អាមេរិក​ប្រកាស​ដាក់​ទណ្ឌ​កម្ម​ក្រុម​​ហ៊ុន​​ចិន​មួយ​​ដោយ​​ចោទ​​​ថា​​រំលោភ​​យក​​ដី​​ពល​រដ្ឋ​ខ្មែរ

ពលរដ្ឋមកពីខេត្តកោះកុង ដែលមានវិវាទដីធ្លី ជាមួយក្រុមហ៊ុនចិន​ UDG (រូបភាព៖ ឃុត សុគន្ធ)

ក្រសួងរតនាគារសហរដ្ឋអាមេរិក បានប្រកាស​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ Union Development Group (UDG) ដោយថា ក្រុមហ៊ុនដែល​​កំពុង​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​​នៅ​តំបន់​តារាសាគរ ខេត្ត​កោះកុង ប្រទេស​កម្ពុជា មាន​ជាប់​ពាក់​ព័ន្ធ​នឹង​​​ករណី​​​រំលោភ​យក​ដី​របស់ពលរដ្ឋខ្មែរ​​ និងបំពាន​សិទ្ធិមនុស្ស។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិក ដែល​ផ្សព្វ​ផ្សាយ​​កាល​ពីថ្ងៃ​ទី​១៥ ខែ​កញ្ញា បាន​​លើក​ឡើង​ថា​ ការ​ដាក់​​ទណ្ឌ​កម្ម​​ក្រុមហ៊ុន​​​​ចិនមួយ​​​នេះ គឺ​ធ្វើ​តាម​​បញ្ជា​ប្រធានា​ធិបតី​​លេខ​ ១៣៨១៨ ​ដែល​​យក​តាម​​ច្បាប់​​សកល​ម៉ានីត​ស្គី​ (Global Magnitsky)​។

សេចក្តីប្រកាសព័ត៌មានបន្តថា ក្រុមហ៊ុន​UDG ដែលគ្រប់​​គ្រង​​ដោយ​រដ្ឋ​អំណាច​​ចិន​​នេះ បាន​ពាក់​ព័ន្ធ​​នឹង​សកម្មភាព​រំលោភ​​បំពាន​​សិទ្ធិ​​មនុស្ស​​ធ្ងន់​ធ្ងរ និង​​អំពើ​ពុក​រលួយ តាម​រយៈ​​មន្ត្រី​​ជាន់​ខ្ពស់​​​យោធា​កម្ពុជា​មួយ​រូបផងដែរ។

សេចក្តី​ប្រកាសព័ត៌មាន បានស្រង់ប្រសាសន៍ ​រដ្ឋមន្ត្រី​ក្រសួង​រតនាគារ​អាមេរិក លោក ស្ទីវិន ម៉ានូជីន (Steven T. Mnuchin) ​ថា បន្ទាប់​​​ពី​ក្រុមហ៊ុន​​មួយ​នេះ បាន​​​ចុះ​បញ្ជីក្លែង​​បន្លំ​​​​​ថា​​ជា​ក្រុម​ហ៊ុន​​​​​កម្ពុជា ដើម្បី​​​ទទួល​បាន​ដី​សម្បទាន​សម្រាប់​​​គម្រោង​​អភិវឌ្ឍន៍​​នៅ​​តំបន់​​តារា​សាគរ ហើយ​ ក្រោយ​មក​​ក្រុម​ហ៊ុន​​នេះ ក៏​​បាន​​ប្ដូរ​​កម្ម​សិទ្ធិ​​ទៅ​​ជា​​ក្រុម​ហ៊ុន​​ដែល​​គ្រប់​គ្រង​​ដោយ​​រដ្ឋ​អំណាច​​ចិន​​វិញ និង​បានបន្តដំណើរការ​ដោយគ្មានការ​ដាក់ទណ្ឌកម្ម​ណា​មួយ​​ឡើយ។

លោកបានគូសបញ្ជាក់ថា៖ «សហរដ្ឋ​​អាមេរិក​ប្តេជ្ញា​​ប្រើ​ប្រាស់​​អំណាច​​ពេញ​លេញ​​របស់​​ខ្លួន ដើម្បីកំណត់គោលដៅនៃការ​​អនុវត្ត​​បែបនេះនៅគ្រប់ទី​កន្លែង​ដែល​បាន​កើត​ឡើង»។

បើតាមសេចក្តីប្រកាសព័ត៌មាន​របស់ក្រសួង​រតនាគារ​អាមេរិក សកម្មភាព​របស់​ក្រុម​ហ៊ុន​ចិន​ UDG បាន​បណ្តាល​ឱ្យ​​​ពលរដ្ឋ​​កម្ពុជា​​ជា​ច្រើន​​នាក់ ​រង​គ្រោះ​​ដោយសារ​​​ការបណ្តេញ​ចេញ​​ពី​​ដីធ្លី​របស់​​ពួក​គេ​ដោយ​​បង្ខំ ការ​បំផ្លាញ​បរិស្ថាន និង​​បង្ក​​ផល​ប៉ះ​ពាល់​ដល់​ជីវភាព​រស់​នៅ​​របស់​សហ​គមន៍​​មូល​ដ្ឋាន ក្រោម​ហេតុ​ផល​ថា កែប្រែ​តំបន់​​នោះ​ ទៅ​ជា​​​គោល​ដៅ​​ទេស​ចរណ៍​ និង​ច្រក​​ដឹក​ជញ្ជូន​​ទំនិញ​​ប្រចាំ​​តំបន់។

វីអូឌី ពុំអាចសុំការអត្ថាធិប្បាយ​ពីអ្នកនាំពាក្យរាជរដ្ឋាភិបាល​​កម្ពុជា លោក​ផៃ ស៊ីផាន និង​ប្រតិកម្មតប​ពីតំណាង​ក្រុមហ៊ុន UDG បាននៅឡើយ នៅថ្ងៃ​ពុធនេះ។

ក្រុមហ៊ុនចិន Union Development Group​ ទទួល​​បាន​​ដី​សម្បទានពីរដ្ឋាភិបាល​កម្ពុជា ​​ចំនួន​ ៣៦ ០០០​​ហិ​ក​តា នៅខេត្ត​កោះ​កុង ​កាល​ពី​​ឆ្នាំ​២០០៨ ដោយជួល​​​ក្នុង​​រយៈ​ពេល ​៩៩​​ឆ្នាំ​ ដើម្បី​អភិវឌ្ឍន៍​ជា​​​មណ្ឌល​​កម្សាន្ត​​ទេស​ចរណ៍​​ធម្ម​ជាតិ​​តារា​សា​គរ ​ក្នុង​​ទឹក​ប្រាក់ ៣,៨​ពាន់​​លាន​​ដុល្លារ​ ដែល​​ក្នុង​​នោះ​​ក៏​មាន​ការ​​សង់​​ព្រលាន​​យន្ត​ហោះ​​​ដ៏​ធំ​​ជាង​​គេ​​បំផុត​​នៅ​​កម្ពុជា​​ផង​​ដែ​រ​។ នេះ​បើតាមការ​បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ