អ្នក​ជំនាញ​​សិទ្ធិ​មនុស្ស​ UN​ ថា​កំពុង​​តាម​ដាន​​ស្ថាន​ភាព​​សិទ្ធិ​មនុស្ស​​«យ៉ាង​​ដិត​ដល់​​នៅ​​កម្ពុជា»​

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន​នៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ក្នុងរាជធានីភ្នំពេញ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ ជន ចាន់រ៉ែន)

អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ អ្នកស្រី រ៉ូ​ណា ស្មី​ត និយាយ​ថា អ្នកស្រី​កំពុង​តាមដាន​យ៉ាង​ដិតដល់​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា ខណៈ​អ្នក​តវ៉ា​ដោយសន្តិវិធី​មួយចំនួន​រួម​ទាំង​ព្រះសង្ឃ​ផង ត្រូវ​អាជ្ញាធរ​កម្ពុជា​ចាប់ខ្លួន​ជាបន្តបន្ទាប់​នា​ពេល​ថ្មី​ៗនេះ។

អ្នកស្រី រ៉ូ​ណា ស្មី​ត បាន​និយាយលើ​ទំព័រ​ហ្វេសប៊ុក​​កាលពី​ថ្ងៃអង្គារ​ម្សិលមិញ​ថា អ្នកស្រី​មានការ​ព្រួយបារម្ភ​ករណី​ចាប់ខ្លួន​សកម្មជន​បរិស្ថាន​ចំនួន​បី​រូប ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​បង្កើត​ភាព​វឹក​វរក្នុង​សង្គម»។

អ្នកស្រី រ៉ូណា ស្មី​ត បន្ត​ថា បុគ្គល​មួយចំនួន​ទៀត រាប់ទាំង​ព្រះសង្ឃ​មួយ​អង្គ​ផង ក៏​ត្រូវ​បាន​ចាប់ខ្លួននិង​ឃុំខ្លួន​ចាប់តាំងពី​ថ្ងៃសុក្រ​សប្តាហ៍​មុន​មក។ 

អ្នកជំនាញ​សិទ្ធិ​មនុស្សរបស់​អង្គការ​សហប្រជាជាតិ ក្រើន​រំឭក​ថា សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ បង្កើត​សមាគម និង​ការ​ជួបជុំ​ដោយសន្តិវិធី ត្រូវ​បានការ​ពារ​ដោយ​គោលការណ៍​សិទ្ធិមនុស្ស​អន្តរជាតិ ក៏ដូចជា​រដ្ឋធម្មនុញ្ញ​កម្ពុជា។

អ្នកស្រី​ថា លើកទឹកចិត្ត​ដល់​អាជ្ញាធរ​កម្ពុជា​ឱ្យ​ធានា​សិទ្ធិ​ទាំងនេះ ហើយ​បង្កើត​បរិយាកាស​មួយ​ដែល​បុគ្គល​ម្នា​ក់ៗ​អាច​អនុវត្ត​សិទ្ធិ​ទាំងនេះ​បាន​ឡើងវិញ។

អ្នកស្រី រ៉ូ​ណា ស្មី​ត ថា៖ «ខ្ញុំ​កំពុង​តាមដាន​ព្រឹត្តិ​ការណ៍​ទាំងនេះយ៉ាង​ដិតដល់​នៅក្នុង​ប្រទេស​កម្ពុជា»។

កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ ក្រសួងមហាផ្ទៃ​បាន​បញ្ជា​ទៅ​អាជ្ញាធរ​ឱ្យ​ចាត់វិធានការ​ក្រុម​យុវជន​ខ្មែរ​ថាវរៈ និង​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ ដោយ​ចាត់ទុកថា ការ​ចេញ​តវ៉ា​របស់​ពួក​គេជា​ការ​ញុះញង់​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈនិង​បង្ក​ភាព​ចលាចល​វឹកវរ​ក្នុង​សង្គម។

គិត​ត្រឹម​ដើមខែ​កញ្ញា​នេះ​មក មនុស្ស៩នាក់​ហើយត្រូវ​បាន​ចាប់ខ្លួននិង​ដាក់​ឃុំ មាន​ទាំង​ព្រះសង្ឃ កើត សារ៉ាយ ផង ត្រូវ​បាន​ផ្សឹក​ក្រោម​បទ «ញុះញង់​ឱ្យ​បង្ក​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម»។

តំណាង​កម្ពុជា​នៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ បាន​និយាយ​ក្នុង​លិខិត​ចុះ​ថ្ងៃទី៨ ខែកញ្ញា​នេះ​ថា ការ​លើកឡើង​របស់​អ្នកស្រី រ៉ូ​ណា ស្មី​ត ជា​ការ​ទទួល​បាន​របាយការណ៍​មិន​គ្រប់ជ្រុងជ្រោយ។

តំណាង​ជាន់ខ្ពស់​របស់​កម្ពុជា រៀបរាប់​ថា៖ «ការអនុវត្ត​ច្បាប់​នៅ​ប្រទេស​កម្ពុជា​ដែល​សំដៅ​ការពារ​ពលរដ្ឋ​គោរពច្បាប់ និង​ធានា​សន្តិភាព សណ្ដាប់ធ្នាប់​សង្គម និង​សុខភាព​សាធារណៈ​សម្រាប់​បុគ្គល​គ្រប់រូប»។

អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កត្តា អ៊ន បាន​ច្រានចោល​ការ​លើកឡើង​របស់​អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ដោយ​ថា រដ្ឋ​ធម​្មនុញ្ញ​កម្ពុជា​បាន​ធានា​សិទ្ធិ​បញ្ចេញមតិ ប៉ុន្តែច្បាប់​កំពូល​នេះ​ក៏បាន​ចែង​ពី​ដែន​កំណត់​នៃ​សេរីភាព​ដែរ។

ផ្ទុយទៅវិញ លោក​ចោទ​ថា ក្រុម​អ្នក​តវ៉ា​ទាំងនោះចេញ​ធ្វើសកម្មភាព​ឱ្យ​មាន​រូបភាព​ប៉ះទង្គិច​ជាមួយ​អាជ្ញាធរ ហើយ​យក​រូបភាព​នេះធ្វើជា​ការ​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​មហាជន បម្រើ​ផលប្រយោជន៍​ឱ្យ​ក្រុមប្រឆាំងដែល​កំពុង​ត្រៀម​ធ្វើនយោបាយ​ឡើងវិញ។

លោក កត្តា អ៊ន ប្រាប់​ថា៖ «ពីព្រោះ​កម្ពុជា​យើង​សព្វថ្ងៃ​នេះ​កំពុង​មាន​ចរន្ត​ពីអ​តី​តគណបក្ស​ប្រឆាំង ដូច្នេះហើយ​ក្រុម​របស់​ពួក​គាត់​រៀប​សេ​ណា​រី​យ៉ូ ដើម្បី​ប្រកួតប្រជែង​ប្រជាប្រិយ​ភាព គណបក្ស​ទៅ​ថ្ងៃមុខ»។

អ្នកនាំពាក្យ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​រូប​នេះ អះអាង​ទៀត​ថា សារ​ជំរុញ​ណាមួយ​ក្រោម​ហេតុ​ផល​សិទ្ធិ​មនុស្ស មិន​ឆ្លុះបញ្ចាំង​ការពិត​របស់​កម្ពុជា មិន​មាន​សម្ពាធ​អ្វី​ដល់​ការសម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ទេ។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុ​ក ឆាយ៉ា​វី ដែល​ចូលរួម​ដាក់​ញត្តិ​ទៅ​ស្ថានទូត​នា​នា​ប្រ​ឆាំ​កម្ពុ​ជា​ថ្មី​ៗនេះ បាន​និយាយ​ថា ក្រុម​អ្នក​តវ៉ា​មិន​ជាប់ពាក់ព័ន្ធ​រឿង​នយោបាយ​ទេ តែ​អ្នកស្រី​ថា អ្វី​ដែល​បង្ខំចិត្ត​ឱ្យ​ពួក​គេ​ចេញ​តវ៉ា​ប្រឈម​នឹង​ការ​បង្ក្រាប​​របស់​អាជ្ញាធរ​នោះ គឺ​ចង់ឱ្យ​រដ្ឋាភិបាល​ធានា​យុត្តិធម៌​សង្គម។

អ្នកស្រី អ៊ុ​ក ឆា​យ៉ា​វី ប្រាប់​ថា៖ «សមាគម​មើលឃើញ​ថា ការដែល​រដ្ឋាភិបាល​ធ្វើកន្លង​មក ​ជា​ការរំលោភ​សិទ្ធិមនុស្ស ការ​គំរាមកំហែង។ អ៊ីចឹង សមាគម​ត្រូវតែ​ធ្វើ​យ៉ាងណា​ឱ្យ​ផ្តល់​យុត្តិធម៌​ដល់​អ្នក​ដែល​អត់មាន​កំហុស​អី តែ​ត្រូវ​អាជ្ញាធរ​ចាប់»។

មន្ត្រី​ជាន់ខ្ពស់​នៅ​សមា​គម​អាដ​ហុក​ការពារ​សិទ្ធិមនុស្ស លោក នី សុខា និយាយ​ថា រដ្ឋាភិបាល​គួរ​ដល់ពេល​ទទួ​លយ​កការពិត ហើយ​ជំរុញ​ការ​ធ្វើ​កំណែទម្រង់ ដើម្បី​បញ្ចៀស​កម្ពុជា​ពី​ទណ្ឌកម្ម​សហគមន៍​អន្តរជាតិ ដែល​លោក​ថា ការ​ច្រានចោល​មតិ​រិះគន់​ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស បាន​បង្ហាញ​លទ្ធផល​នាំទៅ​ដល់​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០ភាគរយ​ពី​សហភាព​អឺរ៉ុប។

លោក នី សុខា ប្រាប់​ថា៖ «ការ​ច្រានចោល​លទ្ធផល​របស់​វា វា​អត់​បាន​លទ្ធផល វា​គ្មាន​អី​ជា​ការ​រីកចម្រើន​សម្រាប់​ប្រទេស​យើង​ទេ វា​ធ្វើ​ឱ្យ​កម្ពុជា​ប្រាសចាក​ពី​គន្លង​ប្រជាធិបតេយ្យ​ឆ្ងាយ​ទៅៗ ហើយ​អ្នក​ដែល​ទទួលផល​លំបាក​គឺ​ប្រជាពលរដ្ឋ​ខ្មែរយើង​ហ្នឹងហើយ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ