សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរថ្កោលទោសអាជ្ញាធរករណីចាប់ខ្លួនសកម្មជនបន្តបន្ទាប់

ក្រុមអាជ្ញាធរខណ្ឌបានចុះមកត្រួតពិនិត្យនិងរារាំងចំពោះក្រុមពលរដ្ឋដែលមានបំណងធ្វើដំណើរទៅលានប្រជាធិបតេយ្យដើម្បីធ្វើបាតុកម្មសន្តិវិធីទាមទារឱ្យដោះលែងលោក រ៉ុង ឈុន និងសកម្មជនផ្សេងទៀតពាក់ព័ន្ធបញ្ហាព្រំដែន នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

សមាគម ​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ថ្កោលទោសអាជ្ញាធរ ដែលចាប់ខ្លួនសកម្មជនការពារសិទ្ធិមនុស្ស និង អ្នកតវ៉ារឿងព្រំដែនមួយចំនួនថា ធ្វើដោយបំពានច្បាប់ជាតិ និងច្បាប់អន្តរជាតិ។

ក្នុងសេចក្តីថ្លែងការណ៍របស់សមាគម ​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ បានចេញផ្សាយកាលពីម្សិលមិញថា កាលពីថ្ងៃទី៦ និងថ្ងៃទី១០ ខែកញ្ញានេះ សមត្ថកិច្ចបានចាប់ខ្លួនអនុប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មាន ព្រហ្ម​មុ​ន្នី និងសមាជិកម្នាក់ទៀត លោក មួង សុភក្រណា ឃុំខ្លួននៅពន្ធនាគារ និងចោទប្រកាន់ថា «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍»។ 

ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីពួកគេនាំគ្នាតស៊ូមតិ ទាមទារឲ្យដោះលែងលោក រ៉ុង ឈុន និងអ្នកគាំទ្រលោកមួយចំនួនទៀត ដែលរិះគន់រដ្ឋាភិបាលរឿងព្រំដែនកម្ពុជា-វៀតណាម។

នៅថ្ងៃសៅរិ៍ម្សិលមិញ សមាគម សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសអាជ្ញាធររដ្ឋាភិបាល ដែលចាប់ខ្លួនសកម្មជនការពារព្រំដែនទាំងនោះ ដោយពុំមានដីកាពីតុលាការ  ជាការបំបាក់ស្មារតីយុវជនដែលលើកស្ទួយលទ្ធិប្រជាធិបតេយ្យ សេរីភាពបញ្ចេញមតិ នីតិរដ្ឋ ការពារបូរណភាពទឹកដី នឹងបំពានច្បាប់ជាតិ និងច្បាប់អន្តរជាតិ។

ករណីនេះ សមាគម អំពាវនាវទៅរដ្ឋាភិបាលទម្លាក់ការចោទប្រកាន់ និងការប៉ុនប៉ងចោទប្រកាន់ទាំងអស់ និងដោះលែងអ្នកទាំងពីរនាក់ រួមទាំងយុវជនមួយចំនួនទៀតដែលសកម្មនឹងការពារបូរណភាពទឹកដីឲ្យមានសេរីភាពវិញ ដើម្បីរក្សាកេរ្តិ៍ឈ្មោះ កិត្តិយសនៅលើឆាកនយោបាយតំបន់ និងអន្តរជាតិ។

បន្ថែមពីនេះ សមាគមដដែលបញ្ជាក់ថា រាល់ការធ្វើសកម្មភាពតស៊ូមតិរឿងការពារបូរណភាពទឹកដី មិនពាក់ព័ន្ធក្រុមនយោបាយ ឬអង្គភាពចាត់តាំងពីខាងក្រៅស្រុកដូចការលាបពណ៌នោះឡើយ ពោលអនុវត្តតាមលក្ខន្តិកៈរបស់ខ្លួន ដែលតម្កល់នៅក្រសួងមហាផ្ទៃ។

អនុប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មាន ព្រហ្ម​មុ​ន្នី ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ថ្ងៃទី៦ ខែកញ្ញា និងយុវជន​ម្នាក់ឈ្មោះ មួង សុ​ភ័ក្រ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពី​ថ្ងៃ១០ ខែកកញ្ញា វេលាម៉ោងជាង៣រសៀល នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ដោយ​អនុវត្ត​ទៅតាម​ដីកា​របស់​តុលាការ។ អ្នកទាំងពីរត្រូវបានចោទពី​បទ«ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ក្នុង​សង្គម»។

ចំណែក លោក រ៉ុង ឈុន សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ត្រូវ​បាន​សមត្ថកិច្ចចាប់​ខ្លួន កាល​ពីថ្ងៃ​ទី៣១ ខែកក្កដា និង​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានីភ្នំពេញ សម្រេច​ឃុំ​ខ្លួន​បណ្តោះអាសន្ន​​​នៅពន្ធនាគារ​ព្រៃស នៅថ្ងៃបន្ទាប់ ក្រោម​បទ​ចោទ​ថា ញុះញង់​ឱ្យ​មានការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន។

រីឯ សកម្មជនជា​យុវជន​​ចំនួន ៦នាក់ទៀត  ដែលអាជ្ញាធរ​បាន​ចាប់ឃាត់​ខ្លួន រួមមាន ឈ្មោះ ហ៊ុន វណ្ណៈ, ឈឿន ដារ៉ាវី, សំណាង, ឡាវី, សៀងហៃ និងគន្ធីន ដែលក្នុង​ចំណោមពួកគេភាគច្រើនជាសមាជិកក្រុមយុវជនថាវរៈ។

កាលពី​ថ្ងៃទី៩ ខែកញ្ញានេះ អង្គការ​-សមាគម​ចំនួន៣៦ ក៏បានចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយបង្ហាញ​ការ​សោក​ស្តាយ​ចំពោះ​ការ​ចាប់ខ្លួន និង​ចោទប្រកាន់​ទៅ​យុវជន​វ័យក្មេង​ជាបន្តបន្ទាប់ពីសំណាក់​អាជ្ញាធរ​រដ្ឋ ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ។ អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ទម្លាក់​ចោល​បទចោទប្រកាន់ បញ្ឈប់​ការ​បំភិតបំភ័យ និង​បង្ក្រាប​លើ​ក្រុម​យុវជន​ដែល​ជាស​កម្ម​ជន​សិ​ទិ្ធ​មនុស្សនិង​បរិស្ថាន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ