រដ្ឋា​ភិបាល​​កម្ពុជា​និង​USAID​ បើក​​យុទ្ធនា​ការ​​រួម​គ្នា​​ការពារ​​តំបន់​​ព្រៃ​​ឡង់​

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជានិងUSAID ចូលរួមក្នុងពិធីសម្ពោធជាផ្លូវការយុទ្ធនាការ «ការពារព្រៃឡង់ តាមរយៈការទំនាក់ទំនងផ្លាស់ប្ដូរឥរិយាបថសង្គម ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងបរិស្ថាន។ (អ៊ុយ សុធា)

​ក្រសួងបរិស្ថាននិង​ទីភ្នាក់ងារ​ជំនួយ​សហរដ្ឋអាមេរិក (USAID) បើក​យុទ្ធនាការ​ការពារ​តំបន់​ព្រៃ​ឡង់ ដើម្បី​អភិរក្ស​ព្រៃឈើ សត្វព្រៃ និង​ទ្រទ្រង់​ជី​វ​ៈចម្រុះ​នៅ​តំបន់ការពារធម្មជាតិ​ព្រៃ​ឡង់ បន្ទាប់ពី​តំបន់​នេះ​មានការ​កាប់​ទន្រ្ទាន​ព្រៃ​យក​ដី​ធ្វើ​កម្មសិទ្ធិ​ពីសំណាក់​ជនខិលខូច​មួយចំនួន។ 

ក្រោម​កិច្ចសហការ​ជាមួយ​ទីភ្នាក់ងារ​ជំនួយ​សហរដ្ឋអាមេរិក (USAID​) ក្រសួងបរិស្ថាននិង​ក្រសួង​ពាក់ព័ន្ធ​មួយចំនួន​ទៀត បាន​ចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​ការពារ​ព្រៃ​ឡង់ នៅ​ព្រឹក​ថ្ងៃទី២២ ខែកញ្ញា​នេះ ក្រោម​ប្រធានបទ «យុទ្ធនាការ​ផ្លាស់​ប្តូរ​ឥរិយាបថ​សង្គម ដើម្បី​លើកកម្ពស់ និង​អភិរក្ស​ទ្រទ្រង់​ជីវៈ​ចម្រុះ ការពារ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ឱ្យ​កាន់តែ​ប្រសើរ និង​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ប្រកបដោយ​ចីរភាព»។ 

រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោក សៅ សុភាព ថ្លែង​ក្នុង​កម្មវិធី​សម្ពោធ​ជា​ផ្លូវការ​យុទ្ធនាការ​ការពារ​ព្រៃ​ឡង់​ថា យុទ្ធនាការ​នេះធ្វើឡើង​ក្នុង​គោលបំណង​ចុះទៅ​អប់រំ​ផ្សព្វផ្សាយ​នៅ​តាម​សហគមន៍​មូលដ្ឋានដែល​អាស្រ័យផល​ព្រៃ​ឡង់ ឱ្យ​បាន​យល់ដឹង​ពី​តម្លៃនិង​មុខងារ​អេកូ​ឡូ​ស៊ី​(Ecology​) ព្រមទាំង​មានការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​នានា​ផង​ដែរ។

លោក​បន្ត​ថា ក្រៅពី​ការ​ផ្សព្វផ្សាយ​នោះ ក្រសួង​ក៏​មាន​ដាក់​មន្ត្រី​ឧទ្យានុ​រក្ស​ប្រចាំការ និង​ស្នាក់​ការ​សម្រាប់​គ្រប់គ្រងនិង​អភិរក្ស​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព។

រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោក សៅ សុភាព ថ្លែងក្នុងពិធីសម្ពោធជាផ្លូវការយុទ្ធនាការ «ការពារព្រៃឡង់ តាមរយៈការទំនាក់ទំនងផ្លាស់ប្ដូរឥរិយាបថសង្គម ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងបរិស្ថាន។ (អ៊ុយ សុធា)

លោក​ថ្លែង​ថា៖ «ហានិភ័យ​គឺ​វា​អត់មាន​អី​ទេ តែ​ទី១ គឺ​បញ្ហា​ តែថា​យើង​ត្រូវ យើង​ហៅថា​ធ្វើ​យ៉ាងណា​គោរព​ការប្រើ​ប្រាស់និង​អាស្រ័យផលរបស់​ប្រជាពលរដ្ឋ ប្រជា​សហគមន៍​របស់​យើង ហើយ​ធ្វើ​យ៉ាងណា​ការពារ​ឱ្យ​បាន​! ទប់ស្កាត់​ឱ្យ​បាន​នូវ​ការប្រើ​ប្រាស់​ធនធាន​ធម្មជាតិ​ទាំងនោះ​ដោយ​ខុសច្បាប់»។

លោកស្រី វីណា រេដ​ឌី នាយិកា​បេសកកម្ម​របស់​ទីភ្នាក់ងារ​ជំនួយ​អាមេរិក (USAID) មានប្រសាសន៍​ថា ការ​បើក​យុទ្ធនាការ​នៅ​ថ្ងៃនេះ បង្ហាញ​ពី​ភាពជា​ដៃគូ​យូរអង្វែង​របស់​ទីភ្នាក់ងារ​ជំនួយ​អាមេរិក នៅក្នុង​វិស័យ​បរិស្ថាននៅ​កម្ពុជា ក៏ដូចជា​ការ​បន្ត​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​អភិរក្ស​ជីវៈ​ចម្រុះ​ដ៏​មាន​សារៈសំខាន់​របស់​កម្ពុជា។

លោកស្រី វីណា រេដ​ឌី នាយិកា​បេសកកម្ម​របស់​ទីភ្នាក់ងារ​ជំនួយ​អាមេរិក (USAID) ថ្លែងក្នុងពិធីសម្ពោធជាផ្លូវការយុទ្ធនាការ «ការពារព្រៃឡង់ តាមរយៈការទំនាក់ទំនងផ្លាស់ប្ដូរឥរិយាបថសង្គម ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងបរិស្ថាន។ (អ៊ុយ សុធា)

លោកស្រី​ថ្លែង​ថា៖ «យើង​សង្ឃឹមថា យុទ្ធនាការ​លើកកម្ពស់​ការយល់​ដឹង​នេះ នឹង​ជួយ​លើកទឹកចិត្ត​ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​ថែមទៀត ក្នុង​ការចូលរួម​ការពារ​កេរដំណែល​ធម្មជាតិ​របស់​ខ្លួន»។

យោង​តាម​របាយការណ៍​របស់​បណ្តាញ​យុវជន​កម្ពុជា និង​អង្គការ Jesuit Service Cambodia (JSC​) បាន​បង្ហាញថា ក្នុងរយៈពេល​ប្រមាណ២០ឆ្នាំ​ចុងក្រោយ​នេះ ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​ជាង១០ម៉ឺន​ហិ​កតា បាន​ក្លាយជា​វាលរហោឋាននិង​កន្លែង​ខ្លះ​បាន​ក្លាយទៅជា​ចម្ការ​ជំនួស​វិញ។

របាយការណ៍​ដដែលបន្ត​ថា គិត​ត្រឹម​ឆ្នាំ២០១៩ ផ្ទៃដី៥៨ ១៣៨ហិ​កតាដែល​បាន​មក​ពី​ការបាត់បង់​ព្រៃឈើ​ជាង​១០ម៉ឺន​ហិ​កតា ត្រូវ​បា​នបំប្លែង​ទៅជា​ដីចម្ការ​​ដំណាំ ខណៈ​ផ្ទៃដី​ចំនួន១ ១១១​ហិ​កតា ត្រូវ​បាន​ដុះឡើង​វិញ​ដោយ​ធម្មជាតិនិង​ការ​ដាំដុះ​ដោយ​កម្មវិធី​​ដាំ​ដើមឈើ។

អ្នកសម្របសម្រួលគម្រោងព្រៃឡង់នៅកម្ពុជា លោក ម៉ើ ចាន់ដារ៉ា ថ្លែងប្រាប់វីអូឌីនៅថ្ងៃអង្គារនេះថា ព្រៃឡង់​បាន​និង​កំពុង​ទទួលរងនូវបញ្ហាប្រឈមជាច្រើន ដូចជា ការកាប់ទន្រ្ទានដីធ្លី ការរុករករ៉ែ និងគម្រោងអភិវឌ្ឍន៍នានា​ក្នុងការផ្ដល់ដីសម្បទានសេដ្ឋកិច្ចដល់​ក្រុមហ៊ុនធំៗ។

លោកថ្លែងដូច្នេះថា៖ «មានការលាងឈើកង្វក់ពីសំណាក់ក្រុមហ៊ុនផងដែរ! ការលាងឈើកង្វក់ហ្នឹង ចង់សំដៅទៅលើ​ការកាប់ព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃ ហើយទាញចូលទៅក្រុមហ៊ុន មានន័យថា ឱ្យតែយើងកាប់​ចេញពីដែនជម្រកសត្វព្រៃហើយ យើងយកចូលទៅក្រុមហ៊ុន មានន័យថា ឈើហ្នឹងយើងលាងពីឈើខុសច្បាប់​ទៅឈើស្របច្បាប់»។

លោក ដារ៉ា បាន​បន្ត​ថា ការ​ការ​​ពារ​ព្រៃ​ឡង់​ឱ្យ​បាន​គង់វង្ស ទាមទារ​ឱ្យមានកា​រចូលរួម​ទាំងអស់គ្នា ទាំងប្រជាពលរដ្ឋ ក្រសួងស្ថាប័ននានា និងអង្គការដែលពាក់ព័ន្ធ។

លោកថា៖ «ចំពោះសំណើខ្ញុំទៅ USAID និងក្រសួងបរិស្ថាន គឺធ្វើបែបម៉េចចូលរួមបើកផ្លូវឱ្យសហគមន៍ព្រៃឡង់ បណ្ដាញព្រៃឡង់ អាចចូលទៅល្បាតព្រៃបន្ត ដូចជាសកម្មភាពដែលគាត់ធ្លាប់បានធ្វើពីមុនមក»។

សូមបញ្ជាក់ថា តំបន់ព្រៃឡង់ដែលជាជម្រកសត្វព្រៃនិងជាតំបន់អេកូឡូស៊ីធំជាងគេក្នុងអាស៊ាន បាន​លាតសន្ធឹងលើផ្ទៃដីជាង៤៣ម៉ឺន​ហិ​កតា (៤៣១ ៦៨៣ហិ​កតា​) ស្ថិតនៅខេត្ត​ចំនួន៤ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ និង​ព្រះវិហារ ដែលក្នុងនោះមានជីវៈចម្រុះជិត៤០០ប្រភេទកំពុងរស់នៅ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ