កម្ពុជាថាUN សន្និដ្ឋានខុសឆ្គងពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា

ឯកអគ្គទូត និងតំណាងអចិន្ត្រៃយ៍កម្ពុជា លោក អាន សុខឿន ឡើងថ្លែងនៅក្នុង​សម័យប្រជុំលើកទី​៤៣ កិច្ចពិភាក្សាទូទៅលើរបៀបវារៈទី១០ ស្តីពី ជំនួយបច្ចេកទេស និងការកសាងសមត្ថភាព ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ នៅ​ទីក្រុងហ្សឺណែវ។ (ហ្វេសប៊ុក៖ Permanent Mission of the Kingdom of Cambodia to the UN Office at Geneva)

កម្ពុជាចាត់ទុកថាអ្នកនាំពាក្យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ប្រចាំ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស មានកំហុសឆ្គងក្នុងការធ្វើសេចក្តីសន្និដ្ឋានដែលអាចបណ្តាលឱ្យមានការភាន់ច្រឡំបកស្រាយថា កម្ពុជាមានការរំលោភសិទ្ធិមនុស្ស។​

 ករណីនេះធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិ លោកស្រី រ៉ាវីណា ស្សាមដាសានី (Ravina Shamdasani) លើកឡើងកាលពីថ្ងៃ១១ ខែកញ្ញា ថា     មន្ត្រី​របស់​ខ្លួន​បាន​ឃើញ​ផ្ទាល់​ភ្នែក ​នូវ​ការប្រើប្រាស់​កម្លាំង​មិន​ចាំបាច់ និង​ជ្រុល​ហួសហេតុ​របស់​កងកម្លាំង​សន្តិសុខ​ប្រឆាំង​នឹង​ក្រុម​អ្នកតវ៉ា​ជា​ស្ត្រី​ យ៉ាងតិច​ចំនួន ៥លើក​ផ្សេងគ្នា ក្នុងរយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ។

ក្នុងសេចក្តីថ្លែងការណ៍ព័ត៌មានរបស់ស្ថានបេសកកម្មអចិន្ត្រៃយិ៍របស់កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ កាលពីថ្ងៃទី១១ ខែកញ្ញានេះថា ការអនុវត្តសេរីភាពបញ្ចេញមតិ បង្កើតសមាគម ការប្រមូលផ្តុំដោយសន្តិវិធី ការចាប់ខ្លួន ឬឃុំខ្លួន ត្រូវអនុវត្តស្របតាមច្បាប់ជាតិ និងអន្តរជាតិ ពោលកម្ពុជាពុំអនុញាតឲ្យមានការចាប់ខ្លួនតាមតែអំពើចិត្តនោះឡើយ។

បន្ថែមពីនេះ បុគ្គលដែលមានជម្លោះផ្លូវច្បាប់ មានឱកាសពេញលេញចូលរួមសវនាការដោយយុត្តិធម៌ ដើម្បីបង្ហាញពីភស្តុតាងដោះបន្ទុក ចំពោះការចោទប្រកាន់ក្នុងប្រព័ន្ធតុលាការ ដែលជាផ្នែកមួយទទួលបានសិទ្ធិជំនុំជំរះត្រឹមត្រូវ ធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា។

ករណីនេះ កម្ពុជាចាត់ទុកការអះអាងរបស់អ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិនោះថា ធ្វើការសន្និដ្ឋានខុសឆ្គង អាចធ្វើឲ្យសាធារណៈជន​មានការភាន់ច្រឡំ ហើយត្រូវបានគេបកស្រាយថា ជាការជ្រៀតជ្រែកក្នុងប្រព័ន្ធ យុត្តិធម៌របស់រដ្ឋអធិបតេយ្យ។

សេចក្តីថ្លែងការណ៍ដដែល ជំរុញទៅអ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិរូបនោះ ផ្តល់តម្លៃទំនាក់ទំនងពិតប្រាកដជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីកុំឲ្យសាធារណៈជនមានការភាន់ច្រឡំថា កម្ពុជារំលោភសិទ្ធិមនុស្ស និងរក្សាការទុកចិត្ត សន្យានុម័ត និងឯករាជ្យរបស់ស្ថាប័នអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សមួយនេះផងដែរ។

លោក រ៉ុង ឈុន ​ សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលតែងតែនិយាយរិះគន់រដ្ឋាភិបាល ពីបញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម ត្រូវបានអាជ្ញាធរប្រមាណជិត៣០នាក់ កាល​ពី​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០។

ក្រោយមកនៅកំឡុងខែសីហា ឆ្នាំ២០២០ យុវជនដែលគាំទ្រមួយចំនួន ​បាននាំគ្នាធ្វើបាតុកម្មដោយសន្តិវិធីទាមទារឲ្យរដ្ឋាភិបាលដោះលែងលោក រ៉ុង ឈុន វិញ ប៉ុន្តែសមត្ថកិច្ចបានចាប់ខ្លួនក្រុមយុវជនបន្តបន្ទាប់ ចំនួន ៦នាក់ទៀត  នឹងចោទប្រកាន់ថា ញុះញង់​ឱ្យ​មានការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន។

ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស លោកស្រី រ៉ាវីណា ស្សាមដាសានី (Ravina Shamdasani) ក៏បានអំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស និង​សកម្មជន​បរិស្ថាន​ទាំងអស់ ជា​បន្ទាន់ ដោយ​ឥត​លក្ខខណ្ឌ ហើយបញ្ឈប់​ការបំភិត​បំភ័យ​មក​លើ​តួអង្គ​សង្គម​ស៊ីវិល និង​អំពាវនាវ​ឲ្យ​កងកម្លាំង​សន្តិសុខ បញ្ឈប់​ការប្រើប្រាស់​កម្លាំង​ដោយ​មិន​ចាំបាច់ និង​ជ្រុល​ហួសហេតុ​ពេក​ទៅលើ​ក្រុម​អ្នកតវ៉ា​ដោយ​សន្តិវិធី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ