មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ទទូចឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងមនុស្សជាង១០នាក់ដែលបានចាប់ឃុំខ្លួនកាលពីពេលថ្មីៗនេះ ដោយនិយាយថា ពួកគេទាំងនោះគ្រាន់តែអនុវត្តសិទ្ធិតបតាមរដ្ឋធម្មនុញ្ញកម្ពុជា។
ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ លោក Robert A. Destro និយាយក្នុងបណ្តាញសង្គម Twitter របស់លោកនៅថ្ងៃទី១៥ ខែកញ្ញានេះថា សិទ្ធិសម្តែងមតិនិងសិទ្ធិជួបជុំ បានការពារដោយរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា។
លោកថា៖ «សហរដ្ឋអាមេរិកមានការព្រួយបារម្ភជាខ្លាំងអំពីការចាប់ខ្លួនអ្នកអនុវត្តសិទ្ធិសេរីភាពទាំងនេះ ហើយយើងទទូចឱ្យរដ្ឋាភិបាល [កម្ពុជា] ដោះលែងពួកគេជាបន្ទាន់និងអនុញ្ញាតឱ្យពួកគេសម្តែងមតិ»។
Rights to free expression and association are enshrined in Cambodia’s Constitution. The US is deeply concerned about arrests of those exercising these freedoms and we urge the government to immediately release them, and allow all voices to be heard.
— Assistant Secretary Robert A. Destro (@DRL_AS) September 14, 2020
ចាប់ពីចុងខែកក្កដាមក អ្នកតវ៉ាដោយសន្តិវិធីសរុប១២នាក់ ត្រូវបានអាជ្ញាធរកម្ពុជាចាប់ឃុំខ្លួន ក្នុងនោះមានយុវជនខ្មែរថាវរៈ យុវជនមាតាធម្មជាតិ និងយុវជនសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ រួមទាំងព្រះសង្ឃមួយអង្គ ព្រះនាម កើត សារ៉ាយ។
ការចាប់ខ្លួនយុវជនទាំងនោះជាបន្តបន្ទាប់ បានធ្វើឡើងខណៈដែលពួកគេបានដាក់លិខិតជូនដំណឹងទៅរដ្ឋបាលរាជធានីភ្នំពេញ ពីគម្រោងជួបជុំតវ៉ានៅទីលានប្រជាធិបតេយ្យ ទាមទារឱ្យដោះលែងសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន ដែលត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនដោយសារនិយាយរឿងព្រំដែន។
មួយវិញទៀត សហរដ្ឋអាមេរិក តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា ក៏បានរំឭកដែរថា អាមេរិកគឺជាទីផ្សារនាំចេញធំជាងគេបំផុតមួយរបស់កម្ពុជា។ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានលើកឡើងក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃម្សិលមិញថា កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកក្នុងទឹកប្រាក់ចំនួនជិត៥,៤ពាន់លានដុល្លារក្នុងឆ្នាំ២០១៩ ក្នុងនោះ ទំនិញក្នុងតម្លៃជិត១ពាន់លានដុល្លារ ជាទំនិញសម្រាប់ការធ្វើដំណើរដែលរួមមាន កាបូបដៃ វ៉ាលី និងកាបូបស្ពាយ ដែលត្រូវបានលើកលែងការបង់ពន្ធគយនៅក្រោមប្រព័ន្ធអនុគ្រោះទូទៅរបស់សហរដ្ឋអាមេរិក។
អាមេរិកក៏លើកឡើងដែរថា ក្រុមហ៊ុនអាមេរិកដែលធ្វើការវិនិយោគនៅកម្ពុជា មិនត្រឹមតែបង្កើតឱ្យមានការងារធ្វើ ហើយនាំមកនូវផលិតផលប្រកបដោយគុណភាពខ្ពស់តែប៉ុណ្ណោះទេ តែថែមទាំងនាំមកនូវតម្លាភាព បទដ្ឋានបរិស្ថាន និងបទដ្ឋានការងារខ្ពស់ ហើយផ្តល់ត្រឡប់ទៅឱ្យសហគមន៍វិញនូវកម្មវិធីថ្មីៗទាក់ទងនឹងការទទួលខុសត្រូវរបស់ក្រុមហ៊ុនចំពោះសង្គម។
អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា លោក ជិន ម៉ាលីន បានច្រានចោលដោយនិយាយថា ការព្រួយបារម្ភដោយមិនមានមូលដ្ឋានច្បាប់ជាសម្អាងរឹងមាំ មិនអាចជួយក្រុមអ្នករងការចោទប្រកាន់បានទេ។
លោកថា៖ «ជាជាងការព្រួយបារម្ភ បើសិនជាគាត់មានមូលដ្ឋានច្បាប់រឹងមាំ បញ្ជាក់ច្បាស់ថា អាហ្នឹងជាការអនុវត្តសិទ្ធិ ហើយមិនមែនជាការប្រព្រឹត្តបទល្មើសទេ សូមឱ្យគាត់ចូលរួមក្នុងនីតិវិធីតុលាការ ដើម្បីការពារសិទ្ធិជនដែលត្រូវចោទទាំងអស់ហ្នឹង»។
ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានចាត់ទុកការទាមទាររបស់មន្ត្រីជាន់ខ្ពស់អាមេរិករូបនេះថា គ្រាន់តែជាសិទ្ធិបញ្ចេញមតិរបស់មន្ត្រីរូបនោះតែប៉ុណ្ណោះ គ្មានឥទ្ធិពលលើរដ្ឋាភិបាលនិងការអនុវត្តច្បាប់នៅកម្ពុជាទេ។
លោកថា៖ «វាមានច្រើនផ្នែក អ្នកដែលប្រកាន់សច្ចធម៌ គេស្វាគមន៍ការអនុវត្តរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា ក៏ប៉ុន្តែអ្នកដែលលម្អៀងខាងនយោបាយ កាន់ជើងក្រុមឧទ្ទាមក្រៅច្បាប់ គេនិយាយថា មិនត្រឹមត្រូវ»។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា និយាយថា ប្រតិកម្មជាបន្តបន្ទាប់របស់ឧត្តមស្នងការអង្គការសហប្រជាជាតិ និងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា រួមទាំងសហរដ្ឋអាមេរិកផង ជាសញ្ញាព្រួយបារម្ភថា កម្ពុជាអាចនឹងបាត់បង់ទីផ្សារធំមួយទៀតនៅសហរដ្ឋអាមេរិក បើលំហប្រជាធិបតេយ្យនៅតែបន្តរួមតូច។
លោកថា៖ «បើសិនជាកម្ពុជាយើង មិនធ្វើអ្វីមួយឱ្យប្រសើរពីស្ថានភាពសិទ្ធិមនុស្សនិងបើកលំហប្រជាធិបតេយ្យឡើងវិញទេ កម្ពុជានឹងបាត់ទីផ្សារហ្នឹង[អាមេរិក]»។
លោក មឿន តុលា បន្តថា ការដែលសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយ វាធ្វើឱ្យប៉ះពាល់ដល់មុខមាត់កម្ពុជាលើទីផ្សារអន្តរជាតិ។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ និងឧត្តមស្នងការអង្គការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានបង្ហាញការព្រួយបារម្ភដូចគ្នាទៅនឹងសហរដ្ឋអាមេរិកដែរ ដោយអំពាវនាវឱ្យដោះលែងអ្នកទាំងនោះជាបន្ទាន់ដោយឥតលក្ខខណ្ឌ និងស្នើឱ្យបញ្ឈប់ការបំភិតបំភ័យមកលើតួអង្គតស៊ូមតិរឿងសិទ្ធិមនុស្សនិងបរិស្ថាន៕