​ពលរដ្ឋ​ផ្សេង​ទៀត បានបោះតង់​តវ៉ាទាម​ទារ​រក​ដំណោះ​ស្រាយ​រឿង​ដីធ្លី នៅមុខសាលាខេត្ត។

អ្នកស្រី ឆៃ គឹ​មធុ​ច អះអាង​ជាពលរដ្ឋរងគ្រោះដីធ្លី និងឃើញហេតុការណ៍នេះ ប្រាប់​វីអូឌី​ថា ចាប់តាំងពីថ្ងៃចន្ទដើមសប្តាហ៍នេះ ពលរដ្ឋប្រមាណ ៦០នាក់ បាននាំគ្នាបោះតង់នៅ​មុខ​សាលាខេត្ត រងចាំដំណោះស្រាយរឿងដីធ្លីរបស់​ពួកគាត់ជាមួយ​​​ក្រុមហ៊ុន​ចិន ញូ​ញៀន (Union Development Group ឬ UDG​) ពីសំណាក់​អាជ្ញាធរ។

អ្នកស្រី​​បន្តថា ក្នុង​ការ​តវ៉ានោះ សមត្ថកិច្ចខេត្តកោះកុងប្រមាណជិត១០០នាក់ បានចុះ​ទៅ​​​រុះរើតង់ និងឃាត់ខ្លួនពលរដ្ឋ៤នាក់ នៅម៉ោងប្រមាណ ២កន្លះទៀបភ្លឺ ប៉ុន្តែ​​​បាន​ដោះ​លែងវិញនៅម៉ោង៣កន្លះរសៀលថ្ងៃពុធនេះក្រោយសួរនាំជាង១០ម៉ោង។

អ្នកស្រី ឱ្យ​​ដឹងថា ពលរដ្ឋទាំង៤នាក់ ដែលសមត្ថកិច្ច​ចាប់ខ្លួនទាំងកណ្តាលយប់នោះ រួម​មាន អ្នកស្រី ព្រាប រដ្ឋា ជាតំណាង​ពលរដ្ឋ, អ្នកស្រី ព្រំ គង់, លោក សុខ ពេជ្រ និងម្នាក់ទៀត​ឈ្មោះ ថាវ ។

អ្នកស្រី ឆៃ គឹមធុច បញ្ជាក់​ថា៖ «អាជ្ញាធរមកស្ងាត់ៗ មកក្តោបយកក្នុងតង់តែម្តងនៅម៉ោង២ជាង ដែលមនុស្សកំពុងតែដេកលង់លក់។ អាជ្ញាធរធ្វើនេះដូចជាចោរប្លន់ ដល់ពេល​អីចឹង​ធ្វើឱ្យ​​ពួកខ្ញុំរឹតតែឈឺចាប់​ នាំគ្នាយំស្រែកទាមទារឱ្យ​ដោះលែងម្ចាស់ដីវិញ។ ពួកខ្ញុំជាម្ចាស់ដី អាជ្ញាធរមិនគិតខំដោះស្រាយឱ្យ​ពួកខ្ញុំទេគិតចាប់​ម្ចាស់ដីដាក់គុក​ដាក់ច្រវ៉ាក់ទៅវិញ»

អ្នកស្រី សាំង ពុយ ​អះអាង​​ជា​តំណាង​ពលរដ្ឋ​មាន​ជម្លោះដីធ្លីនៅឃុំ​កោះស្តេច និយាយថា ក្រៅពីការចាប់ខ្លួន​ពលរដ្ឋ​ទាំង ៤នាក់​នោះ សមត្ថកិច្ចក៏បាន​រុះរើយកតង់របស់ពលរដ្ឋ មិន​ឱ្យ​សម្រាក​តវ៉ា​មុខ​សាលាខេត្តទៀត។

អ្នកស្រីបន្ត​ថា៖ «មិនគួរសម្ថកិច្ចខេត្តកោះកុង ធ្វើបែបហ្នឹងដាក់ពលរដ្ឋទេ។ ខ្ញុំគិតថា វាអយុត្តិធម៌ និងរំលោភសិទ្ធិ ពួកយើងណាស់ គេរំលោភយកដីធ្លីហើយ គេចាប់ចងយើង​ជាម្ចាស់ដីថែមទៀត។ អាជ្ញាធរគួរណាតែរកវិធីដោះស្រាយដីធ្លីជូនពលរដ្ឋ មិនគួរណាធ្វើបែបនេះទេ»

អភិបាលរងខេត្តកោះកុង លោក សុខ សុទ្ធី មានប្រសាសន៍ថា អាជ្ញាធរមិនចាប់ឬឃាត់ខ្លួនពលរដ្ឋ៤នាក់នោះទេ គឺគ្រាន់តែចាត់វិធានការរដ្ឋបាល ដោយហៅទៅសួរនាំ ដើម្បីរក្សាសណ្តាប់ធ្នាប់ ពេលថ្នាក់ដឹកនាំធ្វើដំណើរឆ្លងកាត់ទីនោះតែប៉ុណ្ណោះ។

លោកបន្ថែមថា៖«ដើម្បីរក្សាសណ្តាប់ធ្នាប់ គេហៅគាត់ទៅធ្វើវិធានរដ្ឋបាល សួរនាំដើម្បីធ្វើកំណត់ហេតុថា តើមកធ្វើអីមានបំណងអីឱ្យ​​ពិតប្រាកដ»

មន្រ្តីសម្របសម្រួលអង្គការការពារ​សិទ្ធិ​មនុស្ស​លីកាដូប្រចាំខេត្តកោះកុង លោក ហ៊ួរ អ៊ីន យល់ថា ការឃាត់ខ្លួនពលរដ្ឋពីសំណាក់អាជ្ញាធរ​នេះ ជាការគំរាមកំហែង និងរំលោភសិទ្ធិពលរដ្ឋក្នុងការ​ប្រមូលផ្តុំ​តវ៉ា​ដោយសន្តិវិធី ដែល​​មានចែងក្នុងរដ្ឋធម្មនុញ្ញ និងកត្តាសញ្ញាស្តីពីសិទ្ធ​​ផ្សេងៗ។

លោកបន្ថែមថា៖ «ករណីនេះ គឺជាការរំលោភសិទ្ធិមនុស្សមួយ​យ៉ាងធ្ងន់ធ្ងរ ទៅលើប្រជាពលរដ្ឋដែលបានរងគ្រោះដីធ្លី។ ពលរដ្ឋគាត់ត្រូវបានរងគ្រោះបាត់បង់ដីធ្លីហើយ នៅពេលពួកគាត់មកតវ៉ាហ្នឹង គាត់ត្រូវបានរងគ្រោះមួយតង់ទៀត ដោយចំណាត់ការរបស់អាជ្ញាធរ​ថែមទៀត អីចឹងអាជ្ញាធរខេត្តគួរពិនិត្យ​​ឡើងវិញថា តើចំណាត់ការរបស់ខ្លួនហ្នឹងធ្វើត្រឹមត្រូវតាមច្បាប់ឬអត់»

គួរ​រំលឹកថា ពលរដ្ឋ​ប្រមាណ​៦០នាក់ ដែល​អះអាង​ថា​ កំពុង​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​​ចិន ញូ​ញៀនបាន​ប្រមូល​ផ្តុំគ្នា​តវ៉ា​ និងបោះតង់ដេកមុខ​សាលាខេត្តកោះកុង តាំងពីថ្ងៃទី២៨​ ខែកញ្ញាឆ្នាំ២០២០ ដោយសារជម្លោះដីធ្លីរបស់ពួកគេអូសបន្លាយរយៈពេល១២ឆ្នាំ មកហើយ នៅពុំទាន់​មានដំណោះស្រាយពីអាជ្ញាធរ។

កាលពីដើមសប្តាហ៍នេះ អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង បានបញ្ជាក់​​ថា ជម្លោះដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុនចិនញូញៀន​នេះ ក្រសួងរៀបចំដែនដី និងអាជ្ញាធរខេត្ត កំពុងដំណើរ​ការ​​សិក្សាបន្ថែមលើអត្តសញ្ញាណរបស់ប្រជាពលរដ្ឋ និង​អត្តសញ្ញាណ​​​ផ្សេងៗ​ទៀត ដើម្បីឈានទៅរកការដោះស្រាយបញ្ចប់វិវាទ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ