អាជ្ញាធររារាំងពលរដ្ឋដែលមានបញ្ហាដីធ្លី មិនឱ្យដើរទៅផ្ទះនាយករដ្ឋមន្ត្រី

ប្រជាពលរដ្ឋជាង១០០០នាក់ មកពីខេត្តចំនួន៤ ដែលមានបញ្ហា​ជម្លោះ​ដីធ្លី បាន​ប្រមូល​ផ្តុំគ្នានៅមុខ​​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់់ ទាមទារដំណោះស្រាយ នៅព្រឹកថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០។

អាជ្ញាធររាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទនេះ បានរារាំងប្រជាពលរដ្ឋជាង១០០០នាក់ ដែលមានបញ្ហាដីធ្លី មិន​ឱ្យ​ដើរ​ទៅកាន់ភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈពលរដ្ឋទាំងនោះ ព្យាយាមទៅសុំ​ការ​អន្តរាគមន៍រឿង​វិវាទដីធ្លី។

ប្រជាពលរដ្ឋទាំងនោះ មកពីខេត្តចំនួន៤ រួមមាន ខេត្តកោះកុង ស្វាយរៀង ព្រះសីហនុ និង​ត្បូង​ឃ្មុំ។

ពួកគាត់បាននាំគ្នាមកប្រមូលផ្តុំនៅមុខ​ក្រសួងរៀបចំដែនដី ក្នុង​ខណ្ឌចំការ​មន និង​គ្រោង​បន្តដំណើរ​ដោយ​ថ្មើរជើង​ទៅកាន់ភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្បែរ​វិមាន​ឯករាជ្យ​​ ប៉ុន្តែត្រូវ​បានអាជ្ញាធរ​ដាក់កម្លាំង​រារាំង និង​រុញច្រានឱ្យ​ពួកគេ​ឱ្យទៅលើ​ចិញ្ចើមផ្លូវវិញ ក្រោម​ហេតុ​ផលបញ្ចៀសការ​កកស្ទះចរាចរណ៍។

អ្នកសារព័ត៌មាន​វីអូឌី ដែលចុះយកព័ត៌មាននេះ បានឱ្យដឹងដែរថា ក្នុងអំឡុងពេលមានការ​រារាំង និងរុញច្រាន​នោះ មានស្ត្រីម្នាក់បាន​សន្លប់ផង​ដែរ។

អាជ្ញាធរ​រាជធានីភ្នំពេញ ដែលស្ថិត​នៅទីតាំង​ប្រមូល​ផ្តុំ បាន​ប្រកាសតាមឧឃោសនស័ព្ទថា ការ​តវ៉ា​របស់​ពលរដ្ឋ​ធ្វើឡើងដោយខុសច្បាប់ និងតម្រូវឱ្យ​ពួកគេឡើងទៅលើចិញ្ចើមផ្លូវ​មុខ​ក្រសួង​វិញ ដើម្បីកុំឱ្យកកស្ទះចរាចរណ៍នៅកំណាត់​ផ្លូវ​មុនីវង្ស។

អ្នកស្រី ផាវ ញ៉ើង តំណាងពលរដ្ឋមកពីខេត្តកោះកុង បានឱ្យ​ដឹងថា ការដែលពួកគាត់ទៅប្រមូល​ផ្តុំមុខ​ក្រសួង ក្នុ​ង​គោលបំណងសុំឱ្យ​ក្រសួងជួយ​​ដោះ​ស្រាយ​​​បញ្ចប់ទំនាស់ដីធ្លីរបស់ពួកគាត់ និង​​អភិវឌ្ឍន៍ផ្លូវ ព្រមទាំង​ប្រមូលផ្តុំដើម្បី​​​អបអរ​​​ទិវាសនិ្តភាពពិភពលោក លើកទី៣៩ ក្រោមប្រធាន​បទ “គ្មានសិទ្ធិដីធ្លី គ្មាន​សន្តិភាព”។

អ្នកស្រីថា៖ «សូមឱ្យ​ឯកឧត្តម ជា សុផារ៉ា [រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី]ជួយដោះស្រាយ​ឲ្យ​ពួក​យើង បើ​មិនបានដី ពួកយើងមិនទៅវិញទេ»។

វីអូឌី ពុំអាច​សុំការបញ្ជាក់​​ពីតំណាងក្រសួង​រៀបចំដែនដី និងអាជ្ញាធររាជធានីភ្នំពេញ បាននៅឡើយ​ទេ នៅព្រឹក​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ