តុលាការ​ខេត្ត​​កំពត​ ផ្តន្ទា​​ទោស​​ស្ត្រី​​ម្នាក់​​​ដាក់​​ពន្ធនា​គារ​៥​ឆ្នាំ​ពី​​បទ​​រួម​គំនិត​ក្បត់​​ជាតិ​​

ទិដ្ឋភាពនៅពីមុខសាលាដំបូងខេត្តកំពត កាលពីពេលកន្លងទៅ។ (ហ្វេសប៊ុក៖ សាលាដំបូងខេត្តកំពត Kampot provincial court of the first instance)

សាលាដំបូង​ខេត្តកំពត កាលពី​ថ្ងៃម្សិលមិញ បាន​ផ្តន្ទា​ទោស​ស្ត្រី​អតីត​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់ដាក់​ពន្ធនាគារ៥ឆ្នាំ ពី​បទ«រួមគំនិតក្បត់​ជាតិ»។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តកំពត បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃទី២៥ ខែសីហា សាលាដំបូង​ខេត្ត បាន​បើក​សវន​ាការ​ជំនុំជម្រះ​លើ​សំណុំរឿង​ព្រហ្មទណ្ឌដែល​មាន​ជនជាប់ចោទឈ្មោះ ប៉ែន មុំ អាយុ៣៩ឆ្នាំ ពី​បទ «រួមគំនិតក្បត់​ជាតិ» ពាក់ព័ន្ធ​នឹង​អង្គហេតុការ​កៀរ​គរនិង​បំផុសប្រជាជន​ឱ្យ​ចូលរួម​ក្នុង​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួល​រំលំ​រដ្ឋាភិបាល ដែល​ដឹកនាំនិង​ចាត់តាំង​អនុវត្ត​ដោយលោក ​សម រង្ស៊ី។

អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត បាន​បន្ត​ថា នៅពេល​ប្រកាស​សាលក្រម​កាលពី​ថ្ងៃម្សិលមិញ តុលាការ​បានសម្រេច​ផ្តន្ទា​ទោសឈ្មោះ ប៉ែន មុំ ដាក់​ពន្ធនាគារ៥ឆ្នាំ ពី​បទ «រួមគំនិតក្បត់​ជាតិ» ប្រព្រឹត្ត​នៅ​ភូមិ​ទឹកក្រហម ឃុំ​កណ្តោល ស្រុក​ទឹកឈូ ខេត្តកំពត កាលពី​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

អ្នកនាំពាក្យបាន​បញ្ជាក់​ថា ក្រោយពី​ការប្រកាស​សាលក្រម ស្ត្រី​រូប​នោះត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​កំពត​ភ្លាម​ៗផង​ដែរ ទៅតាម​ដីកា​បង្គាប់​របស់​តុលាការ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ