យុវជន​​ម្នាក់​​នៅ​​ខេត្ត​សៀមរាប​​ត្រូវ​​សមត្ថ​កិច្ច​​ចាប់​ខ្លួន​​ជុំវិញ​​បទ​ចម្រៀង​​បរិយាយ​​ពី​​បញ្ហា​​ព្រំដែន​​

យុវជន គា សុគុណ។ (ហ្វេសប៊ុក៖ Sokun Club)

ក្រុម​គ្រួសារ​របស់​យុវជន​ម្នាក់​ដែល​ជា​អ្នក​ចម្រៀង​រ៉េ​ប បាន​អះអាង​ថា កូនប្រុស​របស់​គាត់ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួននិង​បញ្ជូន​ទៅ​ឃុំ​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្តសៀមរាប​កាលពី​សប្ដាហ៍​មុន បន្ទាប់ពី​ចេញ​បទចម្រៀង​ដែល​បរិយាយ​អំពី​បញ្ហា​ព្រំដែន។

លោក ផល គា ដែល​ជា​ឪពុក​របស់​យុវជន គា សុ​គុណ អាយុ២២ឆ្នាំ ម្ចាស់​បទ​ចម្រៀង​រ៉េ​ប«ដីខ្មែរ» បាន​រៀបរាប់​ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា បុរស៥នាក់​ស្ថិត​ក្នុង​សម្លៀកបំពាក់​ស៊ីវិល បាន​ធ្វើដំណើរ​ទៅផ្ទះ​របស់​គាត់ ហើយ​ប្រាប់​ថា ទៅ​ហៅ​កូនប្រុស​គាត់​ទៅ​ថត​ការ​នៅ​ខេត្ត​កាលពី​ថ្ងៃទី៤ ខែកញ្ញា ដោយ​សន្យា​ផ្ដល់​ប្រាក់៤០០ដុល្លារ​ក្នុង​មួយថ្ងៃ។

លោក ផល គា ប្រាប់​បន្ត​ថា កូនប្រុស​គាត់​ក៏​ទៅតាម​ រហូតដល់​ម៉ោង​ជិត៧យប់​នៅ​ថ្ងៃ​ដដែល​នោះ កូន​របស់​គាត់​ខល​មក​ប្រាប់​ថា ខ្លួន​កំពុង​នៅ​ស្នងការ​ខេត្ត​វិញ។

លោក ផល គា ប្រាប់​ថា៖ «ខ្ញុំ​ក៏​ឱ្យ​កូន​ទៅ រហូតដល់​ល្ងាច​ម៉ោង​ជិត៧ វា​បាត់​ដំណឹង ទៅ​ថត​ណា បាន​ថ្មើរ​ហ្នឹង​មិនទាន់​មកដល់។ ខល​ទៅ៣ទៅ៤ដង គេ​មិន​លើក​ទេ។ ដល់ពេល​មួយសន្ទុះ វា​ខល​មកវិញ វា​ប្រាប់​ថា វា​នៅ​ស្នងការ​ខេត្ត។ អ៊ីចឹង ម៉ែ​វា! ចុះ​ហ្អែងទៅ​ធ្វើ​អី​ស្នងការ​ខេត្ត វា​ប្រាប់​ថា គេ​ចោទ​វា​ពី​បទចម្រៀង​អីណា។ គេ​ឃាត់ ឥលូវគេ​យក​ទៅ​ដាក់​ដល់​ពន្ធនាគារ​បាត់​ហើយ»។

លោក ផល គា ឱ្យដឹង​ទៀត​ថា កូនប្រុស​របស់​លោក​បាន​ប្រាប់​លោក​តាម​ទូរសព្ទ​ថា សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​កូនប្រុស​លោក​ទៅ​ឃុំ​នៅ​ពន្ធនាគារ​នៅ​ថ្ងៃទី៥ ខែកញ្ញា ពាក់ព័ន្ធ​នឹង​ចម្រៀង​បទ​«ដីខ្មែរ»ដែល​កូនប្រុស​របស់​លោក​បាន​ច្រៀង ហើយ​បង្ហោះ​តាម​បណ្ដាញ​សង្គម។

បុរស​រូប​នេះ អះអាង​ថា កូនប្រុស​របស់​លោក​បាន​និពន្ធ​បទចម្រៀង​នោះ​ដោយខ្លួនឯង ហើយ​មិនបាន​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ​ណាមួយ​ឡើយ។

លោក ផល គា ប្រាប់​ថា៖ «សួរ​ស្នងការ គេ​និយាយ​តែ​ពី​រឿង​ច្រៀងបទចម្រៀង​ប៉ះពាល់​ដល់​សង្គម​គេ។ ខ្ញុំ​សួរ​វា​[កូន​]ដែរ វា​ថា គេ​សួរ​តែ​ពី​ចម្រៀង​ថាតើមាន​អ្នកណា​នៅ​ពីក្រោយខ្នង អ្នកណា​ប្រើ​ឱ្យធ្វើ ធ្វើ​ឱ្យ​អ្នកណា កូន​ឯង​កាន់​គណបក្ស​ណា ហើយ​វា​មាន​កាន់​គណបក្ស​ណា វា​មិនដែល​បោះឆ្នោត​ផង​ហ្នឹង។ វា​មិនដែល​ទៅកាន់​គណបក្ស​ណា វា​ច្រៀង​តាម​យូ​ធូប​រហូត។ វា​ច្រៀង​បាន​លុយ​ចូល​កុង​វា។ ដល់​បទ​ហ្នឹង វា​ប៉ះពាល់​គេ វា​ល្បី​ពេក គេ​តាម​ចាប់​វា។ គេ​មក​អញ្ជើញ មក​ជួល​ត្រឹមត្រូវ តាម​ពិ​តអញ្ជើញ​ទៅ​ស្នងការ​សោះ»។

ស្នងការ​ដ្ឋាន​នគរបាល​ខេត្តសៀមរាប លោក ទិត្យ ណា​រ៉ុង ប្រាប់​ថា លោក​ជាប់រវល់​ប្រជុំ ខណៈ​ស្នងការ​រង លោក ភឹង សម្បត្តិ សុំ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ទេ ដោយ​លោក​រុញ​ឱ្យទៅ​សួរ​ស្នងការ​រង​ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ លោក ភឹង ចិន្ដា​រ៉េ​ត ដែល​ជា​អ្នកធ្វើ​កិច្ចការ​ងារ​នេះ។

លោក ភឹង ចិន្ដា​រ៉េ​ត ប្រាប់​ថា លោក​មិនទាន់​ទទួល​បាន​របាយការណ៍​ពាក់ព័ន្ធ​នឹង​រឿង​ចាប់ខ្លួន​យុវជន គា សុ​គុណ នៅឡើយ​ទេ។

លោក ភឹង ចិន្តា​រ៉េ​ត ប្រាប់​ថា៖ «ចាំ​មើល​ខ្ញុំ​សួរ​សិន ដូច​មិនទាន់​មាន​ទេ មិនទាន់​មាន​សេចក្ដីរាយការណ៍​អី​មក​ខ្ញុំ​ផង។ បើ​មាន​ ខ្ញុំ​ឆ្លើយតប​មកវិញ»។

អ្នកនាំពាក្យ​សាលាដំបូង​ខេត្តសៀមរាប លោក យិន ស្រាង បាន​ប្រាប់​ថា យុវជន គា សុ​គុណ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​«ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រ​ិដ្ឋ​ជាអាទិ៍»

លោក យិន ស្រាង ប្រាប់​ថា៖ «គេ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា៤៩៤ និង​មាត្រា៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ»។

បទ​ចម្រៀង​រ៉េ​ប «ដីខ្មែរ» ដែល​មាន​រយៈពេល៣នាទី២៦វិនាទី ត្រូវ​បាន​បង្ហោះ​ចូល​លើ​ឆា​ណែលយូ​ធូប​ឈ្មោះ KEA SOKUN កាលពី​ថ្ងៃទី២៦ ខែមេសា​កន្លងមក​នេះ ដោយមាន​អ្នក​ចូល​ទស្សនា​ជិត២៧ម៉ឺន៧ពាន់​ដង។ បទចម្រៀង​នេះក៏​ត្រូវ​បាន​ចែកចាយ​ទៅ​បណ្ដាញ​សង្គម​ផ្សេងទៀត​ផង​ដែរ។

បទចម្រៀង​នេះមានខ្លឹមសារ​ថា៖ «បើ​យើង​អស់​ដី​ គ្មានអ្វី​នៅ​ទៀត​ទេ កុំ​រវល់​តែ​ផឹកស៊ី ប្រយ័ត្ន​តែ​ផែនទី​នៅ​លើ​គេ សាសន៍​មួយចំនួន​កំពុងតែ​ឈ្លានពាន​ពេល​ដែល​យើង​បាក់​សាមគ្គី​ គេ​នឹង​មក​ទន្ទ្រាន។ ស្ដាប់​ខ្ញុំ​ឱ្យ​ជាក់​ ភ្ញាក់​ពី​ដំណេក​មក យើង​គឺជា​វីរបុរស​យក​ខ្នោះ​ទៅ​ចាប់ចោរ​ កម្ទេច​ពួក​កេង​ប្រវ័ញ្ចដាក់គុកហើយ​ចាក់សោ​រ វ៉ៃយក​សេរីភាព​កុំ​ខ្លាច​កុំ​ឆោ​ឡោ»។

បើ​តាម​ឪពុក​យុវជន គា សុ​គុណ អះអាង​ថា កូនប្រុស​របស់​លោក​បាន​ឈប់​រៀន​តាំងពី​ថ្នាក់​ទី៩មក​ម៉្លេះ លោក​បញ្ជាក់​ថា ចាប់តាំងពី​ឈប់​រៀន​មក កូនប្រុស​របស់​លោក​ក៏​ផ្ដើម​និពន្ធ​បទចម្រៀង​ខ្លួនឯង​ហើយ​ច្រៀង​បង្ហោះ​តាម​យូ​ធូប​តែម្ដង។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លី​កាដ​ូ លោក អំ សំអាត ប្រាប់​ថា ការ​ចាប់ខ្លួន​យុវជន គា សុ​គុណ នេះ ធ្វើឡើង​ស្រប​ពេល​ដែល​អាជ្ញាធរ​បាន​ចាប់ខ្លួន​យុវជន​ជាបន្តបន្ទាប់។ លោក​ចាត់ទុក​បទចម្រៀង​របស់​យុវជន​រូប​នេះ​ថា គ្រាន់តែ​សិល្បៈនិង​ការ​បញ្ចេញមតិ​តែប៉ុណ្ណោះ។

លោក អំ សំអាត ប្រាប់​ថា៖ «មួយទៀត​ ចម្រៀង​នេះមាន​រយៈពេល៤ខែ [ផុស​រយៈពេល៤ខែ​]។ អ៊ីចឹង យើង​ឃើញថា ស្រប​ពេល​ដែល​មានការ​ចាប់ខ្លួន​យុវជន​ជាបន្តបន្ទាប់ បាន​ជា​មានការ​ចាប់ខ្លួន​យុវជន គា សុ​គុណ។ អ៊ីចឹង យើង​មើលទៅ​ហាក់ដូចជាសេរីភាព​នៅក្នុង​ការ​បញ្ចេញមតិ​របស់​គាត់​ហ្នឹង ត្រូវ​បាន​រំលោភបំពាន ដែល​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញនិង​បទដ្ឋាន​អន្តរជាតិ​ស្ដីពី​សិទ្ធិមនុស្ស។ ខ្ញុំ​គិតថា មិន​គួរណា​ចាប់​ឃុំខ្លួន​គាត់ដោយសារ​បទចម្រៀង​ទេ ព្រោះ​នេះ​ជា​ស្នាដៃ​សិល្បៈ»។

សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន ដែល​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា​ផង​ដែរ​នោះ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ចោទប្រកាន់​ពី​បទ​«ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍» និង​បញ្ជា​ឱ្យ​ដាក់​ឃុំ​នៅ​ពន្ធនាគារ​បណ្ដោះអាសន្ន​កាលពី​ថ្ងៃទី១ ខែសីហា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ