កម្ពុជា​​ទាមទារ​​ឱ្យ​​ក្រុម​ហ៊ុន​ទេសចរណ៍​​មួយ​ កែ​​ជា​បន្ទាន់​​ចំពោះ​​ការ​​សរសេរ​​ពាក្យ​​វៀត​ណាម​​លើ​​រូប​​ប្រាសាទ​អង្គរ​វត្ត​​

(រូបខាងមុខ) រូបភាពប្រាសាទអង្គរវត្ត ដែលត្រូវបានសរសេរពាក្យ VIETNAM នៅពីលើរូបភាព។ (ក្រសួងទេសចរណ៍)

ក្រសួងទេសចរណ៍​កម្ពុជា ប្រតិកម្ម​ទៅ​នឹង​គេហទំព័រ​របស់​ក្រុមហ៊ុនទេសចរណ៍​មួយ​នៅ​ប្រទេស​អូស្ត្រាលី ដែល​រចនា​រូបភាព​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា ហើយ​បែរជា​សរសេរ​អក្សរ​សម្គាល់ថា​ប្រទេស​វៀតណាម​នៅ​ពីលើ។ 

ក្រសួងទេសចរណ៍​កម្ពុជា បាន​លើកឡើង​នៅក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួននៅ​ថ្ងៃអង្គារ​នេះ​ថា ថ្មី​ៗនេះ គេហទំព័រ​របស់​ទីភ្នាក់ងារ​ទេសចរណ៍​មួយ​របស់​ប្រទេស​អូស្ត្រាលី ឈ្មោះ «Wendy Wu Tours» បាន​បង្ហោះ​រូបភាពស្ដីពីតំបន់​ទេសចរណ៍​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក ក្នុង​នោះក៏​មាន​រូបភាព​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា​ផង​ដែរ។

ក្រសួង​បន្ត​ថា ប៉ុន្តែ​គេហទំព័រ​នេះ បាន​បង្កើត​នូវ​កំហុសឆ្គង​ដោយ​អចេតនា​មួយ គឺ​នៅត្រង់​​ផ្នែក​ខាងលើ​នៃ​រូបភាព​ប្រាសាទអង្គរវត្ត គេ​បាន​សរសេរ​ពាក្យ​ថា «VIETNAM» ជាហេតុ​នាំ​ឱ្យ​មានការ​យល់​ច្រឡំ​ថា ប្រាសាទអង្គរវត្តស្ថិតនៅ​ប្រទេស​វៀតណាម។

កំហុសឆ្គង​របស់​ក្រុមហ៊ុនទេសចរណ៍​អូស្ត្រាលី​មួយ​នេះ បាន​នាំ​ឱ្យ​មានការ​រិះគន់​យ៉ាង​ខ្លាំងពីសំណាក់​ប្រជាពលរដ្ឋ​កម្ពុជានិង​មជ្ឈដ្ឋាន​អន្តរជាតិ​មួយចំនួន ដែលគេ​បានដឹង​ច្បាស់​អំពី​ទីតាំង​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា។ 

ពាក់ព័ន្ធ​នឹង​ករណីនេះ លោក ប្រាក់ វុទ្ធី ប្រធាន​នាយកដ្ឋាន​សិក្សា​ទីផ្សារនិង​ផ្សព្វផ្សាយ​ទេសចរណ៍​ក្រៅប្រទេស​នៃ​ក្រសួងទេសចរណ៍ មានប្រសាសន៍​នៅ​ថ្ងៃអង្គារ​នេះ​ថា ក្រសួង​បាន​ទាក់ទង​ទៅ​ទីភ្នាក់ងារ​ក្រុមហ៊ុនទេសចរណ៍ Wendy Wu Tours នេះ​រួចហើយ ដើម្បី​ឱ្យ​មានការ​កែតម្រូវ​ព័ត៌មាន​នោះ​ឡើងវិញ។ 

លោក​ថា៖ «ទីភ្នាក់ងារ​ក៏បាន​សម្ដែង​នូវ​ការ​សូមអភ័យទោស​ចំពោះ​កម្ពុជា និង​យល់ព្រម​កែសម្រួល​ឡើងវិញ​ផង​ដែរ ដោយ​បាន​កែ​ពី​ពាក្យ VIETNAM មក​ដាក់​ថា SOUTHEAST ASIA វិញ»។

លោក ប្រាក់ វុទ្ធី បាន​ពន្យល់​ថា មូលហេតុ​ដែល​ទីភ្នាក់ងារ Wendy Wu Tours មិន​ប្ដូរ​មក​ជា CAMBODIA វិញ​នោះ ក៏ដោយ​សារ​ក្រុមហ៊ុន​ចង់​បង្ហាញថា «ប្រាសាទអង្គរវត្ត​របស់​កម្ពុជា» ជា​និម្មិត​រូបតំណាង​ឱ្យ​តំបន់​អាស៊ី​អាគ្នេយ៍​​នៅលើ​គេហទំព័រ​របស់​ខ្លួន ខណៈ​ប្រាសាទអង្គរវត្ត​ជា​សម្បត្តិ​បេ​តិ​កភណ្ឌ​ដែល​ពិភពលោក​ស្គាល់​ច្រើនជាង​គេ។

តែ​យ៉ាងណា អ្នកប្រើ​ប្រាស់​បណ្តាញ​សង្គម​ជាច្រើន​នៅ​កម្ពុជា បាន​ស្នើ​ឱ្យ​ក្រសួងទេសចរណ៍​កម្ពុជា​ជំរុញ​ឱ្យ​ក្រុមហ៊ុនទេសចរណ៍​នោះ កែសម្រួល​ដោយ​ដាក់ពាក្យ​ថា Cambodia នៅ​លើ​រូប​ប្រាសាទអង្គរវត្ត​នោះ​វិញ ជាជាង​ដាក់ពាក្យ South East Asia។ 

បច្ចុប្បន្ន បើ​ទោះបីជា​ទីភ្នាក់ងារ Wendy Wu Tours បាន​កែសម្រួល​​កំហុសឆ្គង​មួយ​នេះ​រួចហើយ​ក្ដី ប៉ុន្តែ​ក៏​នៅ​មាន​កន្លែង​ខុសឆ្គង​មួយ​កន្លែង​ទៀតដែល​តម្រូវ​ឱ្យ​ក្រុមហ៊ុន​ធ្វើការ​កែ​ឡើងវិញ ដែល​ករណីនេះ ក្រសួងទេសចរណ៍បញ្ជាក់​ថា នឹង​ធ្វើការ​ទាក់ទង​ទៅ​ក្រុមហ៊ុន​នេះ​ជាថ្មី​ទៀត ដើម្បី​កែប្រែ​ឱ្យ​បាន​ត្រឹមត្រូវនិង​គ្រប់ជ្រុងជ្រោយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ