អាជ្ញាធរ​​​​រាជ​ធានី​​ភ្នំពេញ ​បញ្ជូន​​យុវជន​​មាតា​​ធម្មជាតិ​៣​នាក់​​ទៅ​​តុលាការ

កញ្ញា ឡុង គន្ធា – លោក ថុន រដ្ឋា – កញ្ញា ភួន កែវរស្មី សកម្មជនមាតាធម្មជាតិ។ (ហ្វេសប៊ុកសកម្មជន និង មាតាធម្មជាតិ)

សមត្ថកិច្ចរាជធានីភ្នំពេញ បាន​​បញ្ជូន​​យុវជន​​មាតា​​ធម្មជាតិចំនួន ​៣​នាក់ ទៅកាន់​សាលាដំបូងរាជធានីភ្នំពេញ​ នៅរសៀលនេះ ពាក់ព័ន្ធ​នឹង​បទ​«ញុះញង់»។

សមត្ថកិច្ច​​បាន​ចាប់ខ្លួន​សកម្មជន​មាតា​ធម្មជាតិ លោក ថុន រដ្ឋា​, កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែវ​រស្មី កាលពី​ម្សិលមិញ ក្រោម​ហេតុផល​ថា រៀបចំ​ដំឡើង​ស្ទូឌីយោ​ផ្សាយ​វីដេអូ​និង​ព័ត៌មាន​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត និង​ការ​បង្ហោះ​ព័ត៌មាន​ពី​យុទ្ធនាការ​ដើរទៅ​ភូមិគ្រឹះ​នាយក​រដ្ឋមន្ត្រី​ដើម្បី​​​សុំ​ឱ្យ​ដោះស្រាយ​ករណី​លុប​បឹង​តា​មោក​។

អ្នក​នាំពាក្យ​​ស្នងការ​ដ្ឋាន​​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខសីហា ប្រាប់​វី​អូ​ឌី​នៅរសៀល​​នេះ​ថា យុវជនទាំង៣នាក់​ ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​​ទៅសាលាដំបូងរាជធានីភ្នំពេញ​ហើយ ដើម្បីបន្តនីតិវិធី។

លោកថា៖ «បាទ បានបញ្ជូនទៅតុលាការនៅម៉ោង៣រសៀលនេះ»

វីអូឌី មិនទាន់អាចសុំការអត្ថាធិប្បាយពីព្រះរាជ​អាជ្ញា​រង និងជាអ្នកនាំពាក្យ​​​សាលាដំបូងរាជធានី​ភ្នំពេញ លោក គុជ គឹមឡុង បាននៅឡើយទេ រហូត​មក​ដល់ម៉ោង ​៦ល្ងាច​នេះ។

លោក ភួន ពុទ្ធារិទ្ធ បងប្រុសរបស់ ​កញ្ញា ភួន កែវរស្មី បាន​ចាត់ទុកការចាប់ខ្លួនប្អូនស្រីរបស់ខ្លួន ថាជារឿងអយុត្តិធម៌។ លោកថា ប្អូន​ស្រីរបស់​​លោកធ្វើការងារបរិស្ថាននេះ សម្រាប់​ការ​ពារ​​ផល​ប្រយោជន៍ជាតិ មិនមែនធ្វើសម្រាប់​​ផលប្រយោជន៍ខ្លួនឯងនោះទេ។ លោកថា៖ «យើងអត់អាចទទួលយកបានដែរ យើងនៅតែទាមទារឱ្យដោះលែងប្អូនយើងមកវិញ អ្វីដែលប្អូន[ខ្ញុំ]ធ្វើ​ដូចខ្ញុំបានបញ្ជាក់អ៊ីចឹង អត់មានអីខុសទេ គឺមិនមែនដើម្បីប្រយោជន៍ផ្ទាល់ខ្លួនគាត់ទេ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ