អ្នក​ជាប់​ឃុំ​១៤៧​នាក់​​នៅ​​ពន្ធនា​គារ​​ខេត្ត​ព្រះ​វិហារ​​ផ្ទុះ​​ជំងឺ​​គ្រុន​ផ្តាសាយ​​ធំ​

មន្ត្រីសុខាភិបាលខេត្តព្រះវិហារ ចុះត្រួតពិនិត្យស្ថានភាពនៅមណ្ឌលចត្តាឡីស័កក្នុងខេត្តព្រះវិហារ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។ (មន្ទីរពេទ្យបង្អែក ខេត្តព្រះវិហារ)

​មន្ត្រី​ជាន់ខ្ពស់​ក្រសួងសុខាភិបាល ឱ្យ​ដឹង​ថា មនុស្ស១៤៧នាក់នៅក្នុង​ពន្ធនាគារ​ខេត្តព្រះវិហារ​បាន​ឆ្លង​ជំងឺ​គ្រុន​ផ្តាសាយ​ធំ ​(Influenza A)។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណ​ឌីន បានឱ្យ​ដឹង​តាម​បណ្តាញ​សង្គម​តេឡេក្រាម នៅ​ថ្ងៃអង្គារ​នេះ​ថា អ្នក​ឆ្លង​ជំងឺ​ផ្តាសាយ​ធំ​នោះ​សរុប​មាន១៤៧នាក់ ក្នុង​នោះ​មាន​ស្រ្តី១៩នាក់។

លោកស្រី​បន្ត​ថា ពួក​គេ​កំពុង​ដាក់​ក្នុង​បន្ទប់​ដាច់ដោយឡែក ដោយ​ផ្តល់​ការ​ព្យាបាលនិង​បាន​យក​វត្ថុ​សំណាក​ដើម្បី​ធ្វើតេស្ត​រក​វីរុស​កូ​វីដ​-១៩។

ចំណែក​អ្នក​សង្ស័យ​ឆ្លង​ជំងឺ​ផ្តាសាយ​ធំ១១នាក់ លោកស្រី​ថា ត្រូវ​បាន​ដាក់​ឱ្យ​នៅ​បន្ទប់​ដាច់ដោយឡែក​ដែរ និង​អ្នក​ដែល​មិន​សង្ស័យ​ឆ្លង​ជំងឺ​ចំនួន៣២៦នាក់ (ស្រ្តី២០នាក់​) ត្រូវ​បាន​ដាក់​ក្នុង​បន្ទប់​ដាច់​ដោយ​ឡែ​កផ្សេង​ៗគ្នា។

លោកស្រី ឱ វណ្ណ​ឌីន បាន​បន្ថែម​ថា លទ្ធផល​វិភាគ​វត្ថុ​សំណាក​របស់​ពួក​គេដែល​ទទួល​បាន​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ​សុខភាព​សាធារណៈ ​បង្ហាញថា អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ទាំងអស់គ្នា ហើយ​ថា ករណី​ជំងឺ​ផ្តាសាយ​ធំ (Influenza A) ជា​ជំងឺ​អាច​ឆ្លង​បន្តគ្នា ប្រសិនបើ​បុគ្គលម្នា​ក់ៗមិនបាន​អនុវត្ត​កិច្ចការពារ​ខ្លួន​បាន​ត្រឹមត្រូវ​ទេ​នោះ។

ប្រធានមន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារ លោក គួង ឡូ មានប្រសាសន៍​ថា ប្រធាន​ពន្ធនាគារ​ខេត្ត បាន​ជូនដំណឹង​ទៅ​មន្ទីរ​សុខាភិបាល​ខេត្តកាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ក្រោយពី​មាន​អ្នកជាប់ឃុំ​ជាច្រើន​នាក់មាន​អាការ​ក្តៅ​ខ្លួននិង​ក្អក។

លោក​ថា៖ «អាការ​របស់​គាត់ ​[អ្នកជាប់ឃុំ​] គឺ​គាត់​ក្តៅ​ខ្លួន ពេល​ដែល​យើង​ចុះទៅ​ អ្នកខ្លះ​ក្តៅ៣៨អង្សានិង​ខ្លះ៣៩អង្សា មាន​ហៀរ​សំបោរនិង​ក្អក បើ​និយាយ​មែនទែន​ទៅជា​អាការផ្តាសាយ​ធំ»។

លោក​បន្ត​ថា តាមរយៈ​ការ​ចុះ​ពិនិត្យនិង​ស្រាវជ្រាវ​របស់​អ្នកជំនាញ​សុខាភិបាល អ្នកជំងឺ​ទាំងនោះ បាន​ឆ្លង​ជំងឺ​គ្រុន​ផ្ដាសាយ​ធំ​ពី​អ្នកជាប់ឃុំ​ដូចគ្នានិង​បាន​ឆ្លង​តៗ​គ្នា។

តែ​យ៉ាងណា លោក​ថា ស្ថានភាព​សុខភាព​របស់​អ្នកជំងឺ​ទាំងនោះមានសភាពល្អ​ប្រសើរ​ជា​បណ្តើរៗហើយនិង​គ្មាន​អ្នក​ឆ្លង​ថ្មី​នោះ​ទេ ក្រោយ​មានការ​តាមដាន​ដោយ​យកចិត្ត​ទុកដាក់​ពី​ក្រុម​គ្រូពេទ្យ​របស់​មន្ទីរ​សុខាភិបាល​ខេត្ត និង​ការ​ដាក់ចេញ​នូវ​វិធាន​ការ​ភ្លាម​ៗដោយ​ការ​ដាក់​អ្នកជំងឺ​ឱ្យ​នៅ​ដាច់ដោយឡែកនិង​ការ​ធ្វើ​អនាម័យ។

មន្ត្រី​ជាន់ខ្ពស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក លោក នី សុខា បាន​បង្ហាញ​ការ​ព្រួយបារម្ភ ចំពោះ​សុខភាព​អ្នកជាប់ឃុំ​ក្នុង​ពន្ធនាគារ ខណៈ​ស្ថានភាព​ពន្ធនាគារ​នៅ​កម្ពុជានៅ​មិនទាន់​គោរព​បាន​ពេញលេញ​នូវ​លក្ខខណ្ឌ​សិទ្ធិ​អ្នកជាប់ឃុំ​នៅឡើយ ទាំង​របប​អាហារ អនាម័យ និង​សេវាថែទាំ​សុខភាព និង​ភាព​ចង្អៀត​ណែន។

លោក​ថា៖ «យើង​ដឹង​ហើយ​ថា ទោះបី​គាត់ ​[អ្នកជាប់ឃុំ​] ជាប់ពន្ធ​នា​គារ ទាំង​អ្នក​កាត់ទោស​ហើយក៏​ដោយនិង​អ្នក​មិនទាន់​កាត់ទោស​ក៏ដោយ ក៏​គាត់​នៅតែ​ទទួល​បាន​សិទ្ធិ​មួយ គេ​ហៅថា​សិទ្ធិ​នៃ​ការថែទាំ​សុខភាព​ហ្នឹង​ឱ្យ​បាន​ត្រឹមត្រូវ​ដែរ»។

អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​រូប​នេះ ផ្តល់​ជា​យោបល់​ថា ដើម្បី​ធានា​លក្ខខណ្ឌ​សិទ្ធិ​អ្នកជាប់ឃុំនិង​ទប់ស្កាត់​ការ​ផ្ទុះ​នូវ​ជំងឺឆ្លង​នានា​ក្នុង​ពន្ធនាគារ ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋគួរ​សហការ​គ្នា​បង្កើន​ប្រសិទ្ធភាព​នៃ​ការទប់ស្កាត់​កុំឱ្យ​មានការ​ឆ្លង​រីក​រាលដាល​ក្នុង​ពន្ធនាគារ​ផ្សេងទៀត។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ក្នុង​ពិធី​មួយ​កាលពី​ថ្ងៃទី១០ ខែសីហា បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ចំនួន​អ្នកជាប់ឃុំ​បន្ត​កើនឡើង​យ៉ាង​គំហុកដោយសារ​បទល្មើស​គ្រឿងញៀន ដែល​ថា​បញ្ហា​នេះ​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​ពួក​គេ ខណៈ​អ្នកជាប់ឃុំ​ទូទាំង​ប្រទេស​មាន​ចំនួន​ជិត៤ម៉ឺន​នាក់។

អង្គការលើ​កលែងទោស​អន្តរជាតិ (Amnesty International​) កាលពី​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ បាន​ចេញ​របាយការណ៍​វាយតម្លៃ​ថា ការ​កើនឡើង​ចំនួន​អ្នកជាប់ឃុំ ជំរុញ​ឱ្យ​មានការ​កើនឡើង​ការរំលោភ​សិទ្ធិមនុស្ស។ Amnesty ថា ការប្រើ​មធ្យោបាយ​ឃុំឃាំង​ហួស​កម្រិត បង្ក​ឱ្យ​មាន​ហានិភ័យ​ដល់​សេវា​សុខភាព​សាធារណៈនិង​បង្កើត​ឱកាស​ឱ្យ​មានអំពើ​ពុករលួយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ