មន្ទីរ​ពិសោធន៍​​រក​​ឃើញ​ថា​​ទឹកដោះ​Nutrilatt1​មាន​​ជាតិ​​ដែក​​កម្រិត​ទាប​​

មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតពីលទ្ធផលពិសោធន៍ទឹកដោះគោ Nutrilatt1 នៅសាលប្រជុំអគ្គនាយកដ្ឋាន ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០។ (អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF)

សំណុំរឿង​កំណើន​កុមារ​ឈឺ​ជំងឺ​ស្លេកស្លាំង​ដោយ​កង្វះ​ជាតិ​ដែក​ធ្ងន់ធ្ងរ​ បាន​កើតឡើង​តាំងពី​ខែមេសា​មក​ម៉្លេះ។ អត្ថបទ​ស៊ើបអង្កេត​របស់​វី​អូ​ឌី​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី២០ ខែឧសភា រក​ឃើញថា ជាង៩០​%ក្នុងចំណោម​កុមារ៣៤នាក់​ដែល​រងគ្រោះ​ដោយសារ​ជំងឺ​នេះ បាន​បៅ​ទឹកដោះគោ​ម៉ា​ក នុ​តទ្រី​លែ​តស៍១ (Nutrilatt 1)។

កាលពី​ខែកក្កដា វី​អូ​ឌី​ក៏បាន​ចេញផ្សាយ​អត្ថបទ​មួយទៀត​ដែល​រៀបរាប់​ដំណើរការ​ដាក់ពាក្យ​បណ្ដឹង​រក​យុត្តិធម៌របស់​ក្រុម​ឪពុកម្ដាយ​កុមារ​រងគ្រោះ​ទៅកាន់​ក្រសួងសុខាភិបាលនិង​ក្រសួង​ពាណិជ្ជកម្ម។

ទឹក​ដោះ​គោ​នុ​តទ្រី​លែ​តពិតជា​ខ្វះ​ជាតិ​ដែក

​ក្រុម​ឪពុកម្ដាយ​កុមារ​ដែល​ធ្លាក់ខ្លួន​ឈឺជំងឺ​ស្លេកស្លាំង​ដោយ​កង្វះ​ជាតិ​ដែក​ធ្ងន់ធ្ងរ ​បាន​ដាក់ពាក្យ​ប្ដឹង​ទៅកាន់អគ្គនាយក​ដ្ឋាន​ការពារ​អ្នកប្រើ​ប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ នៃ​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ថ្ងៃទី១៧ ខែកក្កដា ​ដើម្បី​ស្វែងរក​ការ​ត្រួតពិនិត្យ​គុណភាព​ទឹកដោះគោ​ដែល​ជា​មូល​ហេ​តុ​បង្ក​ជំងឺ។

អង្គភាព​ជំនាញ​នៃ​ក្រសួង​ពាណិជ្ជកម្ម បាន​យក​ទឹក​ដោះ​គោ​នុ​តទ្រី​លែ​តស៍​លេខ១ (Nutrilatt 1) ទៅ​ពិសោធនៅ​មន្ទីរពិសោធន៍​ឯករាជ្យ​មួយ​ឈ្មោះ Eurofins Food Testing Singapore Pte Ltd ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី។ 

សេចក្ដីប្រកាស​ព័ត៌មាន​ចេញផ្សាយ​នៅ​យប់​ថ្ងៃទី២៦ ខែសីហា របស់​អគ្គនាយក​ដ្ឋាន​ការពារ​អ្នកប្រើ​ប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ លើកឡើង​ថា ​ផ្អែក​តាម​លទ្ធផល​វិភាគ បង្ហាញថា ​បរិមាណ​ជាតិ​ដែក​និង​ជាតិ​ស័ង្កសី​ជាក់ស្ដែង​ដែល​មាននៅ​ក្នុង​សំណាក​ផលិត​ផលម្សៅ​ទឹក​ដោះ​គោ​នុ​តទ្រី​លែ​តស៍ ​(ដែល​មានលេខ​កូដ ៤៨៧, ៤៨៨, ៥៣៦, ៥៣៧, ៥៣៨ និង ៥៣៩​) មានកម្រិត​ទាប​ជាង​ឆ្ងាយ​យ៉ាង​ខ្លាំង​ពី​បរិមាណ​ដែល​បាន​បញ្ជាក់​លើ​ស្លាក​ផលិតផល ពោល​គឺ​កម្រិត​ជាតិ​ដែក​មាន​ចំនួន២០ដង​តិច​ជាង​ចំនួនជា​តិ​ដែក​ដែល​បាន​បញ្ជាក់​លើ​ស្លាក​ផលិតផល។ ចំណែក​ឯជាតិ​ស័ង្កសី​វិញ​មាន​ចំនួន​តែ​ជាង​ពាក់កណ្ដាល​ប៉ុណ្ណោះ​ទៅ​នឹង​អ្វី​ដែល​បាន​បញ្ជាក់​លើ​ស្លាក​សញ្ញា។

អគ្គនាយក​ដ្ឋាន​ការពារ​អ្នកប្រើ​ប្រាស់ ​កិច្ចការ​ប្រកួតប្រជែង ​និង​បង្ក្រាប​ការ​ក្លែងបន្លំ​ បាន​លើកឡើង​ក្នុង​របាយការណ៍​លទ្ធផល​ពិសោធន៍​ជាង៤០ទំព័រ​នោះ​ថា៖ «ផលិត​ផលនុ​តទ្រី​លែ​ត មិនបាន​បំពេញ​តម្រូវការ​អប្ប​បរមាលើ​កម្រិត​ជាតិ​ដែក​ដែល​មានកំណត់​ក្នុង​ស្ដ​ង់​ដារ Codex​[សុវត្ថិភាព​អាហារ​សម្រាប់​មនុស្ស​គ្រប់រូប​នៅ​គ្រប់​ទីកន្លែង​] នោះ​ទេ។ ជាក់ស្ដែង ផលិតផល​នេះ​ស្ទើរតែ​គ្មាន​ជាតិ​ដែក​សោះ ពោល​គឺ​កម្រិត​ជាតិ​ដែក​មានត្រឹមតែ​ <០,២៥មី​លី​ក្រាម​/១០០ក្រាម​ប៉ុណ្ណោះ»។ 

អង្គភាព​នេះ​បន្ត​ថា ស្ដ​ង់​ដារ​អន្តរជាតិ​គឺតម្រូវការ​ជាតិដែក​យ៉ាងតិច​ណាស់ ២,២៨៦មី​លី​ក្រាម​/១០០ក្រាម​ សម្រាប់​ទារក​អាយុ០ខែ​ដល់៦ខែ ​(ទឹក​ដោះ​គោម្សៅលេខ១​) និង ៤,៧២មី​លី​ក្រាម​/១០០ក្រាម សម្រាប់​កុមារ​អាយុ​ពី៦ខែ​ដល់១២ខែ (ទឹក​ដោះ​គោម្សៅលេខ២​)។

ក្រុមហ៊ុន​ច្រានចោល​លទ្ធផល​ពិសោធន៍ ខណៈ​អង្គភាព​ជំនាញ​វាយបក​វិញ​

លទ្ធផល​ពិសោធន៍​ដែល​ចេញ​ដោយ​មន្ទីរពិសោធន៍​នៅ​សិង្ហ​បុរី​នោះ ត្រូវ​បាន​បើក​បង្ហាញ​នៅចំពោះមុខ​តំណាង​ក្រសួងសុខាភិបាល តំណាង​អង្គការសុខភាព​ពិភពលោក តំណាង​អង្គការ​យូនី​សែ​ហ្វ តំណាង​អង្គការ​ហេ​ឡែន​ឃី​លឺ តំណាង​ក្រុ​មហ៊ុនម្សៅទឹក​ដោះ​គោ​នុ​តទ្រី​លែ​ត និង​តំណាង​មាតាបិតា​ទារក​រងគ្រោះ​ដោយសារ​ជំងឺ កាលពី​ព្រឹក​ថ្ងៃទី២៦ ខែសីហា។

បើ​ទោះបីជា​លទ្ធផល​បង្ហាញ​បែបនេះ​ក្ដី ក្រុ​មហ៊ុ​ននុ​តទ្រី​លែ​តម៉ាស្ទ័​រអិល​អឹម បាន​ចេញ​លិខិត​បដិសេធចំពោះ​លទ្ធផល​របស់​អគ្គនាយក​ដ្ឋានការពារ​អ្នកប្រើ​ប្រាស់ កិច្ចការ​ប្រកួតប្រជែង ​និង​បង្ក្រាប​ការ​ក្លែងបន្លំ។ ក្រុមហ៊ុន​នេះហៅ​លទ្ធផល​នេះ​ថា ​ជា​លទ្ធផល​ឯកតោភាគី​របស់​អង្គភាព​អគ្គនាយក​ដ្ឋានការពារ​អ្នកប្រើ​ប្រាស់ កិច្ចការ​ប្រកួតប្រជែង ​និង​បង្ក្រាប​ការ​ក្លែងបន្លំ។ 

អគ្គនាយក​ដ្ឋាន​ការពារ​អ្នកប្រើ​ប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ បញ្ជាក់​តប​ទៅ​ក្រុមហ៊ុន​វិញ​ថា ស្ថាប័នេះ​មិនមែន​ធ្វើការ​ប្រកាស​លទ្ធផល​ខាងលើ​ជា​លក្ខណៈ​ឯកតោភាគី ដូច​ក្រុមហ៊ុន​បាន​ប្រកាស​ឡើយ។ ស្ថាប័នរដ្ឋ​នេះ​បញ្ជាក់​បន្ថែម​ទៀត​ថា មន្ទីរពិសោធន៍​នៃ​ក្រសួង​ពាណិជ្ជកម្ម ពុំ​ដែល​ធ្វើការ​ពិសោធន៍និង​ទទួលស្គាល់​ជា​ផ្លូវការនូវ​ផលិតផល​ម្សៅ​ទឹកដោះគោ​ម៉ាក Nutrilatt ទាល់តែសោះ។

ប្រភព​ដដែល​ថា ​លទ្ធផល​វិភាគ​គំរូ​ម្សៅ​ទឹកដោះគោ​ម៉ាក Nutrilatt ដែល​បាន​ធ្វើការ​ប្រកាស​ជា​លទ្ធផល​វិភាគ​ដែល​បាន​ធ្វើឡើង​ដោយ​មន្ទីរពិសោធន៍​ឯករាជ្យ​និង​ទទួលស្គាល់​ជា​អន្តរជាតិ ដំណើរការ​ប្រកាស​លទ្ធផល​នេះ​ធ្វើឡើង​ដោយមាន​ការចូលរួម​និង​អង្កេត​យ៉ាង​ម៉ត់ចត់​ពី​ភាគី​ពាក់ព័ន្ធ​ជាច្រើន​ ដូចជា តំណាង​ក្រុមហ៊ុន Nutrilatt តំណាង​មាតាបិតា​ទារក​រងគ្រោះ​ចំនួន១៩នាក់ តំណាង​មាតាបិតា​ទារក​ដែល​កំពុង​ប្រើប្រាស់​ម្សៅ​ទឹកដោះគោ Nutrilatt ចំនួន៣នាក់ តំណាង​អង្គការ​អន្តរជាតិ​ធ្វើការ​លើ​ផ្នែក​សុខភាព​ទារក​និង​កុមារ ដូចជា អង្គការសុខភាព​ពិភពលោក WHO​, អង្គការ UNICEF​, អង្គការ Hellen Keller International និងតំណាង​មជ្ឈមណ្ឌល​គាំពារ​មាតា​និង​ទារក​នៃ​ក្រសួងសុខាភិបាល ។ 

ចំណាត់ការ​បន្ត​

អគ្គនាយក​ដ្ឋាន​ការពារ​អ្នកប្រើ​ប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ប្រកាស​ទុក​ពេល១សប្ដាហ៍​ដើម្បី​ឱ្យ​ក្រុ​មហ៊ុ​ននុ​តទ្រី​លែ​តឆ្លើយតប​ចំពោះ​ឪពុកម្ដាយ​កុមារ​និង​ទារក​ដែល​រងគ្រោះ។

អគ្គនាយក​នៃអគ្គនាយក​ដ្ឋាន​ការពារ​អ្នកប្រើ​ប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ នៃ​ក្រសួង​ពាណិជ្ជកម្ម លោក ផាន់ អូន ថ្លែងប្រាប់​វី​អូ​ឌី​ថា ចំណាត់ការ​បន្ត​នឹង​ធ្វើឡើង​នៅ​ក្រោយ​ថ្ងៃទី៣ ខែកញ្ញា ដែល​ជា​ថ្ងៃកំណត់​តម្រូវឱ្យ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ឆ្លើយតប​ចំពោះ​មាតាបិតា​កុមារ​រងគ្រោះ។

មាតា​កុមារី​រងគ្រោះ​ព្រោះ​ជំងឺ​ស្លេកស្លាំង​កង្វះ​ជាតិ​ដែក​ធ្ងន់ធ្ងរ អ្នកស្រី គង់ ច័ន្ទ​ម៉ា​លីស មានប្រសាសន៍​ថា ក្រុម​ឪពុកម្ដាយ​កុមារ​រងគ្រោះ​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ទទួលខុសត្រូវចំពោះមុខ​ឪពុកម្ដាយ​ទារក​និង​អតិថិជន​ទាំងអស់។

អ្នកស្រី​ គង់ ច័ន្ទ​ម៉ា​លីស មានប្រសាសន៍​ថា៖ «ពួក​ខ្ញុំ​រង់ចាំ​មើល​សិនថា​ថ្ងៃទី៣ហ្នឹង ក្រុមហ៊ុន​និយាយ​យ៉ាងម៉េច​ទៀត​? ពួក​យើង​អត់​បញ្ចប់​ស្រួល​ៗទេ​បង! កូន​ៗ​ពួក​យើង​មិនទាន់​ជា​ស្រួលបួល​ផង។ ខ្ញុំ​គិតថា​ ទៅ​ថ្ងៃមុខ ​បើ​មិន​មាន​ដំណោះស្រាយ នោះ​អាច​នឹង​មាន​បណ្ដឹង​ទៅដល់​តុលាការ»។

អ្នកស្រី ​ម៉ា​លីស អំពាវនាវ​ឱ្យ​សាធារណជន​ទាំងអស់​តាមដាន​និង​ឃ្លាំមើល​ចំពោះ​សំណុំរឿង​ទឹក​ដោះ​គោ​នុ​តទ្រី​លែ​ត ដើម្បី​សុវត្ថិភាព​កុមារ​កម្ពុជា។

អនុប្រធាន​ប្រចាំ​ប្រទេស​នៃ​អង្គការ Hellen Keller International លោក ហួ គ្រឿន ​មានប្រសាសន៍​ថា សំណុំរឿង​ទឹកដោះគោ​គ្មាន​ស្តង់ដារនិង​ប៉ះពាល់​ដល់​កុមារ​នេះ ​ជា​រឿង​ដែល​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​យកចិត្ត​ទុកដាក់។ លោក​បន្ត​ថា កម្ពុជា​មានច្បាប់​ការពារ​អ្នកប្រើ​ប្រាស់​រួចហើយ ហេតុនេះ​អាជ្ញាធរ​ក៏អាច​មាន​មូលដ្ឋាន​ដោះស្រាយ​បញ្ហា​នេះ​បាន​ដែរ។ 

លោក ហួ គ្រឿន និយាយ​ថា៖ «ច្បាប់​ប្រទេស​កម្ពុជា​យើង​មាន​ហើយ ឧទាហរណ៍​ថា ​អាហ្នឹង​(ជាតិ​ដែក​)នៅ​លើស្លា​កមាន​ប៉ុននេះ ហើយ​ជាក់ស្តែង​ពិសោធន៍​ឃើញ​ប៉ុណ្ណោះ ​ច្បាប់​ចែងថា​ត្រូវ​ធ្វើ​យ៉ាងម៉េច ស្ថាប័ន​ជំនាញ​របស់​រដ្ឋ​គាត់​ធ្វើ​អ៊ីចឹង​ទៅ​គឺ​បាន​ហើយ។ បើ​ច្បាប់​មាន​ហើយ ​អាជ្ញាធរ​គួរ​ចាត់ការ​ទៅតាម​ហ្នឹង​ទៅ! នេះ​ជា​យោបល់​ផ្ទាល់ខ្លួន​របស់ខ្ញុំ​ទេ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ