អាជ្ញាធរ​​ខេត្ត​សៀម​រាប​ ឱ្យ​​ម្ចាស់​​សំណង់​​ដែល​​សង់​​រំលោភ​​ដី​​ចំណី​​ផ្លូវ​​និង​​ស្ទឹង​​រុះ​រើ​​ជា​បន្ទាន់​​

សកម្មភាព​ក្រុមការងារ​បច្ចេកទេស​របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប បាន​បន្តការងារ​ថែទាំ​ខួប និង​ថែទាំ​ប្រចាំ​ផ្លូវ​ចំនួន៩ខ្សែ ក្នុង​ខេត្តសៀមរាប ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ រដ្ឋបាល​ខេត្តសៀមរាប​/Siem Reap Provincial Hall​)

រដ្ឋបាល​ខេត្តសៀមរាប ទុក​ពេល១០ថ្ងៃឱ្យ​ប្រជាពលរដ្ឋ​រុះរើ​ជាបន្ទាន់នូវ​សំណង់​ដែល​សង់​រំលោភ​ដី​ផ្លូវ ដី​ចំណីផ្លូវ អូរ ប្រឡាយ និង​ដី​ចំណី​ស្ទឹង​សៀមរាប ដើម្បី​ទុក​លទ្ធភាព​ឱ្យ​ក្រុមការងារ​បច្ចេកទេស​គណៈកម្មការ​អន្តរក្រសួងអនុវត្ត​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ៣៨ខ្សែ​ក្នុង​ក្រុង​សៀមរាប។

សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​ខេត្តសៀមរាប ចុះ​ថ្ងៃទី២៣ ខែកញ្ញា និង​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃសុក្រ​នេះ បាន​លើកឡើង​ថា គម្រោង​ស្ថាបនា​ផ្លូវ៣៨ខ្សែ​ក្នុង​ក្រុង​សៀមរាប នឹង​ត្រូវ​ចាប់ផ្តើម​ស្ថាបនានិង​កែ​លម្អនៅក្នុង​ពេល​ឆាប់​ៗខាងមុខនេះ ក្រោយពី​ក្រុមការងារ​បច្ចេកទេស​គណៈកម្មការ​អន្តរក្រសួងបាន​ចុះ​សិក្សា​រួច។

ប៉ុន្តែរដ្ឋបាល​ខេត្តពិនិត្យ​ឃើញថា មាន​សំណង់​លំនៅ​ដ្ឋាន តូប​លក់ដូរ របង និង​សំ​ណង់​ផ្សេង​ៗទៀត របស់​ប្រជាពលរដ្ឋ​មួយចំនួនបាន​សាងសង់​រំលោភ​លើ​ដី​ផ្លូវ ដី​ចំណី​ផ្លូវ អូរ ប្រឡាយ និង​ដី​ចំណី​ស្ទឹង​សៀមរាប ដែល​រដ្ឋបាល​ខេត្តបាន​កំណត់និង​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​រួចហើយ ចាំបាច់​ត្រូវ​ធ្វើការ​រុះរើ​ជាបន្ទាន់ដើម្បី​សម្រួល​ដល់​ការងារ​ស្ថាបនា​ផ្លូវស្រប​តាម​ផែនការ​បាន​គ្រោងទុក។

ករណីនេះ រដ្ឋបាល​ខេត្តជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​សំណង់​ទាំងនោះ ចូលរួម​សហការ​រុះរើ​សំណង់​របស់​ខ្លួន​ដោយខ្លួនឯង ក្នុងរយៈពេល១០ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី២៣ ខែកញ្ញា ដល់​ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ជាកំហិត ដោយ​មន្ត្រី​ជំនាញ​នឹង​ចុះ​សហការ​វាស់វែង​ជូន​ប្រជាពលរដ្ឋ​ចាប់ពី​ពេល​ជូនដំណឹង​នេះ​ផង​ដែរ។

រដ្ឋបាល​ខេត្ត​បាន​បញ្ជាក់​ថា៖ «ក្នុងករណី​ពុំ​បាន​រុះរើ​តាម​ការកំណត់ រដ្ឋបាល​ខេត្តនឹង​ចាត់វិធានការ​រុះរើ​តាម​នីតិវិធីនិង​ច្បាប់​ជាធរមាន ដោយ​មិន​ទទួលខុសត្រូវ​រាល់​ការខូចខាតនិង​បាត់បង់​ទ្រព្យសម្បត្តិ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ឡើយ»។

តែ​យ៉ាងណា សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត ពុំ​បាន​បញ្ជាក់​ពី​ចំនួន​សំណង់​ដែល​សង់​រំលោភ​ដី​ចំណី​ផ្លូវ អូរ ប្រឡាយ និង​ស្ទឹង​សៀមរាប​នោះ​ទេ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មការ​អន្តរក្រសួង ​ដើម្បី​សិក្សា​និង​អនុវត្ត​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន៣៨ខ្សែ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី​ថ្ងៃទី២៣ ខែកញ្ញា ផ្លូវ​ចំនួន៣៨ខ្សែ​នោះមាន​ប្រវែង​សរុប១០០គ.ម ត្រូវ​បាន​គណៈកម្មការ​អន្តរក្រសួង ធ្វើការ​សិក្សានិង​អនុវត្ត ក្នុង​គោលដៅ​លើកកម្ពស់​ការបម្រើ​សេវា​ជូន​ប្រជាពលរដ្ឋនិង​អ្នកទេសចរ​នៅក្នុង​ក្រុង​សៀមរាប និង​ធ្វើ​ឱ្យ​ក្រុង​នេះក្លាយទៅជា​ទីក្រុង​ទេសចរណ៍​កម្រិត​ពិភពលោក។

សេចក្តី​ប្រកាស​ព័ត៌មានបន្ត​ថា៖ «ខ្សែ​ផ្លូវ​ដែល​ត្រូវ​ធ្វើការ​ស្ថាបនានិង​កែ​លម្អ​ឡើងវិញ​ទាំងអស់ នឹង​ត្រូវ​ធ្វើ​ឱ្យ​ក្លាយទៅជា​ផ្លូវ​ដែល​មាន​មេត្រីភាព​ជាមួយ​វប្បធម៌ ប្រវត្តិ​សាស្រ្ត និង​ទេសចរណ៍ និង​ស្របតាម​រូប​សាស្រ្ត​ទីក្រុង និង​ត្រូវ​មានការ​គិតគូរ​ជា​ប្រព័ន្ធ​និង​លើ​គ្រប់​ទិដ្ឋភាព មាន​ជាអាទិ៍ ប្រព័ន្ធ​លូ​ទឹក​កខ្វក់ លូ​ទឹកភ្លៀង ចិញ្ចើម​ផ្លូវ ផ្លូវ​ថ្មើរជើង ផ្លូវ​សម្រាប់​ជន​មាន​ពិការភាព ផ្លូវ​ជិះកង់ ចំណតរថយន្ត ប្រព័ន្ធ​បំភ្លឺ​ផ្លូវ​សាធារណៈ ផ្លាក​សញ្ញា​និង​គំនូស​ចរាចរណ៍ ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព អាង​ចម្រោះ​ទឹក​កខ្វក់ និង​ការ​ធ្វើ​សួន​និង​ដាំ​ដើមឈើ»។

កាលពី​ថ្ងៃទី៤ ខែកញ្ញា រាជរដ្ឋាភិបាលបាន​ប្រកាស​បញ្ចេញ​កញ្ចប់​ថវិកា​ប្រមាណ១៥០លាន​ដុល្លារ សម្រាប់​អភិវឌ្ឍ​កសាង​ផ្លូវ​ចំនួន៣៨ខ្សែនៅក្នុង​ទីរួមខេត្ត​សៀមរាប ដើម្បី​លើកស្ទួយ​ជីវភាព​របស់​ប្រជាពលរដ្ឋនិង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ។

កាលពី​ឆ្នាំ២០១៩ រាជរដ្ឋាភិបាលក៏បាន​សម្រេច​ទម្លាក់​ថវិកាជាតិ​ប្រមាណ៣០០លាន​ដុល្លារ​អាមេរិក ដើម្បី​ជួសជុល​កែ​លម្អ​ផ្លូវ​ចំនួន៣៤ខ្សែ មាន​ប្រវែង​សរុប​ជាង៨២គីឡូម៉ែត្រ ក្នុង​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ ផង​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ