ម្ចាស់ទីក្រុងរណបហ្គ្រេនភ្នំពេញ​ថា មិនបានគំរាមកំហែងពលរដ្ឋ​ដែលតវ៉ារឿងស្រះទឹក

(រូបខាងឆ្វេង) ក្រុមសមត្ថកិច្ចឈរនៅពីមុនគេហដ្ឋានពលរដ្ឋក្នុងបុរីហ្គ្រេនភ្នំពេញ និង (រូបខាងស្ដាំ) បដាដែលពលរដ្ឋចងនៅតាមមុខផ្ទះ។ (ផ្ដល់ឱ្យ)

ក្រុម​ហ៊ុនជីបម៉ុងលែន ដែល​ជា​ម្ចាស់ទីតាំងទីក្រុងរណបហ្គ្រេនភ្នំពេញ បាន​ច្រានចោលការ​លើក​​ឡើង​​​​​​របស់​ប្រជាពលរដ្ឋ ដែលថាមានការ​គំរាមកំហែង​​ដោយអាវុធ ក្រោយ​ពីពួកគេ​តវ៉ា​ទាមទារកុំ​​ឱ្យក្រុ​ម​ហ៊ុន​​លុបស្រះទឹក។

ការបញ្ជាក់របស់ក្រុមហ៊ុន បាន​ធ្វើ​ឡើង​ក្រោយ​ពីប្រជាពលរដ្ឋមួយចំនួន ដែលមាន​ជីវភាព ធូរធារ ​រស់នៅក្នុង​ទីក្រុងរណប​ហ្គ្រេនភ្នំពេញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានអះ​អាង ថា ពួក​​គេ​​បាន​រង​នូវការគំរាម​​កំហែង​​ដោយ​​អាវុធ បន្ទាប់​ពីបាន​ធ្វើសកម្ម​ភាព​​​​តវ៉ា កុំឱ្យ​មានការ​លុបស្រះ​ទឹក​ទំហំ ១០ហិកតា ​​​ក្នុ​ងតំបន់​នោះ។

ក្រុមហ៊ុន ជីប ម៉ុង​ លែន បានប្រាប់វីអូឌី​នៅថ្ងៃអង្គារនេះថា ក្រុម​ហ៊ុន​ពុំបាន​គំរាម​កំហែងដោយ​​អាវុធ​ទៅ​​​ប្រជាពលរដ្ឋ​ដែលតវ៉ានោះទេ គឺមានតែបង្កើន​ការ​ការពារសន្តិសុខ​ជូន​ប្រជាពលរដ្ឋ ខណៈដែលពួកគាត់​​បានទិញផ្ទះរបស់ក្រុម​ហ៊ុន។

ក្រុម​ហ៊ុន​បាន​បញ្ជាក់ថា៖ «ការចោទប្រកាន់​ក្រុម​ហ៊ុនថា គំរាមកំហែងវាប្រាស់ចាកពីការពិត [ក្រុម​ហ៊ុន​]​​មានតែបង្កើន​ការ​​ការពារ ដាក់សន្តិសុខ​ឱ្យ​​ច្រើន មើល​ការចេញចូលហើយហ្នឹង ទុកឲ្យពួកគាត់ធ្វើអ្វីដែល​ពួកគិតថាធ្វើទៅតាម​សិទ្ធរបស់ពួកគាត់​សិនចុះ ពី​ព្រោះ យើង​អត់​ចង់ប៉ះ​ពារ​ជាមួយអ្នកតវ៉ា»។

ក្រុមហ៊ុន​បាន​បន្ថែមថា៖ «យើងគ្រាន់តែបានរឹតបណ្តឹង​សុវត្ថិភាព​​ខាងក្រុមហ៊ុន ជៀសវាង​ការចេញចូលរញ៉េ​រញ៉ៃ ដែល​កន្លងមកមាន ការបើក​ដៃឱ្យ​​អ្នកក្រៅចេញចូល​ថតនេះថតនោះ បង្កើត​​ជាព័ត៌មាន​បំភ្លើសមួយចំនួន»។

ក្រុម​ហ៊ុនជីប ម៉ុង លែន បាន​បញ្ជាក់ដែរថា ក្រុម​ហ៊ុននៅតែរក្សាជំហរអភិវឌ្ឍន៍ស្រះទឹកនោះ បើទោះជាប្រជាពលរដ្ឋ​មួយចំនួន​តវ៉ាក៏ដោយ ព្រោះស្រះទឹកនោះបានបម្រើផល​ប្រយោជន៍តិចណាស់​​ សម្រាប​់ពលរដ្ឋ​​ដែលរស់នៅក្បែរនោះ។​ ក្រុមហ៊ុន គ្រោង​នឹង​​កែប្រែ​ស្រះទឹក​នេះ ឱ្យក្លាយទៅជាសួនឧទ្យានបៃតង​ចម្រុះដោយមានដើមឈើជាច្រើន កន្លែងហាត់ប្រាណ កន្លែងលេងសម្រាប់​កុមារ និងទីតាំងសម្រាប់លំហែអារម្មណ៍ ដោយមានកន្លែងបាញ់ទឹក ហៅថាគម្រោង “Central Park”។

ពាក់ព័ន្ធនឹងករណីនេះ​ ​ប្រជាពលរដ្ឋ​រស់នៅទីកក្រុងរណហ្គ្រេន​ភ្នំពេញ​ប្រមាណ ១៤០​​នាក់ ក៏បាន​ស្នើ​​​​​ក្រសួង​រៀបចំដែនដី ​ក្រសួង​​បរិ​ស្ថាន និងរដ្ឋបាល​​រាជធានីភ្នំពេញ ជួយ​អន្តរាគមន៍រក្សាទុក និងទប់ស្កាត់​ការ​លុប​ស្រះទឹកនេះដែរ​​ កាលពីថ្ងៃទី២២ ខែកញ្ញា​។

រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃចន្ទម្សិល​មិញ ​បាន​ចេញសេចក្តីជូនដំណឹងមួយ​ឆ្លើយ​តបនឹង​​​ការ​ស្នើនេះ​​​ថា រដ្ឋបាល​រាជធានីភ្នំពេញ ពុំ​មានមូលដ្ឋានច្បាប់​គ្រប់​គ្រាន់ក្នុងការ​​ទប់ស្កាត់​ការលុបស្រះទឹកនោះឡើយ។

រដ្ឋបាលរាជធានីភ្នំពេញ បន្ត​ថា តាមការចុះស្រាវជ្រាវ និងពិនិត្យឯកសារ​ពាក់​ព័ន្ធ គឺ​ស្រះទឹក​នោះ ជាកម្មសិទ្ធិ​របស់ លោ​ក​ឧកញ៉ា លាង ឃុន និង លោក​ឧកញ៉ា លាង ម៉េង ដែលបានទិញ​ពីក្រុមហ៊ុន វ៉ាយ អិល ភី គ្រុប។

រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់​ថា៖ «ការអន្តរគមន៍រក្សាទុក និង​ទប់ស្កាត់ការលុប​ស្រះទឹក ខាង​​លើរបស់​រដ្ឋបាល​រាជធានីភ្នំពេញ ក្លាយជាទង្វើរំលោភ​មាត្រា​៨៥ និងមាត្រា៨៨ នៃច្បាប់ភូមិបាល ហេតុដូច្នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ ពុំមាន​មូលដ្ឋាន​ច្បាប់​គ្រប់គ្រាន់ ក្នុង​ការអន្តរា​គមន៍​រក្សា​ទុក និងទប់ស្កាត់បានឡើយ»។

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា មានប្រសាសន៍​ថា ក្រសួង​បាន​ទទួល​ញត្តិ​នោះ​ហើយ ហើយក្រសួង​នឹង​ពិនិត្យ​លើ​សំ​ណើនេះនិងសម្រេច​ទៅតាម​នីតិ​វិ​ធី​។

លោក អ៊ិ​ន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លីដា ដែលមានផ្ទះនៅទីក្រុងរណប​ហ្គ្រេនភ្នំពេញ និង​ធ្លាប់ចូលរួមការតវ៉ា បានថ្លែងថា ពួកគាត់​នឹងបញ្ឈប់រាល់សកម្មភាពទាមទារ​ឱ្យលុបស្រះទឹកនេះ ហើយនឹងធ្វើការពិភាក្សា​រកដំណោះស្រាយ​​ជាមួយក្រុមហ៊ុន។

កាលពីល្ងាច​​ថ្ងៃចន្ទម្សិលមិញ ប្រជាពលរដ្ឋ​បានឱ្យដឹងថា កម្លាំងនគរបាល និងកងរាជអាវុធហត្ថ​ខណ្ឌសែនសុខ ដែល​ប្រដាប់ដោយអាវុធប្រមាណ ៣០​នាក់ បានដើរដកហូត និងហែកបដា ដែលប្រជាពលរដ្ឋ​បាន​ចង​នៅតាមរបង​ផ្ទះ។

អ្នកស្រី ពរ ពន្ធណារាយ ជា​ប្រជាពលរដ្ឋ​រស់នៅក្នុងទីក្រុងរណបហ្គ្រេនភ្នំពេញ បាន​ចាត់ទុក​ការ​ដាក់​កម្លាំង​​ប្រដាប់ដោយអាវុធ ចុះមកដកហូត​បដានេះថា ជាការគំរាមកំហែង និងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋដែលតវ៉ា។

អ្នកស្រីថា៖ «ខ្ញុំជាប្រជាពលរដ្ឋរស់នៅក្នុង​ហ្នឹង ហើយគាត់​​អត់មានបាន​មកសួរផងហ្នឹង។ គាត់មកដល់ គាត់​ចាប់ហែកហើយនិយាយបំភ្លើស»។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំពិតជាសោកស្តាយមែនទេដែលទិញផ្ទះ​នេះ រស់នៅជាង១០ឆ្នាំហើយ មិនដែលមានបញ្ហា​​បែបនេះទេ ទើបតែក្រុមហ៊ុនថ្មីជីបម៉ុងមកធ្វើចឹង មកបំភិតបំភ័យ អ្នកដែល​រស់នៅពីមុន អត់ល្អសោះតែម្តង ខ្ញុំអត់គាំទ្រទេដែលក្រុមហ៊ុនថ្មីធ្វើចឹង»។

លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានបដិសេធធ្វើការអត្ថធិប្បាយពាក់ពាក់ករណីនេះ។

នាយិកា​ប្រតិបត្តិ​​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រីចក់ សុភាព លើកឡើងថា តាមច្បាប់ជាតិ និងអន្តរជាតិ ប្រជាពល​រដ្ឋ មានសិទ្ធសេរីភាពក្នុងការបញ្ចេញមតិ និងប្រមូល​ផ្តុំ​ដោយសន្តិវិធី​ ហើយ​​អាជ្ញាធរគួរបង្ក​​បរិយាកាសអំណោយផល និង​​​មិនគួរ​​មានការគំរាមកំហែងដល់ការអនុវត្ត​សិទ្ធិរបស់ពលរដ្ឋនោះទេ។

អ្នកស្រីបានបញ្ជាក់ថា៖ «ខ្ញុំ​សង្ឃឹមថា​ អ្នក​អភិជនដែលមានបំណងការពារស្រះបែបនេះ នឹងមិនត្រូវបានគេចោទប្រកាន់​ស្រដៀងគ្នានឹងយុវជន ឬសកម្មជន​កន្លងមកនេះទេ​ ព្រោះការចូលរួមការពារបរិស្ថាន ​គួរត្រូវបានសាទរ ហើយការលើកកង្វល់ឬស្នើឱ្យមានដំណោះស្រាយណាមួយពីអាជ្ញាធរ ឬភាគីពាក់ព័ន្ធ មិនគួរត្រូវបានចាត់ទុកជាបទល្មើស​នោះឡើយ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ