តុលាការ​ខេត្ត​​បន្ទាយ​មាន​ជ័យ​​សម្រេច​​ឃុំ​ខ្លួន​​មន្ត្រី​​នគរ​បាល​​ដែល​​បាញ់​​ពលរដ្ឋ​​ម្នាក់​​

បុរសម្នាក់ដើរកាត់ពីមុខសាលាដំបូងខេត្តបន្ទាយមានជ័យ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។ (ហេង វិចិត្រ)

ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ​កាលពី​ល្ងាច​ថ្ងៃទី២ ខែកញ្ញា ​បានសម្រេច​ឃុំខ្លួន​នាយរង​ប៉ុស្តិ៍​នគរបាល​សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ឈ្មោះ ឬទ្ធី ពិសិដ្ឋ ជា​បណ្តោះអាសន្ន បន្ទាប់ពី​សួរចម្លើយ​អស់​ជាច្រើន​ថ្ងៃ​ ករណី​ប្រើ​កាំភ្លើង​បាញ់​យុវជន​ម្នាក់។ 

បើ​តាម​លេខាធិការ​ដ្ឋាន​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​ បញ្ជាក់​ថា លោក ឬទ្ធី ពិសិដ្ឋ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្តនាំ​ខ្លួន​ឡើង​តុលាការ​ កាលពី​ថ្ងៃទី៣១ ខែកញ្ញា។

ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ លោក តេង សម័យ នៅ​ល្ងាច​ថ្ងៃទី០២ ខែសីហា ថ្លែងប្រាប់​វី​អូ​ឌី​ថា តុលាការ​សម្រេច​ឃុំខ្លួន​ជនជាប់ចោទ​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ ។ 

លោក តេង សម័យ​ មានប្រសាសន៍​ថា៖ «ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំ​ខ្លួ​នប​ណ្ដោះ​អាសន្ន​លើ​ឈ្មោះ ឫទ្ធី ពិសិដ្ឋ កាលពី​ល្ងាច​នេះ»។ 

លោក​បន្ថែម​ថា តុលាការ​បាន​ចោទលោ​ក ឬទ្ធី ពិសិដ្ឋ ពីបទ​ហិង្សា​ដោយចេតនា​មាន​ស្ថាន​ទម្ងន់ទោស ​(ប្រើ​អាវុធ​) និង​បទ​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​ តាម​មាត្រា២១៨ចំនុច២និងមាត្រា៤៩០នៃ​ក្រម​ព្រហ្មទណ្ឌ។ 

ក្រម​ព្រហ្មទណ្ឌ​មាត្រា២១៨ អំពើ​ហិង្សា​ដោយចេតនា​មាន​ស្ថាន​ទម្ងន់ទោស ត្រូវ​ដាក់​ពន្ធនាគារ​ពី២ឆ្នាំទៅ៥ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី៤លាន​ទៅ១០លាន​រៀល។

មាត្រា៤៩០ បទ​កាន់កាប់ឬដឹកជញ្ជូន​អាវុធដោយ​គ្មាន​ការអនុញ្ញាត ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី៦ខែ​ទៅ៣ឆ្នាំនិង​ពិន័យ​ជា​ប្រាក់​ពី១លានទៅ៦លាន​រៀល។

នាយរង​ប៉ុស្តិ៍​នគរបាល​និង​រដ្ឋបាល​សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ឈ្មោះ ឬទ្ធី ពិសិដ្ឋ បាន​បាញ់​ទៅលើប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ នាង មករា ភេទប្រុស អាយុ២១ឆ្នាំ កាលពី​យប់​ថ្ងៃទី២៧ ខែសីហា។

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹម​ខឿន ប្រាប់​វី​អូ​ឌីកា​លពី​ថ្ងៃទី០១ ខែកញ្ញា​ថា ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​រាយការណ៍​ជូន​អគ្គស្នងការ​នគរបាល​ជាតិ​ថា ករណី​ប៉ូល​ិសបាញ់​ពលរដ្ឋ​នៅ​ប៉ោយប៉ែត​កាលពី​ថ្ងៃទី២៧ ខែសីហា​ ជា​ករណី​ផ្ទុះអាវុធ​គំរាម​ហើយ​ផ្លា​តត្រូវ​ជនរងគ្រោះ។

​លោក ឆាយ គឹម​ខឿន មានប្រសាសន៍​ថា៖ «តាម​របាយការណ៍ ​មិនមែន​ប៉​ូលិសទៅ​បាញ់​យុវជន​ហ្នឹង​ទេ។ ប៉ូល​ិសទៅ​ល្បាត​ត្រួតពិនិត្យ ហើយ​ក្មេង២នាក់​ហ្នឹង​អត់​ឈ្មោះ​ឱ្យ​ត្រួតពិនិត្យ​ ហើយ មានការ​ប្រតាយប្រតប់​រត់ ដល់ហើយ​មានការ​ផ្ទុះអាវុធ​គំរាម​ទេ ​ហើយ​វា​ផ្លា​តត្រូវ​ទៅ។ ផ្ទុះអាវុធ​ក្នុង​បេ​សកកម្ម​អញ្ចេះ បើ​និយាយទៅ ​យើង​អត់​ទាន់​ចាត់ការ​អី​ទេ ​[វិធានការ​រដ្ឋបាល​] យើង​ចាំ​មើលផ្លូវ​ច្បាប់ ​[ចំណាត់ការ​តុលាការ​] ទុក​ឱ្យ​តុលាការ​ចាត់ការ។»

កាលពី​ថ្ងៃទី៣១ ខែសីហា​នេះ លោក​ នាង មករា បាន​ដាក់ពាក្យ​បណ្ដឹង​ប្ដឹង​នាយរង​ប៉ុស្តិ៍​នគរបាល​និង​រដ្ឋបាល​សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ឈ្មោះ ឬទ្ធី ពិសិដ្ឋ ចូល​ទៅកាន់​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ចោទ​ពី​បទ​«មនុស្សឃាត​ដោយចេតនា​និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់»។

លោក នាង មករា ថ្លែងប្រាប់​វី​អូ​ឌី​ថា លោក​មិន​មាន​យោបល់​អ្វី​បន្ថែម​ចំពោះ​ការសម្រេច​របស់​តុលាការ​ទេ គ្រាន់តែ​ស្នើ​គ្រប់​ភាគី​ពាក់ព័ន្ធ​ជួយ​រក​យុត្តិធម៌​ប៉ុណ្ណោះ។ 

លោក នួន វ័រ ឪពុក​របស់​យុវជន នាង មករា នៅ​ថ្ងៃទី០៣ ខែកញ្ញា​ ថ្លែងប្រាប់​វី​អូ​ឌី​ថា ​លោក​នៅតែ​គិតថា នាយរង​ប៉ុស្តិ៍​ឈ្មោះ ឬទ្ធី ពិសិដ្ឋ មាន​ចេតនា​សម្លាប់​កូនប្រុស​លោក ហើយ​លោក​មិន​សប្បាយចិត្ត​ចំពោះ​បទ​ចោទ​លើ​ជន​នោះ​ឡើយ។ លោក​ថា គ្រួសារ​លោក​រង​នូវ​ភាព​អយុត្តិធម៌។

លោក​ នួន វ័រ លើកឡើង​ថា៖ «ខ្ញុំ​យល់ថា​អញ្ចេះ​បង! ខ្ញុំ​អន់ចិត្ត​ដែល​ថា​វា​ស្រាល​ពេក​បង វា​ស្រាល​ហួស។ រឿង​ប៉ុនប៉ង​ឃាតកម្ម​ទាំងមូល​គិតទៅ មក​ថា​ប្រើ​អំពើ​ហិង្សា​អ៊ីចឹង​ៗ វា​អយុត្តិធម៌​ពេក អយុត្តិធម៌​ហួស អយុត្តិធម៌​មែន។ ខ្ញុំ​គិតថា ចេតនា​ចំតែ​ម្ដង​ ដក​ពី​ចង្កេះ​បាញ់​កូន​ខ្ញុំ​តែម្ដង ចិត្ត​ថា​ដក ចិត្ត​ប៉ង​សម្លាប់​បណ្ដោយ»។ 

មន្ត្រី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិមនុស្ស​លី​កាដ​ូ ខេត្ត​បន្ទាយមានជ័យ លោក អ៊ិ​ន គង់​ជិត មានប្រសាសន៍​ថា លោក​ស្វាគមន៍​ចំពោះ​ចំណាត់ការ​របស់​តុលាការ​ចំពោះករណី​ដែល​សមត្ថកិច្ច​នគរបាល​បាញ់ប្រហារ​លើ​ពលរដ្ឋ​នេះ ប៉ុន្តែ​លោក​មិន​យល់ស្រប​ទាំងស្រុង​លើ​ការសម្រេច​នេះ​ទេ។ 

លោក អ៊ិ​ន គង់​ជិត ថ្លែង​ថា៖ «យើង​សាទរ​ចំពោះ​ចំណាត់ការ​របស់​តុលាការ ប៉ុន្តែ​យើង​មិន​ឯកភាព​ដែរនៅត្រង់​បទ​ចោទ ​ព្រះរាជអាជ្ញា​ចោទ​ជន​នោះ​ត្រឹម​បទ​ល្មើ​សម​ជ្ឈឹម ខណៈ​ដែល​ជន​នោះ​ធ្វើជា​នគរបាល​ដឹង​ថា​កាំភ្លើង​អាច​សម្លាប់​មនុស្ស​បាន​ហើយ​ហ៊ាន​ដក​បាញ់​ពលរដ្ឋ​នោះ។ រាប់​ថា​សំណាង​ហើយដែល​យុវជន​នោះ​ជីវិត​ថ្លៃ​មិន​ស្លាប់ តែ​នេះ​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ។»

បើ​តាម​លោក នួន វ័រ ឪពុក​របស់​យុវជន នាង មករា ឱ្យ​ដឹង​ថា គិត​មកដល់​ព្រឹក​ថ្ងៃទី០៣ ខែកញ្ញា​នេះ​ ស្ថានភាព​របួស​លោក នាង មករា មិនទាន់​ធូរស្បើយ​នៅឡើយ ខណៈ​ដែល​មុខរបួស​កាន់តែ​ឈឺខ្លាំងនិងហើម​សាច់។ 

ប្រសាសន៍​លោក​ នួន វ័រ បញ្ជាក់​ថា៖ «ខ្ញុំ​គិត​នាំ​វា​ចេញពី​ពេទ្យ​រដ្ឋ ដើម្បី​ពិនិត្យ​អេកូ ​ពិនិត្យ​អី​មើល ខ្លាច​គ្រាប់​ប៉ះពាល់​អី​មួយ ព្រោះ​មិនទាន់​បាន​ឆ្លុះមើល​ទេ ​មិនដឹង​ថា​ប៉ះពាល់​អី​ខ្លះ។ បើ​ធ្ងន់​ឱ្យវា​ព្យាបាល​នៅ​ពេទ្យ​ឯកជន បើ​ស្រាល​យក​វា​មក​ព្យាបាល​នៅផ្ទះ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ