ក្រសួងថា ព្រះ​សង្ឃ​​ជាង​១២០​អង្គ​នៅ​​ខេត្ត​ចំនួន​​​៤ មាន​អាពាធ​ផ្តាសាយ​ធំ

ក្រុមគ្រូពេទ្យនិងអ្នកជំនាញចុះទៅពិនិត្យនិងយកសំណាកពីព្រះសង្ឃគង់នៅ​វត្ត​ស្វាយដង្គំ ស្រុក​ឯកភ្នំ ដែលមានអាការក្ដៅខ្លួន ក្អក និងហៀរសំបោរ យកទៅពិនិត្យ កាលពីយប់ថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ មន្ទីរសុខាភិបាលខេត្តបាត់ដំបង Battambang Provincial Health Department)

ក្រសួងសុខាភិបាល បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មាន​​ព្រះ​សង្ឃ​​សរុ​ប​ប្រមាណ​ជាង ១២០អង្គ គង់នៅវត្តនានា​​​ក្នុងខេត្តចំនួន៤ បាន​ឆ្លង​ជំងឺ​ផ្តាសាយ​ធំ។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន​ ​ឱ្យដឹងនៅថ្ងៃ​ទី១៦ ខែ​​​កញ្ញា​នេះ​ថា ព្រះ​សង្ឃ​​ដែល​​មាន​​អាពាធ​​ឆ្លងផ្តាសាយធំ​ មានប្រមាណជាង ១២០នាក់ គង់​នៅ​វត្ត​មួយ​​ចំនួន​ក្នុងខេត្ត​តាកែវ ត្បូងឃ្មុំ បាត់ដំបង និងបន្ទាយមានជ័យ។

លោកស្រីបន្តថា ព្រះ​សង្ឃដែលអាពាធស្ទើរ​​​តែ​ទាំង​អស់ បាន​ព្យាបាល​ជា​សះ​ស្បើយ ខណៈ​ព្រះ​សង្ឃនៅសល់​តិច​តួច​​ប៉ុណ្ណោះ ដែលនៅ​បន្ត​ការ​ព្យាបាល តែ​ស្ថាន​ភាព​បាន​ធូរ​ស្រាល​ហើយ​​ដែរ។

លោកស្រីបានបញ្ជាក់ថា៖ «ជាទូទៅ កត្តា​ដែល​ឱ្យ​មាន​បញ្ហា​សុខ​ភាព​បែប​នេះ គឺ​មាន​កត្តា​ជា​ច្រើន​ដូចជា ការ​ប្រែ​ប្រួល​អាកាស​ធាតុ ការ​វិវត្ត​បម្រែ​បម្រួល​នៃ​វីរុស ឫ​មេរោគ​ផ្សេងៗ នៅ​ក្នុង​បរិស្ថាន​ដែល​ផ្តល់អំណោយ​ផល​​ គួប​ផ្សំ​នឹង​ការ​បម្រែ​បម្រួល​អាកាស​ធាតុ ឫ​មាន​កា​រ​ប៉ះ​ពាល់​ជាមួយ​ពពួក​សត្វ​ដែលចិញ្ចឹម​កូន​ដោយ​ទឹក​ដោះ និង​ពពួក​សត្វ​បក្សី ដែល​អាច​ចម្លង​វីរុស​ណាមួយ​មក​បុគ្គល ឫ​ការ​បរិភោគពពួក​សត្វ​ទាំង​នេះ​ដែល​ចម្អិន​មិន​បាន​ច្អិន និង​មាន​កង្វះ​ការ​អនុវត្ត​អនាម័យ​ដៃ និង​ខ្លួន​ប្រាណ ឆ្លង​តាមការ​ក្អក​កណ្តាស់ ដែល​មិន​បាន​ខ្ទប់​មាត់​និង​ច្រមុះ​បាន​ត្រឹម​ត្រូវ ឫ​ឆ្លង​តាម​ការ​ប៉ះ​ពាល់​ទឹក​ផ្លូវ​ដង្ហើម​អ្នកដែល​ឈឺ​ជាដើម»។

លោកស្រី ឱ វណ្ណឌីន ក៏បាន​អំពាវនាវដល់​​ប្រជា​ពលរដ្ឋ​ទាំង​អស់​ ព្រម​ទាំង​ព្រះ​ស​​ង្ឃ​ ​តាអាចារ្យ ដូន​ជី​ និង​គ​ណកម្ម​ការ​វត្តទូទាំង​ប្រទេស ចូល​រួម​អនុវត្ត​វិធាន​ការសុខាភិបាល ដោយ​ត្រូវមានអនាម័យ​​ខ្លួន​ប្រាណ និង​ចំណីអាហារ, ប្រើម៉ាស់ក្នុងករណីចាំបាច់, រក្សា​គម្លាត​សុវត្ថិភាព និងចៀសវាងប៉ះពាល់​សត្វ​ដែលបំបៅ​​កូន​​ដោយ​ទឹក​ដោះ និងសត្វបក្សី​ដោយ​ផ្ទាល់។

​លោកស្រីបានបន្ថែមថា៖ «បើ​មានបញ្ហាសុខភាព​ មិន​ត្រូវ​ចូល​រួម​ពិធី ឫ​កម្ម​វិធី​ណា​មួយ​នោះឡើយ​​ ដោយ​ត្រូវ​ស្នាក់​ក្នុង​កុដិ ឫ​ទី​កន្លែង​ណាមួយ​ដាច់​ដោយ​ឡែក​ពី​គេ កុំ​ឱ្យ​​​មាន​ការ​ចម្លង​បន្ត​គ្នា ហើយ​​ត្រូវ​​ស្វែង​រក​ការ​ពិនិត្យ​ព្យាបាល​នៅ​តាម​មន្ទីរ​ពេទ្យ​រដ្ឋ​ដែល​នៅ​ជិត​លោក​អ្នក»។

កាលពីថ្ងៃទី១៤​​ ខែកញ្ញានេះ ក្រសួងសុខាភិបាល ក៏​បាន​​ណែនាំ​ដល់​អាជ្ញាធរ​រាជធានី​-ខេត្ត ពង្រឹង​វិធានការ​សុខាភិបាល ទប់ស្កាត់​ការ​ចម្លងជំងឺ​ផ្តាសាយ​ធំនិង​វី​រុ​សផ្សេង​ៗ ជាពិសេស​ក្នុង​អំឡុង​ពេលបុណ្យ​កាន់បិណ្ឌនិង​ភ្ជុំបិណ្ឌនេះ​ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ