អ្នក​ឃ្លាំ​មើល​​សិទ្ធិ​មនុស្ស​​អន្តរ​ជាតិ​​ស្នើ​​អាជ្ញាធរ​​កម្ពុជា​​ឱ្យ​ដោះ​លែង​​ក្រុម​​អ្នក​​តវ៉ា​១៤​នាក់​​ដោយ​​ឥត​​លក្ខ​ខណ្ឌ​

សមត្ថកិច្ចរារាំងអ្នកគាំទ្រនិងសាច់ញាតិលោក រ៉ុង ឈុន មិនឱ្យធ្វើដំណើរថ្មើរជើងយកញត្តិទៅដាក់នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅចំណុចស្ពានអាកាសក្បាលថ្នល់ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ ស្នើ​ទៅ​អាជ្ញាធរ​កម្ពុជា​ឱ្យ​ទម្លាក់​ចោលការ​ចោទប្រកាន់​ទៅលើ​យុវជននិង​សកម្មជន​បរិស្ថាន១៤រូប​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នា​ពេល​ថ្មី​ៗនេះ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch​) បាន​លើកឡើង​ក្នុង​សេចក្ដីថ្លែង​ការណ៍​របស់​ខ្លួន​នៅ​ថ្ងៃនេះ​ថា យុវជន​ទាំង១៤នាក់​នោះ ត្រូវ​បាន​ចាប់ខ្លួន​ជាបន្តបន្ទាប់ ហើយ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​«ញុះញង់»ពាក់ព័ន្ធ​នឹងការ​ចូលរួម​តវ៉ា​ដោយសន្តិវិធីដែល​ទាមទារ​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន។

សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី៣១ ខែកក្កដា ហើយ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​«ញុះញង់»ផង​ដែរ ពាក់ព័ន្ធ​នឹង​ការ​ថ្លែង​ពី​បញ្ហា​ព្រំដែន​កម្ពុជា​-វៀតណាម។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស បាន​កត់ត្រា​រក​ឃើញថា បច្ចុប្បន្ន អាជ្ញាធរ​រាជធានី​ភ្នំពេញ​កំពុង​ឃុំខ្លួន​សកម្មជន​ការពារ​ព្រៃឈើ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ អ្នក​សារ​ព័ត៌​មាន​ចំនួន​ប្រមាណ​ជាង៥០នាក់។

នាយករង​​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី លោក ហ្វីល រ៉ូបឺ​តសុន បាន​លើកឡើង​ក្នុង​សេចក្ដីថ្លែង​ការណ៍​នោះ​ថា ការ​ចាប់ខ្លួន​សកម្មជន​របស់​អាជ្ញាធរ​កម្ពុជា បាន​បង្ហាញ​នូវ​ការ​មិន​យកចិត្ត​ទុកដាក់​ខ្ពស់​មិន​ត្រឹមតែ​ចំពោះ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិនិង​ការ​ជួប​ប្រជុំ​គ្នា​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​សិទ្ធិ​ដីធ្លីនិង​បរិស្ថាន​ផង​ដែរ។

លោក រ៉ូបឺតសុន បន្ត​ថា អាជ្ញាធរ​កម្ពុជា​គួរតែ​បញ្ឈប់​ការប្រើ​ប្រាស់​បទ​បញ្ញតិ្ត​នៃ​ក្រម​ពហ្ម​ទណ្ឌ​មិន​ត្រឹមត្រូវ​លើ​ការ​ញុះញង់​ដើម្បី​រារាំង​ការរិះគន់​ដោយសន្តិវិធី​ពី​ការ​ទាមទារ​ជា​សាធារណៈ​របស់​រដ្ឋាភិបាល។

លោក រ៉ូបឺតសុន ថ្លែង​ថា៖ «អាជ្ញាធរ​គួរតែ​ដោះលែង​អ្នក​ដែល​ត្រូវ​បាន​ឃុំខ្លួន​ដោយ​ខុសច្បាប់ ហើយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គួរតែ​បញ្ឈប់​ការ​ហាមឃាត់​ជាក់ស្តែង​ចំពោះ​ការ​ធ្វើបាតុកម្ម​សំ​ខាន់​ៗនៅក្នុង​រាជធានី​ភ្នំពេញ។ ការរំលោភ​បំពាន​ទាំងនេះ​ធ្វើ​ឱ្យ​រឿង​នេះ​កាន់តែ​សំខាន់​ដល់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​អនុម័ត​នូវ​ដំណោះស្រាយ​មួយ​ដែល​បង្កើន​ការ​ឃ្លាំមើល​របស់​អង្គការសហប្រជាជាតិ និង​រាយការណ៍​អំពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា​​ដោយ​ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស»។

ក្នុង​សម័យប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​លើក​ទី៤៥ បាន​ស្នើ​ឱ្យអ្នក​រាយ​ការ​ណ៍​ពិសេស និង​ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ធ្វើ​បទ​បង្ហាញ​ពី​ការវាយតម្លៃ​ប្រចាំឆ្នាំ​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ 

យោង​តាម​ការណែនាំ​របស់​ខ្លួន​កាលពី​ថ្ងៃទី៧ ខែកញ្ញា ក្រសួងមហាផ្ទៃ​បាន​ណែនាំ​ទៅ​អាជ្ញាធរ​ឱ្យ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ប្រឆាំង​នឹង​សមាជិក​ក្រុម​យុវជន​ខ្មែរ​ថា​វៈ និង​អង្គការ​មាតា​ធម្មជាតិ​កម្ពុជា ដោយ​ឈរ​លើ​មូលដ្ឋាន​មិន​គាំ​ទ្រ​ថា សកម្មភាព​របស់​ពួក​គេ​បង្កើត​ជា​ការ​ញុះញង់និង​បង្កឱ្យ​មានការ​វឹកវរ​ក្នុង​សង្គម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ