ក្រុមយុវជនខ្មែរថាវរៈនឹងធ្វើបាតុកម្មនៅដើមខែក្រោយទាមទារដោះលែងអ្នករិះគន់រឿងព្រំដែន

លោក ហ៊ុន វណ្ណៈ យុវជនខ្មែរថាវរៈ ប៉ះទង្គិចជាមួយ​អាជ្ញាធរខណ្ឌ​៧​មករា ពេលចុះទៅប្រមូល​ផ្ដុំតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ទាមទារតុលាការ​ដោះលែងលោក រ៉ុង ឈុន ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។ (ខាន់ លក្ខិណា)

ក្រុមយុវជនខ្មែរថាវរៈប្រកាសធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ នាដើមខែក្រោយ ដើម្បីទាមទារដោះលែងលោក រ៉ុង ឈុន និងអ្នកគាំទ្រលោក៤នាក់ផ្សេងទៀត ក្រោយពីសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធរិះគន់រដ្ឋាភិបាលរឿងព្រំដែន។

យុវជនខ្មែរថាវរៈ លោក ថា ឡាវី ប្រាប់វីអូឌី នៅថ្ងៃ៣០ ខែសីហានេះថា ពួកគេបានជូនដំណឹងទៅសាលារាជធានីភ្នំពេញកាលពីថ្ងៃ២៨ ខែសីហានេះ ដើម្បីធ្វើបាតុកម្មទាមទារដោះលែងលោក រ៉ុង ឈុន អ្នកស្រី ឈឿន ដារ៉ាវី លោក ហ៊ុន វណ្ណៈ កញ្ញា ស កន្និកា និងប្រធានគណបក្សខ្មែរឈ្នះលោក សួង សោភ័ណ្ឌនៅទីលានប្រជាធិបតេយ្យចាប់ពីថ្ងៃទី៧ ដល់ថ្ងៃ១៥ ខែកញ្ញា ស្ថិតនៅទីលានប្រជាធិបតេយ្យ វេលាម៉ោង៨ព្រឹក។

លោកបន្តថា ដើមចមដែលនាំឲ្យពួកគេធ្វើបាតុកម្មដោយសន្តិវិធីទាមទារឲ្យដោះលែង និងទម្លាក់បទចោទលើលោក រ៉ុង ឈុន និង៤នាក់ផ្សេងទៀតនោះ ដោយសារពួកគេមិនបានធ្វើខុសដូចការចោទប្រកាន់នោះទេ។

លោកអះអាងថា៖ «អ្វីដែលយើងចង់បានគឺយើងចង់ឲ្យមានការទម្លាក់បទចោទ និងដោះលែងលោកគ្រូ រ៉ុង ឈុន និង៤នាក់ផ្សេងទៀត គាត់មិនបានធ្វើខុសដូចគេចោទប្រកាន់ទេ»។

សកម្មជនសិទ្ធិមនុស្សម្នាក់ លោក មាន ព្រហ្មមុនី និយាយថា ការចាប់ខ្លួនអ្នកទាំង៥នាក់់ និងចោទប្រកាន់ពីបទញុះញង់ឱ្យមានការប្រព្រឹត្ត​បទឧក្រិដ្ឋជាអាទិ៍ពាក់ព័ន្ធរឿងបោះបង្គោលព្រំដែននៅខេត្តត្បូងឃ្មុំ ជារឿងអយុត្តធម៌។

ករណីនេះ លោក ព្រហ្មមុនី អះអាងថា នឹងដឹកនាំអ្នកគាំទ្រ ធ្វើបាតុកម្មដោយសន្តិវិធី ដើម្បីទាមទារយុត្តិធម៌ឲ្យលោក រ៉ុង ឈុន និង៤នាក់ផ្សេងទៀត បើទោះបីជាមានការគំរាមកំហែងដល់ពួកគេក៏ដោយ។

លោកមានប្រសាសន៍ថា៖ «យើងមិនអាចឈមើលឲ្យគេចាប់មនុស្សដែលត្រូវ ដែលមិនខុស ហើយត្រូវបានចាប់ដោយអំពើអយុត្តិធម៌ម្តងមួយៗ វាអាចដូចសម័យ ប៉ុល ពត កាលណាយើងស្ងប់ស្ងាត់ធ្វើឲ្យរបបហ្នឹងកាន់តែផ្តាច់ការទៅៗ ហើយការដែលយើងសម្តែងមតិ ជួបជុំគ្នា តវ៉ាដោយសន្តិវិធីវាស្របច្បាប់ជាតិ និងអន្តរជាតិ »។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី មានប្រសាសន៍ថា សាលារាជធានីភ្នំពេញបានទទួលលិខិតរបស់ក្រុមយុវជនខ្មែរថាវរៈ ដែលសុំធ្វើបាតុកម្មដោយសន្តិវិធីកាលពីចុងសប្តាហ៍នេះ។ ប៉ុន្តែលោកថា ក្រុមការងារជំនាញនិងពិនិត្យ រួចជូនដំណឹងទៅថ្នាក់ដឹកនាំថាព្រមឲ្យធ្វើឬមិនព្រម។

ទោះជាយ៉ាង អ្នកនាំពាក្យរូបនោះ បានពន្យល់ជាទូទៅថាអ្នកដឹកនាំធ្វើបាតុកម្មត្រូវគោរពតាមច្បាប់កំណត់។ ប៉ុន្តែបើមិនគោរពច្បាប់ទេ អ្នកទាំងនោះត្រូវទទួលខុសត្រូវរាល់ពេលមានបញ្ហាប្រឈមនានាកើតឡើងដោយយថាហេតុ។

លោកមានប្រសាសន៍ថា៖ «ប្រជាពលរដ្ឋមានសិទ្ធិសម្តែងមតិ មានសិទ្ធិបង្ហាញនូវអ្វីដែលយើងបានយល់ឃើញ ប៉ុន្តែវាត្រូវស្របទៅតាមច្បាប់។ ឧទាហរណ៍ច្បាប់ធ្វើបាតុកម្មដោយសន្តិវិធី ហើយត្រូវធ្វើឲ្យស្របតាមការណែនាំក្នុងច្បាប់ បើអត់គោរច្បាប់ទេ មានតែទទួលខុសត្រូវទៅតាមអ្វីដែលខ្លួនបានប្រព្រឹត្ត»។

បើតាមក្រុមយុវជនទាំងនោះអះអាងថា ការជួបជុំសម្តែងមតិដោយសន្តិវិធីនៅថ្ងៃទី៧ដល់ថ្ងៃ១៥ ខែសីហា មិនកំណត់ចំនួនអ្នកចូលរួមទេ ដោយពួកគេអំពាវនាវទៅអ្នកគាំទ្រលោក រ៉ុង ឈុន និង៤នាក់ផ្សេងទៀត ចូលរួមឲ្យបានច្រើនផងដែរ។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមអាដហុក​ លោក សឹង សែនករុណា ពន្យល់ថា ក្រុមយុវជនដែលយកលិខិតដាក់នៅសាលារាជធានីភ្នំពេញ គ្រាន់តែជាការជូនដំណឹងតែប៉ុណ្ណោះ។ ករណីនេះ លោកថា សាលារាជធានី មិនចាំសុំការអនុញាតថ្នាក់លើថា ឲ្យធ្វើ ឬមិនឲ្យធ្វើបាតុកម្មនោះទេ តាមច្បាប់ក្រុមយុវជនដែលជូនដំណឹងហើយ មានសិទ្ធិធ្វើបាន។

មន្ត្រីស៊ើបអង្កេតរូបនោះបញ្ជាក់ថា ​បើសិនជាសាលារាជធានីភ្នំពេញនៅតែរារាំង មិនឲ្យពួកគេធ្វើបាតុកម្មតាមសន្តិវិធីទេ នឹងធ្វើឲ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល និងប្រឈមជាមួយសហគមន៍អន្តរជាតិ ដែលប្រកាន់របបលទ្ធិប្រជាធិបតេយ្យ។

លោកមានប្រសាសន៍ថា៖ «កម្ពុជាផ្តល់សច្ចាប័នលើសន្ធិសញ្ញា អនុសញ្ញា កតិកាសញ្ញាស្តីពីសិទ្ធពលរដ្ឋ និងសិទ្ធិនយោបាយ បើធ្វើបាតុកម្មសម្តែងមតិដោយសន្តិវិធី ជួបជុំដោយសន្តិវិធីមិនបាន គឺសហគមន៍អន្តរជាតិនឹងធ្វើការឃ្លាំមើល ហើយប្រទេសម្ចាស់ជំនួយជាពិសេសលោកសេរី អាចនឹងមានវិធានការផ្សេងៗមកលើកម្ពុជា វាផលប៉ះពាល់មកលើរដ្ឋាភិបាលកម្ពុជា នឹងប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យផង»។

ក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាចុះហត្ថលេខាដោយលោក រ៉ុង ឈុន កាលពីថ្ងៃទី២១ ខែកក្កដា ​ បាន​លើកឡើងថា ​ក្រុមការងាររបស់ខ្លួនចុះទៅពិនិត្យ​បង្គោល​ព្រំដែនលេខ១១៤ដល់១១៩ ក្នុងភូមិសាស្រ្តឃុំត្រពាំងថ្លុង ស្រុកពញាក្រែក ខេត្តត្បូង​ឃ្មុំ​កាល​ពីថ្ងៃទី២០ ខែកក្កដា​។ លោករ៉ុង ឈុន បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ដដែលថា​ការបោះ​បង្គោលព្រំដែនពីលេខ១១៤ដល់១១៩នោះមានភាពមិនប្រក្រតីច្រើន ដែលធ្វើឱ្យដីអាស្រ័យ​ផល​របស់ពលរដ្ឋនៅភូមិសាស្រ្តនោះជាច្រើនរយហិកតាបាត់បង់ទៅខាងភាគីវៀតណាម។

លោក រ៉ុង ឈុន ត្រូវ​បាន​សមត្ថកិច្ច​ចូលចាប់​ខ្លួន​នៅផ្ទះ​ទាំងយប់កាលពី​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ហើយ​ត្រូវ​បាន​សាលាដំបូង​សម្រេច​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃសនៅ​ថ្ងៃបន្ទាប់ ក្រោម​ការចោទ​ពី​បទ «ញុះញង់​ឱ្យ​មានការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍»។

រីឯ ប្រធានគណបក្សខ្មែរឈ្នះ និងយុវជន៣នាក់ទៀត ត្រូវបានសមត្ថកិច្ចចាប់ និងឃុំខ្លួននៅពន្ធនាគារ ក្នុងខែសីហា ឆ្នាំ២០២០នេះ ពាក់ព័ន្ធនឹងបទចោទ «ញុះញង់​ឱ្យ​មានការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍»ផងដែរ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ