មនុស្ស​៤​នាក់​​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​ខណៈ​ពួក​​គេ​​គ្រោង​ប្រមូល​​ផ្តុំ​នៅ​ទី​លាន​​ប្រជា​ធិប​​តេយ្យ​​

ព្រះតេជគុណ កើត សារ៉ាយ។ (Khmer Thavrak – ខ្មែរថាវរៈ)

យុវជន​​និងព្រះសង្ឃចំនួន​៤អង្គ-នាក់ ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញចាប់​ឃាត់​ខ្លួនក្នុងរយៈពេល​ពីរថ្ងៃ​នេះ ស្រប​ពេល​ដែលពួកគេ​មាន​បំណង​​ទៅ​ប្រមូល​ផ្តុំនៅទីលាន​​ប្រជាធិបតេយ្យ ដើម្បី​សម្តែងមតិនិង​អំពាវនាវ​ឱ្យ​មានការដោះលែង​​អ្នកជាប់ឃុំពាក់ព័ន្ធនឹង​រឿងព្រំដែន។

តាមគម្រោង ក្រុមពលរដ្ឋ​សកម្មដើម្បីយុត្តិធម៌ គ្រោង​​ធ្វើបាតុកម្មនៅទីលានប្រជាធិប​តេយ្យ ចាប់​​​ពីថ្ងៃទី៧ដល់​​ថ្ងៃ​ទី១៥ ខែកញ្ញា ដើម្បីទាមទារឱ្យមានយុត្តិធម៌នៅក្នុងសង្គម និង​​ទាមទារ​ឱ្យដោះលែង​​​លោក រ៉ុង ឈុន សមាជិកក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និងមនុស្ស​៤នាក់ទៀតដែលជាប​់ពន្ធនាគារ​បណ្តោះអាសន្នពាក់ព័ន្ធនឹង​រឿង​ព្រំដែន។

កាលពីថ្ងៃ​មិ្សលមិញ​ សមត្ថកិច្ច​បាន​ចាប់​​ខ្លួន​លោក មាន ព្រហ្មមុនី និង​ព្រះតេជគុណ កើត សារ៉ាយ តំណាង​​ក្រុម​ពលរដ្ឋ​សកម្ម​ដើម្បីយុត្តិធម៌​ និង​​លោក គង់ សំអាន អតីតប្រធាន​ប្រតិបត្តិ​គណ​បក្សសង្គ្រោះជាតិ​ខេត្តត្បូងឃ្មុំ។

យុវជនខ្មែរថាវរៈ កញ្ញា សូ មេត្តា បាន​ឱ្យដ​ឹងថា នៅថ្ងៃនេះ យុវជនម្នាក់ទៀតឈ្មោះ​ ថា ឡាវី ត្រូវសមត្ថកិច្ចបានចាប់ខ្លួន​ ខណៈដែលលោកកំពុងធ្វើដំណើរ​ទៅទីលានប្រជាធិប​តេយ្យ ដើម្បី​​ចូលរួមតវ៉ាជាមួយយុវជននិងប្រជាពលរដ្ឋផ្សេងទៀត ទាមទារឱ្យមានយុត្តិធម៌នៅក្នុងសង្គម។

កញ្ញាបាន​​ចាត់ទុកការ​ចាប់ខ្លួនយុវជនរូបនេះ ថា​ជាការបំបិទសិទ្ធិសេរីភាពសម្តែងមតិរបស់ពលរដ្ឋ។

កញ្ញាថា៖ «គាត់[សមត្ថកិច្ចខណ្ឌ​​​]ចាប់ចងគ្នាខ្ញុំម្នាក់ព្រឹក​មិញហើយ​​ មិន​ឱ្យ​យើងមានមាត់​​និយាយ ដូច្នេះ​តើឯណាទៅសិទ្ធិសេរីភាពប្រជាពលរដ្ឋ​​ ហើយ​នេះជាទីសាធារណៈរបស់ប្រជាពលរដ្ឋ ខ្ញុំសុំសួរថា ​ហេតុអ្វីយើង​ម​កសម្តែង​មតិ​មិនបាន មកដាក់កងកម្លាំងរារាំងពួក​យើង ហើយ​​​រុញច្រានពួកយើងទៀត»។

នៅទីលានប្រជាធិបតេយ្យក្នុង​ខណ្ឌឫស្សីកែវ ដែលក្រុមយុវជននិងប្រជាពលរដ្ឋ​​ជិត​​៥០​នាក់ គ្រោងទៅសម្ដែងមតិនៅថ្ងៃ​នេះ ក៏​ត្រូវ​បាន​កម្លាំងសមត្ថកិច្ច​ជាច្រើន​នាក់ដាក់របាំង​ហ៊ុមព័ទ្ធនិង​​រារាំងពួកគេមិនឱ្យចូលជិត​ឡើយ។

សមាជិក​សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្ត លោក មួង សុភ័ក្រ ដែល​បានចូលរួមតវ៉ា បានលើក​​​ឡើងថា ការដែលពួកគាត់ទៅប្រមូល​ផ្តុំនៅទីលាន​ប្រជាធិបតេយ្យ​នោះ ក្នុង​គោល​បំណង​បញ្ចេញ​​មតិ ​និងអប់រំផ្នែកច្បាប់​និង​សិទ្ធិសេរីភាព​ដល់​ប្រជាពលរដ្ឋ ដោយ​ពុំ​មានការ​ស្រែកទាម​ទារ​​ឱ្យ​ដោះលែង​នរណាម្នាក់​​ឡើយ។​

លោកបន្ត​ថា៖ «​យើង​ចង់បាន​​សេរីភាព យើងត្រូវតែ​ទាមទារ​ឱ្យ​រដ្ឋាភិបាលគោរព​សន្ធិសញ្ញា​ទីក្រុង​​ប៉ារីស និង​កតិកា​សញ្ញាស្តីពីសិទ្ធិ​មនុស្សរបស់​អង្គការ​សហប្រជាជាតិ​ និងច្បាប់​រដ្ឋធម្មនុញ្ញ​ដែល​ចែងក្នុងមាត្រា​៣៥ថា​ ពលរដ្ឋ​ទាំងអស់គឺមានសិទ្ធិបញ្ចេញ​មតិទាម​ទារនូវ​អ្វី​ដែល​ខ្លួន​ពេញ​​ចិត្ត​ឬ​មិន​ពេញ»។

អ្នកនាំពាក្យ​ស្នងការនគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា មានប្រសាសន៍ថា ការចាប់ខ្លួនអ្នកទាំង៤​នាក់​នេះគឺធ្វើតាមដីការបស់តុលាការ​​សាលាដំបូង​រាជធានីភ្នំពេញ​។

លោកថា៖ «អ្នកទាំង៤ត្រូវបានចោទប្រកាន់ពីបទ “ញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម” ហើយពួកគេត្រូវបានបញ្ជូនខ្លួនទៅតុលាការអស់ហើយ»។

ពាក់ព័ន្ធនឹង​ករណីនេះដែរ ក្រសួងមហាផ្ទៃបានចេញសេចក្ដីប្រកាសមួយនៅថ្ងៃចន្ទនេះ ដោយ​ស្នើទៅអាជ្ញាធរឱ្យ​​ចាត់វិធានការតាមផ្លូវ​ច្បាប់​ចំពោះក្រុមយុវជនខ្មែរថាវរៈនិងក្រុមយុវជនចលនា​​មាតាធម្មជាតិ ដោយលើកហេតុ​ផល​ថា ពួកគេបាន​ធ្វើសកម្ម​ភាពដែល​មាន​ចរិតបំផុស ញុះ​ញង់ធ្វើឱ្យប៉ះពាល់​ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបង្កភាពចលាចលវឹកវរក្នុងសង្គម។

ក្រសួង​បានបន្ថែមថា ក្រុម​យុវជនទាំងនោះក៏បានធ្វើសកម្មភាពក្រោមរូបភាពដែលមានអង្គការ​ចាត់​តាំង​ច្បាស់​លាស់ និងមិន​បានចុះឈ្មោះក្នុង​បញ្ជីសមាគមនិងអង្គការមិន​មែនរដ្ឋាភិបាលនៅក្រសួងមហាផ្ទៃឡើយ។ ករណីនេះ ក្រសួង​ក៏អំពាវនាវដល់ប្រជាពល​រដ្ឋកុំចូលរួម​ក្នុងសកម្មភាពខុសច្បាប់របស់ក្រុមទាំងពីរនេះ​ផងដែរ។

កាលពីថ្ងៃទី២ ខែកញ្ញា រដ្ឋបាល​រាជធានីភ្នំពេញ បាន​បញ្ជាក់ហើយថា ការ​ស្នើសុំធ្វើបាតុ​កម្ម​ដោយ​អហិង្សា​ដើម្បីទាមទារ​រកយុត្តិធម៌សង្គម​នេះ អាជ្ញាធរមិនអនុញ្ញាត​ឱ្យ​ធ្វើនោះទេ ដោយ​សារ​​​តំណាងអ្នកដឹកនាំបាតុកម្ម​មិន​អាចកំណត់​សមាសភាពនិងចំនួន​អ្នកចូលរួមបាន​ច្បាស់​លាស់ ដែលអាចបង្ក​គ្រោះថ្នាក់ណាមួយ ឬនឹងអាចប៉ះពាល់ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​និងសណ្តាប់​ធ្នាប់សង្គម ខណៈការអំពាវនាវពួកគេតាមបណ្តាញសង្គមក៏មាន​ចរិតបំផុស​ញុះញង់​ឱ្យ​ប្រឆាំង​ជាមួយនឹងដំណើរការ​នីតិវិធីតុលាការ​ផងដែរ។​

​អ្នកនាំពាក្យ​រដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានបញ្ជាក់បន្ថែមថា បើក្រុម​យុវជន​ទាំងនោះនៅតែ​ជួបជុំគ្នាសម្តែងមតិ​មិនស្របតាមច្បាប់ ពួកគេនឹង​ប្រឈមនឹង​វិធានការរបស់​អាជ្ញាធរដែលធ្វើឡើងដើម្បីការ​ពារ​សន្តិសុខនិងសណ្តាប់​ធ្នាប់​សាធារណៈ។

នាយិកាប្រតិបត្តិនៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក​ស្រី ចក់ សុភាព យល់ថា ការរារាំងនិងការចាប់ខ្លួនយុវជននិងប្រជាពលរដ្ឋជាបន្តបន្ទាប់នោះ ជាការរឹតត្បិតសេរីភាពក្នុងការជួបជុំ បញ្ចេញមតិដែលផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញកម្ពុជា។

លោកស្រីបានថ្លែង​ថា៖ «ការដែលចាប់ខ្លួនជាបន្តបន្ទាប់ ការទប់ស្កាត់រាល់ពលរដ្ឋគ្រាន់តែចង់ សម្ដែងមតិ ការជួបជុំដោយសន្តិវិធី ដែលត្រូវធានានៅក្នុងច្បាប់នេះ បែរជាត្រូវបានរំខាន ត្រូវបានចោទប្រកាន់ លាបពណ៌ផ្សេងៗ រហូតមានការចោទប្រកាន់ពីបទញុះ​ញង់​អីជាដើមហ្នឹង។ អ៊ីចឹងយើងមើលទៅរដ្ឋាភិបាលមិនបានចង់ស្ដាប់ចង់ឮនូវកង្វល់ ចង់ដោះស្រាយបញ្ហាប្រជាពលរដ្ឋចង់ឱ្យរដ្ឋាភិបាលដោះស្រាយនោះទេ។ នេះបង្កនូវបរិយា​កាសមួយដែលធ្វើឱ្យមើលឃើញថា រដ្ឋាភិបាលចាត់ទុកប្រជាពលរដ្ឋជាសត្រូវ ដែលទាំងអស់នេះមិនគួរកើតឡើងទេ»។

កាលពីថ្ងៃអាទិត្យនិងនៅថ្ងៃចន្ទនេះ ចលនានិសិ្សតដើម្បីលទ្ធិ​ប្រជាធិបតេយ្យនិងក្រុមប្រឹក្សា​ឃ្លាំមើលកម្ពុជាដែលមានមូលដ្ឋាន​នៅក្រៅប្រទេស​​ ក៏បានចេញសេចក្តីថ្លែងការណ៍ព្រម​ៗគ្នា​កាលពីថ្ងៃអាទិត្យនិង​ថ្ងៃចន្ទនេះ ដោយបាន​​​​ថ្កោល​ទោស​រដ្ឋាភិបាល​កម្ពុជាដែល​ចាប់ឃាត់​ខ្លួន​សកម្ម​ជនពលរដ្ឋ​សកម្មដើម្បីយុត្តិធម៌និង​ក្រុមយុវជនចលនាមាតា​ធម្ម​ជាតិ​​​ទាំងនោះ។

អង្គភាពទាំងពីរនេះបាន​ទាម​ទារ​​ឱ្យ​រដ្ឋាភិបាលនិង​តុលាការ​កម្ពុជាដោះលែង​សកម្មជន​ទាំងអស់ ដោយគ្មានលក្ខខណ្ឌ​ រួម​ទាំងលោក រ៉ុង ឈុន យុវតី ឈឿន ដារ៉ាវី លោក ហ៊ុន វណ្ណៈ យុវតី ស កន្និកា លោក សួង សុភ័ណ្ឌ និង​អ្នកឯទៀត ដើម្បី​ឱ្យ​ពួកគេ​អាច​អនុវត្ត​សិទ្ធស្របច្បាប់​របស់​ពួកគេ ក្នុងការ​ការ​ពារ​​ផល​ប្រយោជន៍​​សង្គមជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ