ហ្វេសប៊ុកផេកមាតាធម្មជាតិ មាន​ការ​លួច​ចូលបន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​យុវជន​៣​នាក់

កញ្ញា ឡុង គន្ធា – លោក ថុន រដ្ឋា – កញ្ញា ភួន កែវរស្មី សកម្មជនមាតាធម្មជាតិ។ (ហ្វេសប៊ុកសកម្មជន និង មាតាធម្មជាតិ)

ស្ថាប​និក​មាតា​ធម្មជាតិ បាន​អះ​អាង​ថា ហ្វេស​ប៊ុក​ផេក​(Facebook Page) របស់​ខ្លួន ត្រូវ​បាន​​​គេ​​ចូលលុកលុយ បន្ទាប់​​ពី​អាជ្ញាធរ​បាន​​ចាប់​​ខ្លួ​ន​សកម្ម​ជន​មាតា​​ធម្មជាតិ ៣​នាក់ កាល​​ពីដើម​ខែនេះ​​​ ដោយ​​ក្នុង​​​ចំណោម​ពួក​គេ មាន​​ម្នាក់​​ជា​អ្នក​​គ្រប់​​គ្រង​​​​ហ្វេស​​ប៊ុក​​ផេក​​នោះ។

យុវជនបរិស្ថានទាំង៣នាក់នេះ រួមមាន លោក ថុន រដ្ឋា, កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវ​រស្មី ត្រូវ​​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ចាប់​ខ្លួន កាល​ពីថ្ងៃ​ទី៤ ខែ​កញ្ញា ដោយ​​អាជ្ញាធរ​​ចោទ​ប្រកាន់​​ថា​ ពួកគេ​បាន​ផ្សព្វ​ផ្សាយព័ត៌​មាន​ខុស​ច្បាប់ និង មាន​​បំណង​​ជួប ​លោក​​នាយក​រដ្ឋ​​មន្ត្រី ហ៊ុន សែន បង្ហាញ​ក្តីកង្វល់ជុំវិញ​ការលុប​បឹង​តាមោក។ 

លោក អាឡិច ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez-Davidson ) ដែល​ត្រូវ​បាន​និរទេស​ចេញ​កាល​ពី​ឆ្នាំ២០១៥ និង​ត្រូវ​បាន​រារាំង​មិនឱ្យចូលប្រទេស​​កម្ពុជា​វិញ​នោះ បាននិយាយថា លោកបានដឹងថាហ្វេសប៊ុកផេករបស់មាតាធម្មជាតិ (Mother Nature Cambodia) ត្រូវបានគេលុកលុយ​ចូលនៅថ្ងៃទី៤ ខែកញ្ញា ខណៈ​ដែល​លោក​បាន​ឃើញក្នុងអ៊ីម៉ែលពីការដករូបលោកចេញពីការគ្រប់គ្រងផេកមាតាធម្មជាតិនេះ។

សកម្មជនដែលមានមូលដ្ឋាននៅប្រទេសអេស្បាញរូបនេះ បាននិយាយថា លោកបាន​ទទួល​អ៊ីម៉ែល នៅម៉ោង ១:២០នាទីព្រឹក ម៉ោងក្រុងស្រុកដែលរស់នៅ ក្រោយមួយថ្ងៃ​ដែល​សកម្មជនមាតាធម្មជាតិ ៣នាក់ ត្រូវបានជាប់ខ្លួន ខណៈពួកគេថត​វីដេអូឃ្លីប​អំពាវ​នាវ​ឱ្យមានការអភិរក្សបឹងតាមោក។

លោក អាឡិច បានដាក់ការសង្ស័យថា សកម្មជនទាំងនោះ ត្រូវបានអាជ្ញាធរ​គំរាម​កំហែង ឬ​បង្ខំ​ឱ្យ​ផ្តល់​លេខ​កូដ​សម្ងាត់​ហ្វេស​ប៊ុក​ផេក​មាតា​ធម្មជាតិ​ដល់​ពួក​គេ។

លោកបន្តថា លោកបានដាក់សំណើរទៅកាន់ក្រុមហ៊ុន​ហ្វេស​ប៊ុក ដើម្បី​បិទ​ផេក​​មាតា​ធម្ម​ជាតិ និង​ផេក​ផ្ទាល់​ខ្លួន​របស់​សកម្មជន​៣នាក់​នោះ​ជា​បណ្តោះ​អាសន្ន។

លោក អាឡិច ថ្លែងថា៖ «ខ្ញុំសង្ឃឹមថា ២ទៅ៣សប្តាហ៍ទៀត ខ្ញុំអាចគ្រប់គ្រងផេកមាតា​ធម្មជាតិបានឡើងវិញហើយ»។

តាមរយៈអ្នកតំណាងទំនាក់ទំនងសាធារណៈនៅកម្ពុជា ក្រុមហ៊ុនហ្វេសប៊ុក បាន​និយាយ​ថា ខ្លួន​ទទួល​បាន​ការ​ស្នើសុំពី​តួអង្គសិទ្ធិមនុស្ស​រូបនោះ​ហើយ ដើម្បីផ្អាក​​ហ្វេស​ប៊ុក​​ផេក​មាតា​ធម្មជាតិ ជាបណ្តោះ​អាសន្ននេះ។ ក្រុមហ៊ុនហ្វេសប៊ុក បានបន្តថា ខ្លួន​បាន​ធានា​សុវត្ថិ​ភាពហ្វេសប៊ុកផេកមាតាធម្មជាតិ ទៅតាមនីតិវិធីដូចគ្នា ពេលដែល​ហ្វេស​ប៊ុក​ផេក​មួយត្រូវបានគេលួចចូល។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកសាន សុខសីហា មាន​ប្រសាសន៍​ថា លោកមិនបានដឹងច្បាស់អំពីករណីមានការ​លួចចូលផេករបស់​មាតា​ធម្ម​ជាតិ​នេះទេ​​ ប៉ុន្តែជាទូទៅ មន្ត្រីជំនាញនឹងរឹបអូសភ័ស្តុតាង​ទាំងអស់ ដែលពាក់​ព័ន្ធ​បទ​ល្មើស រួមទាំងផ្នែកបច្ចេកវិទ្យា ហើយតុលាការធ្វើការស៊ើបអង្កេតលើករណីនេះ។

វីអូឌី មិនទាន់អាចធ្វើការឆ្លើយតបពីប្រធាននាយកដ្ឋានប្រឆាំង​បទល្មើសបច្ចេកវិទ្យា​នៃ​ក្រសួង​មហាផ្ទៃ លោក ជា ពៅ បាននៅឡើយទេ។

ជាមួយគ្នានេះដែរ លោក អាឡិច ក៏បានកត់សម្កាល់ឃើញដែរថា បន្ទាប់ពីផេកផ្លូវការ​របស់​មាតាធម្មជាតិ ត្រូវបានគេលួចចូល ក៏មានហ្វេសប៊ុកផេកចំនួនពីរ ត្រូវបានគេ​បង្កើត​ឡើង ដើម្បីព្យាយាមបន្លំឈ្មោះផេកមាតាធម្មជាតិនេះដែរ រួមមាន ផេកឈ្មោះ បិតាធម្មជាតិកម្ពុជា (Father of Nature Cambodia) ដែលមានអ្នកតាម​ដានផេក​(Follower)​ចំនួន ១,៤៤៧នាក់ និងផេកមួយទៀតឈ្មោះ មាតានៃធម្មជាតិកម្ពុជា (Mother of Nature Cambodia) ដែលមានអ្នកតាមដានផេកចំនួន ៧០៨នាក់។

លោកបន្តថា ផេកក្លែងបន្លំទាំងពីរនេះ ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១៧ និងទី១៨ ខែមិថុនាដោយ​មានប្រូហ្វាល់ (Profile) ដូចរូបនិមត្តិសញ្ញា(Logo) របស់ផេក​មាតា​ធម្មជាតិ។

លោក អាឡិច បានចាត់ទុកផេកក្លែងបន្លំទាំងពីរនេះ ថាជា «ប្រេងឆៅ» ដោយលោក​រំពឹង​ថា​​ ក្រុមហ៊ុនហ្វេសប៊ុក នឹងលុបគណនីនោះចោល។

គណនីហ្វេសប៊ុកក្លែងបន្លំទាំងពីរនោះ បានបញ្ចេញសកម្មភាពថ្ងៃចន្ទ សប្តាហ៍មុន ប៉ុន្តែ​មិន​មានផុសព័ត៌មានអ្វីទេ ចាប់តាំងពីថ្ងៃទី១ ខែកញ្ញាមក។

ផ្អែកលើតំណភ្ជាប់ក្នុងប្រព័ន្ធGoogle searches បានឱ្យដឹងថា ហ្វេសប៊ុកផេកពិត​របស់​មាតា​ធម្មជាតិ មានអ្នកតាមដាន(follow)ជាង ៣៥៣ ០០០នាក់ ដោយ លោក អាឡិច បាននិយាយនៅលើហ្វេសប៊ុករបស់លោក​​ កាលពីថ្ងៃទី០៥ ខែកញ្ញាថា វីដេអូរបស់ក្រុម​មាតាធម្មជាតិបានផលិតកន្លងមក មានអ្នកចុចចូលមើល​ជាង ២០លានដង​ក្នុងរយៈ​ពេល ៤ឆ្នាំ​កន្លងមក។

ក្នុងចំណោមយុទ្ធនាការរបស់ក្រុមសកម្មជនមាតាធម្មជាតិ  នាពេលកន្លងមក ពួកគេ​បាន​ធ្វើការរិះគន់ជាបន្តបន្ទាប់ដល់ក្រុមហ៊ុនបូម​ខ្សាច់​ នៅខេត្តកោះកុង ចំពោះការនាំ​ចេញ​មុនការសម្រេចចិត្តរបស់ប្រទេសកម្ពុជាក្នុងការហាមឃាត់ការ​នាំចេញខ្សាច់ដោយ​ហេតុ​ផលបរិស្ថាន៕

រាយការណ៍បន្ថែមដោយ Danielle Keeton-Olsen

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ