គណបក្ស​​ប្រជា​ធិប​តេយ្យ​​មូលដ្ឋាន​​ជំរុញ​​រដ្ឋា​ភិបាល​​ស្តារ​​ស្ថាន​ការណ៍​​នយោបាយ​​និង​​សិទ្ធិ​មនុស្ស​​

ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យ៉េង វីរៈ ថ្លែងដោយលើកសៀវភៅច្បាប់រដ្ឋធម្មនុញ្ញផង ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ស្នាក់​ការគណបក្ស រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០។ (ញឹម សុខន)

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ជំរុញ​រដ្ឋាភិបាល​ឱ្យ​ស្តារ​ស្ថានភាព​សិទ្ធិមនុស្ស​ឡើងវិញស្របតាម​រដ្ឋធម្មនុញ្ញ ខណៈ​ដែល​គណបក្ស​នេះ​មើលឃើញ​ថា ស្ថានភាព​នយោបាយ​បច្ចុ​ប្បន្នកំពុង​វិវត្តទៅ​រក​ការ​បែកបាក់​ជាតិនិង​វិបត្តិសេដ្ឋកិច្ច​សង្គម។

ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យ៉េង វីរៈ មានប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ស្នាក់​ការ​របស់​ខ្លួន​ក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា តាមរយៈ​ការ​តាមដាន​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន លោក​មើលឃើញ​ក្តី​កង្វល់​ធំៗ​ចំនួន​បីដែល​រដ្ឋាភិបាលគួរ​ពិចារណា​ក្នុង​ការ​ស្តារ​ស្ថានភាព​នយោបាយនិង​សិទ្ធិមនុស្ស​ឡើងវិញ។

លោក​បន្ត​ថា កង្វល់​ទាំងនោះរួមមាន បញ្ហា​វិបត្តិ​នយោបាយ កំពុង​ជំរុញ​ឱ្យ​ពលរដ្ឋខ្មែរ​យកគ្នា​ជាសត្រូវ ខណៈ​វិធានការ​របស់​សហភាព​អឺរ៉ុប​ដែល​សម្រេច​កាត់​ប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយកាលពី​ពេល​ថ្មី​ៗនេះ ក៏បាន​ធ្វើ​ឱ្យ​កម្ពុជា​ប្រឈម​នឹង​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ផង​ដែរ។ 

ចំពោះ​ចំណាត់ការ​របស់​អាជ្ញាធរដែល​ចាប់ខ្លួនលោក រ៉ុង ឈុន សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ដែល​និយាយ​រឿង​ព្រំដែន និង​ការ​ចាប់​ខ្លួន​យុវជន​មួយចំនួន​ដែល​សកម្ម​ក្នុង​ការ​តវ៉ា​ទាមទារ​ឱ្យ​ដោះលែងលោ​ក រ៉ុង ឈុន នោះ លោក​យល់ថា ក៏​ជា​សញ្ញានៃការ​ធ្លាក់ចុះ​ស្ថានភាព​សិទ្ធិមនុស្ស​មួយ​កម្រិត​ទៀត​ដែរ។

លោក យ៉េង វីរៈ ផ្តល់​ជា​យោបល់​ថា គន្លឹះ​សំខាន់​ដែល​រដ្ឋាភិបាល​អាច​ស្តារ​មុខមាត់​កម្ពុជា​ឡើងវិញ​បាន​នោះ គឺ​ការ​បើក​លំ​ហ​សេរីភាព​បញ្ចេញមតិ សេរីភាព​សម្រាប់​សង្គម​ស៊ីវិល និង​សិទ្ធិ​ធ្វើនយោបាយ​ស្របតាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

លោក​ថា៖ «កិត្តិយស​កេរ្តិ៍ឈ្មោះ​ប្រទេសខ្មែរ​យើង​ហ្នឹង​អាច​ស្តារ​បាន អាច​ដោះស្រាយ​បាន អាច​ធ្វើ​ឱ្យ​ប្រសើរ​បាន តាមរយៈ​ដំណោះស្រាយ​រួម​ធំ​មួយ គឺ​ធ្វើ​យ៉ាងណា​ដោះស្រាយ​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរដែល​រំលោភ​ជា​ប្រព័ន្ធ បញ្ហា​របស់​យើង​វា​នៅត្រង់​ហ្នឹង»។

ទោះ​យ៉ាងណា លោ​ក យ៉េង វីរៈ ក៏បាន​សាទរ​ចំពោះ​ចំណាត់ការ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បញ្ជា​ឱ្យ​គណៈកម្មការ​ទទួលបន្ទុក​ព្រំដែន​កម្ពុជា ចុះទៅ​ជួប​ពលរដ្ឋ​មួយចំនួន​នៅ​ខេត្ត​ត្បូងឃ្មុំ ដែល​អះអាង​ថា​បាត់​ដីក្រោយ​បោះបង្គោល​ព្រំដែន​រវាង​កម្ពុជា​និង​វៀតណាម។ លោក​ក៏​សង្ឃឹម​ដែរ​ថា ប្រជាពលរដ្ឋ​ដែល​អះអាង​ថា​បាត់​ដី​នោះ នឹង​មិន​រង​នូវ​ការចោទប្រកាន់​ថា​ជា​អ្នក​បង្ក​ភាព​វឹកវរ​ដល់​សង្គម ដូច​ករណី​លោ​ក រ៉ុង ឈុន។

ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​ លោក ផៃ ស៊ី​ផាន បាន​ច្រានចោល​ការ​លើកឡើង​នេះ ដោយ​អះអាង​ថា វិធានការ​របស់​អាជ្ញាធរ​ជា​ការអនុវត្ត​ច្បាប់ដើម្បី​ស្ថិរភាព​សង្គម ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

លោក​ថា៖ «ការ​ធ្វើការងារ​របស់​រាជរដ្ឋាភិបាល គឺជា​ការ​ឆ្លើយតប​ពិតប្រាកដ​ជាក់ស្តែង​នៃ​ស្ថានការណ៍​របស់​កម្ពុជា មិនមែន​ធ្វើ​តម្រូវ​បរទេស​ណាមួយ​នោះ​ទេ»។

អ្នកវិភាគ​នយោបាយ​ដែល​មាន​មូលដ្ឋាន​នៅ​ក្រៅប្រទេស លោក គឹម សុខ និយាយ​ថា ការ​ចង់​ឃើញ​រដ្ឋាភិបាល​ស្តារ​ប្រជាធិបតេយ្យ​ឡើងវិញតាមរយៈ​សារ​អំពាវនាវ​ នឹង​គ្មាន​ប្រសិទ្ធភាព​ទេ ព្រោះ​បញ្ហា​ដែល​កំពុង​កើតឡើងឆ្ពោះទៅ​រក​យន្តការ​ការពារ​អំណាច។

លោក​ថា៖ «ទាល់តែ​អ្នក​ដែល​ប្រាថ្នា​ប្រជាធិបតេយ្យ​ចេះ​ធ្វើការ​រួមគ្នា ក្នុង​គោលដៅ​រួម ដោយ​ទាក់ទាញ​ការចូលរួម​របស់​មហាជន​ទូទៅនិង​សហគមន៍​អន្តរជាតិ ដាក់​សម្ពាធ​កាន់តែ​ខ្លាំង​លើ លោក ហ៊ុន សែន ទើប​យើង​អាច​រក​ពន្លឺ​ប្រជាធិបតេយ្យនិង​យុត្តិធម៌​សង្គម​បាន»។

សហភាព​អឺរ៉ុប កាលពី​ថ្ងៃទី១២ ខែសីហា បានសម្រេច​ដកប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០ភាគរយពី​កម្ពុជាជា​បណ្តោះអាសន្ន ដោយ​អះអាង​ថា ​ខ្លួន​មាន​កង្វល់​ច្រើន​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស​ដែល​កើតមាន​នៅក្នុង​ប្រទេស​កម្ពុជា។

សហភាព​អឺរ៉ុប​និយាយ​ថា៖ «អាជ្ញាធរ​កម្ពុជា គួរ​ចាត់វិធានការ​ដើម្បី​ស្តារ​សេរីភាព​នយោបាយ​នៅក្នុង​ប្រទេស​នេះ បង្កើត​ឡើងវិញ​នូវ​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​បក្ស​ប្រឆាំង​ដែល​អាច​ជឿ​ទុកចិត្ត​បាននិង​តាម​បែប​ប្រជាធិបតេយ្យ និង​ដើម្បី​ចាប់ផ្តើម​ដំណើរការ​ផ្សះ​ផ្សារ​ជាតិតាមរយៈ​ការសន្ទនា​រួម​និង​ពិតប្រាកដ»។

ទោះជាយ៉ាងណា ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េ​មី បាន​បញ្ជាក់​ជំហរ​ប្រាប់​អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោកស្រី រ៉ូ​ណា ស្មី​ត ថា កម្ពុជា​នឹង​បន្ត​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​អង្គការសហប្រជាជាតិ ដើម្បី​ធ្វើ​ឱ្យ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ