OHCHR អំពាវនាវ​​ដល់​​រដ្ឋា​ភិបាល​​ដោះ​លែង​​អ្នក​ជាប់​ឃុំ​​ជាង​១០​នាក់​​ដោយ​​ឥត​​លក្ខខណ្ឌ​

ក្រុមអ្នកតវ៉ាកាន់ដៃគ្នាឈរលើកបដានៅមុខការិយាល័យ​ឧត្តម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា ស្វែងរកកិច្ចអន្តរាគមន៍ឱ្យមានការដោះលែងលោក រ៉ុង ឈុន នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

ការិយាល័យ​ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា OHCHR អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ដោះលែង​អ្នក​ដែល​ត្រូវ​បាន​ឃុំខ្លួន​ជាបន្ទាន់និង​ដោយ​គ្មាន​លក្ខខណ្ឌ និង​ស្នើ​ឱ្យ​បញ្ឈប់​ការ​បំភិតបំភ័យ​ទៅលើ​តួអង្គ​សង្គម​ស៊ីវិល។

កំណត់​សង្ខេប​ព័ត៌មាន​ស្តី​ពី​កម្ពុជា ចេញផ្សាយថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ដោយ OHCHR លើកឡើង​ថា ចាប់តាំងពី​ថ្ងៃទី៣១ ខែកក្កដាមក នៅពេល​ដែលលោក រ៉ុង ឈុន ត្រូវ​បាន​ចាប់ខ្លួន UNHCR បាន​ចងក្រង​ជាឯក​សារ​នូវ​ការ​ចាប់ខ្លួន​អ្នកការពារ​សិទ្ធិមនុស្សចំនួន២៤រូបនៅក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ​មានការ​ចាប់ខ្លួន​មនុស្ស​ចំនួន​ប្រាំបី​នាក់គ្រាន់តែ​នៅក្នុង​ខែកញ្ញា​នេះ។ 

OHCHR បន្ត​ថា មនុស្ស១៣នាក់ក្នុងចំណោម​អ្នក​ដែល​ត្រូវ​បាន​ចាប់ខ្លួន ត្រូវ​បាន​ដោះលែង​បន្ទាប់​ពី​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ដោយ​បង្ខិតបង្ខំដើម្បី​បញ្ឈប់​សកម្មភាព​តវ៉ា ខណៈ​មនុស្ស​ជាង១០នាក់កំពុង​ស្ថិត​ក្នុង​ការ​ឃុំឃាំង​នៅឡើយ ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន បន្ទាប់ពី​ចាកចេញ​ពី​ការិយាល័យ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃ​ចន្ទ (ទី០៧ ខែកញ្ញា​)។

OHCHR បន្ថែម​ទៀត​ថា មាន​បុគ្គល​ជាច្រើន​ត្រូវ​បាន​រាយការណ៍​ផង​ដែរ​ថា បាន​ទទួលការ​គំរាមកំហែង​តាម​ទូរសព្ទនិង​តាមដាន រួម​ទាំងការ​គំរាមកំហែង​ដល់អាយុ​ជីវិត​ផង​ដែរ ប្រសិនបើ​ពួក​គេ​មិន​បញ្ឈប់​សកម្មភាព​សិទ្ធិមនុស្ស​របស់​ពួក​គេ​នោះ​ទេ។

OHCHR បន្ត​ថា បច្ចុប្បន្ន​នេះ អ្នកការពារ​សិទ្ធិមនុស្ស​ជាច្រើន​កំពុង​លាក់ខ្លួន​ដោយមាន​ការភ័យខ្លាច​ពី​ការ​ចាប់ខ្លួន។

OHCHR លើកឡើង​ដូច្នេះ៖ «ស្ថានភាព​នា​ពេល​បច្ចុប្បន្ន​នេះ បង្ហាញ​ឱ្យ​យើង​កាន់តែ​ឃើញ​នូវ​ការ​មិន​អត់ឱន​របស់​រដ្ឋាភិបាល​ចំពោះ​គំនិត​ផ្ទុយពី​ខ្លួន និង​ការគាបសង្កត់​ទៅលើ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ ការ​ជួបជុំ​ដោយសន្តិវិធី និង​ការ​ចងក្រង​សមាគម។ យើង​សូម​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឱ្យ​ដោះលែង​អ្នក​ដែល​ត្រូវ​បាន​ឃុំខ្លួនជាបន្ទាន់និង​ដោយ​គ្មាន​លក្ខខណ្ឌ ចំពោះ​ការអនុវត្ត​សិទ្ធិ​ទាំងនេះ​របស់​ពួក​គេ ហើយ​សូម​បញ្ចប់​នូវ​ការ​បំភិតបំភ័យ​ទៅលើ​តួអង្គ​សង្គម​ស៊ីវិល»។

អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កត្តា អ៊ន ថ្លែងប្រាប់​វី​អូ​ឌី​ថា ការ​ចាប់ខ្លួនមនុស្ស​ទាំងនោះនា​ពេល​កន្លងមក គឺ​ធ្វើ​ទៅតាមច្បាប់។ លោក​បន្ត​ច្រានចោល​ការ​លើកឡើង របស់ OHCHR និង​ចាត់ទុក​សេចក្ដីថ្លែង​ការណ៍​នេះ​ថា ​មិន​ឈរ​លើ​មូលដ្ឋាន​ពិត​ជាក់ស្ដែង។

លោក កត្តា អ៊ន បាន​ថ្លែង​ថា៖ «សម្រាប់​ខ្ញុំ​ជាម​ន្ត្រី​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល សំណូមពរ​ឱ្យ​ខាង OHCHR ពិនិត្យ​ឡើងវិញ​នូវ​អ្វី​ដែល​ជារ​បាយ​ការណ៍​របស់​ខ្លួនឬការ​លើកឡើង​របស់​ខ្លួន ហើយ​ធ្វើការ​អង្កេត​និង​សិក្សាស្រាវជ្រាវ​ឱ្យ​បាន​ច្បាស់​សិន មុននឹង​ថ្លែងការណ៍​អ្វីមួយ»។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក លោក ស៊ឹង សែន​ករុណា មានប្រសាសន៍​ថា ព្រឹត្តិ​ការណ៍​ចាប់ខ្លួន​មនុស្ស​ក្នុងរយៈពេល២ខែ​ចុងក្រោយ​នេះ បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ធ្លាក់ចុះ​នៃ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ លោក​ថា ព្រឹត្តិ​ការណ៍​ទាំងនេះដាក់​គំនាប​លើ​អ្នកការពារ​សិទ្ធិមនុស្ស ខណៈ​ដែល​លោក​ផ្ទាល់ បារម្ភ​ចំពោះ​ការ​បំពេញការងារ​ក្នុងនាម​ជា​អ្នកការពារ​សិទ្ធិមនុស្ស​ផង​ដែរ។

លោក​មានប្រសាសន៍​ថា៖ «យើង​មានការ​ព្រួយបារម្ភ បារម្ភ​នេះ​នាំ​ឱ្យ​យើង​ព្យាយាម​រឹតត្បិត​ក្នុង ការ​និយាយ​ទៀតផង»។ 

កាលពី​ថ្ងៃទី០៩ ខែកញ្ញា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន៣៦ បាន​សម្ដែង​ក្ដី​បារម្ភ ក្រោយពី​អាជ្ញាធរ​ប្រើប្រាស់​បទចោទប្រកាន់​«ញុះញង់» ចាប់​ឃុំខ្លួន​យុវជន​ដែល​តវ៉ា​ដោយសន្តិវិធី​ជាបន្តបន្ទាប់ និង​ស្នើ​ឱ្យ​តុលាការ​ទម្លាក់​ចោល​នូវ​បទ​ចោទ ព្រមទាំង​ដោះលែង​ពួក​គេ​ឱ្យ​មាន​សេរីភាព​ឡើងវិញ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ