សមត្ថ​កិច្ចខេត្តកោះកុង ចាប់​ខ្លួន​ពលរដ្ឋ​៤​នាក់ ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន UDG

អ្នកមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនUDGតវ៉ាមុខសាលាខេត្តកោះនៅថ្ងៃទី៣០កញ្ញាឆ្នាំ២០២០ដើម្បីទាមទារដោះលែងពលរដ្ឋ៤នាក់

សមត្ថកិច្ចខេត្តកោះកុង បានឃាត់​ខ្លួន​ពលរដ្ឋចំនួន ៤នាក់ ដែលមាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន ញូ​ញៀន (Union Development Group ឬ UDG​) នៅព្រឹកព្រលឹម​ថ្ងៃពុធនេះ ដោយពុំបានបញ្ជាក់ពីមូលហេតុ​។

អ្នកស្រី ឆៃ គឹ​មធុ​ច អះអាង​ជាពលរដ្ឋរងគ្រោះដីធ្លី និងឃើញហេតុការណ៍នេះ ប្រាប់​វីអូឌី​ថា ចាប់តាំងពីថ្ងៃចន្ទដើមសប្តាហ៍នេះ​ ពលរដ្ឋ​ប្រមាណ ៦០នាក់ បាន​នាំគ្នា​បោះតង់​នៅ​មុខ​សាលាខេត្ត រង​ចាំដំណោះស្រាយរឿង​ដីធ្លីពីអាជ្ញាធរ លុះដល់​ម៉ោងប្រមាណជាង ២ភ្លឺថ្ងៃពុធនេះ ក៏ស្រាប់​តែ​សមត្ថកិច្ចប្រហែលជិត​១០០នាក់ បានចុះទៅ​​ចាប់ពលរដ្ឋចំនួន ៤នាក់ ដែលកំពុងសំរាន្តលង់លក់ក្រោម​តង់​នោះ។

អ្នកស្រី ឱ្យ​​ដឹងថា ពលរដ្ឋទាំង៤នាក់ ដែលសមត្ថកិច្ច​ចាប់ខ្លួនទាំងកណ្តាលយប់នោះ រួម​មាន អ្នកស្រី ព្រាប រដ្ឋា ជាតំណាង​ពលរដ្ឋ, អ្នកស្រី ព្រំ គង់, លោក សុខ ពេជ្រ និងម្នាក់ទៀតឈ្មោះ ថាវ ។ អ្នកស្រីថា ករណីសមត្ថកិច្ចចាប់ពលរដ្ឋទាំងនេះ គឺមិនបានប្រាប់ពីមូលហេតុច្បាស់លាស់នោះទេ។

វីអូឌី នៅពុំទាន់អាចសុំការអត្ថាធិប្បាយ​ពីសមត្ថកិច្ចខេត្តកោះកុង បាននៅឡើយទេ នៅព្រឹកថ្ងៃពុធនេះ។

គួរ​រំលឹកថា ពលរដ្ឋ​ប្រមាណ​៦០នាក់ ដែល​អះអាង​ថា​ កំពុង​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន ញូ​ញៀនបាន​ប្រមូល​ផ្តុំគ្នា​តវ៉ា​ និងបោះតង់ដេកមុខ​សាលាខេត្តកោះកុង តាំងពីថ្ងៃទី២៨​ ខែកញ្ញាឆ្នាំ២០២០ ដោយសារជម្លោះដីធ្លីរបស់ពួកគេអូសបន្លាយរយៈពេល១២ឆ្នាំ មកហើយ នៅពុំទាន់​មានដំណោះស្រាយពីអាជ្ញាធរ។

តែយ៉ាងណា អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង មានប្រសាសន៍កាលពីថ្ងៃចន្ទ​ថា ជម្លោះដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុនចិនញូញៀន​នេះ ក្រសួងរៀបចំដែនដី និងអាជ្ញាធរខេត្ត កំពុងដំណើរ​ការ​​សិក្សាបន្ថែមលើអត្តសញ្ញាណរបស់ប្រជាពលរដ្ឋ និង​អត្តសញ្ញាណ​​​ផ្សេងៗទៀត ដើម្បីឈានទៅរកការដោះស្រាយបញ្ចប់វិវាទ៕

​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ