រដ្ឋាភិបាលដកតំណែងអភិបាលស្រុកកោះញែកពីតំណែងពាក់ព័ន្ធការរំលោភដីរដ្ឋខុសច្បាប់

អភិបាលស្រុកកោះញែក លោក ស៊ិន វណ្ណវុឌ្ឍ (រូបភាពីតេឡេក្រាម)

រដ្ឋាភិបាលសម្រេច​ដក​ហូត​តំណែង​អភិបាល​ស្រុក​កោះញែក​នៅខេត្តមណ្ឌលគិរី ក្រោយរកឃើញថា ជាប់ពាក់ព័ន្ធនឹង​ការទន្ទ្រានយកដីរដ្ឋខុសច្បាប់។

ការបញ្ចប់មុខតំណែងនេះធ្វើឡើង​ក្រោយពីក្រុម​ការងារ​អន្តរក្រសួង ​បាន​បញ្ចប់ការ​ចុះ​សិក្សា​ស្រាវជ្រាវ​លើ​ករណី​ការកាប់​រាន​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ខុសច្បាប់​ក្នុង​តំបន់​ការពារ​ធម្មជាតិ ស្ថិត​ក្នុង​ខេត្ដ​មណ្ឌលគិរី កាលពីចុងខែសីហាកន្លងទៅនេះ។

ក្នុងអនុក្រឹត្យចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ដែលវីអូឌីទើបទទួលបាននៅថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ចប់មុខលោក ស៊ិន វណ្ណវុឌ្ឍ ពីអភិបាលស្រុកកោះញែក ខេត្តមណ្ឌលគិរី ហើយ​ផ្ទេរ​ឲ្យ​មកបម្រើការងារនៅក្រសួងមហាផ្ទៃវិញ។

វីអូឌីមិនអាចសុំការឆ្លើយពីអភិបាលស្រុកកោះញែក លោក ស៊ិន វណ្ណវុឌ្ឍ បានទេពាក្យព័ន្ធករណីនេះ។

អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បញ្ជាក់ថា ការបញ្ចប់មុខតំណែកអភិបាលស្រុកលោក ស៊ិន វណ្ណវុឌ្ឍ គឺជាការព្រមានដល់​មន្ត្រី​ផ្សេងទៀត ដែលបានឃុបឃិតគ្នារំលោភបំពានយកដីរដ្ឋខុសច្បាប់ឲ្យបញ្ឈប់សកម្មភាពជាបន្ទាន់។

លោក ផៃ ស៊ីផាន បន្ថែមថា៖ «ដូច្នេះ នេះគ្រាន់តែជាការព្រមានបន្ថែមទៀតដល់អ្នកដែលស្ថិតនៅក្នុងតំណែងដែលឈ្លានពានយកដីរដ្ឋខុសច្បាប់ ឬក៏អ្វីដែលពាក់ព័ន្ធនឹងដីរដ្ឋ»

កាលពីថ្ងៃ៣០ ខែសីហា ក្រសួងមហាផ្ទៃបានដាក់លិខិតមួយទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីពិនិត្យ និងសម្រេចលើលទ្ធផលរបស់ក្រុមការងារអន្តរក្រសួងចំពោះការចុះសិក្សាស្រាវជ្រាវករណីកាប់រាន​ទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តមណ្ឌលគិរី។

លិខិតដដែលបានស្នើទៅលោក ហ៊ុន សែន ជួយសម្រួលភារកិច្ចអភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង និងបញ្ចប់មុខតំណែងមន្ត្រីចំនួន ៩រូបទៀតផងដែរ។

លិខិតដដែល​បានស្នើបញ្ចប់មុខតំណែង​លោក ស៊ិន វណ្ណវុឌ្ឍ ជាអភិបាលស្រុកកោះញែក លោក សៀក មុន្នី អភិបាលស្រុកអូររាំង លោក សុក សេរ៉ា នាយករងរដ្ឋបាលសាលាខេត្តមណ្ឌលគិរី លោក ពឿប ពេ មេឃុំស្រែព្រះ នៅស្រុកកែវសីមា អ្នកស្រី ថ្វាន់ ត្រែល មេឃុំសែនមនោរម្យ លោក ប៊ុត សំអ៊ែល មេឃុំស្រែខ្ទម លោក ថាន ប៊ុនធឿន មេបញ្ជាការនៃបញ្ជាការដ្ឋានផ្នែកសឹករង លោក ដេត ហ៊ាន មេបញ្ជាការរងកងឯកភាពស្ថានាថ្នាក់លេខ៧១៦ ដោយថា អ្នកទាំងនេះជាប់ពាក់ការរំលោភបំពានដីរដ្ឋខុសច្បាប់។

មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​ លោក​ ប៉ែន​ ប៊ុណ្ណារ៍ មានប្រសាសន៍ថា ករណីរដ្ឋាភិបាលគ្រាន់តែដក់តំណែង ឬប្តូរតួនាទីមន្ត្រីដែលប្រព្រឹត្តខុសច្បាប់ពាក់ព័ន្ធការទន្ទ្រានដីព្រៃរបស់រដ្ឋខុច្បាប់នេះ គឺមិនគ្រប់គ្រាន់នោះទេ។

មន្ត្រីសិទ្ធិមនុស្សរូបនេះ លើកឡើងថា ការរុករានដីព្រៃរបស់រដ្ឋខុសច្បាប់ គឺជាបទឧក្រិដ្ឋ ហើយលោកថា ការទន្ទ្រានយកដីព្រៃទៅនេះបាន គឺមានការជាប់ពាក់ព័ន្ធអំពើររបស់មន្ត្រីថ្នាក់ខេត្តនោះ។

លោក ប៉ែន ប៊ុណ្ណារ៍ និយាយថា៖ «ពាក់ព័ន្ធករណីនេះវាពាក់ព័ន្ធជាមួយបទល្មើសពីរការកាប់រានដី គឺជាបទឧក្រិដ្ឋ ហើយមួយទៀត ប្រសិនបើមិនមានអំពើពុករលួយទេ បទល្មើសទាំងអស់ហ្នឹងមិនអាចសម្រេចបានទេ។ ​អ៊ីចឹង បទល្មើសពុករលួយ ក៏ជាបទឧក្រិដ្ឋដែរ។ អ៊ីចឹង ស្ថាប័ននិតិប្រតិបត្តិនៅពេលដែលដឹងថា មន្ត្រីឬក៏ជនល្មើសណាមួយប្រព្រឹត្តបទល្មើស​មជ្ឈិម ឬក៏ឧក្រិដ ត្រូវតែបញ្ជូនសំណុំរឿងទៅតុលាការ»

លោក ប៉ែន ប៊ុណ្ណារ៍ ឲ្យដឹងថា បច្ចុប្បន្ននេះ បទល្មើសព្រៃឈើ និងការរុករានដីព្រៃខុសច្បាប់នៅខេត្តមណ្ឌលគិរី ពុំមានការថយចុះនោះទេ។ លោកថា មានជនខិលខូចមួយចំនួនទៅរុករាន និងបោះបង្គោលរំលោភយកដីតំបន់ការពារនិងដីព្រៃរបស់រដ្ឋធ្វើកម្មសិទ្ធិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ