ព្រះ​សង្ឃ​​ជិត​៥០​អង្គ​​នៅ​​ខេត្ត​បាត់ដំបង​ មាន​​អាការ​ក្តៅ​​ខ្លួន​​លើស​​ពី​៣៧​អង្សា​រ​

ក្រុមគ្រូពេទ្យនិងអ្នកជំនាញចុះទៅពិនិត្យនិងយកសំណាកពីព្រះសង្ឃគង់នៅ​វត្ត​ស្វាយដង្គំ ស្រុក​ឯកភ្នំ ដែលមានអាការក្ដៅខ្លួន ក្អក និងហៀរសំបោរ យកទៅពិនិត្យ កាលពីយប់ថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ មន្ទីរសុខាភិបាលខេត្តបាត់ដំបង Battambang Provincial Health Department)

មន្ត្រី​សុខាភិបាល​ខេត្តបាត់ដំបង បាន​បញ្ជូន​សំណាក​ព្រះសង្ឃ​ចំនួន៤៦អង្គ គង់នៅ​វត្ត​ស្វាយដង្គំ ស្រុក​ឯកភ្នំ មកកាន់​មន្ទីរពិសោធន៍​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើតេស្ត​រក​អាការរោគ ក្រោយពី​ព្រះសង្ឃ​ទាំងនោះមាន​អាការ​ក្តៅ​ខ្លួនជិត​មួយ​សប្តាហ៍​មក​ហើយ។

ប្រធានមន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង លោក រឿន ប៊ុ​នរ៉េ​ត មានប្រសាសន៍​ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា មាន​ករណី​ព្រះសង្ឃ​ចំនួន៤៦អង្គ ដែល​មាន​ព្រះ​ជន​្មពី១១ទៅ១៩ព្រះវស្សា ដែល​និ​មិន្តមក​ពី​តាម​ខេត្ត​នានា ដើម្បី​សិក្សា​នៅ​សាលា​ពុទ្ធិក​បឋមសិក្សាក្នុង​វត្ត​ស្វាយដង្គំ មាន​អាការ​ក្តៅ​ខ្លួន ក្អក ហៀរសំបោរ រយៈពេល៦ថ្ងៃ​មក​ហើយ។

លោក​បន្ត​ថា បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​នេះ អាជ្ញាធរ​ខេត្តបាន​ចុះទៅ​ពិនិត្យនិង​យក​សំណាក​ព្រះសង្ឃ​ទាំងនោះ​ជាបន្តបន្ទាប់កាលពី​យប់​ថ្ងៃម្សិលមិញនិង​នៅ​ថ្ងៃ​ចន្ទ បញ្ជូន​មក​មន្ទីរពិសោធន៍​នៅ​រាជធានី​ភ្នំពេញ ដើម្បី​រក​មូលហេតុ ដោយ​លទ្ធផល​អាច​នឹង​ដឹង​នៅ​ថ្ងៃស្អែក។

អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង វេជ្ជបណ្ឌិត អ៊ុ​ក វិទ្យា បាន​មានប្រសាសន៍​បន្ថែម​ថា តាម​ការពិនិត្យ​អាការ មន្ត្រី​សុខាភិបាល​បាន​សន្និដ្ឋាន​ជាបឋម​ថា ព្រះសង្ឃ​ទាំងនោះ​ឆ្លង​ជំងឺ​ផ្តាសាយ ហើយ​បច្ចុប្បន្ន​មន្ទីរបាន​រៀន​ចំ​តាម​វិធាន​កា​រសុខាភិបាល​ហើយ។

លោក​ថា៖ «ព្រះសង្ឃ​ប្រាំមួយ​អង្គ​ហ្នឹង គឺ​មាន​អាការរោគក្តៅ ក្អក ឈឺបំពង់ក អ៊ីចឹង​អាច​ជា ​[ជំងឺ] ផ្តាសាយ ដោយសារ​ព្រះសង្ឃ​ទាំង៤៦អង្គ ជា​អង្គ​ក្មេង​ៗ។ ហើយ​ព្រះអង្គ​និមន្ត​មក​វត្ត​ហ្នឹង គឺ​មក​ដើម្បី​សិក្សា​នៅ​សាលា​ពុទ្ធិក​បឋមសិក្សា ហើយក៏​មាន​ជំងឺ​ផ្តាសាយ​ឆ្លង​គ្នា អ៊ីចឹង​ក្រុមការងារ​បាន​ចុះ​ពិនិត្យមើល​ហើយ»។

លោ​ក អ៊ុ​ក វិទ្យា បាន​បញ្ជាក់​ថា បច្ចុប្បន្ន អាការរបស់​ព្រះសង្ឃ​ទាំង៤៦អង្គមិន​ធ្ងន់ធ្ងរ​ទេ ខណៈ​កម្តៅ​មាន​ចន្លោះពី៣៧ទៅ៣៧,៨អង្សា​រ និង​កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាលនិង​ការ​បន្ត​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​ពី​ក្រុម​គ្រូពេទ្យ។

លោក​បន្ថែម​ថា៖ «យើង​តាមដាន​ព្យាបាល​លោក​ [ព្រះសង្ឃ​] ទៅ តាម​រោគសញ្ញា​សិន​ទៅ ហើយ​ដាក់​ព្រះអង្គ​ឱ្យ​នៅ​ដាច់ដោយឡែក​ពីគ្នា ពាក់​ម៉ាស់​ពាក់​អី​ទៅ មិន​អនុញ្ញាត​ឱ្យទៅ​សូត្រ​មន្តឬឡើង​ទៅ​សាលាឆាន់ ឆាន់​រួម​ជាមួ​យព្រះសង្ឃ​ដទៃ​ទៀត​ទេ»។

កាលពីដើម​ខែកញ្ញា​នេះ អ្នកជាប់ឃុំ​ចំនួន១៤៧នាក់នៅក្នុង​ពន្ធនាគារ​ខេត្តព្រះវិហារ មាន​អាការ​ក្តៅ​ខ្លួន​ខ្លាំង ក្អក និង​ហៀរសំបោរផង​ដែរ ហើយ​ករណីនេះ ត្រូវ​បាន​មន្ត្រី​សុខាភិបាល​បញ្ជាក់​ថា ពួក​គេ​ឆ្លង​ជំងឺ​គ្រុនផ្តាសាយ​ធំ (Influenza A)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ