នគរបាល​​ម្នាក់​​​ត្រូវ​​បាន​​ហៅ​​ទៅ​​សាក​​សួរ​​ក្រោយ​​រង​​បណ្ដឹង​​ចោទ​​ថា​ គំរាម​​សម្លាប់​​ថៅ​កែ​​ហាង​​គុយទាវ​​មួយ​​កន្លែង​

រូបភាពដែលថតជាប់ដោយកាមេរ៉ាសុវត្ថិភាព បង្ហាញពីសកម្មភាពកាន់កាំភ្លើងនៅហាងគុយទាវ។ (បណ្ដាញសង្គម)

​នគរបាល​ប្រឆាំង​ភេរវកម្ម​មួយ​រូប​នៃ​ក្រសួង​មហាផ្ទៃ​ ត្រូវ​បាន​​កោះ​ហៅ​ទៅ​សាក​សួរ​នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​មាន​បណ្ដឹង​ចោទ​ថា បាន​យក​កាំភ្លើង​ខ្លី​ភ្ជង់​ថៅកែ​ហាង​គុយ​ទាវ​មួយ​​អំឡុង​ពេល​ផឹក​ស៊ី។

ក្នុង​បណ្ដឹង​មួយ​​ដែល​ត្រូវ​បាន​ដាក់​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ថៅកែ​ហាង​គុយ​ទាវ​អង្គរ​ជុំ​ ស្ថិត​នៅ​ក្នុង​ខណ្ឌ​ទួលគោក លោក ជុយ សុខហេង បាន​ចោទ​ប្រកាន់​ប្រធាន​ការិយាល័យ​ប្រឆាំង​ភេរវកម្ម​នៃ​ក្រសួង​មហាផ្ទៃ លោក ថ្លាង ភិនរ៉ា ថា​បាន​ប្រើ​ប្រាស់​កាំភ្លើង​ខ្លី​គំរាម​បាញ់​សម្លាប់​រូប​លោកនិង​ភរិយា​អំឡុង​ពេល​ផឹក​ស៊ី​ជុំ​គ្នា។

ភ្ជាប់​ជាមួយ​បណ្ដឹង​នោះ វីដេអូ​ពី​កាមេរ៉ា​សុវត្ថិភាព​រយៈ​ពេល​ប្រហែល៣​នាទី​​ បង្ហាញ​​បុរស​ម្នាក់​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ស៊ីវិល បាន​ឈរ​រួម​តុ​អាហារ​មួយ​ជាមួយ​មនុស្ស៣​នាក់​ផ្សេង​ទៀត ហើយ​បន្ទាប់​មក​ បុរស​រូប​នោះបាន​ដក​កាំភ្លើង​​យក​មក​អា​មេ​ និង​បញ្ចេញ​កាយ​វិការ​ចង្អុល​ទៅ​អ្នក​រួម​តុ។

អ្នក​នាំ​ពាក្យ​​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លោក គុជ គឹមឡុង បាន​ប្រាប់​ថា ស្ថាប័ន​អយ្យការ​​បាន​ទទួល​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​មន្ត្រី​នគរបាល​រូប​នេះ​រួច​ហើយ ហើយ​លោក​ប្រាប់​ឱ្យរង់ចាំ​ចំណាត់ការ​បន្ត​ចេញ​ដោយ​តុលាការ​នា​ពេល​ខាង​មុខ។

ក្រៅ​ពី​ប្ដឹង​ទៅ​តុលាការ ថៅកែ​ហាង​គុយទាវ​អង្គរ​ជុំ ក៏​បាន​ដាក់​បណ្ដឹង​ទៅ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ផង​ដែរ។

វីអូឌី​មិន​អាច​​ស្នើ​សុំ​ការ​ឆ្លើយ​តប​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ទេ​នៅ​ថ្ងៃ​នេះ ដោយទូរសព្ទចូលគ្មានអ្នកទទួល។

អ្នក​នាំ​ពាក្យ​​នគរបាល​ជាតិ លោក ឆាយ គឹមខឿន បាន​ប្រាប់​វីអូឌី​នៅ​ថ្ងៃ​នេះ​ថា អគ្គ​ស្នងការ​​នគរបាល​ជាតិ លោក នេត សាវឿន បាន​បញ្ជា​ឱ្យកោះ​ហៅ​លោក ថ្លាង ភិនរ៉ា ទៅ​សាក​សួរ​ហើយ។

មន្ត្រី​នគរបាល​រូប​នេះប្រាប់​ថា សកម្មភាព​នៅ​ក្នុង​វីដេអូ​កាមេរ៉ា​សុវត្ថិភាព បង្ហាញ​ពី​ទង្វើ​ខុស​ច្បាប់​របស់​មន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​លោក​ថា អាច​នឹង​រង​ពិន័យ​រដ្ឋបាលនិង​ផ្លូវ​ច្បាប់​ផង​ដែរ។ ប៉ុន្តែ លោក គឹមខឿន ​បដិសេធ​ផ្ដល់​ព័ត៌មាន​លម្អិត​​ជុំ​វិញ​ករណី​នេះ។

លោក ឆាយ គឹមខឿន ប្រាប់ថា៖ «បើគាត់ត្រូវគ្នា ក៏គាត់ត្រូវទទួលទោសក្នុងនាមបំពានទៅលើវិន័យកងកម្លាំង។ ទីពីរ បើមិនឯកភាពគ្នាទេ ស្រេចតែភាគី បើគេរុញទៅតុលាការ យើងអនុវត្តនីតិវិធីតាមបណ្តឹងអាជ្ញា»

អ្នកស្រី ពៅ ឌីណា អាយុ៣០​ឆ្នាំ ដែល​ជា​ភរិយា​របស់​ថៅកែហាងគុយទាវអង្គរជុំ ប្រាប់​ថា សមត្ថកិច្ច​មិន​ទាន់​បាន​កោះ​ហៅ​អ្នកស្រីនិង​ស្វាមីចូល​បំភ្លឺ​នៅ​ឡើយ​ទេ​ ក្រោយ​ពី​ក្រុម​គ្រួសារ​អ្នក​ស្រី​ដាក់​បណ្ដឹង​ទៅ​នគរបាល​ជាតិ​កាល​ពី​ថ្ងៃ​​ម្សិល​មិញ​នេះ។​ អ្នកស្រី ពៅ ឌីណា បាន​អំពាវ​នាវ​ទៅ​​សមត្ថកិច្ច​ឱ្យចាត់​វិធានការ​ទៅ​លើ​លោក ថ្លាង ភិនរ៉ា ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​ក្រុម​គ្រួសារ​អ្នកស្រី។

អ្នកស្រី ពៅ ឌីណា ប្រាប់​ថា​៖ «[គាត់]ដកកាំភ្លើងហើយ​គាត់អា​មេ គាត់ឈរ​បញ្ជូលគ្រាប់។ ដល់​ពេលឃើញបញ្ជូលគ្រាប់ បង[អ្នកផឹកជាមួយ]នៅជិតហ្នឹង គាត់ភ័យ។ គាត់ថា បើចង់បាញ់វា​[បាញ់ប្តីខ្ញុំ]​ បាញ់ខ្ញុំមក។ [ជនបង្ក] អត់ទេ! ខ្ញុំត្រូវបាញ់ទាំងពីរនាក់ប្តីប្រពន្ធឱ្យងាប់តែម្តង ហើយខ្ញុំដើរចូលគុកតែម្តង។ ទាំងខ្ញុំអត់ដឹងអ្វីសោះ ខ្ញុំចង់ឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌ឱ្យខ្ញុំ អនុវត្តតាមច្បាប់»

ថៅកែ​ហាង​គុយ​ទាវ​អង្គរ​ជុំ ក៏​បាន​ដាក់​បណ្ដឹង​ទៅ​គណៈ​មេធាវី​ផង​ដែរ ដោយសារលោក ថ្លាង ភិនរ៉ា ក៏​ជា​សមាជិក​មួយ​រូប​នៃ​គណៈ​មេធាវី​ផង​ដែរ។

​បញ្ជី​គណៈ​មេធាវី​កម្ពុជា​ដែល​វីអូឌី​បាន​មើល​ឃើញ​នៅ​ថ្ងៃ​នេះ បង្ហាញ​ថា មន្ត្រី​នគរបាល​រូប​នេះក៏​ជា​មេធាវី​មួយ​រូប​ ប៉ុន្តែបាន​ស្នើ​សុំ​មិន​ប្រកប​វិជ្ជា​ជីវៈ។

លោក ថ្លាង ភិនរ៉ា បាន​បដិសេធ​ឆ្លើយ​តប​នៅ​ថ្ងៃ​នេះ នៅ​ពេល​វីអូឌី​ស្វែង​រក​ការ​បក​ស្រាយ​ពី​លោក។

អគ្គលេខាធិការ​រង​គណៈ​មេធាវី​កម្ពុជា លោក លីវ សុវណ្ណា បាន​ប្រាប់​ថា គណៈមេធាវី​បាន​ទទួល​បណ្ដឹង​រួច​ហើយ ហើយ​ក៏​ត្រូវ​បាន​ចាត់​បញ្ជូន​ទៅ​ក្រុម​ប្រឹក្សា​វិន័យ​ផង​ដែរ។

តំណាង​គណៈ​មេធាវី​រូប​នេះបញ្ជាក់​ថា មេធាវី​ណា​ម្នាក់​ដែល​ជា​សមាជិក​របស់​គណៈ​មេធាវី ​នឹង​ត្រូវ​​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​គណៈ​មេធាវី ប្រសិន​បើ​​​ត្រូវ​បាន​តុលាការ​រក​ឃើញ​មាន​ទោស។

លោក លីវ សុវណ្ណា ប្រាប់​ថា​៖ «បើសិនជាយើងមានសេចក្តីសម្រេចស្ថាពររបស់តុលាការ ថាគាត់ត្រូវបានផ្តន្ទាទោសក្នុងរឿងព្រហ្មទណ្ឌ កម្រិត​ពិន័យតាមច្បាប់យើង ទណ្ឌកម្មអាចលុបឈ្មោះចេញពីបញ្ជីមេធាវី»

ប្រសិន​បើ​ត្រូវ​បាន​តុលាការ​ផ្ដន្ទា​ទោស មន្ត្រី​នគរបាល​រូប​នេះត្រូវ​ប្រឈម​មុខ​ទោស​ជាប់​ពន្ធនាគារ​ពី៦​ខែទៅ២​ឆ្នាំ និង​ពិន័យ​ប្រាក់​ចន្លោះ​ពី១​លាន​រៀល​ដល់៤​លាន​រៀល ក្រោម​​មាត្រា២៣៣​នៃ​ក្រម​ព្រហ្ម​ទណ្ឌ។

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត សង្កេតឃើញថា មួយរយៈនេះ មានមន្ត្រីសមត្ថកិច្ចមួយចំនួនយកកំាំភ្លើងទៅ​គំរាមកំហែងនិងភ្ជង់ប្រជាពលរដ្ឋដោយខុសច្បាប់ ប៉ុន្តែភាគច្រើន ថ្នាក់ដឹកនាំក្រសួងបានត្រឹមតែដាក់ទណ្ឌកម្មវិន័យតែប៉ុណ្ណោះ។ ករណីនេះ លោកថា បើរកឃើញបទល្មើសព្រហ្មទណ្ឌ ហើយបានត្រឹមតែដាក់ទណ្ឌកម្មវិន័យ ដោយមិនបញ្ជូនទៅតុលាការចាត់វិធានការច្បាប់បន្ត នឹងធ្វើឱ្យប៉ះពាល់ដល់មុខមាត់ស្ថាប័ននោះ។

លោក អំ សំអាត ប្រាប់ថា៖ «បើសិនជារកទៅឃើញមានបទល្មើសព្រហ្មទណ្ឌ មិនបញ្ជូនទៅតុលាការដើម្បីអនុវត្តច្បាប់ទេ វាជាគំរូអាក្រក់មួយ វាអាចនឹងប៉ះពាល់កិត្តិយសរបស់កងកម្លាំងទាំងមូល យើងត្រូវតែអនុវត្តច្បាប់»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ