UPDATE៖ អាជ្ញាធរ​​​ចាប់​ខ្លួន​​យុវជន​​សមាគម​​សម្ព័ន្ធ​​និស្សិត​​បញ្ញវន្ត​​ខ្មែរ​​ម្នាក់​​តាម​​ដីកា​​តុលាការ​

ក្រុមអាជ្ញាធរខណ្ឌបានចុះមកត្រួតពិនិត្យនិងរារាំងចំពោះក្រុមពលរដ្ឋដែលមានបំណងធ្វើដំណើរទៅលានប្រជាធិបតេយ្យដើម្បីធ្វើបាតុកម្មសន្តិវិធីទាមទារឱ្យដោះលែងលោក រ៉ុង ឈុន និងសកម្មជនផ្សេងទៀតពាក់ព័ន្ធបញ្ហាព្រំដែន នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

​សមត្ថកិច្ច​រាជធានី​ភ្នំពេញ បាន​ចាប់ខ្លួន​យុវជន​ម្នាក់ជាស​មា​ជិ​កស​មា​គម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​បទញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ក្នុង​សង្គម។

អ្នកនាំពាក្យ​ស្នងការ​ន​គរ​បាល​រាជធានី​ភ្នំពេញ លោក សាន សុខ​សីហា បាន​ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃសុក្រ​នេះ​ថា សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួនយុវជន​ម្នាក់ឈ្មោះ មួង សុ​ភ័ក្រ កាលពី​ម៉ោងជាង៣រសៀល​ម្សិលមិញ នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ដោយ​អនុវត្ត​ទៅតាម​ដីកា​របស់​តុលាការពី​បទ«ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ក្នុង​សង្គម»។ តែ​យ៉ាងណា លោក​ពុំ​បាន​បញ្ជាក់​លម្អិត​ពី​មូលហេតុ​នៃ​ចាប់ខ្លួន​យុវជន​រូប​នេះ​ទេ។

លោក​ថា៖ «នៅពេល​ដែល​យើង​ឃាត់ខ្លួន​តាម​ដីកា គឺ​យើង​តែងតែ​នាំ​បញ្ជូន​ទៅ​តុលាការ អ៊ីចឹង​ទាក់ទង​នីតិ​វិធី​បន្ត​ទៀត យើង​រង់ចាំ​នី​តិ​វិធី​របស់​តុលាការ ខ្ញុំ​សុំ​បញ្ជាក់​ប៉ុណ្ណឹង សូម​សួរ​ទៅ​ខាង​តុលាការ​បន្ត»។

វី​អូ​ឌី នៅ​ពុំ​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពីអ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គុជ គឹម​ឡុង ជុំវិញ​ករណីនេះ​បាន​នៅឡើយ​ទេ នៅ​ថ្ងៃសុក្រ​នេះ។

លោក​ មួង សុ​ភ័ក្រ ជា​យុវជន​ម្នាក់ក្នុងចំណោម​ពលរដ្ឋ​ជិត៥០នាក់ដែល​ព្យាយាម​ទៅ​តវ៉ា​ដោយ​អហិង្សា​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃទី៧ ខែកញ្ញា ដើម្បី​អំពាវនាវ​សុំ​ឱ្យ​មានការ​ដោះលែង​ប្រធាន​សហជីព លោក រ៉ុង ឈុន និង​អ្នកជាប់ឃុំ​ផ្សេងទៀត បើ​ទោះ​អាជ្ញាធរ​រាជធានី​ភ្នំពេញបាន​ប្រកាស​មិន​អនុញ្ញាត។

អនុប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មាន ព្រហ្ម​មុ​ន្នី ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ថ្ងៃទី៦ ខែកញ្ញា ពាក់ព័ន្ធ​នឹង​គម្រោង​ប្រមូល​ផ្តុំ​នេះ​ដែរ និង​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​នៅ​ពន្ធនាគារ ក្រោម​ការ​ចោទ​ពី​បទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍»។ 

លោក មួង សូ​នី ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង​ជា​បងប្រុស​របស់​លោក មួង សុ​ភ័ក្រ ចាត់ទុក​ករណី​ចាប់ខ្លួន​សមាជិក​របស់​ខ្លួន​ថា ​ជា​ការរំលោភ​សិទ្ធិមនុស្ស។

លោក​ថា៖ «រដ្ឋាភិបាល​ដូចជាចិត្តចង្អៀត​ចង្អល់ ហើយ​វា​ឆ្លុះបញ្ចាំង​ថា ​ប្រទេស​យើង​បាន​បាត់បង់​ការគោរព​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យកាន់តែ​ជ្រៅ​ទៅៗ»។ 

អនុប្រធាន​អង្គការ​ការពារ​សិទ្ធិមនុស្ស​លី​កាដ​ូ លោក អំ សំអាត យល់ថា ការ​ចាប់ខ្លួន​និង​ចោទប្រកាន់​យុវជន​ជាង១០នាក់ជាបន្តបន្ទាប់​ពីសំណាក់​អាជ្ញាធរ​រដ្ឋ ពុំ​បាន​ផ្តល់​ផល​ចំណេញ​នោះ​ទេ ប៉ុន្តែ​បែរជា​ធ្វើ​ឱ្យ​កម្ពុជា​រង​នូវ​ការរិះគន់​ពី​សហគមន៍​អន្តរជាតិ​ទៅវិញ។

លោក​ថា៖ «យើង​ឃើញ​ហើយ​ថ្មី​ៗ អ្នករាយការណ៍​ពិសេស​របស់​ឧត្តម​ប្រឹក្សា​អង្គការសហប្រជាជាតិទទួ​លប​ន្ទុ​កសិទ្ធិមនុស្ស​សម្រាប់​កម្ពុជា គេ​សម្ដែង​ការ​ព្រួយបារម្ភនិង​រិះគន់អំពី​ការ​ចាប់ខ្លួន​ជាបន្តបន្ទាប់​ហ្នឹង អីចឹង​ការ​ចាប់ខ្លួន​ហ្នឹង នាំ​ឱ្យ​គេ​កត់សម្គាល់​បន្ថែម​ទៀត​ពាក់ព័ន្ធបញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​យើង។ វា​អត់​ឃើញ​ផល​ចំណេញ វា​ដូច​អត់មាន​ទេ ផ្ទុយទៅវិញ វា​ជា​ការរំលោភ​បំពាន​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ»។

កាលពី​ថ្ងៃពុធ អង្គការ​-សមាគម​ចំនួន៣៦ ក៏បានចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយបង្ហាញ​ការ​សោក​ស្តាយ​ចំពោះ​ការ​ចាប់ខ្លួន និង​ចោទប្រកាន់​ទៅ​យុវជន​វ័យក្មេង​ជាបន្តបន្ទាប់ពីសំណាក់​អាជ្ញាធរ​រដ្ឋ ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ។ អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ទម្លាក់​ចោល​បទចោទប្រកាន់ បញ្ឈប់​ការ​បំភិតបំភ័យ និង​បង្ក្រាប​លើ​ក្រុម​យុវជន​ដែល​ជាស​កម្ម​ជន​សិ​ទិ្ធ​មនុស្សនិង​បរិស្ថាន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ