បុគ្គលិក​​ធ្វើ​ការ​​នៅ​​ភូមិ​​វប្បធម៌​​កម្ពុជា​​បន្ត​​ការ​​តវ៉ា ក្រោយ​​ការ​ចរចា​​ជាមួយ​​ថៅកែ​​មិន​​មាន​​លទ្ធផល​

ស្ត្រីម្នាក់អង្គុយលើកបដាតវ៉ាទាមទារដើម្បីរកដំណោះស្រាយពីក្រុមហ៊ុនភូមិវប្បធម៌កម្ពុជា នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០។ (សង់ត្រាល់ – CENTRAL)

បុគ្គលិក​បម្រើការ​ងារ​នៅ​ភូមិ​វប្បធម៌​កម្ពុជា ក្នុង​ខេត្តសៀមរាប បាន​បន្ត​ការ​តវ៉ា​ជាថ្មី​នៅ​ថ្ងៃពុធ​នេះ ក្រោយ​ការចរចា​រវាង​តំណាង​បុគ្គលិកនិង​ភាគី​ក្រុមហ៊ុន ពុំ​មាន​ទទួល​បាន​ដំណោះស្រាយ។

បុគ្គលិក​ជាង៤០នាក់ បម្រើការ​ងារ​នៅ​ភូមិ​វប្បធម៌​កម្ពុជា ផ្ទុះ​ការ​តវ៉ា​ជាបន្តបន្ទាប់តាំងពី​ថ្ងៃទី១៤ ខែសីហារហូត​មកដល់​ថ្ងៃពុធ​នេះ ដើម្បី​ទាមទារ​ទៅ​ខាង​ភាគី​ក្រុមហ៊ុន​សង​ប្រាក់ឈ្នួល២០ភាគរយនិង​ប្រាក់​ថ្លៃ​អាហារ​ប្រចាំខែ​ដែល​ភាគី​ក្រុមហ៊ុន​បាន​កាត់​ពី​ពួក​គេ​កន្លងមក ទាមទារ​ឱ្យ​ក្រុមហ៊ុន​ចូល​អនុសញ្ញា​រួម និង​រក្សា​ការិយាល័យ​សិល្បៈ​ដដែល។

អតីតប្រធាន​ការិយាល័យ​ភូមិ​វប្បធម៌​កម្ពុជា លោក លឹម សុ​ផា បាន​ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃពុធ​នេះ​ថា កាលពី​ម្សិលមិញ​នេះ តំណាង​បុគ្គលិក​បាន​ជួប​ចរចា​រក​ដំណោះស្រាយ​ជាមួយ​តំណាង​ក្រុមហ៊ុននិង​អាជ្ញាធរ​ពាក់ព័ន្ធ ប៉ុន្តែ​ពុំ​មាន​ចំណុច​ឯកភាព​គ្នា​មួយ​ណា​ឡើយ។

លោក​បន្ត​ថា ក្នុង​ការចរចា​រក​ដំណោះស្រាយ​នោះ ខាង​ភាគី​ក្រុមហ៊ុន​មិនបាន​ទទួលយក​ចំណុច​ទាមទារ​ណាមួយ​របស់​បុគ្គលិក​នោះ​ទេ ដែល​ធ្វើ​ឱ្យ​ក្រុម​បុគ្គលិក​នៅតែ​បន្ត​តវ៉ា។

លោក​បន្ថែម​ថា៖ «ការ​ចរ​ចា​នេះគឺ​ជំហរ​ក្រុមហ៊ុន​នៅតែ​មិន​ចង់​រក្សា គឺ​ចង់​រំលាយ​ការិយាល័យ​សិល្បៈ​នោះ​ចោលនិង​ទម្លាក់​តួនាទី​អ្នក​នៅក្នុង​ការិយាល័យ​ហ្នឹង​ដដែល»។

អ្នកស្រី សុខ ស្រីមុំ ជា​បុគ្គលិក​ផ្នែក​រាំ​របាំ​នៅ​ភូមិ​វប្បធម៌​កម្ពុជា អស់រយៈពេល១៧ឆ្នាំ​មក​ហើយ បាន​និយាយ​ថា ថៅកែ​បាន​រំលាយ​ចោល​ការិយាល័យ​សិល្ប​ៈនិង​ទម្លាក់​តួនាទី​របស់​បុគ្គលិក​មួយចំនួន​ដែល​បម្រើការ​ងារ​នៅ​ការិយាល័យ​នេះ ដោយ​គ្មាន​ហេតុផលនិង​មិនបាន​ជូនដំណឹង​ដល់​បុគ្គលិក​ឡើយ។ អ្នកស្រី​ថា ការ​ធ្វើបែប​នេះ​ជា​រឿង​អយុត្តិធម៌​មួយ ខណៈ​ដែល​ពួក​គេ​ខិតខំ​ធ្វើការងារ​នៅ​ទីនោះ​យូរ​មក​ហើយ។

អ្នកស្រី​បន្ថែម​ថា៖ «គាត់​រំលាយ​កា​រិយាល័​យហ្នឹង​ចោល​ហើយ។ គាត់​ទម្លាក់​គ្រូៗដែល​ពួក​គាត់​ខំធ្វើការ​ងារ​តាំងពី​ជា​អ្នក​សិល្បៈ​ធម្មតា រហូតដល់​ប្រធាន​ការិយាល័យនិង​ជា​គ្រូ បែរជា​ថៅកែ​ទម្លាក់​ឱ្យទៅ​ជា​សិល្បករ​ធម្មតា​វិញ គាត់ម៉េច​ព្រម? ហើយ​ពួក​ខ្ញុំ​ដែល​ជា​អ្នកគាំទ្រ​ពួក​គាត់​ម៉េច​ព្រម?»

វី​អូ​ឌី ពុំ​អាច​សុំ​ការ​ឆ្លើយតប​ពី​ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​ភូមិ​វប្បធម៌​កម្ពុជា លោកស្រី លឹម សុ​ភ័ក្រ បានទេ នៅ​រសៀល​ថ្ងៃពុធ​នេះ។

ចំណែកអនុប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តសៀមរាប លោក អឹម ចំរើន បាន​បដិសេធ​អត្ថា​ធិប្បាយ ដោយ​ប្រាប់​ថា​ជាប់រវល់។

កាលពី​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ តំណាង​ភាគី​និយោជក​ក្រុមហ៊ុន​ភូមិ​វប្បធម៌ លោកស្រី លឹម សុ​ភ័ក្រ បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន Fresh News ថា ភាគី​និយោជកមិន​មាន​ចេតនា​ណាមួយ​គេចវេះការ​ដោះស្រាយ​ជាមួយ​កម្មករ​នោះ​ទេ ខណៈ​ការចរចា​រក​ដំណោះស្រាយ​បាន​ធ្វើឡើង​ជាបន្តបន្ទាប់ ប៉ុន្តែ​នៅ​ពុំ​ទាន់​មានការ​ឯកភាព​គ្នា។

លោកស្រី​បាន​បន្ត​ថា និយោជក​ភូមិ​វប្បធម៌​កម្ពុជានៅតែ​បង្ហាញ​គោលជំហរ​ក្នុង​ការចូលរួម​ដោះស្រាយ​វិវាទ​ការងារ​នេះ​ឱ្យ​បាន​ឆាប់​បំផុត។

លោកស្រីក៏បាន​បញ្ជាក់​ពី​មូលហេតុ​ក្រោយពី​មានកម្ម​ករ​និយោជិត​តវ៉ា​ដែរ​ថា ដោយសារ​បញ្ហា​ជំងឺ​កូ​វីដ១៩ បាន​ធ្វើ​ឱ្យ​ចំណូល​ក្រុមហ៊ុន​មានការ​ធ្លាក់ចុះ ប៉ុន្តែ​ដើម្បី​រក្សា​ការងារ​របស់​កម្មករ​និយោជិត​ជាង៣០០នាក់ដែល​ធ្វើការ​នៅ​ទីនោះ ទើប​ខាង​ក្រុមហ៊ុន​សម្រេច​ផ្តល់​ប្រាក់បៀវត្សរ៍៨០​%និង​កាត់បន្ថយ​ម៉ោង​ការងារ​ពី៨ម៉ោងមក៦ម៉ោង​កន្លះ​ក្នុង​មួយថ្ងៃ ដោយមាន​ការយល់ព្រម​ពី​កម្មករ​និយោជិត​ភាគច្រើន លើកលែងតែ​កម្មករ​និយោជិត​ជាង៤០នាក់ដែល​ផ្ទុះ​ការ​តវ៉ា​នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ